ប្រទេសភូមាបានស្វះស្វែងរកការគាំទ្រពីប្រទេសកម្ពុជាស្របពេលដែលប្រទេសដែលធ្លាប់គ្រប់គ្រងដោយរបបយោធាកំពុងធ្វើកំណែទម្រង់ទៅរករបបប្រជាធិបតេយ្យក្រោមការគាបសង្កត់ពីអន្តរជាតិ។
ការស្វះស្វែងរកការគាំទ្រនេះបានធ្វើឡើងស្របពេលដែលប្រធានាធិបតីភូមា យូ ថេនសេន បានមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃពុធនេះ។
បន្ទាប់ពីជំនួបគ្នាមួយជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អស់រយៈពេលជាងពីរម៉ោង នៅអគារវិមានសន្តិភាព លោក ខៀវ កាញ៉ារិទ្ធ អ្នកនាំពាក្យខាងរដ្ឋាភិបាលបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា លោក យូ ថេនសេន ចង់ឲ្យកម្ពុជាគាំទ្រ ក្នុងការដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសភូមា និងគាំទ្របេក្ខភាពប្រទេសកម្ពុជា ឲ្យចូលជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។
«ឯកឧត្តមក៏បានលើកអំពីការរៀបចំ កំណែទម្រង់ និងការសម្រួលនយោបាយ ដោយសារតែបច្ចុប្បន្ននេះ ប្រទេសមីយ៉ាន់ម៉ា បានធ្វើការដោះលែងលោកស្រី អង់ សានស៊ូជី ដោះលែងអ្នកទោសនយោបាយ។ ដូច្នេះហើយ ប៉ុន្តែទណ្ឌកម្មសេដ្ឋកិច្ចមិនទាន់បាន លើកលែងទាំងស្រុងទេ។ បែបនេះប្រទេសមីយ៉ាន់ម៉ា កំពុងតែខិតខំតទៅទៀត ពីព្រោះគេបានឲ្យថា សំខាន់ គេនឹងរង់ចាំការបោះឆ្នោតនៅពេលខាងមុខនេះ»។
លោក យូ ថេនសេន កំពុងបំពេញទស្សនកិច្ចប្រទេសកម្ពុជារយៈពេលពីរថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី២១ ហើយលោកគ្រោងនឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី២២ ស្អែកនេះ។ នៅក្នុងដំណើរទស្សនកិច្ចលោក យូ ថេនសេន លោកបានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនៅឯព្រះបរមរាជវាំង និងជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ខៀវ កាញ៉ារិទ្ធ បានមានប្រសាសន៍ទៀតថាប្រទេសភូមា បានស្មើសុំមន្ត្រីជាន់ខ្ពស់ពីប្រទេសកម្ពុជាចំនួនពីររូប និងមន្ត្រីសមាជិកបណ្តាប្រទេសអាស៊ានផ្សេងទៀតទៅសង្កេតមើលការបោះឆ្នោតនៅប្រទេសភូមា។
ប្រទេសភូមាគ្រោងនឹងរៀបចំការបោះឆ្នោតពិសេសនៅក្នុងខែមេសាឆ្នាំ២០១៣។
លោក ស៊ុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រខាងគណបក្សប្រឆាំងបាននិយាយថា ការកែទម្រង់ក្នុងប្រទេសភូមា គឺជាហេតុការណ៍មួយខុសពីធម្មតាដែលពីមុនប្រទេសនេះ ធ្លាប់ប្រើកម្លាំងយោធារបបផ្តាច់ការមកផ្លាស់ប្តូរនយោបាយតាមបែបលទ្ធិប្រជាធិបតេយ្យ។ លោកបានមានប្រសាសន៍ថា មេដឹកនាំកម្ពុជាអាចនឹងទទួលយកភាពប្រែប្រួលក្នុងប្រទេសភូមាដើម្បីយកមកអនុវត្តក្នុងប្រទេសកម្ពុជាផងដែរ។
«ពីព្រោះប្រទេសកម្ពុជាហាក់បីជាធ្វើចលនាផ្ទុយពីហេតុការណ៍ដែលកើតឡើងក្នុងប្រទេសភូមា ដោយការគ្រប់គ្រងប្រទេសរបស់យើងហ្នឹងកាន់តែមានភាពតឹងតែងទៅ។ មានការគំរាមកំហែងដល់សិទ្ធិនៃការបញ្ចេញមតិហើយតួនាទីគណបក្សប្រឆាំងក៏ត្រូវបានគាបសង្កត់ធ្ងន់ធ្ងរហើយដែលកំពុងទទួលការចោទប្រកាន់និងរិះគន់ពីប្រជាពលរដ្ឋក៏ដូចជាអន្តរជាតិផងដែរ»។
លោក ឈៀង វណ្ណារិទ្ធ នាយកវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាពបាននិយាយថាគ្រប់នយោបាយអន្តរជាតិកម្ពុជាបានគាំទ្រយ៉ាងច្រើនដល់ប្រទេសភូមា។ លោកបាននិយាយថា នៅក្នុងបណ្តាប្រទេសអាស៊ាន ភូមា បានទុកចិត្តប្រទេសកម្ពុជា ជាងបណ្តាប្រទេសណាៗ ទាំងអស់។
«ជាការណ៍ល្អមួយដែរកម្ពុជាយើង និងភូមា មានភាពស្អិតរមួតផ្នែកនយោបាយ និងយុទ្ធសាស្ត្រជាមួយគ្នា។ និយាយចំៗ យើងសំឡឹងទៅមើលអនាគតវែងឆ្ងាយទាំងអស់គ្នា»។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក យូ ថេនសេន នេះ លោកក៏បានសុំយាងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាឲ្យទៅបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេសភូមា នាពេលខាងមុននេះ៕