ការលើក​លែង​ទោស​ដោយ​អភិបាល​រដ្ឋ California ជួយ​​អតីត​អ្នក​ទោស​រួច​ផុត​ពី​ការ​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ

ការតវ៉ាក្នុងទីក្រុង Los Angeles ទាមទារមិនឲ្យមានការបញ្ជូនអតីតអ្នកជាប់ទោសអាមេរិកាំងដើមកំណើតអាស៊ីអាគ្នេយ៍ទៅកាន់ស្រុកកំណើតវិញ។ (រូបថត៖ Houth Chhang Taing / Capital & Main)

ដោយ​ប្រឈម​នឹង​ការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​ដែល​ពួកគេ​មិន​សូវ​ចងចាំ​អ្វី​ទាល់​តែ​សោះ អតីត​អ្នក​ទោស​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​មក​ពី​តំបន់​អាស៊ីអាគ្នេ៍យ កំពុង​តស៊ូ​ផ្លូវ​ច្បាប់​ដើម្បី​អាច​បន្ត​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

កំណត់និពន្ធ៖ នេះគឺជាសេចក្តីរាយការណ៍របស់លោក Jackson Stephens បោះពុម្ពផ្សាយជាភាសាអង់គ្លេសនៅសារព័ត៌មាន Capital & Main។

ការគំរាម​កំហែង​ឃុំ​ខ្លួន និង​បញ្ជូន​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​កំណើត​វិញ គឺជា​បញ្ហា​ដ៏​ចម្បងមួយ​របស់​ក្រុម​អតីត​អ្នក​ជាប់​ទោស​ដើម​កំណើត​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​សព្វថ្ងៃ​រស់នៅ​ក្នុង​ទីក្រុង​Los Angeles រដ្ឋ California។ អ្នក​ខ្លះ​បាន​ប្តឹងឧទ្ធរណ៍ទៅ​តុលាការ​សុំឲ្យ​លុប​ចោល​បទ​បញ្ជា​ឃុំ​ខ្លួន និង​បញ្ជូន​ខ្លួន​ពួកគេ​ចេញ​ពី​សហរដ្ឋ​អាមេរិក ខណៈ​ដែល​ពួកគេ​មិន​សូវ​មានជម្រើសច្រើន​ផ្សេងពីនេះទេ។ ហើយ​ពួកគេ​មាន​សង្ឃឹម​ឈ្នះ​ក្តី​នៅ​តុលាការឧទ្ធរណ៍​នេះ បើពួកគេទទួល​បាន​ការ​លើកលែង​ទោស​ពី​អភិបាល​រដ្ឋ​សម្រាប់​បទឧក្រិដ្ឋកម្ម​ដែលពួកគេ​មាន​កាលពី​អតីតកាល។

លោក Houth Chhang Taing ដែល​មាន​ឈ្មោះ​ហៅក្រៅ​ថា Billy បាន​ថ្លែង​ថា៖ «ការ​លើក​លែង​ទោស​គឺជា​ការ​ទទួលស្គាល់​លើ​រាល់​កិច្ចការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ធ្វើ ដើម្បី​កែប្រែខ្លួន»។ លោក Houth បាន​ទទួល​ការលើក​លែង​ទោស​ពី​អតីត​អភិបាល​រដ្ឋ California គឺ​លោក Jerry Brown កាលពី​ឆ្នាំ​២០១៨។ លោក​ Houth បាន​ប្រើ​ការលើក​លែង​ទោស​នេះ នៅ​ក្នុងការប្តឹងឧទ្ធរណ៍ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ក្នុង​ការ​បញ្ជូន​រូបលោក​ទៅ​ប្រទេស​កម្ពុជា ដែល​លោក​ភ័យ​ខ្លាច​នឹង​វិល​ត្រឡប់​ទៅទីនោះ​វិញ។ បន្ទាប់​ពី​បាន​រត់​រួច​ចេញ​ពី​ប្រទេស​មួយ​នេះ​នៅពេល​លោក​ជា​កុមារភៀស​ខ្លួន។

ការ​លើក​លែង​ទោស​គឺជា​ការ​ទទួលស្គាល់​លើ​រាល់​កិច្ចការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ធ្វើ ដើម្បី​កែប្រែខ្លួន។


