អ្នករិះគន់​ព្រមាន​ពី​ការបាត់​សេរីភាព​បញ្ចេញ​មតិ​ពេល​កម្ពុជា​ប្រើ​5G ​របស់​ក្រុមហ៊ុន​ចិន​ Huawei

ការដាក់​បង្ហាញ​ការសាកល្បង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី៥ (5G) នៅ​ឯទីតាំង​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

សកម្មជន​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​សេរីភាព​សារព័ត៌មាន​បាន​ព្រមាន​ថា​ ការដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​Huawei ​អាច​ពង្រីក​ការតាមដាន​ឃ្លាំមើល​របស់​គណបក្ស​កាន់​អំណាច​​លើ​​ពលរដ្ឋ​ដែល​មិន​ពេញចិត្ត​រដ្ឋាភិបាល​និង​នាំ​ឱ្យ​មាន​ការរឹតបន្តឹង​ការសរសេរ​ឬ​សេចក្តី​រាយការណ៍​តាម​បណ្តាញ​អ៊ីនធឺណិត។

កាលពី​ពេល​ថ្មីៗ​នេះ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ទីមួយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនាន់ទី៥​ឬ​ហៅ​ថា​ 5G ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​Huawei ​ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ចិន។

ដំណើរការ​ប្រព័ន្ធ​អ៊ីនធឺណិត​5G ​របស់​ក្រុមហ៊ុន​ Huawei​ ស៊ីសង្វាក់​គ្នា​នឹង​ទំនាក់​ទំនង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ជាមួយ​នឹង​ក្រុង​ប៉េកាំង​កាន់តែ​រឹងមាំ​ឡើង​ទាំង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ដោយ​ក្រុង​ប៉េកាំង​បាន​បង្កើន​ការវិនិយោគ​ទុនរបស់​ចិន​នៅ​គ្រប់​វិស័យ។​

ល្បឿន​អ៊ីនធឺណិត​ជំនាន់​ទី​៥​លឿន​ជាង​ជំនាន់ទី៤​ (4G) ​ដល់​ទៅ​១០០​ដង។ នេះ​គឺជា​អនាគត​នៃ​ពិភពលោកមួយ​ដែល​មាន​ទីក្រុង​ឆ្លាតវៃពោពេញ​ទៅដោយ​ការិយាល័យ​និង​ផ្ទះ​ឆ្លាតវៃ​ដែល​បំពាក់​ដោយ​ឧបករណ៍​ប្រើប្រាស់​ភ្ជាប់​អ៊ីនធឺណិត។​

បន្ទាប់ពី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ក្រុមហ៊ុន​Huawei ​ក្នុង​អំឡុង​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉េកាំង​កាលពី​ខែ​មេសា លោក​ហ៊ុន សែន​បាន​ស្វាគម​បណ្តាញ​5G ​នេះ​ថា​ជា​ជំហាន​ដ៏ធំ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា​របស់​កម្ពុជា។

បុគ្គលិក​ម្នាក់​ឈរ​នៅ​ខាង​ក្រៅ​ហាង​លក់​ទូរស័ព្ទ Huawei ក្នុង​ទីក្រុង ប៉េកាំង ថ្ងៃ​អង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។ (AP)

ប៉ុន្តែ​សកម្មជន​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​សេរីភាព​សារព័ត៌មាន​បាន​ព្រមាន​ថា​ការដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​Huawei ​អាច​ពង្រីក​ការតាមដាន​ឃ្លាំមើល​របស់​គណបក្ស​កាន់​អំណាចលើពលរដ្ឋ​ដែល​មិន​ពេញចិត្ត​រដ្ឋាភិបាល​និង​នាំ​ឱ្យ​មាន​ការរឹតបន្តឹង​ការសរសេរ​ឬ​សេចក្តី​រាយការណ៍​តាម​បណ្តាញ​អ៊ីនធឺណិត។​

