ការប្រឈមមុខគ្នារវាងកម្ពុជា និងថៃនៅតុលាការយុត្តិធម៌អន្ដរជាតិក្រុងឡាអេ ឈាន ដល់ថ្ងៃទី២ហើយនៅថ្ងៃអង្គារ៍នេះ ដែលកម្ពុជារំពឹងថា នឹងអាចស្វែងរកការបញ្ចប់ជម្លោះព្រំដែនដែលបានរាលដាលនៅតំបន់ប្រាសាទព្រះវិហារ និងបានអូសបន្លាយអស់រយៈពេលបីឆ្នាំមកហើយនេះ។
កាលពីខែមេសា កម្ពុជា បានស្នើដល់តុលាការក្រុងឡាអេ ដែលជាតុលាការខ្ពស់បំផុតរបស់អង្គការ សហប្រជាជាតិមួយនេះធ្វើការបកស្រាយសាលក្រមខែមិថុនា ឆ្នាំ១៩៦២ របស់ខ្លួនឡើងវិញ ហើយស្នើឲ្យតុលាការចាត់វិធានការជាបន្ទាន់មួយ ដើម្បីថែរក្សាប្រាង្គប្រាសាទចំណាស់ជាង៩០០ឆ្នាំ របស់ខ្មែរ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធកាលពីពេលថ្មីៗនេះ ហើយបានបណ្ដាលឲ្យមានជនរងគ្រោះទាំងសងខាងស្លាប់បាត់បង់ជីវិតយ៉ាងតិចចំនួន១៨នាក់។
លោក បូរីស ហេម (Boris Heim) មន្រ្តីផ្នែកព័ត៌មានរបស់តុលាការក្រុងឡាអេ បានមានប្រសាសន៍ថា ភាគីកម្ពុជា និងភាគីថៃ ត្រូវធ្វើសេចក្តីសន្និដ្ឋានរៀងៗខ្លួន នៅថ្ងៃនេះទាក់ទងទៅនឹងទឡ្ហីករណ៍របស់ខ្លួនជុំវិញជម្លោះនៅតំបន់ប្រសាទព្រះវិហារ។ លោក បូរីស ហេម បញ្ជាក់ថា សវនាការពីរថ្ងៃនេះ គឺជាសវនាការផ្តោតលើសំណើសុំចាត់វិធានការ ការពារប្រាង្គប្រាសាទព្រះវិហារជាបន្ទាន់ ក៏ប៉ុន្តែពុំមានការសម្រេចណាមួយភ្លាមៗនោះទេ។ លោកបូរីសមានប្រសាសន៍ថា៖
«សវនាការនៅថ្ងៃនេះ និងសវនាការកាលពីម្សិលមិញផ្ដោតលើបញ្ហាតែមួយគត់ គឺការជជែកអំពីសេចក្ដីស្នើសុំជាបន្ទាន់របស់សកម្ពុជាឲ្យតុលាការដាក់កំហិតលើថៃឲ្យបញ្ឈប់សកម្មភាពយោធាដែលកម្ពុជាចោទថា មានលក្ខណៈឧក្រិដ្ឋកម្ម»។
ប្រព័ន្ឋផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទបានលើកឡើងថា លោកហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជា រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងនៅចំពោះមុខតុលាការក្រុងឡាអេថា ថៃបានបើកការរំលោភបំពានលើអធិបតេយ្យប្រាសាទព្រះវិហាររបស់ខ្មែរ ហើយបានបង្កឲ្យមានការប៉ះទង្គិចដោយប្រដាប់អាវុធ ដែលបានសម្លាប់មនុស្សជាច្រើន។
ដោយឡែកបណ្តាញផ្សព្វផ្សាយរបស់ថៃបានស្រង់សម្តីមន្រ្តីថៃថា តុលាការក្រុងឡាអេ មិនមានសមត្ថកិច្ចនៅក្នុងការដោះស្រាយជម្លោះព្រំដែននោះទេ។
កម្ពុជា និងថៃមានជម្លោះព្រំដែនជាមួយគ្នាចាប់តំាងពីខែកក្កដា ឆ្នាំ២០០៨ មកម្លេះ បន្ទាប់ពីអង្គការយូណេស្កូបានដាក់ប្រាសាទព្រះវិហាររបស់ខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយ ប្រទេសថៃបានដាក់ពង្រាយកងទ័ពនៅក្បែរតំបន់ប្រសាទនោះ បន្ទាប់ពីខ្លួនបរាជ័យនៅក្នុងការទប់ស្កាត់ ការសម្រេចចិត្តរបស់អង្គការយូណេស្កូ។
ថៃបានទាមទារកាន់កាប់ដីទំហំ៤.៦ គីឡូម៉ែត្រការ៉េ នៅតំបន់ក្បែរប្រាសាទព្រះវិហារ ក៏ប៉ុន្តែកម្ពុជាអះអាងថា ដីនៅទីនោះគឺជារបស់ខ្លួន។
តុលាការក្រុងឡាអេនឹងបើកសវនាការមួយផ្សេងទៀតលើបណ្តឹងរបស់កម្ពុជានៅក្នុងការទាមទារឲ្យមានការបកស្រាយឡើងវិញទៅលើសេចក្តីសម្រេចចិត្តរបស់តុលាការកាលពីឆ្នាំ១៩៦២។
លោក បូរីស ហេម មន្រ្តីផ្នែកទំនាក់ទំនងព័ត៌មាននៃតុលាការក្រុងឡាអេ មានប្រសាសន៍ថា ការ កំណត់ទៅលើបញ្ហានេះនឹងត្រូវធ្វើនៅពេលក្រោយ។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមានប្រសាសន៍ថា លោកមិនទាន់បានទទួលដំណឹងថ្មីណាមួយពីគណប្រតិភូកម្ពុជានៅតុលាការក្រុងឡាអេទេ។