លោក Houth កើត​នៅក្នុង​គ្រួសារ​ខ្មែរ​ដែល​មាន​អំម្បូរ​ចិន ក្នុង​អំឡុង​ទសវត្សរ៍៧០ ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរក្រហម។ ក្នុង​អាយុ​ប្រមាណ ១ឆ្នាំ ឪពុក​របស់​លោក​ត្រូវបាន​ខ្មែរក្រហមសម្លាប់ បន្ទាប់​ពី​ខ្មែរក្រហម​បាន​ដឹង​ថា ឪពុក​របស់​លោក​បាន​និយាយ​ភាសា​ចិន។ ឪពុក​របស់​លោក Houth ត្រូវបាន​ខ្មែរ​ក្រហម​វាយដំ និង​ចាប់ខ្លួន ហើយ​គ្រួសារ​របស់​លោក មិន​បាន​ឃើញ​ឪពុក​របស់​លោក​តាំង​ពី​ថ្ងៃ​នោះ​មក។

ម្តាយ​និង​បងប្រុស របស់​លោក Houth បាន​ឆ្លង​កាត់​ការ​ធ្វើទារុណកម្ម ការ​ធ្វើការ​ទាំង​បង្ខំក្នុង​របប​ខ្មែរ​ក្រហម។ បន្ទាប់​ពី​បាន​ធ្វើដំណើរ​ថ្មើរជើង​រយៈពេល​ប្រមាណ ១ខែ លោក និង​សមាជិក​ក្រុម​គ្រួសារ​ដែល​នៅ​រស់រាន​មាន​ជីវិត បាន​ភៀស​ខ្លួន​មក​ដល់​ជំរំ​ជនភៀស​ខ្លួន ក្នុង​ប្រទេស​ថៃ។ បន្ទាប់​មក​ពួកគេ​បាន​ទៅ​រស់នៅ​ក្នុង​ជំរំ​ជនភៀស​ខ្លួន​ហ្វីលីពីន មុន​នឹង​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​នៅ​ពេល​លោក Houth មាន​អាយុ ៥ឆ្នាំ។ ​

លោក Houth Chhang Taing (កណ្តាល) ជាមួយបងប្រុសនិងម្តាយនៅក្នុងជំរុំជនភៀសខ្លួនហ្វីលីពីនឆ្នាំ ១៩៨០។ (រូបថត៖ Houth Chhang Taing / Capital & Main)

លោក Houth បាន​រៀបរាប់​ថា នៅ​ពេល​ធំដឹង​ក្តី​ក្នុង​ទីក្រុង Los Angeles លោក​បាន​ «រស់នៅ​ជីវិត​ពីរ»។ ទី១ គឺ​ជីវិត​ក្នុង​ផ្ទះ​ជាមួយ​ម្តាយ និង​បងប្រុស ដោយ​ទៅ​រៀន​ថ្នាក់​វិទ្យាល័យ ហើយ​បាន​បម្រើ​ជា​ឆ្មាំ​ទាហាន​ប្រចាំ​រដ្ឋ។ ទី២ គឺ​ជីវិត​ជា​ក្រុម​ក្មេង​ស្ទាវ នៅ​សួន​ Monterey ក្នុង​សហគមន៍​ដែល​លោក​រស់នៅ។​

នៅ​ឆ្នាំ ១៩៩៤ ពេល​មាន​អាយុ ១៩ឆ្នាំ លោក​និង​មិត្តភក្តិ​ពីរ​នាក់​បាន​ស្កាត់ និង​ប្លន់​ឡាន​ក្រុង​ដឹក​អ្នក​ទេសចរ​មួយ ដែល​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Las Vegas។ លោក​ត្រូវបាន​ប៉ូលិស​ឃាត់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​ចាប់​ជម្រិត​និង​ប្លន់ប្រដាប់​អាវុធ។ លោក​ត្រូវបានផ្តន្ទាទោសអស់មួយជីវិតដែលក្នុងនោះគាត់បានជាប់ពន្ធនាគារ ២១ ឆ្នាំ [មុន​នឹង​លោក​ត្រូវបាន​លើកលែង​ទោស]។

