ករណី​វិជ្ជមាន​កូវីដ​១៩​ចុងក្រោយ​នៅ​កម្ពុជា ត្រូវ​បាន​រក​ឃើញ​លើ​បុរស​ខ្មែរ-បារាំង

រូបឯកសារ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដនៅកម្ពុជា កាលពីថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

ប្រទេស​កម្ពុជា​រកឃើញ​ករណី​ឆ្លង​កូវីដ១៩​ថ្មី​មួយ​ទៀត​កាលពី​ថ្ងៃអាទិត្យ ដែល​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​កូវីដ១៩​សរុប​ក្នុង​ប្រទេសនេះ​កើន​ដល់​១២៦​នាក់ ដោយ​មាន​អ្នកជា​សះស្បើយ​១២៤​នាក់ និង​ពីរនាក់​កំពុង​ទទួល​ការព្យាបាល។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ករណី​ឆ្លង​កូវីដ​១៩​ថ្មី​ចុងក្រោយ​បំផុតមួយកាល​ពី​ថ្ងៃ​អាទិត្យ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​លើ​បុរស​ខ្មែរ-បារាំងម្នាក់​វ័យ​៣០​ឆ្នាំ ក្រោយ​ពី​បុរស​នេះ​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ប្រទេស​បារាំង ដោយ​ឆ្លង​កាត់​តាម​ប្រទេស​កូរ៉េ​ខាង​ត្បូង។​

ករណី​ចុង​ក្រោយ​នេះ​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​កូវីដ​១៩​សរុប​ក្នុង​ប្រទេស​កម្ពុជា​កើន​ដល់​១២៦​នាក់។ ក្នុង​នោះ​១២៤​នាក់​បាន​ជា​សះស្បើយ ដោយ​គ្មាន​អ្នក​ស្លាប់ និងពីរ​នាក់​ចុង​ក្រោយ​រួម​ទាំង​បុរស​ខ្មែរ-បារាំង​នេះ​ផង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ក្នុង​ទីក្រុង​ភ្នំពេញ។​

អ្នក​ឆ្លង​ម្នាក់​ទៀត​ដែល​មិន​ទាន់​ជាសះស្បើយ​នៅ​ឡើយ​នោះ​គឺ​ជា​បុរស​ខ្មែរ​អាយុ​២៦​ឆ្នាំ​រស់​នៅ​ខេត្ត​កំពត​ ដែល​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ហ្វីលីពីន។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧​ខែ​មិថុនា​ឆ្នាំ​២០២០​ សរសេរ​ថា​ ​ករណី​ឆ្លង​ចុង​ក្រោយ​បំផុត​នេះ​ត្រូវ​បាន​រក​ឃើញ​លើបុរស​ជនជាតិ​ខ្មែរ​ដែល​មាន​សញ្ជាតិ​បារាំង​ផង​ដែរ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៤​ខែ​ឧសភា​ឆ្នាំ​២០២០។​

បុរស​រូប​នេះ​ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ មុន​មក​ដល់​កម្ពុជា​ បុរស​រូប​នេះ​បាន​ធ្វើ​ដំណើរ​ និង​ស្នាក់​នៅ​រយៈ​ពេល​១៤​ថ្ងៃ​ក្នុង​ប្រទេស​អង់គ្លេស ​អាល្លឺម៉ង់​ បារាំង និង​កូរ៉េ​ខាងត្បូង។ នេះ​បើ​ផ្អែក​តាម​ក្រសួង​សុខាភិបាល​កម្ពុជា។​

គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែ​មិថុនា​នេះ ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជា​ជំងឺ​កូវីដ​១៩បាន​ឆ្លង​ទៅ​មនុស្ស​ជាង​៧​លាន​នាក់ ​និង​បាន​សម្លាប់​មនុស្ស​អស់​ជាង៤​សែន​នាក់​នៅ​ទូទាំង​សកល​លោក។​ នេះ​បើ​យោង​តាម​ទិន្នន័យ​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​អំពី​វីរុស​កូរ៉ូណា​នៃ​សាកល​វិទ្យាល័យ ​Johns Hopkins ​ក្នុង​សហ​រដ្ឋ​អាមេរិក៕