លោក​ហ្វីល រ៉ូប៊ឺតសុន ​អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ​បាន​និយាយ​ពី​បណ្តាញ​5G ​របស់​ក្រុមហ៊ុនHuawei របស់​ចិន​ថា​៖

«ខ្ញុំ​គិត​ថា​វា​នឹង​នៅ​តែដដែល​ទេ។ ខ្ញុំ​គិត​ថា​បណ្តាញ​ទូរស័ព្ទ​ចល័ត​និង​អ៊ីនធឺណិត​កម្ពុជា​មិន​មាន​សុវត្ថិភាព​ជៀសផុត​ពី​រដ្ឋាភិបាល​កម្ពុជា​ទេ​ហើយ​ពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​នេះ​ដើម្បី​រិះគន់​រដ្ឋាភិបាល​ត្រូវគេ​តាម​ឃ្លាំមើល​ តាម​យក​ការណ៍ ​និង​សងសឹក‍»។​

ក្រុមហ៊ុន​Huawei ​រងការចោទ​ប្រកាន់​ថា​ជួយ​រដ្ឋាភិបាល​ចិន​តាម​ឃ្លាំមើល​សកម្ម​ភាព​តាម​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​ចិន។​

ការដាក់ឱ្យ​ប្រើ​បណ្តាញ​អ៊ីនធឺណិត​5Gរបស់​ក្រុមហ៊ុន​Huawei នៅ​ប្រទេស​កម្ពុជា​កើត​ឡើង​ក្នុង​គ្រា​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏តានតឹង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​និងការប្រកួត​ប្រជែង​ថា​ក្រុមហ៊ុន​មួយ​ណា​នឹង​សាងសង់​បណ្តាញ​5G នៅ​កន្លែង​យុទ្ធសាស្រ្ត​ណាខ្លះ​នៅ​លើ​ពិភព​លោក។​

ក្រុមហ៊ុន​Huawei ​កំពុង​នាំមុខ​គេ​ក្នុង​ការសាងសង់​បណ្តាញ​ថ្មីនេះ គឺ​នាំ​មុខ​ក្រុមហ៊ុន​ណូគៀ របស់​ហ្វាំងឡង់​និង​អេរិកសុន​របស់​ស៊ុយអែត​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ដល់​សម្ព័ន្ធ​មិត្ត​ខ្លួន​ថា​ក្រុមហ៊ុន​ចិន​នេះ​លួចស៊ើបការណ៍​ឱ្យ​រដ្ឋាភិបាល​ចិន។ ប៉ុន្តែ​ក្រុមហ៊ុន​Huawei ​បដិសេធ។

បុរស​ម្នាក់​កាត់​ទូរស័ព្ទ Huawei សេរី Mate X foldable 5G ក្នុង​កម្មវិធី​ Mobile World Congress នៅ​ទីក្រុង Barcelona ប្រទេស អេស្ប៉ាញ ថ្ងៃទី២៦ ខែ​កុម្ភៈ ឆ្នាំ២០១៩។ (AP)

​ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់ចុះ​ចាប់តាំង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ងាក​ទៅរក​ប្រទេស​ចិន​កាន់តែ​ខ្លាំង​ឡើង​ហើយ​បាន​ប្រកាស​ថា​ខ្លួន​ជា​អ្នក​ឈ្នះ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ដែល​ក្រុម​អ្នក​សង្កេត​ការណ៍​មើល​ឃើញ​ថា​មិន​មាន​លក្ខណៈ​សេរី​និង​ត្រឹមត្រូវ​ទេ។

លោក​ម៉ូវ ចរិយា ​ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជានៃក្រសួងប្រៃស​ណីយ៍​ធ្លាប់បាន​ប្រាប់​វីអូអេ​ថា​លោក​មិន​ព្រួយ​បារម្ភ​នឹង​ឥទ្ធិពល​ប្រទេស​ចិន​លើ​បណ្តាញ​ទូរគមនាគមន៍​ទេ។​