នៅឆ្នាំ ២០១៥ លោក Houth ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ ប៉ុន្តែ​ត្រូវបាន​បន្ត​ឃុំ​ខ្លួន​ដោយទីភ្នាក់ងារ​គ្រប់គ្រង​អន្តោប្រវេសន៍ និង​ពន្ធគយ ហៅកាត់ថា (ICE) រយៈពេល ៤ខែ។ ក្នុង​អំឡុង​ពេល​នោះ ប្រទេស​កម្ពុជា​មិន​បាន​ទទួល​ស្គាល់​លោក ជា​ពលរដ្ឋ​ខ្មែរ​នោះទេ ហើយ​ជា​លទ្ធផល​ លោក​ត្រូវបាន​ដោះលែង ប៉ុន្តែ​លោក​ត្រូវស្ថិត​នៅ​ក្រោម​ការ​តាមដាន​របស់​ទីភ្នាក់ងារ ICE ហើយ​ត្រូវបាន​តម្រូវ​ឲ្យ​ពាក់​ឧបករណ៍​តាម​ដាន​នៅកជើង ដើម្បី​ឃ្លាំមើលការ​ដើរហើរ​របស់​លោក។​

ក្រោយ​មក​នៅ​ឆ្នាំ ២០១៨ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​បន្ត​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ចាប់ផ្តើម​ឡើង​កាលពី​ឆ្នាំ ២០០២ ដែល​កំណត់​ឲ្យ​កម្ពុជា​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ដែល​ត្រូវបាន​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក ដោយសារ​តែ​ពួកគេ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។

ក្រុម​ពលរដ្ឋ​ដែល​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​កម្ពុជា​នេះ​ភាគច្រើន​គឺជា​កុមារ នៅ​ពេល​ពួកគេ​និង​ក្រុម​គ្រួសារ​បាន​ភៀស​ខ្លួន​ពី​ខ្មែរក្រុម ទៅ​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ ឬ​ឯ​អ្នក​ខ្លះ​បាន​កើត​នៅ​ក្នុង​ជំរំ​ទាំង​នោះ។ ក្នុង​មួយ​ជីវិត​របស់​ពួកគេ ពួកគេ​ស្គាល់​ថា​សហរដ្ឋ​អាមេរិក គឺជា​ប្រទេស​កំណើត​របស់​ពួកគេ ហើយ​បន្ថែម​លើ​នេះ អ្នក​ខ្លះ​មិន​មាន​សាច់ញាតិ ឬ​អ្នក​ជួយ​ទ្រទ្រង់​នៅប្រទេស​ដែល​ពួកគេ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​វិញ​នោះទេ។​

លោក Houth Chhang Taing បច្ចុប្បន្ន។ (រូបថត៖ Houth Chhang Taing / Capital & Main)

កាលពី​ឆ្នាំ ២០១៧ លោក Houth ត្រូវ​បាន​ឃាត់​ឃុំ​ខ្លួន​ម្តង​ទៀត ដោយ​លើក​នេះ​លោក​បាន​ជាប់​ក្នុង​អគារ​ឃុំខ្លួន​របស់​ទីភ្នាក់ងារ ICE រហូត​ដល់​រយៈពេល ៦ខែ​កន្លះ។ លោក​បាន​ឲ្យដឹង​ថា នៅ​ទីនោះ រូបលោក​មិន​ត្រូវបាន​ចាត់ទុក​ជា​មនុស្ស​ទេ តែ​ដូចជា​តួលេខ​ទៅវិញ ហើយ​គ្មាន​នរណា​ម្នាក់​ដឹង​ថា តើ​អ្នក​ជាប់​ឃុំ​នឹង​ត្រូវបាន​បញ្ជូន​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក​នៅពេលណានោះទេ។

លោក Houth បាន​ថ្លែង​ថា៖ «អ្នក​ជាប់​ឃុំ​ជា​ច្រើន​បាន​អស់​សង្ឃឹម ហើយ​ទទួល​យក​ការ​បញ្ជូន​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក ហើយ​ពួកគេ​មិន​យល់ថា​ពួកគេ​អាច​តស៊ូ​មតិ​ដើម្បី​បាន​បន្ត​រស់នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ពួកគេ​យល់​ថា យ៉ាងហោចណាស់ ពួកគេ​នឹង​មាន​សេរីភាព​នៅក្នុង​ប្រទេស​ថ្មី [ដែល​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅ]»។

