សំណើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើកទី៩​ឆ្លង​ផុត​គណៈរដ្ឋមន្ត្រី​​ក្រោម​សន្ធឹក​គាំទ្រ​របស់​បក្ស​កាន់​អំណាច

រូប​ឯកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​ ខែ​មិថុនា ឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/វីអូអេ)

គណៈរដ្ឋមន្ត្រី​នៅថ្ងៃ​សុក្រនេះ​បាន​អនុម័តរួច​ហើយ​នូវ​សេចក្ដី​ព្រាង​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ ដើម្បី​ហាម​ជន​ទ្វេ​សញ្ជាតិ​កាន់​តំណែង​រដ្ឋ​កំពូលៗ​ក្រោម​សន្ធឹក​នៃការ​បន្ទរ​គាំទ្រ​ពី​បណ្ដាញ​សាខា​បក្ស​ប្រជាជន និង​ស្ថាប័ន​រដ្ឋ​គ្រប់​ទិស​ទី។

ការ​អនុម័ត​បន្ទាន់​នេះ ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះក្រោយ​ការ​ផ្ចុងផ្ដើម​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​ដែល​ បាន​ព្យាយាម​បដិសេធការ​ចុះផ្សាយ​របស់​កាសែត The Guardian នៅ​ចក្រភពអង់គ្លេស ចោទលោក​ថា​លោក​បាន​ទិញ​សញ្ជាតិ​ស៊ីប ​(Cyprus) ដែល​ជា​ប្រទេស​កោះតូច​មួយ​នៅទ្វីប​អឺរ៉ុប។

កាសែត​អង់គ្លេស​មួយ​នេះ បាន​កែប្រែ​អត្ថបទ​របស់​ខ្លួនវិញ​កាល​ពី​ថ្ងៃព្រហស្បតិ៍ ដោយ​អះអាង​ថា អ្នក​ដែល​បាន​ទទួល​សញ្ជាតិ​ស៊ីប​នោះ មិន​មែន​លោក ហ៊ុន សែន ទេ តែ​ជា​«បណ្ដា​ជន​ដែលនៅក្នុង​រង្វង់​អ្នក​ស្និទ្ធ​បំផុត»​នឹង​លោកនា​យក​រដ្ឋម​ន្ត្រី។

ទោះ​មាន​ការ​កែប្រែ​ខ្លឹម​សារ​នៅក្នុង​អត្ថបទ​កាសែត​ក៏ដោយ ក៏​មាគ៌ា​ឈាន​ទៅ​រក​ការកែប្រែខ្លឹមសារបន្ថែម​ការ​ហាម​ប្រាម​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នូវ​ជន​ទ្វេ​សញ្ជាតិ​កាន់​តំណែង​កំពូល​នោះ មិន​ត្រូវ​បាន​បង្អង់​ល្បឿន​នោះ​ទេ។

រូប​ឯកសារ៖ លិខិតឆ្លងដែនប្រទេសស៊ើប​ (Cyprus)។

អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក​ ផៃ ស៊ីផាន បានឱ្យ​ដឹង​ក្នុងទំ​ព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកថា ការ​ប្រជុំ​ពេញ​អង្គ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ គណៈ​រដ្ឋមន្ត្រី​បាន​ឆ្លង​រួច​ហើយ​នូវ​សេចក្ដីព្រាង​វិសោធនកម្មរដ្ឋធម្មនុញ្ញ​ខាង​លើ និង​ត្រូវ​បញ្ជូន​បន្ត​ទៅ​រដ្ឋសភា។

សមាជិក​រដ្ឋសភា​ទាំងអស់​១២៥រូប សុទ្ធសឹង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ ហើយក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​៦២រូប មាន​៥៨រូប​ជា​សមាជិក​គណបក្សប្រជាជនកម្ពុជា។ ការធ្វើវិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ត្រូវ​ការ​សំឡេង​យល់​ព្រម​២ភាគ៣ក្នុង​សភា​នីមួយៗ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បើក​កិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ថា សំណើ​វិសោធនកម្ម​នេះនឹង​បញ្ជាក់​បន្ថែម​ថា​លោក​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់ រក្សា​ផល​ប្រយោជន៍​ជាតិ និង​បញ្ចៀស​ការ​ជ្រៀត​ជ្រែក​ពី​បរទេស។

