សាលា​ឧទ្ធរណ៍​បញ្ជូន​សំណុំ​រឿង​បាញ់​កម្មការិនី​នៅ​បាវិត​ត្រឡប់​ទៅ​តុលាការ​ខេត្ត​ស្វាយរៀង​វីញ

​អតីត​អភិបាល​​ក្រុង​បាវិតគឺ​លោក​ឈូក បណ្ឌិត

ភ្នំពេញ៖​ សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​សម្រេច​ចោទ​ប្រកាន់​លោក​ឈូក​បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ពី​បទ​បង្ករបួស​ស្នាម​ដោយ​អចេតនាជាប់​ពាក់​ព័ន្ឋ​នឹង​ការ​បាញ់​កម្មការិនី​ចំនួន​បី​នាក់​ឲ្យ​រង​របួស​នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​កាល​ពី​ឆ្នាំ​២០១២។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​តុលាការ។​
សភា​ព្រហ្មទណ្ឌ​របស់​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាល​ក្រម​ដោយ​គ្មាន​វត្តមាន​លោក ឈូក បណ្ឌិត​និង​មេធាវី​ការពារ​ក្តី​ទេ។ ក៏​ប៉ុន្តែ​មាន​វត្តមាន​ជន​រងគ្រោះ​ចំនួន​បីនាក់​គឺ​អ្នក​ស្រី​កែ នា​ នុត សាខន​ និង​ប៊ុន​ ចិន្តា។
ការ​ប្រកាស​សាល​ក្រម​របស់​សាលា​ឧទ្ធរណ៍​បាន​ធ្វើ​ឡើង​ជា​អសារធារណៈ។ ក្រុម​អ្នក​យក​ព័ត៌មាន​និង​អ្នក​អង្កេត​ការណ៍​អង្កការ​ក្រៅ​រដ្ឋាភិបាល​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ស្តាប់​សាល​ក្រម​ទេ។ ពួកគេ​បាន​ត្រឹម​តែ​មើល​តាម​កញ្ចក់​ទ្វារ​របស់​សាលា​ឧទ្ធរណ៍​តែ​ប៉ុណ្ណោះ។​
លោក​ឈុន លាង​ម៉េង​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ប្រកាស​សាល​ក្រម​ថា «បាទ បាន​សម្រេច​ចោទ​ប្រកាន់​ពីបទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ ហើយ​បញ្ជូន​រឿង​ទៅ​តុលាការ​ស្វាយរៀង​ដើម្បី​ជំនុំជម្រះ​តាម​ច្បាប់»។​
កម្មការិនី​ដែល​ជា​ជន​រងគ្រោះ​ទាំង​បី​នាក់​បាន​ដើរ​ចេញ​ពី​បន្ទប់​អគារ​របស់​តុលាការ​សាលាឧទ្ធរណ៍​ដោយ​មាន​ទឹក​មុខ​ញញឹម​ញញែម។​
អ្នក​ស្រី​ ប៊ុន ចិន្តា​បាន​និយាយ​ថា ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ពិតជា​បាន​ផ្តល់​យុត្តិធម៌​ដល់​ពួក​គេ​ពិត​ប្រាកដ​មែន។​
«ពេញចិត្ត​មែនទែន។ ដូចថាស្តាប់​មក​ដូចថា គាត់​មាន​យុត្តិធម៌​សម្រាប់​ពួក​យើង​ទាំង​បី​នាក់​ ហើយ​គាត់​បញ្ជូន​ទៅ​ស្វាយរៀង​ឲ្យ​សើរើ​ឡើង​វិញ»។​
ពាក់​អាវ​ពណ៌​លឿង​លាយ​ជាមួយនឹង​ទឹក​មុខ​រីករាយ​ដោយ​បាត់​អស់​នៅ​ស្នាម​ឈឺ​ចាប់​ត្រង់​ដើម​ដៃ​ខាង​ស្តាំ។ អ្នក​ស្រី​កែ នា​ ដែល​ជា​ជន​រងគ្រោះ​ម្នាក់​ទៀត​បាន​និយាយ​ថា អ្នកស្រី​ទទួល​យក​បាន​ចំពោះ​សេចក្តី​សម្រេច​នេះ។​
«បើ​សិន​ជាគាត់​សម្រេច​ដោយ​អចេតនា​ហើយ ខ្ញុំ​មិន​ហ៊ាន​ប្រកែក​ទេ​ពីព្រោះ​បើសិន​ជាគាត់​សម្រេច​ថា មិន​អាច​ជំនុំ​ជម្រះ​ថា រឿង​ឲ្យ​លោក​ឈូក បណ្ឌិត​ជាប់ទោស​ដែរ អារឿង​ហ្នឹង​ក៏​ខ្ញុំ​ហ៊ាន​សន្និដ្ឋាន​ដែរ​ តែ​ដល់​ពេល​គាត់​សម្រេច​អញ្ចឹង​គឺ​ខ្ញុំ​មាន​អារម្មណ៍​ថា អរ​សប្បាយ​ខ្លាំងណាស់​ពេល​ដែល​គាត់​សម្រេច​អញ្ចឹង»។