ក្រោយ​ពី​ត្រូវបាន​ដោះលែង លោក Houth យល់​ថា លោក​ត្រូវតែ​ប្តឹងតវ៉ា​ដើម្បី​បាន​បន្ត​នៅ​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​តែ​មួយ​គត់​ដែល​លោក​ចាត់​ទុក​ថា​ជា​ប្រទេស​កំណើត។ ក្រោយ​ពី​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ពន្ធនាគារ លោក​ចង់​ជួយ​ម្តាយ​វ័យ​ចំណាស់​របស់​លោក និង​ប្អូន​របស់​របស់​លោក​ដែល​ទើប​តែ​រៀប​អាពាហ៍ពិពាហ៍។

លោក Houth បាន​ថ្លែង​ថា៖ «ការ​បញ្ជូន​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក​គឺជា​គ្រោះថ្នាក់​ពីរ​ផ្ទួន​គ្នា» ដោយ​លោក​អះអាង​ថា ទោះបី​ជា​បាន​ទទួល​ទោស​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ហើយ​ក្តី ក៏​លោក​យល់​ថា លោក​នៅតែបន្ត​រង​ការ​ផ្តន្ទាទោស​ដោយសារ​តែ​ស្ថានភាព​អន្តោប្រវេសន៍​របស់​លោក​ត្រូវបាន​ផ្លាស់ប្តូរ។​

កាលពី​ថ្ងៃ​ទី ១៤ ខែវិច្ឆិកា លោក Gevin Newsom អភិបាល​រដ្ឋ California បាន​លើក​លែង​ទោស​អតីត​អ្នក​ទោស​៣នាក់ ដើម្បី​ជួយ​កុំឲ្យ​ពួកគេ​ត្រូវបាន​បញ្ជូន​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក​ទៅកាន់​ប្រទេស​វៀតណាម និង​កម្ពុជា។ អ្នក​ដែល​ជា​អតីត​អ្នក​ទោស​ផ្សេង​ទៀត ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក៏​កំពុង​បន់​ស្រន់​ឲ្យ​ខ្លួន​ទទួល​បាន​ការ​លើកលែង​ទោស​នេះ​ផង​ដែរ។

អ្នកស្រី Maria-Elena Luna ដែល​បាន​ជាប់​ពន្ធនាគារ​រយៈពេល ២៣ឆ្នាំ សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​លើក​លែង​ទោស ក្រោយ​ពី​សំណុំ​ឯកសារ​ស្នើ​សុំ​ការ​លើក​លែង​ទោស​របស់​អ្នកស្រី ត្រូវបាន​ទទួល​យក។ ដូច​គ្នា​នឹង​លោក Houth ដែរ អ្នកស្រី Lunaព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​អ្នកស្រី បើសិន​ជា​អ្នកស្រី​ត្រូវបាន​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក។ ជាមួយ​គ្នា​នេះ អ្នកស្រី​ក៏​សង្ឃឹម​ថា ការ​លើក​លែង​ទោស រួម​ជាមួយ​កិច្ចការ​យុត្តិធម៌​សង្គមដែល​អ្នកស្រី​បាន​ធ្វើ​តាំងពី​ពេល​ដែល​អ្នក​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ នឹង​ជួយ​ឲ្យ​អ្នកស្រី​កែប្រែ​អតីតកាល​របស់​អ្នកស្រី​ដោយ​ភាព​ស្អាតស្អំ។​

អ្នកស្រី Luna មិន​បាន​ដឹង​ថា​អ្នកស្រី​បាន​ផ្លាស់​ទីកន្លែង​រស់នៅ​ពី​ប្រទេស​ហ្វីលីពីន មក​សហរដ្ឋ​អាមេរិក នៅ​ពេល​អ្នកស្រី​មាន​អាយុ​ត្រឹម​តែ​៣ឆ្នាំ​ប៉ុណ្ណោះ ហើយ​អ្នក​ស្រី​គិត​ថា អ្នក​ស្រី​បាន​កើត​នៅ​រដ្ឋ​California។ អ្នក​ស្រី​ទើប​តែ​បាន​ដឹង​អំពី​រឿង​នេះ នៅ​ពេល​ដែល​អ្នក​ស្រី​បាន​ជាប់​ទោស​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​រដ្ឋ​ប៉ុន្តែ​អ្នក​ស្រី​នៅតែ​មិន​ជឿ រហូត​ដល់​ពេល​ដែល​អ្នកស្រី​ត្រូវបាន​ឃុំ​ខ្លួន​ដោយ​ទីភ្នាក់ងារ ICE មួយ​ថ្ងៃ​ក្រោយ​ពី​អ្នកស្រី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​រដ្ឋ​សម្រាប់​ស្ត្រី​នៅ​ទីក្រុង Corona។

