កុមារ​កម្ពុជា​៧៨​នាក់​មាន​ជំងឺ​ដែល​បង្កដោយ​មេរោគ EV71

កុមារ​កម្ពុជាកំពុង​ទទួល​រងការ​រាតត្បាត​ដោយ ជំងឺ​ដែល​បង្ក​ឡើង​ដោយ​មេរោគ Enterovirus 71 ( EV 71 )។

ជំងឺ​ដែល​បង្ក​ឡើង​ដោយ​មេរោគ Enterovirus 71 ( EV 71 ) នៅតែ​បន្ត​រាតត្បាត​លើ​កុមារ​កម្ពុជា ក៏​ប៉ុន្តែ​វា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង។ នេះ​បើយោង​ទៅតាម​ក្រុម​មន្រ្តី​នៃ​ក្រសួង​សុខា ភិបាល​កម្ពុជា និង​មន្រ្តី​អង្គការ​សុខភាព​ពិភពលោក(WHO)។

តួលេខ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក បង្ហាញ​ថា រយៈពេល​ជាង​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​នេះ​ មាន​អ្នកជំងឺ​សរុប​ចំនួន​៧៨​ករណី​ដែល​ក្នុង​នោះ​យ៉ាងហោចណាស់​៥៤​នាក់​បាន​ស្លាប់​ដែល​ភាគច្រើន​នៃ​អ្នក​ជំងឺ​មាន​អាយុ​តិច​ជាង​បី​ឆ្នាំ​ហើយ​មាន​ជំងឺរ៉ាំរ៉ៃ និង​កង្វះ​អាហារូបត្ថម្ភ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា​រហូត​ដល់​ពេល​នេះ​កុមារ​ដែល​មាន​ជំងឺ​នេះ​នៅតែ​មាន​ជា​បន្តបន្ទាប់​ក៏ប៉ុន្តែ​មិន​មាន​ការស្លាប់​បន្ថែម​ទៀត​នោះ​ទេ។ ហើយ​នៅ​ពេល​នេះ​ចំនួន​អ្នក​ជំងឺ​នៅ​មិនទាន់​ដឹងប្រាកដ​នៅឡើយ​ដែរ គឺ​កំពុង​រង់ចាំ​ការប្រមូល​ទិន្ន័យ​នៅ​តាម​បណ្តាល​ខេត្ត​ក្រុង​ទូទាំង​ប្រទេស។

«កំពុងតែ​ធ្វើ​ការតាមដាន​ហើយ យើង​មិនទាន់​អាច​និយាយ​ថា​ជំងឺ​នេះ​កើនឡើង ឬ​មួយ​ក៏​ថយចុះ​នោះ​ទេ​ពីព្រោះ​យើង​ទើបតែ​ប្រមូល​ទិន្ន័យ ប៉ុន្តែ​ករណី​ដែល​រាយការណ៍​នេះ​គឺ​ថា​នៅ​មាន ចំនួន​តិចតួច​នៅឡើយ​ទេ​មិនទាន់​មាន​ករណី​ច្រើន​ទេ​។ ដូច្នេះ​ហើយ​បាន​ជា​យើង​កំពុង​តែ​បន្ត​ពង្រឹង​ប្រព័ន្ធ​តាមដាន​ទៀត​ ដើម្បី​បញ្ជាក់​ច្បាស់ថា​តើ​ជំងឺ​នេះ​កំពុងតែ​បន្ត​កើនឡើង​ ឬ​ក៏​ស្ថិត​នៅ​ថេរ ឬ​មួយ ក៏ថយចុះ​តែក៏​ត្រូវ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​គ្រូពេទ្យ​ទាំងអស់​ដែល​ធ្វើ​ការងារ​នេះ​ដើម្បី សហការណ៍​គ្នា​ក្នុង​ការ​បង្ការ និង​ប្រយុទ្ធ​នឹង​ជំងឺ​នេះ»។

ជំងឺ​ពងបែក​នៅ​ដៃជើង និង​ក្នុង​មាត់​គឺជា​ជំងឺឆ្លង​ដែល​កើត​ចំពោះ​ទារក និង​កុមារ។ វា​មិនមែន​ជា​ជំងឺ​ថ្មី​នៅ​កម្ពុជា​យើង​ទេ ហើយ​ក៏​ជា​ជំងឺ​ដែល​កើតមាន​នៅ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ដែរ។

ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​ដែល​បង្កឡើង​ដោយ​មេរោគEnterovirus 71 (EV 71) លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​បន្ថែម​ថា​ក្រសួង​បាន​បណ្តុះបណ្តាល​គ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​ទូទាំង​កម្ពុជា​ឲ្យ​យល់ដឹង​បន្ថែម​ពី​ការ​ព្យាបាល និង​ពិនិត្យ​រក​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា។

លើស​ពីនេះ​ទៅ​ទៀត​ក្រសួងសុខាភិបាល​កំពុងរៀបចំ​បោះពុម្ភផ្សាយ​ឯកសារ​មួយ​ចំនួន​សម្រាប់​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​មាន​អនាម័យ​ល្អ ក្នុង​ការរស់នៅ​ដូច​ជា​សម្អាត​បរិវេណ​ក្នុង​ផ្ទះ ការហូប ចុក និង​បញ្ជូន​កូន​មក​មន្ទីរពេទ្យ​ជា​បន្ទាន់ បើ​សិន​ជា​មានការសង្ស័យ​ណាមួយ​ថា បាន​កើត​ជំងឺ​នេះ​ហើយ​មាន​សភាព​ធ្ងន់ធ្ងរ។

លោក ពិធឺ វ៉ាន់ម៉ារែន តំណាង​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​នេះ មិនទាន់​មាន​របាយការណ៍​ថ្មី​ណា​មួយ​ស្តីពី​ការកើនឡើង​ពី​អ្នក​ជំងឺ​នេះ​នៅ​ឡើយ​ទេ។

លោក​បានផ្តល់​ដំបូន្មាន​ថា​ប្រជាពលរដ្ឋ​ត្រូវតែ​សម្អាត​ដៃ​ជើង​ក្រោយ​ពេល​ចេញ​ពី​បន្ទប់​ទឹក និង​មុន​ញ៉ាំ​អាហារ។

រោគសញ្ញា​ដំបូង​នៃ​ជំងឺពងបែក​ដៃ​ជើង និង​ក្នុង​មាត់ ជាទូទៅ​ចាប់ផ្តើម​ឡើង​ដោយ​មាន​សភាព​ក្តៅ​ខ្លួន ការហូបចុក​ថយ​ចុះ អស់​កម្លាំង ​និង​ឈឺ​បំពង់ក​។ ស្បែក​មាន​រមាស់​ចាប់ផ្តើម​ចេញ​ក្នុង​អំឡុង​ពេល មួយទៅ​ពីរ​ថ្ងៃ​ដោយ​មាន​ស្នាម​ចំណុច​ក្រហម​អុចៗ និង​ខ្លះ​មាន​ពងបែក នៅ​លើ​បាតដៃ បាត​ជើង និង​ពេល​ខ្លះ​លើ​គូទ ឬ​អវៈយវៈភេទ។

ក្នុង​ចំណោម​កុមារ​មួយ​ចំនួន​តូច ជំងឺនេះ​អាច​បង្កឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដែល​មាន​រោគសញ្ញា​ដូច​ជា ពិបាក​ដក​ដង្ហើម ទន់​អវៈយវៈ និង​ប្រកាច់។ ឪពុក​ម្តាយ​ត្រូវ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់ នៅ​ពេល​គាត់​ឃើញ​រោគសញ្ញា​ទាំងអស់​នេះ​នៅ​លើ​កូន​របស់​ពួក​គាត់។

ជំងឺ​ពងបែក​ដៃ​ជើង និង​ក្នុង​មាត់​បានធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ជា​ខ្លាំង ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​កម្ពុជា​កាល​ពី​ខែ​មិថុនា កន្លងទៅ​នេះ​រហូត​ដល់​មាន​ឪពុកម្តាយ​មួយ​ចំនួន​បានផ្អាក​មិន​ឲ្យ​កូន​ទៅ​រៀន​ថែមទៀត ដោយសារ​ការព្រួយបារម្ភ​នៃ​ការឆ្លង​ជំងឺ​នេះ៕