អណ្តូងរ៉ែ​ក្នុង​រដ្ឋ California ក្លាយជា​ផ្នែក​សំខាន់​មួយ​​នៃ​ការស្រោចស្រង់​ការចម្រាញ់​រ៉ែ​កម្រ​ក្នុង​ស.រ.អ

រូបឯកសារ៖ ទិដ្ឋភាព​នៃ​អណ្តូងរ៉ែ​របស់​ក្រុមហ៊ុន MP Materials ក្នុង​រដ្ឋ California កាលពី​ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០។

ក្នុង​ឆ្នាំ២០២១​នេះ អណ្តូង​រ៉ែ​មួយ​មានអាយុកាល​៧០ឆ្នាំនៅ​វាល​ខ្សាច់ Mojave ក្នុង​រដ្ឋ California នឹង​ក្លាយ​ជាទីកន្លែង​យ៉ាង​សំខាន់​នៅក្នុង​កិច្ច​ប្រឹងប្រែងមួយ​ ដើម្បីធ្វើឱ្យ​មានឡើង​វិញ​នូវ​ប្រព័ន្ធសម្រិត​សម្រាំង​រ៉ែអាមេរិកាំង ដែល​អ្នកខ្លះ​និយាយ​ថា​ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ដល់​សន្តិសុខជាតិ​របស់​សហរដ្ឋ​អាមេរិក។

បញ្ហាសំខាន់ គឺ​ការ​ផលិត​លោហធាតុ ដែល​កម្រ​មាន​ក្នុង​ពិភពលោក ហៅ​ rare-earth ដែល​គេត្រូវ​ការ​ក្នុងការ​ផលិតឡាន​ដើរ​ដោយ​សាំងនិង​អគ្គិសនី ទូរសព្ទ smartphones និង​ឧបករណ៍យោធា​ខ្លះ។ ជា​ការ​ពិត​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ថវិកា​ចាយវាយសម្រាប់​កិច្ចការ​ការពារ​ប្រទេស ហៅ National Defense Act ដែលទើប​បាន​អនុមត័​កាលពី​ពេល​ថ្មីៗ​នេះ តម្រូវ​ឱ្យ​ប្រព័ន្ធភាគ​ច្រើន​នៃ​ក្រសួង​ការពារប្រទេស​សហរដ្ឋ​អាមេរិក​ ប្រើ​លោហធាតុ rare earth ​ដែល​បាន​ចម្រាញ់​យកពី​អណ្តូង​រ៉ែ និង​ត្រូវ​សម្រិត​សម្រាំង​នៅ​ក្រៅប្រទេស​ចិនក្នុង​ពេលប្រាំ​ឆ្នាំ​ខាងមុខ ​ហើយ​តម្រូវ​ឱ្យ​រដ្ឋាភិបាលសហព័ន្ធ ផ្តល់​អាទិភាពដល់ក្រុម​ហ៊ុន​អាមេរិកាំងដែលផ្តល់​សម្ភារៈទាំង​នេះ​នៅ​ក្នុងការ​តម្រូវទិញរបស់រដ្ឋាភិបាល។

នៅ​ក្នុង​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្ររបស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដើម្បី​ធានារ៉ាប់​រង​ដល់ការ​ផ្គត់ផ្គង់ដោយ​សុវត្ថិភាព​និង​ជឿទុកចិត្ត​បាន​នៃលោហធាតុ​សំខាន់​នេះ​ ក្រសូង​ការពារប្រទេស​សហរដ្ឋ​អាមេរិក បានប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះអំពីកុងត្រា​និងកិច្ច​ព្រមព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​ផលិត​រ៉ែ​កម្រ​មាន​មួយ​ចំនួន​។​ ក្នុងចំណោម​ក្រុម​ហ៊ុនទាំង​នេះ មានក្រុមហ៊ុន MP Materials ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​អណ្តូង​រ៉ែ Mountain Pass ដែល​នៅ​ពេល​នេះ ​ជាកន្លែង​យក​លោហធាតុ​កម្រ​មាន​តែ​មួយ​គត់​ក្នុងប៉ែកខាង​ជើង​នៃ​ទ្វីប​អាមេរិក។