ខ្លឹមសារ​នៃសេចក្តីព្រាង​វិសោធនកម្ម​នោះ​បាន​បង្ហាញថា​មុខងារ​កំពូលៗរបស់រដ្ឋ​ដែលតម្រូវ​ឱ្យ​អ្នក​កាន់​«មានសញ្ជាតិ​ខ្មែរ​តែ​មួយ​គត់»​នោះ​រួម​មាន នាយក​រដ្ឋមន្ត្រី ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

ផែនការ​វិសោធនកម្ម​រដ្ឋធម្ម​នុញ្ញចុង​ក្រោយ​នេះ​ត្រូវបាន​ គេមើល​ថា​ដើម្បីឆ្លើយ​តប​ទៅនឹង​ដៃគូ​ប្រជែង​ចម្បង​នឹងលោក​ហ៊ុន សែន ​គឺលោក​សម​ រង្ស៊ី​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​មាន​សញ្ជាតិពីរ​គឺ​បារាំង​ផង​និង​ខ្មែរ​ផង​ខណៈ​សហការីជា​អ្នក​នយោបាយ​ជំទាស់​ផ្សេង​ទៀត​របស់​លោក​មាន​សញ្ជាតិ​បារាំង​អាមេរិក ​កាណាដា​ អូស្ត្រាលី​ជាដើម។

លោក​សម​រង្ស៊ី​ បាន​រិះគន់​លោក​ហ៊ុន សែន ​ភ្លាមៗ​ក្រោយ​ការ​ចុះ​ផ្សាយ​របស់​កាសែត The Guardian ​រហូត​ជំរុញ​ពល​រដ្ឋ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា​ហើយបាន​ចោទ​ថា​លោក​ ហ៊ុន​សែន ​ថា​មិន​ស្មោះ​ត្រង់នឹង​ប្រទេស​ជាតិ។

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ថ្លែងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន AFP នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

ដំណាល​គ្នានឹង​ការ​ចោទ​ប្រកាន់​គ្នារបស់​អ្នក​នយោបាយ​ទាំងពីរ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​លោក សម​ រង្ស៊ី និង​សហការី ដែល​សុទ្ធ​សឹង​តែ​ស្ថិត​នៅ​ក្រៅ​ប្រទេស ពី​បទ «រួម​គំនិត​ក្បត់»​និង​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

លោក​ហ៊ុន សែន​ បាន​លើក​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រថា៖​«លេង​កុំ​ខឹង ខឹង​កុំ​លេង ព្រោះ​ទ្វារ​បាន​បិទ​ជា​រៀង​រហូត​ហើយ សម្រាប់​អ្នក​ដែល​មាន​សញ្ជាតិ​ពីរ​ហើយ​ប៉ុន​ប៉ង​ស្វែង​រក​តំណែង​កំពូល​ទាំង៣​ពិសេស​តំណែង​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​បិទ​ជា​ស្ថាពរ​ព្រោះ​ដាក់​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ព្រឹប! លោក​ឯង​រង់ចាំ​ជាតិ​ក្រោយ​ក៏​អ្នក​ឯង​មិន​អាច​រក​ពីរ​ភាគ​បី​បាន​ដែរ។ អ៊ីចឹង​យើង​ត្រូវ​ធ្វើ​ឱ្យ​បាន​ស្រូត ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ច្បាស់​លាស់​ថា​អ្នក​ណា​សញ្ជាតិ​មួយ អ្នក​ណា​សញ្ជាតិ​ពីរ!»។

ការ​តាក់​តែង​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ដ៏​តក់​ក្រហល់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និងដែល​គេ​ស្គាល់​ថា​ជា​ស្ថាបនិក​ស្នូល​នៃ​ខ្លឹម​សារ​ច្បាប់​និង​វិសោធនកម្ម​ច្បាប់​ចម្រូង​ចម្រាស​ជា​ច្រើន​នា​រយៈ​ពេល​ជិត​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

សារ​និង​សេចក្ដី​ថ្លែង​ការណ៍​រាប់រយ​ពី​សំណាក់​បណ្ដា​ស្ថាប័ន​រដ្ឋ​និង​សាខា​បក្ស​កាន់​អំណាច​ស្ទើរ​គ្រប់​ទិស​ទី ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​ដែល​ស្និទ្ធ​នឹង​រដ្ឋ​អំណាច​ផ្សព្វ​ផ្សាយ​ឥត​លោះ​ពេល តាំង​តែ​ពី​ថ្ងៃ​ពុធ​មក ដែល​ហាក់​ចង់​បង្ហាញ​នូវ​សាមគ្គី​ភាព​របស់​បក្ស​និង​រដ្ឋ​នៅ​ជាមួយ​លោក ហ៊ុន សែន។

