ប្រទេស​មួយ​មាន​ឈ្មោះ​ពីរ៖ ភូមា ​ឬ​ មីយ៉ាន់ម៉ា?

រូបឯកសារ៖ ពលរដ្ឋមីយ៉ាន់ម៉ាម្នាក់កាន់ទង់ជាតិមីយ៉ាន់ម៉ា នៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

វ៉ាស៊ីនតោន — រដ្ឋប្រហារ​មួយ​ ប្រទេសមួយ​ ឈ្មោះពីរ?

មីយ៉ាន់ម៉ា ​គឺ​ជា​ឈ្មោះ​ផ្លូវការ​របស់​ប្រទេស​ដែល​ត្រូវ​បាន​ផ្តួលរំលំ​ដោយ​រដ្ឋប្រហារ​យោធា​ កាល​ពី​ដើម​ខែ​កុម្ភៈ។​ នៅក្នុង​ឯកសារ​ផ្លូវការ​ដែល​បាន​បោះពុម្ភ​ផ្សាយ​ដោយ​រដ្ឋបាល​លោក Biden ប្រទេស​ដែល​មាន​ឆ្នេរ​ជាប់​សមុទ្រ Andaman​ មួយ​នេះ​គឺ​ជា​ប្រទេសភូមា។

ហើយ​រាល់​ពេល​ដែល​ប្រទេស​នេះ​មាន​ឈ្មោះ​នៅ​លើ​សារព័ត៌មាន​ សំណួរ​សួរ​ថា​ តើ​គេ​គួរ​ប្រើ​ឈ្មោះ​មួយ​ណា។

អ្នកស្រី Jen Psaki​ អ្នក​នាំ​ពាក្យ​របស់​សេតវិមាន ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ កាល​ពី​សប្តាហ៍​កន្លង​ទៅ​ថា៖ ​«គោលនយោបាយ​ផ្លូវការ​របស់​យើង​ គឺ​ថា​ យើង​និយាយ​ថា​ភូមា ​ប៉ុន្តែ​យើង​ប្រើ​មីយ៉ាន់ម៉ា​នៅ​ក្នុង​ភាសា​ទំនងទំនង​ផ្លូវការ​មួយ​ចំនួន។ ឧទាហរណ៍​ គេហទំព័រ​របស់​ស្ថានទូត​សំដៅ​ដល់​ភូមា​យើង​ហៅ​មីយ៉ាន់ម៉ា ព្រោះ​ថា​ ឈ្មោះ​ទាំងនេះ​គឺ​តាម​និយមន័យ​ទំនាក់ទំនង​ជាមួយ​ក្រុម​មន្រ្តី និង​សាធារណៈជន។ គេហទំព័រ​របស់​ក្រសួង​ការបរទេស​អាមេរិក​ប្រើ​ឈ្មោះ​មីយ៉ាន់ម៉ា​ នៅ​កន្លែង​ខ្លះ​ ហើយ​កន្លែង​ខ្លះ​ទៀត​ប្រើ​ឈ្មោះ​ភូមា»។

បញ្ហា​ទាក់ទង​នឹង​ឈ្មោះ​ប្រទេស​នេះ​កើតឡើង​ នៅ​ឆ្នាំ ១៩៨៩​ នៅ​ពេល​ដែល​រដ្ឋាភិបាល​យោធា​ប្តូរ​ឈ្មោះ​ប្រទេស​ពី ​ភូមា​ ទៅ ​មីយ៉ាន់ម៉ា ​បន្ទាប់​ពី​ខ្លួន​បាន​បង្ក្រាប​ក្រុម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ដោយ​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​រ បបយោធា​ក៏​បាន​ប្តូរ​ឈ្មោះ​ប្រកប​ជា​ភាសា​អង់គ្លេស​របស់​ទីក្រុង​សំខាន់​ពី ​រ៉ង់ហ្គូន​ ទៅ​ យ៉ាងហ្គន ​ផងដែរ។