អ្នកស្រី Luna មាន​បណ្ណ​រស់នៅ​ស្របច្បាប់​ដែល​ហៅទូទៅ​ថា កាតបៃតង ឬ Green Card ប៉ុន្តែ​សព្វថ្ងៃ​នេះ អ្នកស្រី​កំពុង​ស្នើ​សំុ​ការ​លើកលែង​ទោស។ អ្នកស្រី​បារម្ភ​ថា កំណត់​ត្រា​បទ​ប្រព្រឹត្ត​ឧក្រិដ្ម​របស់​អ្នកស្រី នឹង​ធ្វើ​ឲ្យ​អ្នកស្រី​រង​ផល​លំបាក​នៅ​ក្រោម​របប​គ្រប់គ្រង​របស់​លោក​ប្រធានាធិបតី Rodrigo Duterte នៅ​ប្រទេស​ហ្វីលីពីន ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​តាមរយៈ​ការ​បាញ់​សម្លាប់​ក្រៅ​ផ្លូវ​ច្បាប់​លើ​ជន​សង្ស័យ​លក់​គ្រឿង​ញៀន និង​អ្នក​ប្រើ​គ្រឿង​ញៀន។

«ខ្ញុំ​ពិតជា​ធូរចិត្ត ប៉ុន្តែ​ខ្ញុំ​ត្រូវ​ធ្វើ​កិច្ចការ​ច្រើន​ណាស់ ដើម្បី​ទទួល​បាន​ការ​លើក​លែង​ទោស។ ខ្ញុំ​ត្រូវ​ធ្វើយ៉ាងណា​ទទួលបាន​ការ​គាំទ្រ​ពី​សមាជិក​ក្នុង​សហគមន៍​ខ្ញុំ និង​មន្ត្រី​តាក់តែង​ច្បាប់ ដូចជា​មន្ត្រី​តាក់តែង​ច្បាប់​ប្រចាំ​រដ្ឋ និង​សមាជិក​សភា​អាមេរិក​ជាដើម​»។

ដោយ​ឡែក ករណី​បញ្ជូន​ខ្លួន​លោក ផល សុខ (Phal Sok) ទៅ​ប្រទេស​កម្ពុជា​ត្រូវបាន​លុប​ចោល កាលពី ខែ​វិច្ឆិកា​ ឆ្នាំ ២០១៨ បន្ទាប់​ពី​អតីត​អភិបាល​រដ្ឋ California លោក Brown បាន​ផ្តល់​ការ​លើក​លែង​ទោស​ដល់​លោក​ដែល​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​ខែ​សីហា ឆ្នាំ​ដដែល​នោះ។ លោក សុខ ដែល​មាន​សញ្ជាតិ​ខ្មែរ បាន​កើត​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ ហើយ​បាន​ទទួល​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​មួយ​រូប នៅទីក្រុង Los Angeles ក្នុង​ពេល​ដែល​លោក​មាន​អាយុ​មិន​គ្រប់​១ឆ្នាំ​ផង។

លោក ផល សុខ ​អតីត​អ្នក​ជាប់​ទោស​ដើម​កំណើត​មកពី​ប្រទេសកម្ពុជា។ (រូបថត៖ Capital & Main)

កាលពី​ឆ្នាំ ១៩៩៩ នៅ​ពេល​មាន​អាយុ ១៧ឆ្នាំ លោក​ត្រូវបាន​កាត់ទោស​តាម​នីតិវិធី​សម្រាប់​មនុស្ស​ពេញវ័យ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ពន្ធនាគារ ពី​បទ​ឧក្រិដ្ឋ​ប្លន់​ប្រដាប់​អាវុធ។ នា​ពេល​នោះ លោក​មិន​បាន​ដឹង​ថា សេចក្តី​កាត់​ទោស​នេះ បាន​ផ្តាស់ប្តូរ​លក្ខខណ្ឌរបស់​បណ្ណ​រស់នៅ​ស្រប​ច្បាប់​របស់​លោក​នោះ​ទេ។ ទីភ្នាក់ងារ ICE បាន​ឃុំ​ខ្លួន​លោក សុខ នៅ​ពេល​លោក​ត្រូវបាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ឆ្នាំ ២០១៥។