តែបើ​តាម​ឯកសារ​ដែល​វីអូអេ​ទទួល​បាន ភ្លាមៗ​កាល​ពី​ថ្ងៃពុធ​រចនា​សម្ព័ន្ធ​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បណ្ដាញ​យុវជន​របស់​បក្ស​បាន​ធ្វើការ​ណែ​នាំ​ដល់​ខ្សែ​បណ្ដាញ​និង​សាខា​របស់​ខ្លួន​ឲ្យ​ចេញ​មក​បង្ហាញ​ការ​គាំទ្រ​ដល់​ជំហរ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី។

ប្រធាន​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក សាយ ឈុំ បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​ដល់​ថ្នាក់​ដឹកនាំ​សាខា​បក្ស​គ្រប់​ស្ថាប័ន​រដ្ឋ ទាំង​ស៊ីវិល ទាំង​ប្រដាប់​អាវុធ ឱ្យ​ចេញ​មក​គាំទ្រ​ការ​ធ្វើ​វិសោធន​កម្ម​នេះ។

លិខិត​លោក​សាយ ឈុំ ​ចុះ​ថ្ងៃទី​០៦​ខែតុលា​ដែល​វីអូអេ​ទទួល​បាន មាន​ខ្លឹម​សារ​ដើម​ថា៖ «អាស្រ័យ​ហេតុ​នេះ ជា​បន្ត​ទៀត ខ្ញុំ​សូម សម្ដេច ឯក​ឧត្ដម លោក​ជំទាវ ប្រធាន​គណៈ​កម្មាធិការ​គណ​បក្ស​ក្រសួង ស្ថាប័ន រាជ​ធានី ខេត្ត​នីមួយៗ ជួយ​ចាត់​ចែង​អំពាវ​នាវ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន រដ្ឋបាល​រាជធានី​ខេត្ត (តំណាង​ឲ្យ​មន្ត្រី​រាជការ​ប្រជា​ជន ក្នុង​រាជធានី ខេត្ត​របស់​ខ្លួន) កង​កម្លាំង​ប្រដាប់​អាវុធ អង្គការ សមាគម​នានា ... បន្ត​គាំទ្រ​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ដែល​ទាក់​ទង​ដល់​ការ​កំណត់​ឲ្យ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ចំពោះ​ថ្នាក់​ដឹក​នាំ​ជាតិ ដែល​កាន់​តួ​នាទី​ជា ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយក​រដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​រួច​ហើយ​ត្រូវ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ផុស​ផុល នៅ​តាម​បណ្ដាញ​សារព័ត៌មាន​និង​អង្គការ​សង្គម​នានា»។

នៅ​ថ្ងៃ​ដដែល​នោះ កូន​ប្រុស​លោក​ ហ៊ុន សែន ក៏​បាន​ណែនាំ​ដល់​បណ្ដាញ​យុវជន​ដែល​ស្និទ្ធ​នឹង​គណ​បក្ស​កាន់​អំណាច​ឲ្យចេញសេច​ក្ដី​ថ្លែង​ការណ៍​គាំទ្រ​សំណើ​វិសោធនកម្ម​ខាង​លើ​ផង​ដែរ។

ជាមួយ​នឹង​ភាសា​ធ្ងន់ៗ​លោក ​ហ៊ុន ម៉ានី​សមាជិក​សភា​មណ្ឌល​កំពង់ស្ពឺ​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ផ្ញើ​សំឡេង​ទៅ​សហការី​របស់​ខ្លួន​ផង​ដែរ​ស្នើ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​យោបល់​គាំទ្រ គំនិត​ផ្ដួច​ផ្ដើម​ធ្វើ​វិសោធ​ន​កម្ម​នេះ។