រដ្ឋាភិបាល​យោធា​ជឿ​ថា ​ឈ្មោះ​ពាក្យ​ភូមា​តំណាង​ឲ្យ​អំបូរ​ភូមា​តែមួយ​ក្រុម​ប៉ុណ្ណោះ ​ដែល​ជា​ក្រុមអំបូរ​ធំ​ជាងគេ​បំផុត​នៅក្នុង​ប្រទេសមីយ៉ាន់ម៉ា ​និង​មិន​បាន​រាប់​បញ្ចូល​អំបូរ​ជនជាតិ​ភាគតិច​ ១៣៤ ក្រុម​ទៀត​នោះ​ទេ។

គោលជំហរ​របស់​ពួកយោធា​ គឺ​ថា ​ប្រសិន​បើ​ឈ្មោះ​របស់​ក្រុម​អំបូរ ​ដែល​មាន​ចំនួន​ច្រើនត្រូវ​បាន​យកទៅ​ប្រើប្រាស់​ជា​ឈ្មោះ​ប្រទេស​នោះ ​នឹង​មាន​ការ​រើសអើង​ពូជសាសន៍។ នេះ​បើ​យោង​តាម​វិទ្យាសា្ថន​ដើម្បី​សន្តិភាព​សហរដ្ឋអាមេរិក United States Institute of Peace

រូបឯកសារ៖ មន្ត្រីជាន់ខ្ពស់យោធាមីយ៉ាន់ម៉ាគោរពភ្លេងជាតិ ក្នុងពិធីគម្រប់ខួបលើកទី៧២នៃឯករាជ្យជាតិ នៅរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

ម្យ៉ាងទៀតឈ្មោះ​ថា ​ភូមា ដែល​បាន​ក្លាយ​ជា​ឈ្មោះ​ផ្លូវការ​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ចក្រភព​អង់គ្លេស​ និង​បាន​ជាប់​គាំង ​បន្ទាប់​ពី​ទទួល​បាន​ឯករាជ្ យ​គឺ​ជា​ការ​រំឮក​ពីរបប​អាណានិគម​ពី​អតីតកាល។

អង្គការ​សហប្រជាជាតិ​និង​ប្រទេស​មួយ​ចំនួន​ ដូច​ជា​បារាំង​និង​ជប៉ុន​ បាន​ទទួល​ស្គាល់​ការ​ប្តូរ​ឈ្មោះ​នេះ។ សហរដ្ឋអាមេរិក​និង​ចក្រភព​អង់គ្លេស​ មិន​បាន​ទទួល​ស្គាល់​ទេ។

ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក​ នៅ​ពេល​ដែល​លោកស្រី Hillary Clinton​ ជា​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ធ្វើ​ទស្សនកិច្ច​ នៅ​ឆ្នាំ ២០១១ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Mark Toner បាន​ប្រាប់​ ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង Agence France Presse ថា​ គោលនយោបាយ​សហរដ្ឋ​អាមេរិក​ជឿ​ថា «ការប្តូរ​ឈ្មោះ​ប្រទេស​គួរ​ជា​ការសម្រេច​ចិត្ត​មួយ» ដើម្បី​ប្រជាពលរដ្ឋ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សារព័ត៌មាន BBC​។

លោក Richard Coates ជា​សាស្រ្តាចារ្យ​ចូល​និវត្តន៍​ផ្នែក​ភាសាវិទ្យា​នៃ​សាកល​វិទ្យាល័យ West of England ។ លោក​ជា​អ្នក​មាន​ចំណាប់អារម្មណ៍​ពិសេស​ទៅ​លើ​ទំនាក់ទំនង​រវាង​ភាសា​ប្រវត្តិសាស្ត្រ​និង​ភូមិសាស្រ្ត។