វត្ថុធាតុ​១៧ដែល​ត្រូវ​បាន​ចាត់ទុក​ថា​មាន​សារៈសំខាន់​ដល់​សង្គម​ទំនើប ត្រូវ​បានរក​ឃើញ​នៅ​អណ្តូង​រ៉ែ Mountain Pass។ មិនយូរ​ប៉ុន្មាន ក្រោយពួក​វិស្វករ​អាមេរិកាំងបាន​រកឃើញ​កាល​ពី​ឆ្នាំ១៩៤៩​ អណ្តូង​រ៉ែ​នេះ បានផ្តល់​ខនិជ rare earth ដល់​ជាង​ពាក់​កណ្តាលនៃ​សេចក្តី​ត្រូវការក្នុង​ពិភព​លោក។

ក៏ប៉ុន្តែ​កាលពី​ប៉ុន្មាន​ទសវត្សរ៍ថ្មីៗ​នេះ​ ប្រទេស​ចិន​សឹង​តែ​មានភាពផ្តាច់មុខខាង​លោហធាតុ​ដ៏​មានតម្លៃ​នេះ​ គឺ​ប្រហែល​៨០​ភាគរយ ទោះ​ជា​ប្រទេស​ចិនមាន​កន្លែង​ដែលមាន​លោហធាតុ rare earth ​តែ​មួយ​ភាគបីក្នុង​ពិភពលោក​ក៏​ដោយ នេះបើ​តាម​ទិន្នន័យ​នៃមន្ទីរស្ទង់ភូគម្ភសាស្ត្រសហរដ្ឋ​អាមេរិក​ហៅ USGS ។ មូលហេតុចម្បង ​គឺ​ដោយសារចិន​គ្រប​ដណ្តប់​លើ​ការ​ចម្រាញ់។

ដោយសារសហរដ្ឋ​អាមេរិក​ បានបាត់បង់សមត្ថភាព​សឹង​តែ​ទាំង​អស់​នៃ​ការ​កែ​ច្នៃទៅ​ប្រទេស​ចិន​ ​រ៉ែដែលបានយកក្នុង​រដ្ឋ California ត្រូវ​បញ្ជូនទៅ​ប្រទេសចិនដើម្បី​ចម្រាញ់​ដោយ​ធ្វើ​ឱ្យ​អណ្តូង​រ៉ែ​នេះ ​ក្លាយជា​អ្នក​ផ្គត់​ផ្គង់​លោហធាតុ​កម្រមាន​យ៉ាង​សំខាន់​សម្រាប់​ឧស្សាហកម្ម​ចិន។

ការ​បាត់បង់​សមត្ថភាព​ចម្រាញ់

ទោះ​ជា​លោហធាតុទាំង​នេះ ​ត្រូវហៅ​ថា​កម្រ​ក៏​ដោយ​ ក៏វា​មិនមែន​កម្រ​ណាស់​ណាទេ​នៅលើ​ផែនដី។​ បើ​តាម​មន្ទីរស្ទង់ភូគម្ភសាស្ត្រសហរដ្ឋ​អាមេរិក សារធាតុ​ទាំង​នេះដែល​ត្រូវ​បានចាត់​ទុក​ដំបូង​ថា​ កម្រ​«មានច្រើន​គួរសម​នៅ​ក្នុងស្រទាប់​ដី»។

នៅ​ក្នុង​របាយការណ៍ប្រចាំ​ឆ្នាំរបស់​ខ្លួន​កាល​ពី​ឆ្នាំ២០២០​ មន្ទីរស្ទង់ភូគម្ភសាស្ត្រសហរដ្ឋ​អាមេរិក​និយាយ​ថា ទោះជា​នៅ​ពេល​នេះប្រទេស​ប្រមាណ​៥០នៅ​ទូទាំង​ពិភពលោក កំពុងប្រកបអាជីវកម្មរ៉ែ​កម្រមាន​នេះ​ក៏ដោយ ក៏សហរដ្ឋ​អាមេរិកជា​កន្លែង​ដែល​មានរ៉ែ​នេះ​ ធំជាងគេ​មួយ​ក្នុង​បណ្តា​កន្លែង​ធំៗ​ក្នុងពិភពលោក។

ទោះជា​ផ្ទាំង​ថ្មនៅ​ក្រោម​ដីនៅ​សហរដ្ឋ​អាមេរិក ​មាន​ស្រទាប់​រ៉ែសម្រាប់​ការ​ប្រើប្រាស់​ប្រចាំឆ្នាំប្រមាណ១០០​ឆ្នាំ​ទៀត​ក៏ដោយ ក៏​បច្ចុប្បន្ន​ ប្រទេស​ចិនមាន​កន្លែង​ចម្រាញ់​រ៉ែ​នេះសឹង​តែ​ទាំង​អស់​ក្នុង​ពិភពលោកដើម្បី​កែឆ្នៃរ៉ែ​នេះឱ្យ​ទៅ​ជា​សម្ភារៈដែល​រោងចក្រ​អាច​យកទៅប្រើ​ប្រាស់​ដើម្បី​ផលិតវត្ថុ​ប្រើ​ប្រាស់​បាន។

