កុលាលភាជន៍ខ្មែរដុតនៅក្នុងឡអុស ដែលល្បីឈ្មោះតាំងពីសម័យអង្គរមកនោះ បានល្បីឈ្មោះម្តងទៀតនៅសារមន្ទីរដ៏ល្បីល្បាញនៅវិចិត្រសាល Arthur M. Sackler Gallery របស់សារៈមន្ទីរ Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
http://community.middlesex.mass.edu/blogs/cambodiankiln/#.WWkXuSuQxjA
ជាច្រើនសតវត្សរ៍ប្រទេសកម្ពុជា ធ្លាប់ល្បីឈ្មោះចំពោះកុលាលភាជន៍របស់ខ្លួន ដែលគេដុតនៅក្នុងឡអុស។ ជំនាញសូនឆ្នាំងថូទឹកចាន និងវត្ថុតាំងលម្អដ៏ស្អាតទាំងនេះ ស្ទើរតែបាត់បង់ទាំងស្រុងដោយសាររបបខ្មែរក្រហម។ នៅពេលរបបនេះ បានដួលរលំទៅ អ្នកដែលចេះជំនាញនេះច្បាស់លាស់ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅសល់តែបីនាក់ប៉ុណ្ណោះ។
លោកយ៉ារី លីវ៉ាន់ ជាអ្នករស់រានមានជីវិតម្នាក់ក្នុងចំណោមអ្នកទាំងបីនាក់នោះ។ លោកបានរួចជីវិតដោយសារតែលោកបានសង់ឡធ្វើក្បឿងប្រក់ផ្ទះឲ្យពួកខ្មែរក្រហម។
នៅខែកក្កដានេះមានការតាំងពិព័ណ៌ស្នាដៃរបស់លោកលីវ៉ាន់ ហើយលោកបានមកធ្វើបទបង្ហាញ និងបង្រៀនរបៀបសូនកុលាលភាជន៍នៅវិចិត្រសាលសម្រាប់សិល្បៈអាស៊ាននៅអាមេរិក Asian Art in America នៃវិចិត្រសាល Arthur M. Sackler Gallery របស់សារៈមន្ទីរ Smithsonian Museum និងមជ្ឈមណ្ឌល The District Clay Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្រោយពីធ្វើបទបង្ហាញ លោកយ៉ារី លីវ៉ាន់ បានប្រាប់វីអូអេអំពីបច្ចេកទេសថ្មី មិនប៉ះពាល់បរិស្ថាន និងធ្វើឲ្យកុលាលភាជន៍មានសម្រស់ស្អាត។
«គេអញ្ជើញខ្ញុំមកហ្នឹង ទីមួយគឺយើងរក្សាស្នាដៃបុរាណ។ ទីពីរយើងច្នៃប្រឌិតបច្ចេកវិជ្ជាថ្មី ដូចជាប្រើឡដុតអុសដែលអត់មានផ្សែងហ្នឹង។ ទីបី ដែលសំខាន់គឺខ្ញុំបានចែកចាយនឹងបង្រៀនបច្ចេកវិជ្ជា បច្ចេកទេសធ្វើ Ceremics (កុលាលភាជន៍)បែបបុរាណហ្នឹង»។
លោកនិយាយថា ឡបច្ចេកទេសខ្ពស់ក្នុងការដុតកុលាលភាជន៍មានគុណភាពល្អនេះមានតែបួនប្រាំប៉ុណ្ណោះនៅស.រ.អា.។ ឡទាំងនេោះធ្វើដោយអ្នកជំនាញមកពីជប៉ុន តែជាឡហ្គាស ឬឡអេឡិចត្រិច។ មានតែឡដែលលោកធ្វើមួយគត់ដែលប្រើអុស ហើយគ្មានផ្សែង។
