រូបថតដ៏កម្រអំពីទិដ្ឋភាពនានាក្នុងរបបខ្មែរក្រហម និងខ្សែអាត់សំឡេងនៃបទសម្ភាសជាមួយមេដឹកនាំកំពូលរបស់របបនេះ នឹងត្រូវដាក់តាំងបង្ហាញដល់សាធារណជនខ្មែរជាលើកដំបូងនៅសប្តាហ៍ក្រោយនេះនៅឯមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាក្នុងទីក្រុងភ្នំពេញ។
រូបថតទាំងនោះត្រូវបានថតនៅចុងឆ្នាំ១៩៧៨ដោយអ្នកកាសែតអាមេរិកាំង និងជាអ្នកនិពន្ធដ៏ល្បីឈ្មោះម្នាក់គឺលោកស្រីអេលីហ្សាបែត ប៊ែកខឺដែលរបបខ្មែរក្រហមបានអញ្ជើញឱ្យទៅមើលពីអ្វីដែលរបបនេះចាត់ទុកថា ការរីកចម្រើនតាមទិសដៅបដិវត្តន៍របស់គេ និងអ្នកស្រីជួយទប់ស្កាត់ការចូលឈ្លានពានដោយកងទ័ពវៀតណាម។
មានរូបភាពជាច្រើនដែលលោកស្រីអេលីហ្សាបែត ប៊េកខឺបានថតដោយមានការរៀបចំជាស្រេចពីអ្នកជូនដំណើរ និងរូបភាពខ្លះត្រូវលោកស្រីគេចចេញពីការតាមឃ្លាំមើលនិងទៅថតដោយខ្លួនឯង។
លោកស្រី ប៊េកខឺបញ្ជាក់ថា ឯកសារដែលយកទៅដាក់តាំងពិព័រណ៍គឺដូចគ្នានឹងឯកសារនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន ហើយលោកស្រីបានពន្យល់បន្ថែមពីការសម្រេចចិត្តប្រគល់ឯកសារឱ្យទៅមជ្ឈមណ្ឌលបុប្ជាណាដាក់បង្ហាញនោះ។ លោកស្រីពន្យល់ថា លោកស្រីធ្វើដូច្នេះក្នុងគោលបំណងចង់ឱ្យសាធារណជនខ្មែរអាចមើលឃើញដោយសេរី និងស្តាប់អតីតមេដឹកនាំនិយាយដោយខ្លួនឯង៖
«ខ្ញុំមិនចង់ឱ្យឯកសារនេះស្ថិតតែនៅក្នុងបណ្ណាល័យនិងតុលាការទេ។ ខ្ញុំចង់ឱ្យពលរដ្ឋកម្ពុជាអាចដើរមកមើលដោយខ្លួនឯងបាន»។
សៀវភៅកត់ត្រាខ្សែអាត់សំឡេង និងរូបថតដែលលោកស្រីអេលីហ្សាបែត ប៊េកខឺប្រមូលបានក្នុងពេលលោកស្រីធ្វើការនៅកម្ពុជានោះ ត្រូវបានលោកស្រីប្រគល់ជាលើកដំបូងទៅឱ្យសាកលវិទ្យាល័យវ៉ាស៊ីនតោនក្នុងរដ្ឋស៊ីអាថលរក្សាទុក ព្រោះលោកស្រីធ្លាប់សិក្សានៅទីនោះ ហើយដឹងថា គេមានបណ្ណាល័យល្អនិងកម្មវិធីសិក្សាពីតំបន់អាស៊ី។ ក្នុងបណ្តាឯកសារទាំងនោះ ក៏មានទាំងរូបថតកាលពីលោកស្រីធ្វើជាអ្នករាយការណ៍ព័ត៌មានអំពីសង្គ្រាមនៅកម្ពុជាក្នុងសម័យលន់ នល់ផងដែរ។ មួយចំណែកខ្លះនៃឯកសារនេះក៏ត្រូវប្រគល់ទៅឱ្យសាលាក្តីខ្មែរក្រហមប្រើប្រាស់ក្នុងការកាត់ទោសមេដឹកនាំខ្មែរក្រហមដែរ។