លោក សុខ បាន​ថ្លែង​ថា៖ «ខ្ញុំ​ពិតជា​ធូរចិត្ត ប៉ុន្តែ​ខ្ញុំ​ត្រូវ​ធ្វើ​កិច្ចការ​ច្រើន​ណាស់ ដើម្បី​ទទួល​បាន​ការ​លើក​លែង​ទោស។ ខ្ញុំ​ត្រូវ​ធ្វើយ៉ាងណា​ទទួលបាន​ការ​គាំទ្រ​ពី​សមាជិក​ក្នុង​សហគមន៍​ខ្ញុំ និង​មន្ត្រី​តាក់តែង​ច្បាប់ ដូចជា​មន្ត្រី​តាក់តែង​ច្បាប់​ប្រចាំ​រដ្ឋ និង​សមាជិក​សភា​អាមេរិក​ជាដើម»។

សេចក្តី​សម្រេច​លើក​លែង​ទោស​របស់​លោក សុខ កើត​ឡើង​ដោយ​ផ្អែក​លើ​កិច្ចការយុត្តិធម៌​សង្គម​ដែល​លោក សុខ បាន​ធ្វើ​ជាមួយ​សហព័ន្ធ​យុត្តិធម៌​សម្រាប់​យុវជន (Youth Justice Coalition) ដែល​គាំពារ​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​ដើម្បី​ជួយ​ដល់​ក្រុម​យុវជន​ដែល​ជាប់​ឃុំ។

ការ​លើក​លែង​ទោស​នេះ បាន​ជួយ​ឲ្យ​លោក សុខ ទទួលបាន​បណ្ណ​រស់នៅ​ស្រប​ច្បាប់​របស់​លោក​វិញ នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៨ ហើយ​លោក​គ្រោង​នឹង​ដាក់​ពាក្យ​សុំ​សញ្ជាតិ​អាមេរិកាំង ដើម្បី​ឲ្យ​លោក​បាន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​សហរដ្ឋ​អាមេរិក។ លោក សុខ ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​មាន​ការ​លុប​ចោល​បទ​បញ្ជា​ឃ្លាំ​មើលលោកក្តី ក៏​លោក​នៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច រាល់​ពេល​ដែល​លោក​ត្រូវ​ទៅ​ជួប​និង​ផ្តល់​ដំណឹង​នានា​ដល់​ទីភ្នាក់ងារ​ICE ក្នុង​រយៈពេល​ពីរឆ្នាំ​កន្លង​ទៅនេះ។​

ត្រឡប់​មក​លោក Houth ឬ​ដែល​មាន​ឈ្មោះ​ហៅកាត់​ថា Billy វិញ លោក​បាន​លើក​ឡើង​ថា៖ «យើង​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​មែន ហើយ​យើង​បាន​ជាប់​ទោស​សម្រាប់​ឧក្រិដ្ឋកម្ម​នោះ​រួច​រាល់​ហើយ»។

លោក Houth បាន​ឆ្លៀត​ពេល​ចូលរួម​សកម្មភាព​របស់​អង្គការ​មិន​យក​ប្រាក់​កម្រៃ Asian Pacific Islander ស្តី​អំពី​គម្រោង​សមប្បទាន និង​រួម​បញ្ចូល​ តាម​រយៈ​ការ​គាំពារ និង​ពង្រឹង​សមត្ថភាព ដែល​ហៅ​កាត់ថា (API RISE) ដើម្បី​ជួយ​ដល់​អតីត​អ្នក​ជាប់​ទោស​ផ្សេង​ទៀត​ធ្វើ​សមប្បទាន​ចូល​ក្នុង​សង្គម​វិញ។

ក្នុង​អំឡុង​ពេល​មុន​ថ្ងៃទី ៨ ខែ​តុលា ឆ្នាំ ២០១៩ លោក Houth តែងតែ​ភ័យ​ខ្លាច រាល់ពេល​លោក​ត្រូវ​ទៅ​ជួប​និង​ផ្តល់​ដំណឹង​ដល់​ទីភ្នាក់​ងារ ICE នៅ​អគា​រដ្ឋាភិបាល​សហព័ន្ធ​ក្នុង​ទីក្រុង Los Angeles។ រាល់​ពេល​ជួប​ម្តងៗ លោក​មិន​ដឹង​ថា លោក​អាច​នឹង​ត្រូវបាន​ឃាត់​ខ្លួន​ម្តង​ទៀត​នៅ​នឹង​កន្លែង ឬ​ក៏​ត្រូវ​បញ្ជូន​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក​នោះ​ទេ។

