លោកអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) គ្រោងនឹងមកដល់ទីក្រុងភ្នំពេញនៅយប់ថ្ងៃសុក្រនេះ ដើម្បីជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងចូលរួមក្នុងសន្និសីទស្តីពីសេដ្ឋកិច្ចអាស៊ី។
ដំណើរទស្សនកិច្ចរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ បានធ្វើឡើងមួយថ្ងៃ ក្រោយពីដំណើរទស្សនកិច្ចរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃថ្មី ដែលជាប្អូនស្រីរបស់លោកថាក់ស៊ីន។
ក្រុមអ្នកវិភាគបានផ្តល់ប្រតិកម្មចម្រុះទៅនឹងដំណើរទស្សនកិច្ចរបស់លោក ថាក់ស៊ីន មកកម្ពុជាពីថ្ងៃទី១៦ដល់ថ្ងៃទី២៤ ខែកញ្ញានេះ។
លោក អ៊ូ វីរៈ ប្រធាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖
«យើងជ្រើសរើសយកចលនាអាវក្រហម ហើយយើងបានប្រឆាំងជាចំហចំពោះក្រុមនយោបាយដទៃ។ ជាទូទៅខ្ញុំមើលទៅនយោបាយបែបហ្នឹងជានយោបាយមួយគ្រោះថ្នាក់ពីព្រោះរបបនយោបាយតែងតែកែប្រែ ហើយយើងធ្វើឱ្យមានបក្ខពួកបែបហ្នឹងជារឿងមួយធ្វើឱ្យមានអស្ថេរភាពទំនាក់ទំនងរវាងកម្ពុជា និងថៃ អាចមានភាពល្អល្អុកល្អើន និងភាពសៅហ្មងដែលខ្ញុំមើលទៅមិនឃើញផលប្រយោជន៍ប្រទេសកម្ពុជាយូរអង្វែងទេ»។
លោក អ៊ូ វីរៈ បានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យលោក Thaksin ចូលមកប្រទេសកម្ពុជា ដើម្បីពិភាក្សាគ្នាអំពីការអភិវឌ្ឍនៅក្នុងខេត្តកោះកុងច្រើនជាងការធ្វើបទឧទ្ទេសនាមទាក់ទងរឿងសេដ្ឋកិច្ចអាស៊ី។
«លោក ថាក់ស៊ីន មានផលប្រយោជន៍ច្រើនពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយលោកថាក់ស៊ីន ចង់បន្តការវិនិយោគនៅខេត្តកោះកុង និងពង្រឹងផ្នែកផ្សេងទៀត ហើយទាក់ទងនឹងរឿងប្រេង។ អញ្ចឹងប្រទេសកម្ពុជាមានឆន្ទៈឱ្យលោកថាក់ស៊ីន ចូលមកដើម្បីចរចារឿងវិនិយោគមួយចំនួន ហើយលោក ថាក់ស៊ីន ចង់ចូលមកប្រទេសកម្ពុជា ដើម្បីធ្វើឱ្យដំណើរទស្សនកិច្ចមកកាន់ប្រទេសជាប់ជាមួយប្រទេសថៃជាសញ្ញាមួយថា ការធ្វើបែបហ្នឹងជារឿងមួយធម្មតា»។
លោក គីមសួរ ភីរិទ្ធ សមាជិកសភាគណបក្សសម រង្ស៊ី បានថ្លែងថាវត្តមានរបស់លោកថាក់ស៊ីន នេះគ្រាន់តែជានិមិត្តរូបនៃនយោបាយរបស់រដ្ឋាភិបាលកម្ពុជាជាមួយរដ្ឋាភិបាលថៃដែលទើបតែជាប់ឆ្នោតថ្មី និងគ្រាន់តែជារូបភាពល្អនៃទំនាក់ទំនងជាមិត្តភាពរវាងលោក ថាក់ស៊ីន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។ ប៉ុន្តែវាមិនឃើញមានផលចំណេញសម្រាប់កម្ពុជាទេ។