«មានគម្លាត​មួយ​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​អាច​គ្រប​ដណ្តប់​លើ​ការ​ផលិតលោធាតុ rare earth» នេះបើ​តាម​សម្តី​របស់​លោក Felix K. Chang ដែល​ជាអ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​ឯ​វិទ្យាស្ថានស្រាវជ្រាវគោល​នយោបាយ​កា​រ​បរទេស​ក្នុ​ង​ក្រុង Philadelphia។​

«ការ​បង្អាក់ដំណើរ​ធំ ​គឺ​សមត្ថភាព​កែច្នៃ» នេះ​បើ​តាម​សម្តី​របស់​លោក Martijn Rasser ដែលជា​អ្នក​ស្រាវជ្រាវជាន់​ខ្ពស់​នៅ​ឯ​មជ្ឈមណ្ឌល​សម្រាប់​សន្តិសុខអាមេរិកាំង​ថ្មី។

ការ​ស្រោចស្រង់​សកម្មភាព​យក​រ៉ែ​ឡើងវិញ​នៅអណ្តូងរ៉ែ​ Mountain Pass

ចាប់​តាំង​ពីការ​បិទប្រតិបត្តិការ​កាលពី​ឆ្នាំ​២០០២​ដោយសារ​បំរាមបរិដ្ឋាននិង​ការប្រកួត​ប្រជែង​ពីពួក​អ្នក​ផ្គត់ផ្គង់ចិន មានការ​ប៉ុន​ប៉ងមួយ​ចំនួនដើម្បី​ធ្វើ​ឱ្យ​មាន​សកម្មភាព​វិញនៅ​ឯ​អណ្តូង​រ៉ែ​ Mountain Pass។

កាល​ពី​ឆ្នាំ​២០០៨ មានក្រុម​ហ៊ុនឯកជន​មួយ​ឈ្មោះ Molycorp Minerals បានត្រូវ​បង្កើត​ឡើងដើម្បី​ធ្វើ​សកម្មភាព​ជា​ថ្មី​នៅ​កន្លែង​នោះ។ ក្នុងពេលពីរ​បី​ឆ្នាំ​ដំបូងកិច្ច​ខិតខំប្រឹង​ប្រែង​នេះ​បាន​ផលល្អនៅពេល​ដែលរដ្ឋាភិបាលក្រុង​ប៉េកាំង​បានរឹតត្បិត​ការ​លក់​លោហធាតុ​កម្រ​ ទៅ​ប្រទេស​ជប៉ុន​ដោយសារ​មានជម្លោះ​ការទូត​ក្នុង​ឆ្នាំ២០១០។ តម្លៃ លោហធាតុ​កម្រ​ក្នុងផ្សារអន្តរជាតិឡើង​ខ្ពស់​ហើយ​តម្លៃ​ភាគ​ហ៊ុន​នៃ​ក្រុម​ហ៊ុន Molycorp ក៏​បាន​ឡើង​ខ្ពស់​ដែរ។

ក៏ប៉ុន្តែ​ក្រោយ​ប្រទេស​ចិន ​បាន​បង្កើន​ការលក់​លោហធាតុ​កម្រ​នេះ ទៅ​ប្រទេស​ក្រៅកាល​ពី​ឆ្នាំ​២០១៣ ក្រុម​ហ៊ុន Molycorp ​បាន​ជួប​ប្រទះ​នឹង​ការ​លំបាក​ដើម្បី​ប្រកប​អាជីវកម្ម​។ នៅ​ឆ្នាំ​២០១៥​ក្រុម​ហ៊ុន​នេះ​បានប្រកាស​ធន​ក្ស័យហើយ​បាន​ត្រូវ​រៀបជំ​ជា​ថ្មីជាក្រុម​ហ៊ុន​ Neo Performance Materials ផលិត​សារធាតិគីមីមានមូល​ដ្ឋាន​ក្នុងក្រុង Toronto​ ដោយ​មាន​កន្លែង​កែ​ច្នៃក្នុង​សហរដ្ឋ​អាមេរិក ​និងប្រទេស​៦​ទៀត​ដោយ​មានរួមបញ្ចូល​រោងចក្រ​បួន​ក្នុង​ប្រទេស​ចិន​ផង​ដែរ។