លោក Houth បាន​ថ្លែង​ថា៖ «ការ​ទៅ​ជួប​នេះ អាច​មាន​ន័យ​ថា ត្រូវ​ឃាត់​ឃុំ​ខ្លួន​ម្តង​ទៀត ហើយ​មិន​អាច​មាន​សេរីភាព។ ខ្ញុំ​អាច​បាត់បង់​ការងារ​មួយ​រំពេច​ភ្នែក ដោយ​មិនដឹង​ថា ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស»។ សព្វថ្ងៃនេះ​លោក Houth គឺជា​ជាង​ភ្លើង។

«យើង​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​មែន ហើយ​យើង​បាន​ជាប់​ទោស​សម្រាប់​ឧក្រិដ្ឋកម្ម​នោះ​រួច​រាល់​ហើយ។ ខ្ញុំ​អាច​កែប្រែ​ខ្លួន​ជា​មនុស្ស​សាមញ្ញ​វិញ​បាន។ ខ្ញុំ​មិន​មែន​ជា​តួលេខ​នោះ​ទេ»។

បន្ទាប់​ពី​លោក​បាន​ជួប​និង​ផ្តល់​ដំណឹង​ដល់​ទីភ្នាក់ងារ ICE កាលពី​ខែ​តុលា លោក Houth ត្រូវបាន​ពន្យារ​ពេល​ឲ្យ​បាន​ស្នាក់នៅ​សហរដ្ឋ​អាមេរិក​រយៈពេល ៦ខែ​បន្ត​ទៀត។ លោក Christian G. Menjivar ជំនួយ​ការ​ប្រធាន​ក្រុម​ប្រតិបត្តិ​របស់​ទីភ្នាក់ងារ​ICE ប្រចាំ​ទីក្រុង Los Angeles បាន​ឲ្យ​ដឹង​ថា ដំណើរការ​បញ្ជូន​មនុស្ស​ចេញ​ពី​សហរដ្ឋ​អាមេរិក ធ្វើ​ឡើង​តាម​ក្រមខណ្ឌ​តែ​មួយ ហើយ​មិន​ផ្អែក​លើ​សញ្ជាតិ​របស់​ជន​ណា​ម្នាក់​នោះ​ទេ ដោយ​លោក​បន្ថែម​ថា កត្តា​ពាក់ព័ន្ធ​ទាំងអស់​សម្រាប់​ករណី​បុគ្គល​ណា​ម្នាក់ ត្រូវបាន​ត្រួត​ពិនិត្យ​នីមួយៗ។​

លោក Menjivar បាន​លើក​ឡើង​ថា ការ​បញ្ជូន​ខ្លួន​មនុស្ស​ចេញ​ពី​សហរដ្ឋ​អាមេរិក ត្រូវបាន​ធ្វើ​ឡើង​លើ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត «ឧក្រិដ្ឋកម្ម​ឃោឃៅ» មួយ ដូច​ជា បទ​ប្រព្រឹត្ត​អំពើ​ហិង្សា ឃាតកម្ម រំលោភ​សេព​សន្ថទេវៈ ឧក្រិដ្ឋកម្ម​លើ​កុមារ ឬ​ករណី​ប្រព្រឹត្ត​បទ​ល្មើស​មួយ​ចំនួន​រួម​គ្នា»។ មិនថា​បុគ្គល​នោះ​បាន​ជាប់​ទោស​រួច​ហើយ​ក្តី តាំង​ពី​យូរ​មក​ហើយ​ក្តី ក៏​បុគ្គល​នោះ​អាច​នឹង​ត្រូវបាន​ឃុំ​ខ្លួន និង​បញ្ជូន​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក បើ​សិន​ជា​ករណី​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឃោឃៅ។

លោក Houth បាន​លើក​ឡើង​ថា ករណី​របស់​លោក​បាន​លក្ខណៈ​ប្រសើរ​ជាង​ករណី​ផ្សេងៗ​ទៀត ដោយសារ​លោក​បាន​ទទួល​ការ​លើក​លែង​ទោស​កាលពី​ឆ្នាំ ២០១៨។ លោក Paul Jung មេធាវី និង​សហស្ថាបនិក​អង្គការ API RISE ដែល​បាន​ជួយ​សំណំុ​រឿង​ស្នើ​សុំ​ការ​លើក​លែង​ទោស​ឲ្យ​ដល់ លោក Houth បាន​រំឭក​ពី​ថ្ងៃ​ដែល​លោក​Houth បាន​ទទួល​ដំណឹង​ថា​លោក​បាន​ទទួល​ការ​លើក​លែង​ទោស។​