លោក​បាន​ប្រាប់​វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​ចិន​ថា ​ការសម្រេច​ថា​ត្រូវ​ប្រើ​ឈ្មោះ​អ្វី​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ឥណ្ឌា​ ចិន ​ឡាវ ​និង​ថៃ​ មួយ​នេះ ​គឺ​ជា​ប្រធានបទ​រសើប​មួយ ​ពីព្រោះ​ការ​ជ្រើស​រើស​ឈ្មោះ​នេះ​បង្ហាញ​ពី​ភក្តីភាព​នយោបាយ។

លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «មីយ៉ាន់ម៉ា​ដែល​ជា​ឈ្មោះ​បុរាណ​ពី​ដើម ​ដែល​គេ​ប្រើប្រាស់​ជា​យូរ​មក​ហើយនោះ ជាឈ្មោះ​ដែល​ខ្ញុំ​ជឿ​ថា ​ត្រូវ​បាន​ពួកយោធា​ណែនាំ​ឲ្យ​ប្រើ។​ ដូច្នេះ​ការបដិសេធ​មិន​ព្រម​ប្រើ​ឈ្មោះ​នេះ​ប្រហែល​ជា​អាច​បង្ហាញ​ពី​និន្នាការ​នយោបាយ»។

លោក Mark Farmaner នាយក​យុទ្ធនាការ​ភូមា​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស បាន​ប្រាប់​សារព័ត៌មាន BBC ថា ​ការ​ប្រើ​ឈ្មោះ​ភូមា ឬ​ មីយ៉ាន់ម៉ា​ ជា​រឿយៗ ​បង្ហាញ​ពី​ការគាំទ្រ​របស់​បុគ្គល។

លោក​បាន​ថ្លែង​ថា៖ «​ការ​ហៅ​ឈ្មោះ​ប្រទេស​ថា​ មីយ៉ាន់ម៉ា​ហាក់ដូចជា​បង្ហាញ​ថា ​ប្រទេស​ទាំងនោះ​ប្រកាន់​ជំហរ​ទន់ភ្លន់​ចំពោះ​របប​ដឹកនាំ​របស់​ប្រទេស​នេះ។ ចំណែកការ​ប្រើ​ឈ្មោះ​ភូមា​អាច​បង្ហាញ​ថា​ ប្រទេស​ទាំងនោះ​ចោទ​សួរ​ពី​ភាពស្របច្បាប់​នៃ​របប​ដឹកនាំ​នៅ​ក្នុង​ប្រទេស»។

ឈ្មោះ​ទាំងពីរ​នេះ​មាន​ន័យ​ដូចគ្នា​ ហើយ​ឈ្មោះ​មួយ​ក្លាយ​ចេញ​ពី​ឈ្មោះ​មួយ​ទៀត។ ឈ្មោះ​ថា​ Burmah ជា​ឈ្មោះ​ប្រកប​នៅ​សតវត្សទី ១៩ ​គឺ​ជា​ពាក្យ​ក្លាយពី​ពាក្យមីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​សារព័ត៌មាន BBC។

ឈ្មោះ​ទាំងពីរ​នេះ​ត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​ភូមាជា​យូរ​មក​ហើយ។ នេះ​បើ​យោង​តាម​សម្តី​របស់លោក Gustaaf Houtman នរវិទូ​ម្នាក់​ ដែល​បាន​សរសេរ​យ៉ាង​ច្រើន​អំពី​នយោបាយ​ភូមា​ប្រាប់​សារព័ត៌មាន BBC។

បច្ចុប្បន្ន​ជនជាតិ​ភូមាប្រើពាក្យ​ប្រទេសភូមា ​ប៉ុន្តែ​ជា​ទូទៅ​គេ​ប្រើ​ឈ្មោះ ​មីយ៉ាន់ម៉ា​នៅក្នុង​ឯកសារ​ផ្លូវការ។