ប៉ុន្តែ​លោ​កចរិយាបាន​បន្ថែម​ថា​បណ្តាញ​5G ​មកដល់​ឆាប់​ពេក​ក្នុងខណៈពេល​ដែល​បណ្តាញ​4G​គ្រប​ដណ្តប់​បាន​តែ​៥០​ភាគរយ​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ហើយ​កម្ពុជា​នៅ​ដើរ​មិន​ទាន់​ខាង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​និង​មាន​ឧបករណ៍​ភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​នោះ​នៅ​ឡើយ​ទេ។​

​កាលពី​ខែមុន​ក្រុមហ៊ុន​ទូរស័ព្ទ​ Smart Axiata ដែល​បម្រើ​សេវា​ដល់​អតិថិជន​ពាក់កណ្តាល​ប្រទេសកម្ពុជា​បាន​សាកល្បង​បច្ចេកវិទ្យា​5G ​ហើយ​បាន​និយាយ​ថា​ក្រុមហ៊ុន​នឹង​ត​បណ្តាញ​ទូរស័ព្ទ​របស់​Huawei ​នៅ ឆ្នាំនេះ។​

លោកស្រី​សារ៉ា រីពូស៊ី​ (Sarah Repucci) នាយក​ជាន់ខ្ពស់​ខាងផ្នែក​ស្រាវជ្រាវ​និង​វិភាគ​នៃ​អង្គការ​ Freedom House ​បាន​ប្រាប់​ដល់វេទិការ​បណ្តាញ​សារព័ត៌មាន​និង​ប្រជាធិបតេយ្យ​នៅ រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ខែ​ឧសភា​ថា​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​ Huawei ​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​ធ្វើ​ឱ្យ​ការ​រីកសាយ​បច្ចេកវិទ្យា​5G ​នៅ ​ទូទាំង​ពិភពលោក​គួរជាទី​ព្រួ​យបារម្ភ​ទាំង​ចំពោះ​រដ្ឋាភិបាល​និង​ពលរដ្ឋ​នៅ​ប្រទេស​ដទៃ​ទៀត។

ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​កម្មវិធី​ព័ត៌មាន​ត្នោត​នៅ​ហាង​លក់​សម្ភារៈ​បច្ចេកវិទ្យា​មួយ​ក្នុង​ទីក្រុង ភ្នំពេញ ខែ មីនា ឆ្នាំ ២០១៩។ (ស៊ុន ណារិន/VOA)

​លោកស្រី​បន្ថែម​ថា៖

«អ្វី​ដែល​ជា​ការព្រួយ​បារម្ភ​មួយ​គឺ​ប្រទេស​ចិន​កំពុងតែ​ព្យាយាម​កំណត់​ស្តង់ដា​បច្ចេកទេស​ពី​របៀប​សរសេរ​លេខកូដ​និង​ការផ្សាយ​តាម​រយៈ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​នេះ។ ហើយ​មាន​គ្រោះ​ថ្នាក់​ខ្ពស់​ខ្លាំង​ណាស់​ថា​ប្រទេស​ចិន​នឹង​មានលទ្ធភាព​ប្រើប្រាស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំងនេះ​ដើម្បីតាម​ដាន​មើល​និង​ផ្តល់​បច្ចេកវិទ្យា​នេះ​ទៅ​សម្ព័ន្ធមិត្ត​ប្រចាំ​ប្រទេស​ទាំងនោះ​ប្រើប្រាស់​តាម​ដាន​ពលរដ្ឋ​របស់​ខ្លួន​នៅពេល​ខាងមុខ‍»។​

លោក​ ដានីញ៉ែល បាស្តាដ​ Daniel Bastard ​នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នកសារ​ព័ត៌​មាន​គ្មាន​ព្រំដែន​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា​តើ​បច្ចេកវិទ្យា​5G ​របស់​ក្រុមហ៊ុន​Huawei ​នឹង​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការ​និយាយ​ស្តី​នៅ​ប្រទេស​កម្ពុជា​ឬទេ​ប៉ុន្តែ​លោក​បាន​បញ្ជាក់​បន្ថែម​ថា​វា​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ចិន​ក្នុង​ការ​ផ្សព្វផ្សាយ​គំរូ​នៃ​ការគ្រប់​គ្រង​ព័ត៌មាន​ដល់​ប្រទេស​ដទៃ​ទៀត។