លោក Paul Jung បានថ្លែង​ថា៖ «យើង​មាន​ក្តីសង្ឃឹម​ខ្លះ នៅ​ពេល​គាត់ [លោក Houth] បាន​លើក​ទូរស័ព្ទ។ គាត់​បាន​បង្ហាញ​ការ​ធូរ​ស្បើយ​ក្នុង​ចិត្ត និង​ការ​ភ្ញាក់​ផ្អើល​បន្តិច​ដែរ»។ ការ​លើក​លែង​ទោស​លុប​ចោល​ទោស​ឧក្រិដ្ឋកម្ម ប៉ុន្តែ​មិន​កែប្រែ​កំណត់ត្រា​បទល្មើស​របស់​លោក Houth នោះទេ។ លោក​បាន​ Paul Jung បាន​បន្ថែម​ថា ការ​លើក​លែង​ទោស​នេះ​អាច​ជួយ​ឲ្យ​សំណុំ​រឿងរបស់​លោក Houth នៅ​តុលាការ​អន្តោប្រវេសន៍ ដោយសារ​តែ​មូលដ្ឋាន​ចម្បង​សម្រាប់​ការ​បញ្ជូន​ខ្លួន​លោក​ចេញ​ពី​សហរដ្ឋ​អាមេរិក គឺ​ផ្តោត​លើ​បទ​ល្មើស​របស់​លោក Houth។

ដោយ​ទទួល​បាន​ការ​លើក​លែង​ទោស លោក Houth ធ្វើ​កិច្ចការ​ដើម្បី​បើក​សំណុំ​រឿង​បញ្ជូន​ខ្លួន​លោក​ចេញពី​សហរដ្ឋ​អាមេរិក​សារ​ជា​ថ្មី​ម្តង​ទៀត ហើយ​ស្នើ​ដាក់​ញត្តិ ដោយសារ​តែ​បទ​ផ្តន្ទាទោស​ទាំង​នោះ លែងក្លាយ​ជា​មូលហេតុ​ត្រឹមត្រូវ​មួយ ដើម្បី​បញ្ជូន​ខ្លួន​លោក​ចេញ​ពី​សហរដ្ឋ​អាមេរិក​ទៀត​ឡើយ។ លោក Houth ចាត់ទុក​ការ​លើក​លែង​ទោស​នេះ ថា​ជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់ការ​បញ្ចប់សំណុំ​រឿង​របស់​លោក តាមរយៈ​ការ​ប្តឹង​ឧទ្ធរណ៍​នៅ​ក្រុមប្រឹក្សា​ច្បាប់​អន្តោប្រវេសន៍ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០២០។ បច្ចុប្បន្ននេះ លោក Houth គ្រោង​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​សញ្ជាតិ​អាមេរិកាំង។​

យ៉ាងណា​មិញ ការ​លើក​លែង​ទោស​មិន​ធានាថា​ការ​ឃាត់​ឃុំ​ខ្លួន ឬ​បញ្ជូន​ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក​នឹង​មិន​កើត​ឡើង​នោះ​ទេ។ ប៉ុន្តែ សម្រាប់​អតីត​អ្នក​ទោស​ដែល​មក​ពី​សហគមន៍​អាស៊ីអាគ្នេយ៍​រស់នៅ​ក្នុង​ទីក្រុង​Los Angeles ការ​លើក​លែង​ទោស គឺជា​មធ្យោបាយ​មួយ​ក្នុង​ការ​ទទួល​ស្គាល់​កិច្ច​ខំ​ប្រឹងប្រែង​របស់​ពួកគេ ក្នុង​ការ​កសាង​ខ្លួន​ឡើង​វិញ។

លោក Houth Chhang Taing បាន​ថ្លែង​ថា៖ «ខ្ញុំ​គឺជា​មនុស្ស​ម្នាក់ ដែល​អាច​កែប្រែ​ខ្លួន​ទៅ​ជា​មនុស្ស​សាមញ្ញ​មួយ។ ខ្ញុំ​មិន​មែន​ជា​តួលេខ​នោះ​ទេ»៕