រូបឯកសារ៖ លោកស្រី អោង សានស៊ូជី ទីប្រឹក្សាភិបាលរដ្ឋ ចូលរួមកិច្ចប្រជុំកំពូលជាមួយរដ្ឋាភិបាលចិន នៅវិមានរដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងរដ្ឋធានីណៃពិដោ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

លោកស្រី អោង សានស៊ូជី​ (Aung San Suu Kyi) មេ​ដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​និង​ជា​ទីប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា​ ដែល​ឥឡូវនេះ​កំពុង​ជាប់​ឃុំឃាំង បាន​ប្រកាស​ជា​សាធារណៈ​ថា​ លោកស្រី​ចង់​ហៅ​ប្រទេស​លោកស្រី​ថា​ ភូមា។

នៅក្នុង​សន្ទរកថា​របស់​លោកស្រី​នៅ​ឯ​សន្និសីទ​កំពូល ​ក្នុង​ប្រទេស​សិង្ហបុរី​ កាល​ពី​ខែកញ្ញា ​ឆ្នាំ ២០១៣ លោកស្រី​ បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ពន្យល់​ជា​ញឹកញាប់​ហើយ​ថា ​ហេតុផល​សំខាន់​ដែល​ខ្ញុំ​ជ្រើសរើស​ហៅ​ឈ្មោះ​ថា​ ប្រទេសភូមា ​ពីព្រោះ​ថា​ការ​ប្តូរ​ឈ្មោះ​ប្រទេស​ធ្វើ​ឡើង ​ដោយ​មិន​បាន​យោង​ទៅ​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។ សម្រាប់​ខ្ញុំ​នេះ​ គឺ​ជា​ហេតុផល​សំខាន់។ យើង​ត្រូវ​គោរព​ប្រជាពលរដ្ឋ។ យើង​ត្រូវ​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ ប្រសិន​បើ​យើង​ពិត​ជា​ចង់​ផ្លាស់ប្តូរ​ទៅ​ជាសង្គម​ប្រជាធិបតេយ្យ»។

លោកស្រី​បាន​ថ្លែង​ថា៖ «លទិ្ធប្រជាធិបតេយ្យ​មាន​ន័យ​ថា​ជា​ជម្រើស ជា​ជម្រើសដ៏​ទូលំទូលាយ​ជា​ការ​ធ្វើ​ឲ្យ​ជម្រើស​យើង​មាន​កាន់​តែ​ច្រើន ហើយ​អាច​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ មាន​ជម្រើស​កាន់​តែ​ងាយស្រួល»។

បន្ទាប់​ពី​បាន​ក្លាយ​ជា​ទីប្រឹក្សា​របស់​រដ្ឋ​ កាល​ពី​ឆ្នាំ ២០១៦​ មក ​លោកស្រី​បាន​ចាប់​ផ្តើម​បញ្ជាក់​ឡើងវិញ​ថា ​រដ្ឋធម្មនុញ្ញ​មិន​បាន​ចែង​ជាក់លាក់​ថា​ត្រូវ​ប្រើ​ឈ្មោះ​ណា​មួយ​នោះ​ទេ​ ដូច្នេះ​បរទេស​អាច​ប្រើ​ឈ្មោះ​ណា​ក៏​បាន​តាម​ចិត្ត​របស់​គេ។

លោកស្រី​បាន​ថ្លែង​ទៀត​ថា ​ទោះជា​លោកស្រី​ហៅ​ឈ្មោះ​ប្រទេស​ថា​ភូមា​ក៏ដោយ ក៏អ្នក​ផ្សេង​ទៀត​មិន​ចាំ​បាច់​ហៅ​ដូច​លោកស្រី​ទេ ​ហើយ​ពេល​ខ្លះ​លោកស្រី​ក៏ប្រើ​ពាក្យ​មីយ៉ាន់ម៉ា​ដែរ៕

ប្រែសម្រួលដោយ​អ្នកស្រី ស៊ូ ពេជ្រចិន្តា