កញ្ញា​ ម៉ៅ សំវុទ្ឋាវី​ មេធាវី​ការពារ​ក្តី​លោក​ ឈូក បណ្ឌិត បាន​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍។​
កញ្ញា​បាន​និយាយ​ថា បើ​សភាព្រហ្មទណ្ឌ​បើកសិទ្ធិ​ឲ្យ​ប្តឹង​ជំទាស់ កញ្ញា​នឹង​ប្តឹង​ដើម្បី​រក​យុត្តិធម៌​នៅ​តុលាការ​កំពូល​ទៀត។
«អ្វី​ដែល​សាលា​ឧទ្ធរណ៍​សម្រេច​ឲ្យ​ទៅ​ខាង​ក្រោម​វិញ​គឺខ្ញុំ​សុំប្តឹង​ជំទាស់​ទាំង​ស្រុង ហើយ​ខ្ញុំ​អត់​អាច​ទទួល​យកបានទេ។ មួល​ហេតុ​គឺ​ខ្ញុំ​សុំ​ឲ្យ​តុលាការ​តម្កល់​ដដែល​ពីព្រោះ​ការ​លើក​ឡើង​នៅ​ក្នុង​តុលាការ​ស្វាយរៀង​គឺ​មាន​លក្ខណៈ​គ្រប់​គ្រាន់​អស់​ហើយ។ ការ​ដែល​បដិសេធ​របស់​សាលា​ឧទ្ធរណ៍​គឺគ្មាន​ហេតុផល​គ្រប់​គ្រាន់»។
សាលា​ដំបូង​ខេត្ត​ស្វាយរៀង​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១២ បាន​លើកលែង​ការចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​លើ​សំណុំ​រឿង​ ព្រហ្មទណ្ឌ​ដ៏​ល្បីល្បាញ​មួយ​របស់​អតីត​អភិបាលក្រុង​បាវិតគឺ​លោក​ឈូក បណ្ឌិត មក​ចោទ​ប្រកាន់​ត្រឹមតែ​ការបង្ក​របួស​ស្នាម​ដោយ​អចេតនា​តែ​ប៉ុណ្ណោះ ហើយ​ក្រោយ​មក​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង។
លោក​អាត់ ធន​ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​និយាយ​ថា ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ក៏ប៉ុន្តែ​មិន​ទាន់​មាន​ការ​ពេញ​ចិត្ត​ទាំង​ស្រុង​ទេ។​
«ពីព្រោះ​យើង​ចង់បាន​អ្វី​ដែល​ជា​អំពើដែល​ធ្វើ​វាគួរ​តែ​ជា​មនុស្ស​ឃាត​ដោយ​ចេតនា»។​
លោក​ឈូក បណ្ឌិត​មិន​អាច​ស្នើ​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ​ដោយ​ទូរសព្ទ​របស់​លោក​ត្រូវ​បាន​បិទ។​
កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២ មាន​កម្មករ​ប្រមាណ​១.០០០​នាក់​នៅ​រោងចក្រ​កៅ​វ៉េ ​ដែល​មាន​ទីតាំង​នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ បាន​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ក្នុង​រោងចក្រ។ ក្នុង​ពេលនោះ​កម្មការិនី​វ័យ​ក្មេង​ចំនួន​បី​នាក់​ត្រូវ​ខ្មាន់​កាំភ្លើង​បាន​បាញ់​ពីក្រោយ​ខ្នង​ក្រុមបាតុករ។
កម្មការិនី​ចំនួន​បី​នាក់​បាន​រងរបួស ក្នុងនោះ​ពីរ​នាក់​របួសធ្ងន់​ដោយ​ត្រូវ​គ្រាប់​ពី​ខាង​ក្រោយ​ខ្នង​ធ្លាយ​មក​ទ្រូង​និង​ម្នាក់​ទៀត​បាន​ធ្លាយ​ទៅ​ដៃ​ខាងស្តាំ។ ក្រោយ​មក​លោក ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ អ្នកយក​ព័ត៌មាន​ថា ខ្មាន់​កាំភ្លើង​គឺ​ជា​អភិបាលក្រុង​បាវិត​នៅ​ពេលនោះ​គឺ​លោក​ឈូក បណ្ឌិត៕