ព្រះសង្ឃព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទប្រមាណ២៥០នាក់ បានដង្ហែធម្មយាត្រាទៅកាន់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនៅថ្ងៃអង្គារនេះ ដើម្បីបួងសួងសុំយុត្តិធម៌ និងសន្តិភាពសម្រាប់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។
ព្រះសង្ឃប្រមាណ២០០អង្គ មកពីប្រទេសជប៉ុន ភូមា ថៃ និងពុទ្ធបរិស័ទ ប្រមាណ៥០នាក់បានដង្ហែធម្មយាត្រាចេញពីមជ្ឈមណ្ឌលចតុទិសសង្គហ ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
វាលពិឃាតជើងឯកគឺជាសារមន្ទីរដ៏ធំមួយនៅភាគនិរតីនៃទីក្រុងភ្នំពេញ។ វាលពិឃាតនោះជាទីតាំងសម្លាប់បុរស ស្ត្រី និងកុមារប្រមាណ១៧.០០០នាក់ ដែលត្រូវបានបញ្ចូនចេញពីមន្ទីរស-២១ ដោយពួកខ្មែរក្រហម។ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកគឺនៅតែជាកន្លែងគួរឱ្យស្អប់ខ្ពើម និងទុក្ខសោកដោយមានស្តូបតម្កល់លលាដ៍ក្បាលជនរងគ្រោះនៃរបបខ្មែរក្រហមជាង៨.០០០នាក់ ដែលដាក់តម្រៀបតាមអាយុ និងភេទ។ នៅជុំវិញស្តូបដែលត្រូវបានសង់សម្រាប់សម្តែងទុក្ខចំពោះអ្នកស្លាប់ និងគោរពវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ទាំងនោះ ក៏មានរណ្តៅសាសពជាច្រើនផងដែរ។
ធម្មយាត្រានេះបានធ្វើឡើងខណៈដែលសាលាក្តីខ្មែរក្រហមគ្រោងនឹងបើកសវនាការបឋមលើសំណុំរឿងលេខ០០២ ដែលពាក់ព័ន្ធនួន ជា អតីតប្រធានរដ្ឋសភាខ្មែរក្រហម ខៀវ សំផន អតីតប្រធានរដ្ឋខ្មែរក្រហម អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម និងអៀង ធីរី អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចខ្មែរក្រហមនៅចុងខែមិថុនានេះ។
លោកសឹង គា ប្រធានចតុទិសសង្គហកម្ពុជា បានថ្លែងថា ធម្មយាត្រាមកកាន់បូជនីយដ្ឋានជើងឯកនេះរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់នៅក្នុងរបបខ្មែរក្រហម និងអ្នកស្លាប់ដោយសារសង្គ្រាម គ្រោះធម្មជាតិ ការសម្លាប់នៅជុំវិញពិភពលោក។ លោកសឹង គា បានបញ្ជាក់ថា ព្រះសង្ឃ និងពុទ្ធបរិស័ទបានធ្វើសមាធិ សូត្រធម៌ និងបួងសួង ដើម្បីយុត្តិធម៌ និងសន្តិភាពសម្រាប់ប្រជាពលរដ្ឋខ្មែរដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម។ លោកបានប្រាប់វីអូអេខ្មែរថា៖
«យើងធ្វើតាមការសម្តែងព្រះធម៌ ធ្វើយ៉ាងណាឱ្យយើងមានយុត្តិធម៌ ដើម្បីឱ្យមានភាពស្ងាប់ស្ងាត់ ទាំងអ្នករស់នៅនឹងទទួលបានយុត្តិធម៌ពីការកាត់ក្តីខ្មែរក្រហម និងសូមឱ្យអ្នកដែលស្លាប់ទៅបានស្ងប់ចិត្តពីការកាត់ទោសខ្មែរក្រហម»។
ព្រះតេជគុណ ប្រាក់ សារ៉េត គង់នៅវត្តឧណ្ណាលោម បានមានសង្ឃដីកាថា ការធ្វើធម្មយាត្រានេះ មានគោលបំណងឧទ្ទិសផល្លានិសង្ឃជូនចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់នៅក្នុងជំនាន់ខ្មែរក្រហម។
ព្រះតេជគុណ ប្រាក់ សារ៉េត បានបញ្ជាក់ថា ការកាត់ទោសមេដឹកនាំខ្មែរក្រហម តាមរយៈតុលាការដែល កំពុងតែធ្វើការវិនិច្ឆ័យ ដើម្បីរកឱ្យឃើញស ខ្មៅ ឬដើម្បីបញ្ជាក់ថា អ្នកដែលបានធ្វើអំពើអាក្រក់ហើយ មិនអាចគេចរួចអំពីចំណងនៃច្បាប់បានឡើយ។
«សម័យនោះមនុស្សប្រមាណ២០.០០០នាក់ត្រូវបានសម្លាប់នៅវាលពិឃាតជើងឯក។ ចំណុចសំខាន់ ដែលព្រះសង្ឃធ្វើធម្មយាត្រាមកកាន់កន្លែងវាលជើងឯកនេះសំខាន់ណាស់ក្នុងគោលបំណង ដើម្បីឧទ្ទិសផល្លានិសង្ឃជូនដល់អ្នក ដែលបានស្លាប់ទៅក្នុងជំនាន់ប៉ុល ពត ទូទាំងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោកដែរ»។
របបខ្មែរក្រហម ត្រូវបានបន្ទោសចំពោះការសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិត២.០០០.០០០នាក់ រវាងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយវិធីបង្អត់ចំណីអាហារ ការបង្ខំឱ្យធ្វើធ្ងន់ហួសកម្លាំង ការប្រហារជីវិត ដោយគ្មានការជំនុំជម្រះ និងជំងឺជាដើម៕