កម្ពុជា​អរគុណ​​អាមេរិក​និង​​អង់គ្លេសចំពោះ​កិច្ចសហការ​​បញ្ចូន​វត្ថុបុរាណ​ខ្មែរ​មក​វិញ

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន អញ្ជើញចូលរួមពិធីទទួល​វត្ថុបុរាណនៅវិមានសន្តិភាព កក្នុងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ ដើម្បីប្រសិទ្ធិពរដល់វត្ថុបុរាណដែលត្រូវបានលួច និងដែលត្រូវបានប្រគល់ជូនមកវិញជាចម្បងពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃសុក្រ​នេះ​ បាន​រៀបចំ​ពិធី​ទទួល​វត្ថុបុរាណ​ចំនួន ៧៧ ពី​ប្រទេស​អង់គ្លេស​ ដែល​បាន​បាត់បង់​ក្នុង​សម័យ​សង្គ្រាម​។

វត្ថុបុរាណ​ទាំង​នេះ​ ជា​ប្រភេទ​គ្រឿង​អលង្ការ​បុរាណ​ខ្មែរ ដែល​ទទួល​បាន​ពី​ក្រុម​គ្រួសារ​របស់​លោក Douglas Latchford អ្នក​រក្សា​ទុក​វត្ថុ​បុរាណ​ជនជាតិ​អង់គ្លេស ហើយ​ត្រូវបានអនុលោម​តាម​កិច្ច​ព្រម​ព្រៀង​នា​ខែ​កញ្ញា ឆ្នាំ ​២០២០ រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ជា​តំណាង​នៃ​រដ្ឋាភិ​បាល​កម្ពុជា និង​គ្រួសារ​របស់​លោក Douglas Latchford។ កិច្ច​ព្រម​ព្រៀង​នោះ​បញ្ជាក់​ថា ​រាល់​វត្ថុ​បុរាណ​ខ្មែរ​ទាំង​អស់ ដែល​កាន់​កាប់​រក្សា​ទុក​ដោយ​គ្រួសារ​លោក Douglas Latchford នឹង​ត្រូវ​ប្រគល់​ជូន​មក​កម្ពុជា​វិញ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​ ២០ ខែកុម្ភៈ គ្រឿង​អលង្ការ​បុរាណ​ខ្មែរ​ទាំង ៧៧ នេះ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា កាលពី​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ​២០២៣ ដោយ​រួមមាន​ក្បាំង​មកុដ ខ្សែក ខ្សែដៃ ខ្សែ​ក្រវាត់​ ក្រវិល​ បន្តោង​ នា​សម័យ​មុន​អង្គរនិង​សម័យ​អង្គរ និង​គ្រឿង​អលង្ការ​មាស និង​លោហៈ​មាន​តម្លៃ​មួយ​ចំនួនទៀត។

ថ្លែង​ក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​ខ្មែរ​នាថ្ងៃ​សុក្រនេះ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​សម្តែងសេចក្តី​សោមនស្ស​រីករាយ​ ចំពោះការ​ប្រគល់មក​វិញ​នូវ​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ និង​ជាព្រលឹង​ដូនតា​នៃប្រទេស​កម្ពុជា​។ លោក​បន្ត​ថា​ ​បច្ចុប្បន្ន​នេះ កម្ពុជា​បាននិងកំពុង​បន្ត​ស្រាវជ្រាវ​លើ​សម្បតិ្ត​វប្បធម៌​បុរាណខ្មែរ ​ដែល​ត្រូវ​បាន​លួច​ចេញ​ខុសច្បាប់​ ដោយ​សហការជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​អន្តរជាតិ​នានា​។

លោក​ថ្លែង​ថា​៖ «បច្ចុប្បន្ន​កម្ពុជា​កំពុងបន្ត​ធ្វើការ​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នៃសម្បត្តិ​វប្បធម៌ ​ដែល​ត្រូវ​បាន​លួច​ចេញ​ពី​កម្ពុជា​ដោយ​ខុសច្បាប់​ និង​ដំណើរ​ការ​ទាមទារ​ដោយ​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​តាម​គ្រប់​មធ្យោបាយ​ ចរចា​ដំណើរការ​ផ្លូវទូត​ រដ្ឋបាល​ ឬ​តុលាការ​ក្នុង​ករណី​ចាំបាច់​»។

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ក៏​បាន​ថ្លែង​សារ​អំណរគុណ​ដល់រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ និង​ចក្រភព​អង់គ្លេស​ ដែល​បាន​ជួយ​សម្របសម្រួល​ និង​សហការក្នុង​ការបញ្ចូន​សម្បត្តិ​វប្បធម៌​ខ្មែរ​ត្រឡប់​មក​វិញ​។

