សាលាឧទ្ធរណ៍​បើក​សវនាការ​រឿង​ក្តី​ជូញ​ដូរ​កុមារ

សាលាឧទ្ធរណ៍​នៅ​រាជធានី​ភ្នំពេញ។ ដោយ៖ គុណ ចិន្តា

ដោយ៖ ឃួន ធារ៉ា
សាលា​ឧទ្ធរណ៍​បាន​កាត់ទោស​ពីរ​នាក់​ប្តី​ប្រពន្ធ​អតីត​គ្រូបង្រៀន និង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ពី​បទ​ធ្វើ​ទារុណកម្ម និង​ជួញ​ដូរ​កុមារី​អាយុ​១០​ឆ្នាំ​ម្នាក់​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ក៏​ប៉ុន្តែ​សាលដីកា​នឹង​ត្រូវ​ប្រកាស​នៅ​បី​សប្តាហ៍​ទៀត។
កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១០ សាលាដំបូង​រាជធានីភ្នំពេញ​បាន​ផ្តន្ទាទោស​អ្នកស្រី មាស ណារី ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ និង​ប្តី​របស់​គាត់ លោក វ៉ា សារឿន ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១០​ឆ្នាំ​ពីបទ​ជួញ​ដូរ​កុមារ ធ្វើ​ទារុណកម្ម និង​បង្ករបួសស្នាម​លើ​កុមារី​ខាង​លើ។ ប្តីប្រពន្ធ​ទាំង​ពីរ​នាក់​គឺ​ជា​អតីត​គ្រូបង្រៀន​នៅ​វិទ្យាល័យ​សន្ធរម៉ុក។ ក្នុង​ពេល​នោះ​ដែរ សាលាដំបូង​រាជធានីភ្នំពេញ​ក៏​បាន​ផ្តន្ទាទោស​អ្នកស្រី ថឹង សារ៉េត អាយុ ៦៤ ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ប្រាំ​ឆ្នាំ​ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​លក់​ក្មេង​ស្រី​ទៅ​ឲ្យ​ជន​ជាប់ពិរុទ្ធ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ។ ក្មេងស្រី​នោះ​ដែល​ជា​កូន​របស់​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​យក​មក​ផ្ញើ​ឱ្យ​គាត់​ជួយ​ចិញ្ចឹម​ហើយ​គាត់​បាន​លក់​ក្មេង​ស្រី​នេះ​ក្នុង​តម្លៃ​៤០០​ដុល្លារ​អាមេរិក។
ជន​ជាប់​ពិរុទ្ធ​ទាំង​បី​បាន​ប្តឹង​សារទុក្ខ​ប្រឆាំង​នឹង​ការ​ផ្តន្ទាទោស​លើ​ពួក​ខ្លួន។
សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​រកឃើញ​ថា បុគ្គល​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ជា​គ្រូបង្រៀន​នោះ​បាន​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ​លើ​កុមារី​រងគ្រោះ​ដូចជា​បាន​ទះកំផ្លៀង យក​ដង្កាប់​មូលភ្លៅ ដើម​ដៃ និង​ប្រដាប់​ភេទ វាយ​នឹង​ខ្សែ​ភ្លើង និង​បាន​វាយ​ឲ្យ​បាក់​ឆ្អឹង​ត្រកៀក​ជា​ពីរ​កំណាត់។
នៅ​ក្នុង​សវនាការ​នៃ​សាលាឧទ្ធរណ៍ កុមារី​រងគ្រោះ​បាន​រៀបរាប់​ពី​ទារុណកម្ម​នេះ​ឡើង​វិញ​ដោយ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ចៅក្រម​ជំនុំជម្រះ​ទាំង​បី​រូប។
កុមារី ត្រូវ​បាន​រកឃើញ​ថា មាន​ស្លាកស្នាម​រង​របួស​ប្រមាណ​២០០ កន្លែង​ពាសពេញ​ខ្លួន។
មេធាវី​ការពារ​ជន​រងគ្រោះ​មក​ពី​អង្គការ​ហាហ្គារ (Hagar) អ្នកស្រី សន ស៊ូដាឡែន បាន​ស្នើ​ឱ្យ​សាលា​ឧទ្ធរណ៍​តម្កល់​ទោស​តាម​ការ​សម្រេច​របស់​សាលាដំបូង។
«បើរក្សា​ការ​តម្កល់​គឺ​វា​យុត្តិធម៌​សម្រាប់​រឿង​ក្តី តែ​បើ​មាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​យើង​និយាយ​គ្នា​ត​ទៅ​ទៀត។»
ជាមួយ​គ្នា​នេះ​ជនជាប់ចោទ អ្នកស្រី មាស ណារី និងលោក វ៉ា សារឿន​ដែល​ជា​ចុងចោទ​បាន​ទទួល​ស្គាល់​ថា ពិត​ជា​បាន​ធ្វើទារុណកម្ម​លើ​ក្មេងស្រី​រងគ្រោះ​នោះ​មែន ប៉ុន្តែ​បាន​អះអាង​ថា ទង្វើ​ទាំងនោះ​គឺ​ដើម្បី​ជា​ការ​ប្រៀនប្រដៅ​ប៉ុណ្ណោះ។ រី​ឯ​អ្នកស្រី​ថឹង សារ៉េត បាន​ច្រាន​ចោល​ថា គាត់​មិន​បាន​លក់​ក្មេងស្រី​នោះ​ទេ ប៉ុន្តែ​ប្រាក់​៤០០ ដុល្លារ​ដែល​អ្នកស្រី​ទទួល​ពី​ពីរ​នាក់​ប្តី​ប្រពន្ធ​ចុងចោទ​ជា​គ្រូ​បង្រៀន​នោះ​គឺ​ជា​ប្រាក់​សាគុណ​ពី​ពិរុទ្ធជន​ទាំង​ពីរ​សម្រាប់​ការ​បីបាច់​ថែរក្សា​ក្មេងស្រី​រងគ្រោះ​នា​ពេល​កន្លង​មក។
មេធាវី​ចុងចោទ លោក អ៊ឹម ម៉ាច លើក​ឡើង​ថា ការ​ដាក់​ទោស​ដោយ​តុលាការ​ដំបូង​មាន​ស្ថាន​ទម្ងន់​ធ្ងន់ធ្ងរ​លើស​ពី​អ្វី​ដែល​កូនក្តី​របស់​លោក​បាន​ប្រព្រឹត្ត ហើយ​លោក​ស្នើ​សូម​ឱ្យ​អង្គចៅក្រម​តុលាការ​ឧទ្ធរណ៍​សម្រាល​ទោស​ជនទាំង​បី​រូប ក៏ប៉ុន្តែការ​ប្រកាស​សាលដីកា​នៃ​សាលាឧទ្ធរណ៍​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១២៕