បងធំទីពីរនៃសម័យខ្មែរក្រហម លោកនួន ជា បានសម្តែងការខឹងសម្បាចំពោះសាលាក្តីខ្មែរក្រហមនៅថ្ងៃច័ន្ទនេះនៅពេលដែលរូបគាត់ត្រូវនាំខ្លួនយកមកកាត់ទោស។
ថ្លែងនៅចំពោះមុខអង្គចៅក្រមចំនួនប្រាំរូបនៃអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមនៅជាយទីក្រុងភ្នំពេញ នួន ជា ពាក់មួកគ្របក្បាល និងវ៉ែនតាខ្មៅ បានអានសំណេរមួយ បានសម្តែងការគោរពចំពោះមុខប្រជាពលរដ្ឋកម្ពុជា។ ក៏ប៉ុន្តែលោកមិនបានបង្ហាញអំពីហេតុផល ចំពោះការមិនសប្បាយ ចិត្តរបស់លោកនោះទេ។
«ជាបឋម ខ្ញុំបាទសូមគោរពលោកប្រធានតុលាការ ពិសេសលោកស្រី បងប្អូនរួមជាតិក្នុងទីនេះ បងប្អូនរួមជាតិទូទាំងប្រទេសនិងក្រៅប្រទេសដោយមេត្រី។ ខ្ញុំ មិនសប្បាយចិត្ត ចំពោះសវនាការនេះ ហើយខ្ញុំ ប្រគល់ភារៈនេះជូនមេធាវីរបស់ខ្ញុំ ដើម្បីពន្យល់ពីហេតុផល»។
អតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបួននាក់ នៅក្នុងនោះ មាន នួន ជាអតីតប្រធានសភាខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី រដ្ឋមន្រ្តីក្រសួងការបរទេស និងអៀង ធីរិទ្ធ ប្រពន្ធរបស់គាត់និងជាអតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។
ជនជាប់ចោទទាំងបួននាក់ នៅក្នុងសំណុំរឿង០០២នេះ ត្រូវនាំខ្លួនចូលសវនាការបឋមនៅថ្ងៃនេះក្រោមការចោទប្រកាន់អំពីឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ ទាក់ទងទៅនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាអស់ជិតពីរលាននាក់ នៅចន្លោះឆ្នាំ១៩៧៥ និង ឆ្នាំ១៩៧៩ គឺជារយៈពេលដែលពួកគេកាន់កាប់អំណាច។
មេធាវីបរទេសរបស់នួន ជា គឺលោក ម៉ាយឃើល ផេសមែន (Michael Pesttman) ថ្លែងប្រាប់តុលាការថា កូនក្តីរបស់ខ្លួនមិនសប្បាយចិត្តទេដោយសារតែការស៊ើបអង្កេតរបស់ក្រុមចៅក្រមបានធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិរបស់គាត់។
មួយវិញទៀត ក្រុមចៅក្រម មិនបានកោះហៅ សាក្សីចំនួនជាង៣០០នាក់ ដែលក្រុមមេធាវីបានស្នើឲ្យយកមកបកស្រាយនៅក្នុងសវនាការបឋមនេះទេ។
លោកម៉ាយឃើល ផេសមែន បានថ្លែងតាមរយៈអ្នកបកប្រែភាសាថា កូនក្តីរបស់លោកមិនត្រូវបានផ្តល់ឱកាសឲ្យធ្វើការបកស្រាយនូវអ្វី ដែលគាត់ចង់និយាយនោះទេ។ ហើយលោកបានទាមទារឲ្យតុលាការបោះបង់ចោលនូវសំណុំរឿងរបស់លោកនួន ជា។
«ដូចដែលបានលើកឡើង ការស៊ើបអង្កេត គឺមិនមានយុត្តិធម៌។ ដូច្នេះហើយសំណុំរឿងរបស់លោក នួន ជា មិនគួរត្រូវបានគេយកមកជំនុំជម្រះនោះទេ»។
សវនាការចំនួនបួនថ្ងៃ នៅពេលនេះ នឹងជជែកអំពីអញ្ញត្រកម្មផ្សេងៗ នៅក្នុងនោះនិងមានការជជែក អំពីការកាត់ទោសពីរដងទៅលើអៀង សារី ការលើកលែងទោសទៅលើអៀង សារី និងការចូលរួមរបស់សាក្សីជាដើម។
នួន ជា បានចាកចេញពីបន្ទប់សវនាការដោយបញ្ហាសុខភាព ហើយបន្ទាប់មកអៀង ធីរិទ្ធ ក៏បានចាកចេញទៅបន្ទប់ឃុំឃាំងដែរ ដោយសារតែមូលហេតុដូចគ្នានេះ។
ផ្ទុយទៅវិញ មេធាវីរបស់ខៀវ សំផន បានស្នើឲ្យក្រុមចៅក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដោះលែងកូនក្តីរបស់ខ្លួនទៅកាន់បន្ទប់រង់ចាំ ឬក៏ទៅកាន់បន្ទប់ឃុំឃាំង។ ក៏ប៉ុន្តែប្រធានអង្គជំនុំជម្រះលោកចៅក្រម និល ណុន បានទាត់ចោលសំណើនោះ ដោយសំអាងថា លោកខៀវ សំផន មិនមានលក្ខណៈគ្រប់គ្រាន់ ដែលគួរត្រូវចាកចេញពីបន្ទប់សវនាការនោះទេ៕