លោកថ្លែងថា៖ «ខ្ញុំ​សូម​យក​ឱកាស​នេះ​ថ្លែង​អំណរគុណ​ជាពិសេស​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ក្នុង​នោះ​មាន​ដូចជា​ក្រសួងការបរទេស​ ក្រសួង​សន្តិសុខ​មាតុភូមិ​ ក្រសួង​យុត្តិធម៌​ និង​ស្ថានទូត​សហរដ្ឋអាមេរិក​ ជាពិសេស​ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ដែល​បាន​ផ្តល់​កិច្ច​សហការ​ដ៏​ល្អ​ រួម​ជាមួយ​ការ​គាំទ្រ​ទាំង​ទិដ្ឋភាព​ច្បាប់​ និង​បច្ចេកទេស​ក្នុង​ការ​ទប់ស្កាត់​ និង​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​ ។ ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​ ថ្លែង​អំណរគុណ​ និង​សម្តែង​ការ​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ សមត្ថកិច្ច​ពាក់ព័ន្ធ​ និង​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ ដែល​ថ្មីៗ​នេះ​បាន​សហការ​ដ៏​ល្អ​ប្រសើរ​ និង​ជួយ​សម្របសម្រួល​ក្នុង​ការ​បញ្ជូន​រូប​ចម្លាក់​និង​គ្រឿងអលង្ការ​បុរាណ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ​»។

ប្រមុខរដ្ឋាភិបាល​រូបនេះ​ ក៏​អំពាវនាវ​ទៅ​កាន់​សារមន្ទីរ​ ស្ថាប័ន​ និង​អ្នក​រក្សា​ទុក​វត្ថុបុរាណ​នានា​របស់​កម្ពុជា​ ឱ្យ​មេត្តា​ប្រគល់​វត្ថុបុរាណ​ទាំង​នោះ​មក​កម្ពុជា​វិញ​ដោយ​ស្ម័គ្រចិត្ត​ ពីព្រោះ​លោក​យល់ឃើញ​ថា​ ការ​ប្រគល់​វត្ថុបុរាណ​ទៅ​កាន់​ប្រទេស​ដែល​ជា​ម្ចាស់ដើម​ ជា​ការ​សម្តែង​នូវ​សេចក្តី​ថ្លៃថ្នូរ​ សីលធម៌​ និង​ផ្សះផ្សា​ដល់​ប្រជាជន​ខ្មែរ​ដែល​ងើប​ឡើង​ពី​សង្រ្គាម​ដ៏​រុំារៃ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា​ចេញ​ផ្សាយ​នា​ថ្ងៃសុក្រ​នេះ សហរដ្ឋ​អាមេរិក​បាន​ចូលរួម​អបអរសាទរ​ចំពោះ​ការ​ទទួល​បាន​សម្បត្តិ​វប្បធម៌​ ដែល​ជាកម្មសិទ្ធិរបស់​កម្ពុជា​ ត្រឡប់​មក​មាតុប្រទេស​វិញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា​៖ «តាមរយៈ​កិច្ច​ព្រមព្រៀង​យូរ​អង្វែង​ផ្នែក​សម្បត្តិ​វប្បធម៌​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ សហរដ្ឋអាមេរិក​បាន​ធ្វើការ​សម្របសម្រួល​ការ​បញ្ជូន​ត្រឡប់​មកវិញ​នៃ​វត្ថុបុរាណ​ដ៏​មាន​តម្លៃ​ចំនួន​ជាង ១០០ បាន​ជួយ​កសាង​សមត្ថភាព​របស់​បុគ្គលិក​ខ្មែរ​ផ្នែក​អភិរក្ស​វប្បធម៌​ រារាំង​ក្រុម​ដែល​ស្វែងរក​កម្រៃ​ចំណេញ​ពី​ការ​លួច​វត្ថុ​ជា​បេតិកភណ្ឌ​វប្បធម៌​ ហើយ​បាន​គាំទ្រ​ការ​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វត្ថុ​បុរាណ​របស់​ខ្មែរ​»។

សេចក្តី​ប្រកាស​ព័ត៌មាននេះក៏​បញ្ជាក់​បន្តថា​ តាំង​ពី​ឆ្នាំ​ ២០០១ មក​ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ថវិកា​ជា​ទឹកប្រាក់​ប្រមាណ​ ៥​ លាន​ដុល្លារ​ សម្រាប់​ការងារ​អភិរក្ស​វប្បធម៌​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដូចជា​ការងារ​អភិរក្ស​ប្រាសាទ​ដែល​ត្រូវ​បាន​កសាង​នាសតវត្សរ៍​ទី ៩​ រូមមាន​ប្រាសាទ​ភ្នំ​បាខែង​នៅ​ឧទ្យាន​បុរាណ​អង្គរ​ និង​ប្រាសាទ​ព្រះវិហារ​ ស្ថិត​នៅ​ភាគខាងជើង​នៃ​ប្រទេសកម្ពុជា៕