លោកនិយាយថា ក្បាច់ចម្លាក់បុរាណខ្មែរគួបផ្សំនឹងទឹកថ្នាំហើយនឹងបច្ចេកទេសប្រើឡដុតអុសគ្មានផ្សែងមានកំដៅខ្លាំង មិនចាញ់ឡដុតហ្គាស ឬឡអេឡិចទ្រិកនោះ បានធ្វើឲ្យក្បាច់កុលាលភាជន៍ខ្មែរដែលជាស្នាដៃរបស់លោក លេចមុខមាត់នៅសារមន្ទីរដ៏ល្បីនៅស.រ.អា.នេះ។
«យើងដុតរយៈពេលខ្លី។ យើងប្រើពេលតែ១២ម៉ោងដូចឡហ្កាស ឬក៏ឡអេឡិចត្រិចដែរក៏ប៉ុន្តែអត់មានផ្សែង ប៉ុន្តែគុណភាពវាខ្ពស់។ ពណ៌ទឹកថ្នាំចេញមកស្អាត»។
លោកស្រី Lousise Allison Cort មន្ត្រីអភិរក្សកុលាលភាជន៍នៅសារមន្ទីរ Smithsonian ទទួលស្គាល់ថា ស្នាដៃរបស់លោកយ៉ារី លីវ៉ាន់ល្អឥតខ្ចោះ។ ខ្សែជីវិតរបស់លោកទាក់ទាញអារម្មណ៍ ព្រោះលោកជាអ្នកសិក្សាស្រាវជ្រាវច្នៃប្រឌិតជានិច្ច ធ្វើឲ្យរចនាបថកុលាលភាជន៍ខ្មែរសម័យបុរាណមានមុខមាត់ក្នុងឆាកអន្តរជាតិ។
«ដូច្នេះយើងដោយសារហេតុផលថ្មីៗទាំងនេះ យើងរំភើបណាស់ដែលបានយកស្នាដៃរបស់លោកជាមួយនឹងស្នាដៃជាប្រវត្តិសាស្ត្រដែលយើងបានជ្រើសរើសយកមកបង្ហាញហើយដែលចាប់អារម្មណ៍លោកផងដែរ»។
លោកយ៉ារី លីវ៉ាន់ ដែលជាសាស្ត្រាចារ្យបង្រៀនអំពីកុលាលភាជន៍នៅមហាវិទ្យាល័យសហគមន៍ Middlesex ក្នុងរដ្ឋ Massachusetts និងជាជ័យលាភីរង្វាន់ National Heritage Fellowshipក៏បានទៅបង្រៀនភ្ញៀវធ្វើថូទឹករាងសត្វដំរីនៅមជ្ឈមណ្ឌលធ្វើកុលាលភាជន៍The District Clay Center ផងដែរ។
ក្នុងកម្មវិធីហាត់សូន្យកុលាលភាជន៍រូបដំរីនេះមានអ្នកចូលរួមទាំងក្មេងទាំងចាស់ប្រមាណ៣០០នាក់ក្នុងមួយថ្ងៃដែលចែកជាច្រើនវគ្គ និងច្រើនក្រុម។ អ្នកចូលរួម ទាំងកុមារ និងមនុស្សពេញវ័យ សុទ្ធតែផ្តោតអារម្មណ៍ និងផ្ចិតផ្ចង់សូនកុលាលភាជន៍របស់ខ្លួន។
នាងពិន ភូ ណាំ អតីតសិល្បៈការិនីសម្តែងសៀកកាយសម្ព័ន្ធដ៏ឆ្នើមម្នាក់ បានបង្ហាញទឹកចិត្តរីករោយដោយនិយាយថា នាងមានមោទនភាពបានមកចូលរួមកម្មវិធីរបស់លោកលីវ៉ាន់។
«លើកទីមួយហើយដែលខ្ញុំបានមកធ្វើរូបដំរី…ពេញចិត្តស្នាដៃ… មិននឹកថា ធ្វើបានអីចឹងសោះ…មុនហ្នឹងខ្ញុំមិនដឹងថា ចាប់ផ្តើមកន្លែងណាទេ។ ដល់ពេលឥឡូវ មួយជំហានៗទៅរួចហ្នឹងគេដែរ។ សប្បាយណាស់!»។
អ្នកដែលរំភើបជាងគេគឺក្រុមកុមារដែលមិននឹកថា ខ្លួនអាចសូនរូបដំរីបានដូចដែលពួកគេកំពុងធ្វើនេះ។
អ្នកចូលរួមអាចរក្សាទុកស្នាដៃរបស់ពួកគេជាអនុស្សាវរីយ៍ ។
ថូទឹករាងសត្វដំរីដែលជាស្នាដៃរបស់លោកលីវ៉ាន់មានដាក់តាំងនៅវិចិត្រសាលSackler និងនៅមជ្ឈមណ្ឌលធ្វើកុលាលភាជន៍នេះ៕