ភ្នំពេញ៖ សំឡេងបួងសួងរបស់អ្នករងគ្រោះដោយសារការរំលោភដីធ្លីបានស្រែកបន្ទោរព្រមៗគ្នានៅក្នុងបរិវេណរូបសំណាកយាយពេញជិតស្ថានទូតសហរដ្ឋអាមេរិកដើម្បីឱ្យបារមីរបស់លោកយាយជួយរកយុត្តិធម៌និងដោះលែងអ្នកស្រីយ៉ោម បុប្ជា។
«សូមលោកយាយត្រូវតែជួយកូនចៅទាំងអស់គ្នាផង។លោកយាយដូនពេញខ្ញុំត្រូវការលោកយាយជួយ។លោកយាយត្រូវតែជួយប្រជាពលរដ្ឋដែលរងគ្រោះវេទនាដូចជាពួកខ្ញុំទាំងអស់គ្នានេះឱ្យរួចផុតទុក្ខទោស»។
អ្នកស្រី យ៉ោម បុប្ជានិងស្វាមីព្រមទាំងបងប្អូនអ្នកស្រីចំនួនពីរនាក់ផ្សេងទៀតត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំនិងពិន័យជាប្រាក់ចំនួន៦០លានរៀលគឺស្នើនឹងប្រមាណជាង១ម៉ឺន៦ពាន់ដុល្លារសហរដ្ឋអាមេរិកទៅឱ្យជនរងគ្រោះចំនួនពីររូប។
តុលាការបានរកឃើញថាអ្នកស្រីយ៉ោម បុប្ជាបានបញ្ជាឱ្យបងប្អូនអ្នកស្រីពីររូបគឺលោកយ៉ោម កន្លង់និងយ៉ោម សិតឱ្យប្រព្រឹត្តអំពើហិង្សាកាលពីខែសីហាឆ្នាំ២០១២។
អ្នកស្រីនិងស្វាមីឈ្មោះលួស សាខនត្រូវបានតុលាការចោទប្រកាន់ថាបានប្រព្រឹត្តអំពើហិង្សាដោយមានស្ថានទម្ងន់ទោសក៏ប៉ុន្តែតុលាការបានសម្រេចព្យួរទោសស្វាមីរបស់លោកស្រីដោយសំអាងថាលោកមិនបានចូលរួមក្នុងសកម្មភាពទាំងនោះទេ។
ក្រុមអ្នករងគ្រោះដោយសារការរំលោភដីធ្លីនៅតំបន់បឹងកក់បានយកធូបទៀននិងគ្រឿងដង្វាយមួយចំនួនដាក់ក្នុងថាសនិងមួយចំនួនទៀតបានលើកបដាដោយមានសរសេរអក្សរថាយើងជាប្រជាពល រដ្ឋកម្ពុជាស្រែកឃ្លានយុត្តិធម៌។
អ្នកខ្លះទៀតបានយកទង់ជាតិរបស់ប្រទេសកម្ពុជាបិទនៅលើថ្ពាល់និងកាន់គ្រវីចុះឡើងៗដើម្បីទាមទាររកយុត្តិធម៌ដល់អ្នកស្រីយ៉ោម បុប្ជាដែលកំពុងជាប់ឃុំ។
អ្នកស្រីទេពវន្នីតំណាងអ្នកភូមិបឹងកក់បាននិយាយប្រាប់អ្នកកាសែតថាអ្នកស្រីយ៉ោម បុប្ជាបានជាប់ឃុំដោយអយុត្តិធម៌។អ្នកស្រីបានមាននិយាយថា«វាគឺជាអយុត្តិធម៌បំផុតសម្រាប់សកម្មជនការពារដីធ្លី ការពារសិទ្ធិមនុស្ស ការពារសិទ្ធិរស់រានមានជីវិត និងទាមទារភាពយុត្តិធម៌និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាបែរជាខ្លួនគាត់ក្លាយជាអ្នកទោសដោយមិនដឹងខ្លួនហើយមិនត្រឹមតែគាត់ទេប្រជាពលរដ្ឋនៅបឹងកក់១៣នាក់ស្រ្តីពីមុនមកក៏ក្លាយជាអ្នកទោសដោយមិនដឹងខ្លួនដែរដោយសារតែការពារផ្ទះសម្បែងដូចគ្នានិងទាមទារនូវភាពយុត្តិធម៌»។
លោកលួស សាខនស្វាមីលោកស្រីយ៉ោម បុប្ជាដែលបានចូលរួមមកបន់ស្រន់ជាមួយអ្នកភូមិបឹងកក់បាននិយាយថានៅពេលឆាប់ៗដ៏ខ្លីខាងមុខនេះលោកនឹងពិភាក្សាជាមួយមេធាវីដើម្បីប្តឹងទាស់ទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបូងក្រុងភ្នំពេញ។
លោកបានបញ្ជាក់ថាសំណងជាងមួយម៉ឺនដុល្លារលោកគ្មានលទ្ធភាពនឹងផ្តល់សំណងនោះទេពីព្រោះលោកនិងភរិយាមិនបានធ្វើខុស។
«ឱ្យតុលាការពិចារណាឡើងវិញតាមដែលរឿងរ៉ាវឡើងសវនាការតុលាការអាចបញ្ជាក់ថាប្រពន្ធរបស់ខ្ញុំអាចមានកំហុសដែរឬអត់?ហើយអ្នកដែលបានចូលរួមស្តាប់និងមមាជនដែលបានចូលរួមស្តាប់ក្នុងសវនាការគឺមិនមានកំហុសអ្វីដល់ប្រពន្ធខ្ញុំនិងរូបខ្ញុំទេ»។
ការកាត់ទោសអ្នកស្រីយ៉ោម បុប្ជាសកម្មជនតវ៉ារឿងវិវាទដីធ្លីនៅតំបន់បឹងកក់បានបង្កឱ្យមានប្រតិកម្មជាច្រើនពីអង្គការសង្គមស៊ីវិលក្នុងស្រុកថាបញ្ហានេះវាហាក់បីដូចជាទំនងថាតុលាការកម្ពុជាបានបញ្ជាក់ដោយគ្មានការអៀនខ្មាសចំពោះការស្ថិតនៅក្រោមបង្គាប់បញ្ជារបស់ស្ថាប័ននីតិប្រតិបត្តិនៃរដ្ឋាភិបាល៕