កិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយស្ថានការណ៍តឹងតែងរវាងប្រទេសទាំងពីរបានកើតមានឡើងក្រោយពីការប្រយុទ្ធដ៏សាហាវរវាងកងទ័ពនៃប្រទេសកម្ពុជានិងប្រទេសថៃកាលពីល្ងាចថ្ងៃសុក្រដែលបានកើតមានឡើងនៅយ៉ាងហោចណាស់ចំនួន៣កន្លែងផ្សេងៗគ្នានាតំបន់ព្រំដែនជិតប្រាសាទព្រះវិហារ។
មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរបានជួបប្រជុំគ្នាយ៉ាងប្រញ៉ាប់ប្រញ៉ាល់មួយនៅច្រកជាំស្រង៉ាំ ក្នុងស្រុកអន្លង់វែងដើម្បីបញ្ជៀសការប្រយុទ្ធគ្នាណាមួយជាយថាហេតុក្នុងពេលខាងមុខ។ នេះបើយោងតាមប្រភពមន្រ្តីយោធាដែលស្និទ្ធនឹងការចរចាបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃសុក្រ។
ការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរបានចាប់ផ្តើមនៅម៉ោងប្រមាណជាង៣:០០រសៀលថ្ងៃសុក្រនេះហើយបានបន្តរហូតដល់ម៉ោងប្រមាណជា៥:៤០នាទី។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាឱ្យដឹងថាខាងភាគីកម្ពុជាមានការស្លាប់និងរបួសកងទ័ពនិងប្រជាពលរដ្ឋជាង១០នាក់។
ពុំមានប្រភពឯករាជ្យណាបញ្ជាក់ថាមានកងទ័ពថៃស្លាប់និងរបួសប៉ុន្មាននាក់ទេ។ តែសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍របស់ថៃរាយការណ៍ថាយ៉ាងហោចណាស់មានជនស៊ីវិលម្នាក់បានស្លាប់បាត់បង់ជីវិតនិងរបួសទាហានមួយចំនួន។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រុមប្រតិកម្មរហ័សរបស់កម្ពុជាបានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅពេលភ្លាមៗក្រោយពីការវាយប្រយុទ្ធគ្នាបានបញ្ចប់ថា៖
«ខាងអគ្គមេបញ្ជាការថៃ គេសុំធ្វើការចរចាគ្នាកុំឱ្យមានការបន្តផ្ទុះអាវុធតទៅទៀត»។
ការវាយប្រយុទ្ធគ្នានេះបានធ្វើឱ្យខូចខាតប្រាសាទព្រះវិហារយ៉ាងដំណំជាច្រើនកន្លែង។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបទេសខ្មែរ។ ហើយមានការបាញ់គ្រាប់កាំភ្លើងធំទំហំ១៣០មិល្លីម៉ែត្រនិង១៥៥មិល្លីម៉ែត្រ ជាច្រើនគ្រាប់ធ្លាក់ចូលក្នុងទឹកដីកម្ពុជាចម្ងាយ២០គីឡូម៉ែតផងដែរ។
លោកហោ ណាំហុងរដ្ឋមន្រ្តី ការបរទេសកម្ពុជាបានប្រាប់ក្រុមអ្នកកាសែតក្រោយពីកិច្ចប្រជុំជាមួយសមភាគីរបស់លោក គឺលោក កាសិត ភីរម្យ ថា កម្ពុជាកំពុងរៀបចំ ប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប លើការបាញ់រំលោកចូលទឹកដីកម្ពុជានេះ។
ប៉ុន្តែលោក កាសិត ភីរម្យរដ្ឋមន្រ្តីការបរទេសថៃបានថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានមុននឹងឡើងយន្តហោះត្រឡប់ទៅប្រទេសថៃវិញថាភាគីទាំងពីរត្រូវធ្វើការអត់ធ្មត់ឱ្យបានខ្លាំងដោយមិនត្រូវប្រើប្រាស់អាវុធទេ។
«ខ្ញុំបានទូរស័ព្ទទៅទីក្រុងបាងកកហើយបានជជែកគ្នាជាមួយរដ្ឋមន្រ្តី ក្រសួងការពារជាតិរបស់ខ្ញុំដើម្បីបន្ធូរស្ថានការណ៍ ហើយធ្វើឱ្យមានការឈប់បាញ់គ្នាមួយ»។
ប៉ុន្តែលោកកាសិត ភីរម្យក៏ស្នើផងដែរឱ្យមានការពិភាក្សាតែពីរភាគីដោយមិនឱ្យមានការចូលជួយអន្តរាគមន៍ពីភាគីទីបីឡើយ។
«មិនគួរឱ្យមានអន្តរាគមន៍ឬក៏សកម្មភាពណាមួយពីភាគីទីបីទេ ដែលនឹងធ្វើឱ្យខូចដល់ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ»។
លទ្ធផលនៃកិច្ចប្រជុំរវាងក្រុមមេបញ្ជាការនៃប្រទេសទាំងពីរនៅពុំទាន់បញ្ចេញឱ្យដឹងជាផ្លូវការនៅ ឡើយទេ ប៉ុន្តែបើយោងតាមប្រភពយោធាដដែលបានបន្តថាការជួបប្រជុំថ្នាក់រដ្ឋមន្រ្តី ការពារជាតិអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ៕