«វត្តមាន ថាក់ស៊ីន នៅទឹកដីកម្ពុជាមិនពិតជាកត្តាជំរុញឱ្យកម្ពុជាអាចផ្លាស់ប្តូរមុខមាត់ថ្មីសម្រាប់ទាំងសេដ្ឋកិច្ច និងនយោបាយឡើយ ពីព្រោះខ្ញុំគិតថាលោកថាក់ស៊ីន នៅជាប់ជំពាក់នឹងបញ្ហាផ្លូវច្បាប់នៅក្នុងប្រទេសថៃនៅឡើយ។ អញ្ចឹង លោក ថាក់ស៊ីនមិនមែនជានិមិត្តរូបតំណាងឱ្យរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃទេ។ ដូច្នេះ វាមិនបង្ហាញអំពីទំនាក់ទំនងពិតជាល្អរវាងកម្ពុជា និងថៃនោះឡើយ។ គ្រាន់តែថាវាបង្ហាញពីរូបភាពទំនាក់ទំនងរវាងរដ្ឋាភិបាលថៃថ្មី និងរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ»។
លោក ហេង ស៊្រាង សាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថាលោក ថាក់ស៊ីន អាចផ្តល់ចំណេះដឹង និងបទពិសោធន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់លោក ដើម្បីជួយប្រទេសកម្ពុជា។
«រដ្ឋាភិបាលយើងចេះប្រើប្រាស់ ឬ ក៏ចេះទាញយកចំណេះដឹង និងតួនាទីរបស់លោកថាក់ស៊ីន មកជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតាមរបៀបវៃឆ្លាតរបស់គាត់។ លោកមានគំរូផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលថ្មី សម្រាប់យកមកប្រើប្រាស់ឱ្យមានប្រយោជន៍ដល់ប្រទេសកម្ពុជា។ ភាពឆ្លាតពូកែរបស់គាត់បានជួយប្រទេសថៃឱ្យផុតពីវិបត្តិកាលពីចុងទសវត្សរ៍ឆ្នាំ១៩៩០ និងឆ្នាំ២០០០»។
លោកសាស្ត្រចារ្យ ហេង ស៊្រាង បានបន្តថា បើនិយាយពីរឿងនយោបាយនោះ វត្តមានរបស់លោក ថាក់ស៊ីននៅកម្ពុជា នឹងមានផលចំណេញដល់កម្ពុជា។
«បើរដ្ឋាភិបាលយកតួនាទីរបស់គាត់ទៅជាប់នឹងរឿងនយោបាយ ខ្ញុំគិតថា វាគ្មានចំណេញអ្វីដល់កម្ពុជាទេ។ វាបានធ្វើជនជាតិថៃ ឬក្រុមនយោបាយនៅប្រទេសថៃមួយចំនួននោះមានកំហឹង ឬចោទប្រទេសកម្ពុជាថា ជាអ្នកមានទំនាក់ទំនងនយោបាយ ឬ ផ្តល់សិទ្ធិជ្រកកោន កន្លែងសុខសាន្តសម្រាប់លោកថាក់ស៊ីន ធ្វើនយោបាយហ្នឹង។ ខ្ញុំគិតថាវាជាការខាតវិញទេ»។
កាសែត Bangkok Post បានរាយការណ៍នៅថ្ងៃសុក្រនេះថាលោកអតីតនាយករដ្ឋមន្ត្រី អាភីស៊ី វេចាជីវៈ (Abhisit Vejjajiva) បានអះអាងថា មានភស្តុតាងពីប្រភពជាច្រើនចង្អុលបង្ហាញថាលោកបានព្យាយាមធ្វើកិច្ចព្រមព្រៀងជំនួយសម្រាប់ធនធានប្រេង និងឧស្ម័ននៅក្នុងឈូងសមុទ្រថៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃច័ន្ទថា លោកនឹងមិននិយាយជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អំពីផលប្រយោជន៍នៃប្រទេសទាំងពីរទេ ហើយគ្មានការចរចាអំពីបញ្ហាប្រេង និងឧស្ម័នរវាងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រ និងកម្ពុជានោះទេ៕