កម្ពុជា និង​ថៃ សម្ពោធ​ជា​ផ្លូវការ​នូវ​ផ្លូវដែក​ភ្ជាប់​ប្រទេស​ទាំង​ពីរ

លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធផ្លូវរថភ្លើងតភ្ជាប់ប្រទេសទាំងពីរ នៅខេត្ត Aranyaprathet ប្រទេសថៃ កាលពីថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។

ផ្លូវ​រថភ្លើង​ដែល​ត​ភ្ជាប់​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​នេះ​ជា​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​យោង​តាម​ទំព័រហ្វេសប៊ុកផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ​លោក Prayut Chan-O-Cha បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រតិបត្តិការ​រួម​គ្នា​លើ​ការ​ដឹក​ជញ្ជូន​ផ្លូវ​ដែក​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ និង​ពិធី​ប្រគល់-ទទួល​ក្បាល​រថភ្លើង មុន​ពេល​ធ្វើ​ដំណើរ​រួម​គ្នា​តាម​រថភ្លើង​ពី​ស្ថានីយ​រថភ្លើង​បានក្លងលឹក​នៃ​ប្រទេស​ថៃ ទៅ​កាន់​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត​នៃ​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា​នេះ​គឺ​ជា «ប្រវត្តិសាស្ត្រ» សម្រាប់​ប្រទេស​ទាំង​ពីរ និង​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ថៃ ដែល​បាន​ជួយ​តភ្ជាប់​ជា​ថ្មី​នូវ​ផ្លូវ​ដែក​នៃ​ប្រទេស​ទាំង​ពីរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម​ថា ផ្លូវ​រថភ្លើង​នេះ​ក៏​រួម​ចំណែក​ដ៏​ប្រសើរ​ផង​ដែរ​ដល់​ការ​តភ្ជាប់ និង​អភិវឌ្ឍ​តំបន់​អាស៊ី​អាគ្នេយ៍។

ប្រទេស​កម្ពុជា​បាន​ស្ដារ​រួច​ហើយ​នូវ​ផ្លូវ​រថភ្លើង​ពី​ទីក្រុង​ភ្នំពេញ ទៅ​ព្រំដែន​ថៃ ដែល​មាន​ប្រវែង ៣៨៦ គីឡូម៉ែត្រ។

ផ្លូវ​ដែក​ភាគ​ច្រើន​របស់​ប្រទេស​កម្ពុជា ដែល​បាន​កសាង​ឡើង​នៅ​ក្នុង​សម័យ​អាណានិគម​បារាំង ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម​ដែល​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​នៅ​សម័យ​សង្គ្រាម​ត្រជាក់។

ប្រទេស​កម្ពុជា​មាន​ផ្លូវ​ដែក​ប្រវែង​ជាង ៦០០ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ព្រំដែន​ថៃ ទៅ​កាន់​តំបន់​មាត់​សមុទ្រ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស៕