លោកស្រីប៊េកខឺក៏ធ្លាប់ធ្វើជាអ្នកកាសែត Washington Post និង The New York Times និងបាននិពន្ធសៀវភៅស្តីពីរបបខ្មែរក្រហមដែលមានចំណងជើងថា «នៅពេលដែលសង្គ្រាមបានរលត់ទៅ» ប៉ុន្តែលោកស្រីបញ្ជាក់ថា បើបានចូលមកមើលឯកសារទាំងនេះហើយគឺពលរដ្ឋខ្មែរមិនចាំបាច់មើលសៀវភៅរបស់លោកស្រីទេ។
«តើគេចាំបាច់រកសៀវភៅខ្ញុំធ្វើអ្វី? ពួកគេមិនចាំបាច់ស្វែងរកសៀវភៅខ្ញុំទេ។ ខ្ញុំចង់ឱ្យពួកគេដើរចូលមក ហើយស្តាប់សំឡេងខ្សែអាត់ដែលខ្ញុំរៀបរាប់ ហើយស្តាប់ឮសម្តីប៉ុល ពត។ គឺអាចចូលបានដោយសេរី»។
ក្នុងរូបថតដែលត្រូវដាក់តាំងពិព័រណ៍ ដែលលោកស្រីប៊េកខឺបង្ហាញឱ្យវីអូអេបានឃើញមានរូបភាពស្ងាត់ជ្រងំនៃទីក្រុងភ្នំពេញ។ ទីធ្លាជុំវិញផ្សារថ្មីទាំងមូលឃើញមានតែមនុស្សម្នាក់ជិះកង់កញ្ចាស់មួយឆ្លងកាត់ ហើយអគារធំៗត្រូវបិទទ្វារ លំនៅដ្ឋានគ្មានមនុស្សរស់នៅ ហើយមានតែក្រុមកងសន្តិសុខប្រដាប់ដោយអាវុធនៅយាមការពារ។
«វាគឺជាកន្លែងចម្លែក។ រូបភាពទាំងនេះមើលទៅហាក់ដូចជាមិនចម្លែកទេ ប៉ុន្តែពេលនោះ គឺជាប្រទេសកម្ពុជាមួយដែលគ្មានមនុស្ស។ កម្ពុជាត្រូវមានមនុស្សសើចសប្បាយ មនុស្សទទួលទានអាហារ មនុស្សរាំលេង មនុស្សបួងសួងសូត្រធម៌។ តែអត់មានអញ្ចឹងទាល់តែសោះ។ គឺគ្មានអ្វីទាល់តែសោះ។ គឺជាការបាត់បង់នូវជីវិតពិតប្រាកដ»។
ក្រៅពីនោះមានរូបថតញញឹមពព្រាយរបស់មេដឹកនាំជាន់ខ្ពស់គឺប៉ុល ពត និងអៀង សារី រដ្ឋមន្ត្រីការបរទេស ក្នុងពេលជួបសម្ភាសជាមួយនឹងអ្នកកាសែត។ ក៏មានរូបថតដែលបង្ហាញពីសកម្មភាពធ្វើការនៅវាលស្រែ ចំការ ការដ្ឋានទំនប់ទឹក រោងសិប្បកម្មនិងគ្រួសារគម្រូដែលមានឪពុក ម្តាយនិងកូនតូចៗពីរនាក់ឈរនៅមុខផ្ទះឈើប្រក់ក្បឿងបង្ហាញទឹកមុខញញឹម។ លោកស្រីយល់ថា រូបទាំងនេះគឺជាការរៀបចំជាមុនដោយរបបខ្មែរក្រហម ដោយសាររាល់ដំណើរពីកន្លែងមួយទៅកន្លែងមួយគឺត្រូវយាមកាមយ៉ាងតឹងរឹងជាប់ជានិច្ច។