ក្នុង​សារ​សំឡេង​កាល​ពី​ថ្ងៃទី០៦​ខែតុលា​ដែល​វីអូអេ​ទទួល​បាន​ លោក​ហ៊ុន ម៉ានី និយាយ​ថា៖ «ចំណុច​នេះ​គឺយើង​បាន​ក្ដាប់​និង​ជ្រាប​បាន​ហើយ គឺ​វា​ចេញ​ពី​មូលដ្ឋាន ជន​ក្បត់​ជាតិ​ខ្មែរ​លក់​ក្បាល​ឱ្យ​បរទេស​សម រង្ស៊ី គឺ​បាន​ចោទ​ប្រកាន់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​របស់​យើង​ថា​មាន​សញ្ជាតិ Cyprus​តែ​ការ​ចោទ​ប្រកាន់​នេះ ក៏​វា​ជា​ឱកាស​សម្រាប់​យើង​ក្នុង​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ហើយ​ដើម្បី​បញ្ជាក់​ថា​ក្នុង​តួនាទី​ជា ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា នាយក​រដ្ឋ​មន្ត្រី ត្រូវ​មាន​សញ្ជាតិ​មួយ​គត់​គឺ​សញ្ជាតិ​កម្ពុជា»។

លោក​ សម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​ទី០៦​ខែ​តុលា​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​កត់​សម្គាល់​ចង់​ឱ្យ​មាន​ការ​បែង​ចែក​នូវ​ប្រភេទ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​ពីរ

បើ​តាម​មេដឹកនាំ​ជំទាស់​រូប​នេះ ទាំង​ពីរ​ប្រភេទ​នោះ​រួម​មាន​មួយ​ប្រភេទ​គឺ​បណ្ដា​ពលរដ្ឋ​ខ្មែរ​ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ក្រោម​ហេតុ​ផល​នយោបាយ​ហិង្សា​ និង​សង្គ្រាម​ដូច​មាន​រូប​លោក​ផ្ទាល់​ជា​ដើម និង​មួយ​ប្រភេទ​ទៀត​គឺ​បណ្ដា​អភិជន​ដែល​ប្រើ​ធន​ធាន​«យក​ទៅ​លាក់​ទុក​នៅ​បរទេស ជា​ពិសេស​នៅ​ប្រទេស​ណា​ដែល​ខ្លួន​បាន​ទិញ​សញ្ជាតិ​ទី២»។

ខ្លឹមសារ​កំណែ​ចុងក្រោយ​នៃ​អត្ថបទ​របស់​កាសែត The Guardian បាន​បង្ហាញ​ខ្លឹម​សារ​ស្រដៀង​នឹង​សេចក្ដី​រាយការណ៍​កាល​ពី​ឆ្នាំ២០១៩ អំពី​រឿង​អាស្រូវ​ដាក់​ទុន​វិនិយោគ​ដើម្បី​ទទួល​បាន​សញ្ជាតិ​ស៊ីប​ដែល​មាន​ន័យ​ថា​នឹង​ក្លាយ​ជា​ពល​រដ្ឋ​នៃ​សហភាព​អឺរ៉ុប។

ការ​ស៊ើប​អង្កេត​កាល​ពី​ឆ្នាំ២០១៩​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​បាន​រក​ឃើញ​ថា កោះ​ស៊ីប​បាន​ផ្ដល់​សញ្ជាតិ​ដល់​អភិជន​នយោបាយ​និង​ពាណិជ្ជកម្ម​ជំនិតៗ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី រួម​មាន​គ្រួសារ​នាយ​ឧត្ដម​សេនីយ៍​នេត សាវឿន ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​គ្រួសារ​លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន និង​គ្រួសារ​សមាជិក​ព្រឹទ្ធសភា​លោក ឡៅ ម៉េងឃីន។

លោក ​នេត សាវឿន ជា​ក្មួយប្រសា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រី​ឯ​លោក ឡៅ ម៉េងឃីន ជា​ស្វាមី​អ្នកស្រី​ ជឹង សុភាព​ដែល​ទទួល​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​បឹងកក់​ដ៏​ចម្រូងចម្រាស។

រូបឯកសារ៖ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅក្នុង​អំឡុងពេល​សមាជ​នគរបាល​នៅ​ក្រសួង​មហាផ្ទៃ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/វីអូអេ)