លោកបាស្តាដបាន​បន្ថែម​ថា៖

«យើង​អាច​ឃើញ​គំរូ​របៀប​នេះ​និង​គំរូ​របស់​ចិន​កាន់តែ​រីកធំ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​អាក្រក់​ខ្លាំង​ណាស់​សម្រាប់​សេរីភាព​ក្នុង​ការនិយាយ​ស្តី​និង​សេរីភាព​ក្នុង​ការទទួលបាន​ព័ត៌មាន‍»។​

កាលពីខែ​មិថុនា​អង្គការ​Freedom House ​បាន​ចេញផ្សាយ​របាយការណ៍​មួយដែល​ព្រមាន​ពី​ការធ្លាក់​ចុះ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក​ដោយសារ​មាន​ការវាយប្រហារ​លើ​បណ្តាញ​សារព័ត៌មាន​កាន់តែ​ច្រើន​ជាង​មុន​នៅ​ក្នុង​ប្រទេ​ស​ជាច្រើន​ គឺ​ទាំង​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​និង​របប​ផ្តាច់ការ។​

របាយការណ៍​នោះ​បាន​គូស​បង្ហាញ​ពី​ការគំរាម​កំហែង​ដោយសារតែ​ឥទ្ធិពល​ចិន​កាន់តែ​រីក​ធំ​ឡើង​លើ​បណ្តាញ​សារព័ត៌មាន​តាម​រយៈ​ទុនវិនិយោគ​របស់​ចិន​លើ​វិស័យ​ទូរគមនាគមន៍​និង​បណ្តាញ​សារព័ត៌មាន​នៅ​ប្រទេស​ទាំងនោះ។

របាយការណ៍​នោះ​បន្ថែម​ថា៖

«គណបក្ស​កុម្មុនិស្ត​ចិន​បាន​បង្កើត​យន្តការ​ស្មុគស្មាញ​ដ៏​រស់រវើក​និង​មាន​ច្រើន​លំដាប់​ថ្នាក់​ដើម្បី​គ្រប់គ្រង​បណ្តាញ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស។ អាជ្ញាធរ​ចិន​ប្រើ​ឥទ្ធិពល​លើ​ខ្លឹមសារ​ព័ត៌មាន​នៅ​ជុំ​វិញ​ពិភព​លោក​តាម​រយៈ​យុទ្ធសាស្រ្ត​សំខាន់ៗ​បី​ដែល​មាន​ការលើកកម្ពស់​ការ​សរសើរ​គណបក្ស​កុម្មុយនិស្ត​ចិន ​គាបសង្កត់​យោបល់​រិះគន់ ​និង​គ្រប់គ្រង​ប្រព័ន្ធ​ចែកចាយ​ព័ត៌មាន»។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ក្នុង​ខណៈពេល​ដែល​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​បង្ក្រាប ​វិស័យ​ព័ត៌មាន​នេះ​ទទួល​បាន​ការវិនិយោគ​យ៉ាង​គំហុកពី​ចិន។​

ពួកគេ​បាន​បង្កើត​បណ្តាញ​ព័ត៌មាន​ថ្មី​ផ្សាយ​ជាភាសា​ខ្មែរ​ ដែល​មាន​ដូចជា​ទូរទស្សន៍​ NICE TV ​និង​ត្នោតញ៉ូស ​ដែល​មិន​ហ៊ាន​រាយការណ៍​ព័ត៌មាន​នយោបាយ​ដែល​រិះគន់​ទេ​ហើយ​ក៏​មាន​ការវិនិយោគ​លើ​បណ្តាញ​ព័ត៌មាន​ដែល​មាន​ស្រាប់​ហើយ​មាន​ទំនាក់ទំនង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ៕