សារមន្ទីរ​ហូឡខស្ត​អាមេរិក​គ្រោង​តាំង​ពិព័រណ៍​ស្តី​ពី​អំពើ​ប្រល័យ​ពូជសាសន៍​កម្ពុជា

មាន​ការ​ជជែក​អំពី​ការតាំង​ពិព័រណ៍​នេះ ហើយ​សារមន្ទីរ​ហូ​ឡខស្ត​នឹង​បញ្ជូន​អ្នក​ជំនាញការ​ម្នាក់​មក​សិក្សា​បន្ថែម​នៅ​ខែមករា​ឆ្នាំ២០១៣។

ពិ​ព័រណ៍​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​សារមន្ទីរ​ហូ​ឡខស្ត​ក្នុង​រដ្ឋធានី​វ៉​ស៊ីន​តោន​សម្រាប់​រយៈពេល១៨ខែ។

ភ្នំពេញ៖ ក្រុម​ជំនាញ​ការ​ផ្នែក​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍​នៃ​សារមន្ទីរ​ហូឡខស្ត (Holocaust) របស់​សហរដ្ឋ​អាមេរិក​បាន​ស្វែងរក​ការបញ្ចូល​ទិន្នន័យ​នៃ​សាលាក្ដី​ខ្មែរក្រហម​និង​ធ្វើការ​តាំង​ពិ​ពណ៌​ស្តីពី​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ដែល​បាន​កើតឡើង​នៅ​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមមន្ដ្រី​នៃ​សារមន្ទី សង្គម​ស៊ីវិល​និង​មន្ត្រី​សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​នេះ។ ពិ​ព័រណ៍​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​សារមន្ទីរ​ហូ​ឡខស្ត​ក្នុង​រដ្ឋធានី​វ៉​ស៊ីន​តោន​សម្រាប់​រយៈពេល១៨ខែ។

លោក ម៉ាយឃើល អាប្រាម៉ូវិច (Michael J. Abramowitz) នាយក​គណៈកម្មាធិការ​មនសិការ​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​សារមន្ទីរ​ជាតិ​អាមេរិក​ហូ​ឡខស្ត​បាន​ឲ្យ​ដឹង​ថា ទស្សនកិច្ច​នេះ​ដើម្បី​ស្វែង​យល់​ពី​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា។

«យើង​មក​ទីនេះ​ដើម្បី​មើល​សាលាក្ដី​ខ្មែរក្រហម។ ចូលរួម​មើល​ការផ្តល់​សក្ខីកម្ម។ យើង​មក​ទីនេះ​ដើម្បី​និយាយ​ទៅ​កាន់​ជនរងគ្រោះ ​និង​អ្នក​ដែល​រួច​ពី​ការសម្លាប់​ក្នុងប្រទេស​កម្ពុជា។ ហើយ​យើង​ជួប​ជាមួយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល សង្គម​ស៊ីវិល​និង​រដ្ឋាភិបាល​ដើម្បី​សិក្សា​ពី​ឧក្រិដ្ឋ​កម្មនេះ»។

លោក​ម៉ា​យ​ឃើ​ល បាន​បញ្ជាក់​ក្រោយ​ពីស​ន្និសីទ​ព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​បន្ទាប់ពី​បេសកម្ម​រយៈ​មួយ​សប្តាហ៍​នៃ​ក្រុម​របស់​លោក​បាន​ឈាន​ដល់​ថ្ងៃទី​បួន​នៅ​ថ្ងៃ​នេះ។

លោក​បញ្ជាក់ថា សារមន្ទីរ​ហូឡខស្ត​មាន​បំណង​បញ្ចូល​ទិន្នន័យ​ស្តីពី​សាលាក្តី​ខ្មែរក្រហម​និង​ការ​កាត់​ទោស​អតីត​ពួក​មេដឹកនាំ​ខ្មែរក្រហម​ក្នុង​គេហទំព័រ​របស់​ខ្លួន​រួម​ទាំង​ធ្វើការ​តាំង​ពិព័រណ៍​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​សារមន្ទី​ហូឡខស្ត។

«គម្រោងការ​របស់​យើង​គឺ​ធ្វើការ​បង្ហាញ​តូច​មួយ​អំពី​ករណីនេះ។ យើង​មាន​សារមន្ទីរ​របស់​យើង​ដែល​ផ្តោតលើ​ស្ថានភាព​ណា​ហ្ស៊ី និង​លើ​ការដុត​មនុស្ស​ទាំង​រស់​នោះ។ ប៉ុន្តែ​នៅក្នុង​សារមន្ទីរ​យើង​ក៏​មាន​ការ​ផ្តល់​ព័ត៌មាន​អំពី​ការ​ប្រល័យ​ពូជសាសន៍​ផ្សេង​ទៀត​ដែរ​ដូចជា​ស្ថានភាព​នៅ​រវ៉ាន់ដា នៅបូស្នៀ នៅ​តំបន់​ដាហ្វ៊រ ហើយ​យើង​ក៏​ចង់​បាន​សម្ភារៈ​ផ្សេងៗ​សម្រាប់​អ្នក​ទស្សនា​អំពី​ករណី​នៅ​កម្ពុជា និង​អំពី​ការ​កាត់​ទោស​ផង​ដែរ»។