ភ្លាមៗ​បន្ទាប់​ពី Reuters បាន​ចេញ​ផ្សាយ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន រដ្ឋាភិបាល​កោះ​ស៊ីប បាន​ប្រកាស​ថា​ខ្លួន​នឹង​ដក​សញ្ជាតិ​ស៊ីប ពី​បុគ្គល​បរទេស​២៦រូប តែ​មិន​បាន​បញ្ជាក់​អត្ត​សញ្ញាណ។ គេ​មិន​ច្បាស់​នោះ​ទេ​ថា​មក​ទល់​ខណៈ​នេះ អភិជន​កម្ពុជា​ខាងលើ​នៅ​មាន​សញ្ជាតិ​ស៊ីប​ឬ​អត់។

លោក​នេត​ សាវឿន ស្ថិត​ក្នុង​ចំណោម​ឥស្សរជន​លេចធ្លោ​ដែល​បាន​ចេញ​សារ​គាំទ្រ​គម្រោងធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ក្នុង​ការ​ហាម​ជន​មាន​សញ្ជាតិ​លើស​ពី​មួយ​មក​ចូល​កាន់​តំណែង​រដ្ឋ​កំពូលៗ។

ដោយ​ឡែក​លោក​អូន ព័ន្ធមុនីរ័ត្ន ដែល​មាន​ងារ​ជា​ឧប​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​នោះ ត្រូវ​បាន​លោក​ ហ៊ុន សែន បង្ហើប​កាល​ពី​ចុង​ឆ្នាំ​២០២០​កន្លង​ទៅ​ថា​អាច​ជា​បេក្ខភាព​ស័ក្តិសម​ក្នុង​ការ​ស្នង​តំណែង​ដឹកនាំ​កំពូល​នៃ​បក្ស​និង​រដ្ឋ​ជំនួស​រូប​លោក​ថែម​ទៀត​ផង។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​អ្នក​វិភាគ​នយោបាយ សេង សារី​ដែល​ថា​បម្រាម​សញ្ជាតិ​លើស​ពី​មួយ​នេះ​គួរ​ពង្រីក​រាលដាល​ដល់​អ្នក​កាន់​មុខងារ​នយោបាយ​ទាំង​អស់ រាប់​ពី​សមាជិក​សភា រដ្ឋមន្ត្រី​រដ្ឋ​លេខាធិការ អនុ​រដ្ឋ​លេខា​ធិការ​នោះ លោក ហ៊ុន សែន បាន​បក​ស្រាយ​ថា៖ «ប៉ុន្តែ​បើ​យើង​ធ្វើ​អ៊ីចឹង វា​នឹង​ប៉ះពាល់​ទៅ​ដល់​បង​ប្អូន​ដទៃ​ទៀត ដែល​បង្ខំ​រត់​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស ហើយ​បាន​ទៅ​នៅ​បរទេស​ត្រឡប់​ចូល​មក​វិញ ដើម្បី​រួម​ចំណែក​កសាង​ប្រទេស​ក្នុង​ឋានៈ​ជា​មន្ត្រី​ថ្នាក់​នេះ​ថ្នាក់​នោះ បើ​យើង​បិទ​ច្រក​របៀប​នេះ វា​ជា​ភាព​ចង្អៀត​ចង្អល់​មួយ»។​

ដោយ​ឡែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ដែល​ជា​បក្ស​ជំទាស់​មួយ​ផង​ដែរ​នោះ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃសុក្រ​នេះ​ថា រដ្ឋគួរ​ផ្ដោត​លើ​បញ្ហា​បន្ទាន់​ជាង​នេះ​ដូច​ជា កូវីដ១៩ ទឹក​ជំនន់​នៅ​ភាគ​ខាង​លិច​ប្រទេស ទំនាស់​ដីធ្លី និង​ការ​រុកកួន​ពី​សំណាក់​គ្រឿង​ញៀន។

GDP បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖​«រឿង​សញ្ជាតិ​មួយ​ជា​ប្រធាន​បទ​សំខាន់​មួយ​ដែរ​ប៉ុន្តែ​មិន​មាន​ភាព​ចាំ​បាច់​រហូត​ដល់​ធ្វើ​វិសោធន​កម្ម ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ នៅពេល​នេះ​ទាំង​បន្ទាន់​នោះ​ទេ»។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ក៏បាន​ស្នើ​រដ្ឋា​ភិបាល​ពិចារណា​ឡើង​វិញ​លើ​ការ​ធ្វើ​វិសោធនកម្ម​នេះ​ផង​ដែរ៕​