ក៏ប៉ុន្តែ​សហរដ្ឋ​អាមេរិក​សង្ឃឹម​ច្រើន​លើកន្លែង​មាន​រ៉ែ​នៅប៉ែក​ខាង​ត្បូងនៃ​ជួរ​ភ្នំ Clark Mountain នៃ​រដ្ឋ California។ ក្នុង​ចំណោម​ការ​ផ្តល់​ប្រាក់​ប្រមាណ​១៣លាន​ដុល្លារដែល​ក្រសួងការពារប្រទេសអាមេរិកាំងបានប្រគល់​ឱ្យ​ក្រុម​ហ៊ុន​បី ក្រុម​ហ៊ុន MP Materials ដែលបានទិញ​ក្រុមហ៊ុន Moutain Pass កាលពី​ឆ្នាំ២០១៧​នោះ បានទទួលប្រាក់​ច្រើន​ជាង​គេ​ គឺ​ប្រមាណ​៩លាន៦​សែន​ដុល្លារ។

ក៏ប៉ុន្តែវិនិយោគ​របស់​រដ្ឋាភិបាល​សហព័ន្ធដែល​ជាសេចក្តី​ត្រូវការ​យ៉ាង​ខ្លាំងនោះ ក៏​អាចផ្តល់​ប្រយោជន៍​ដល់ប្រទេស​ចិននិង​ក្រុម​ហ៊ុនចិនផលិត​លោហធាតុ​កម្រ។ ក្រុមហ៊ុន Shenghe Resources Holdings មានភាគ​ហ៊ុន​ប្រមាណ​១០​ភាគរយ ក្នុង​ក្រុមហ៊ុន MP Materials ។ បើតាម​បញ្ជី​របស់​គណកម្មការ​មូលបត្រ​សហរដ្ឋ​អាមេរិក​មុខរបរ​មួយ​របស់ក្រុមហ៊ុន MP Materials គឺ«លក់​ផលិតផលចម្រាញ់នៃ​លោហធាតុ​កម្រ​ឱ្យ​ក្រុម​ហ៊ុន​ Shenghe​ សម្រាប់បែង​ចែក​ថែម​ទៀត​ដល់​ក្រុម​ហ៊ុន​សម្រិត​សម្រាំងនៅ​ក្នុង​ប្រទេស​ចិន»។

លោក​បណ្ឌិត William A. Saxton ជា​អ្នកបង្កើតនិងជា​ប្រធាន​ចូល​និវត្តន៍​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាមេរិកាំងឈ្មោះថា ពលរដ្ឋ​ការពារ​សន្តិសុខជាតិ ឬ Citizens for National Security។ លោក​ថ្លែង​ថា​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើនដែល​សហរដ្ឋ​អាមេរិក​ប្រឈម​ក្នុងការធ្វើ​ឱ្យ​ឧស្សាហកម្មនេះ​រស់​រាន​ឡើង​វិញនោះ​គឺ​កង្វល់​ខាងបរិដ្ឋាន។

លោក​ Saxton ​បាន​ប្រាប់​វីអូអេនៅ​ក្នុង​បទ​សម្ភាសន៍​មួយតាម​ទូរសព្ទ​ថា«យើង​អាចយក​រ៉ែ​នេះ​បាន​ តែ​យើងមិន​អាច​ចម្រាញ់វា​បានទេ​ពីព្រោះ​មានបញ្ហា​មួយចំនួន​ហើយ​បញ្ហា​មួយ​ក្នុងបណ្តាបញ្ហា​ទាំង​នេះគឺ​កង្វល់​អំពី​កាក​សំណល់​ដែល​មាន​សារធាតុពុល»។ លោក​បានថ្លែង​ថា​ដី​សហព័ន្ធ​រាប់​សែនហិកតា ត្រូវបានដក​ពី​ការ​រុក​រក​ហើយ​កំណើន​បទ​បញ្ញ័ត្តិ​បណ្តាល​ឱ្យ​ការផ្តល់​ការ​អនុញ្ញាតជា​ច្រើនអាច​ស៊ី​ពេល​ពី​៧​ទៅ​១០ឆ្នាំ។

លោក​ Saxton ​បាន​ពោល​ថា​ការ​កាត់បន្ថយ​ពេលវេលានឹង​តម្រូវ​ឲ្យ​មានការពុះពារ​ឧបសគ្គ​ពី​បណ្តា​អង្គការបរិដ្ឋាននិង​ទី​ភ្នាក់ងារ​រដ្ឋាភិបាល៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