លោក ម៉ាយឃើល អាប្រាម៉ូវិច ពន្យល់​បន្ថែម​ថា​អ្វីដែល​អាច​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​នោះ​មាន​ដូចជា​ខ្សែ​វីដេអូ រូបភាព និង​វត្ថុ​មួយ​ចំនួន​ទៀត​ដែល​លោក​មិនទាន់​អាច​បង្ហាញ​ព័ត៌មាន​ពិស្តារ​បាន​នៅ​ឡើយ។ នៅ​មិន​ទាន់​មាន​ការ​សម្រេច​លើ​កាលបរិច្ឆេទ​ជាក់​លាក់​នៅ​ឡើយ​ទេ។ លោក​ម៉ាយឃើល បញ្ជាក់​ថា ព្រឹត្តិការណ៍​នោះ​អាច​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​រង្វង់​ពី​១២​ខែ​ទៅ​១៨​ខែ​ទៀត។

សារមន្ទីរ​នៃ​ការ​ចងចាំ​ហូឡខស្ត​របស់​សហរដ្ឋ​អាមេរិក​បង្កើត​ឡើង​ជាពិសេស​ស​ម្រាប់​ការ​ចងចាំ​ពី​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ជ្វី​នៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២។ មេដឹកនាំ​ផ្តាច់កា​រ អ៊ីត្លែរ បាន​ដុត​ជនជាតិ​ជ្វី​ស​នេះ​ទាំង​រស់​ក្នុង​ឡ។ មាន​ជនជាតិ​ជ្វីស​ប្រមាណ​៦​លាន​នាក់​បាន​ស្លាប់។

លោក​ម៉ាយឃើល អាប្រាម៉ូវិច បាន​ជួប​ជាមួយ​មន្ដ្រី​សាលាក្ដី​ខ្មែរក្រហម ជាមួយ​លោក​សុខ អាន ឧបនាយករដ្ឋមន្ដ្រី​និង​ជា​រដ្ឋមន្ដ្រី​ទីស្តី​ការ​គណៈរដ្ឋមន្ដ្រី​ស្តីពី​ការ​តាំង​ពិព័រណ៍​នេះ​និង​ជួប​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ផងដែរ។

លោក​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មាន​ប្រសាសន៍​ថា មាន​ការ​ជជែក​អំពី​ការតាំង​ពិព័រណ៍​នេះ ហើយ​សារមន្ទីរ​ហូ​ឡខស្ត​នឹង​បញ្ជូន​អ្នក​ជំនាញការ​ម្នាក់​មក​សិក្សា​បន្ថែម​នៅ​ខែមករា​ឆ្នាំ២០១៣។

«ពិព័រណ៍​នេះ​នឹង​ផ្តោត​លើ​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​ក្នុង​បរិបទ​សកលភាវូបនីយកម្ម»។

ជាមួយគ្នានេះ​លោកស្រី យូកូ ម៉េដា មន្ដ្រី​ផ្នែក​កិច្ចការ​សាធារណៈ​នៃសាលាក្តី​ខ្មែរ​ក្រហម​បញ្ជាក់​ថា​មាន​ការ​ជជែក​រវាង​សាលាក្ដី​ខ្មែរ​ក្រហម​និង​គណៈប្រតិភូ​មក​ពី​សហ​រដ្ឋ​អាមេរិក​ពី​ការ​តាំង​ពិព័រណ៍​ជា​ជំហាន​ដំបូង​ហើយ​លោក​ស្រី​មិន​មាន​ព័ត៌មាន​លម្អិត​នោះ​ទេ។


គណៈប្រតិភូ​មកពី​សារមន្ទីរ​នៃ​ការចងចាំ​ហូឡខសត្ត​របស់​សហរដ្ឋអាមេរិក​មាន​សមាជិក​សរុប​១៩​នាក់ ហើយ​ក្រៅ​ពី​បាន​ចូល​រួម​ស្តាប់​សវនាការ​នៅ​សាលាក្តី​ខ្មែរក្រហម គណៈប្រតិភូ​បាន​ជួប​ជាមួយ​ជន​រងគ្រោះ និង​ទស្សនា​មណ្ឌល​ពិឃាត​នៅ​ភ្នំពេញ និង​នៅ​ខេត្ត​កំពង់​ឆ្នាំង​ផង​ដែរ៕