ពិព័រណ៍នេះមានឈ្មោះថា «ដំណើរដ៏គ្រោះថ្នាក់របស់អ្នករាយការណ៍ព័ត៌មាន ទៅកាន់របបកម្ពុជាប្រជាធិបតេយ្យ» ហើយនឹងត្រូវបើកសម្ពោធនៅល្ងាចថ្ងៃទី០៩ខែកុម្ភៈ ដោយបើកឱ្យពលរដ្ឋខ្មែរទូទៅចូលទស្សនាដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី២៩ខែកុម្ភៈ។ លោកស្រីអេលីហ្សាបែត ប៊េកខឺក៏នឹងចូលរួមក្នុងពិធីសម្ពោធបើកផងដែរ។
លោកស្តានីស្លាស ទូហ្សេ អ្នកគ្រប់គ្រងគម្រោងនៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានបញ្ជាក់ប្រាប់វីអូអេក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា លោកបានជ្រើសយករូបភាពចំនួន២៥មកផ្តិតពង្រីកឱ្យធំ សម្រាប់ដាក់តាំងក្នុងសាល មានរូបភាពប្រហែល៤០ទៀតត្រូវដាក់ជារូបភាពបញ្ចាំងលើអេក្រង់កុំព្យូទ័រនិងទូរទស្សន៍ ហើយសំឡេងសម្ភាសដាក់ក្នុងកំព្យូទ័រដោយមានកាសពាក់ត្រចៀកដើម្បីស្តាប់ឮបាន។ សំឡេងរបស់លោកស្រីអេលីហ្សាបែត ដែលរៀបរាប់ពីរូបភាពទាំងនោះ ត្រូវបានគេថតទុកដើម្បីឱ្យអ្នកចូលទស្សនាស្តាប់បាន។
លោកស្តានីស្លាសបញ្ជាក់បន្ថែមថា៖
«រូបថតទាំង២៥គឺតំណាងឱ្យដំណើររបស់លោកស្រីអេលីហ្សាបែត ដែលយើងជ្រើសរើសជាមួយលោកស្រី ហើយវាមានប្រធានបទចំនួន៥ គឺមានទីក្រុងគ្មានមនុស្សនៅពីព្រោះ ដូចលោកដឹងហើយថា ពួកខ្មែរក្រហមបានបណ្តេញអ្នកក្រុងទាំងអស់ឱ្យទៅរស់នៅជនបទ។ ដូច្នេះទីក្រុងភ្នំពេញទាំងមូលគ្មានប្រជាពលរដ្ឋរស់នៅ។ ដូច្នេះវាជាការគួរឱ្យចាប់អារម្មណ៍ក្នុងការបង្ហាញរូបភាពទាំងនេះដែលគ្មានមនុស្សនៅតាមផ្លូវ។ ក៏មានរូបថតជាច្រើននៅឯជនបទដែលយើងអាចមើលឃើញមនុស្សដើរនៅតាមវាលស្រែ ឬក៏នេសាទត្រី ឬក៏សាងសង់ផ្លូវ ហើយជាការគួរឱ្យចាប់អារម្មណ៍ដែរដែលឃើញពួកគេស្លៀកពាក់ខ្មៅទាំងអស់ ហើយបង់កក្រម៉ា។ ហើយមានរូបភាពដទៃទៀតទាក់ទងនឹងកងយោធា។ យើងអាចឃើញទាហានខ្មែរក្រហម។ ក៏មានរូបថតមេដឹកនាំខ្មែរក្រហម ដូច្នេះយើងអាចឃើញប៉ុល ពត ឬក៏អៀង សារី»។
បន្ទាប់ពីពិព័រណ៍ផ្លូវការចប់ទៅ រូបភាពខ្សែអាត់សំឡេងនិងឯកសារផ្សេងៗទៀតនឹងត្រូវបន្តរក្សាទុកក្នុងបណ្ណាសារអចិន្រ្តៃយ៍របស់មជ្ឈមណ្ឌលបុប្ផាណាសម្រាប់ឱ្យអ្នកចូលទស្សនាអាចស្រាវជ្រាវបានគ្រប់ពេល៕