នៅថ្ងៃព្រហស្បតិ៍នេះតុលាការក្រុងភ្នំពេញបានកាត់ទោសវិស្វករកំព្យូទ័រជនជាតិអង់គ្លេសម្នាក់ឱ្យជាប់ពន្ធនាគារចំនួនប្រាំពីរឆ្នាំពីបទចំណាយប្រាក់ទិញក្មេងស្រីមិនទាន់គ្រប់អាយុចំនួន២នាក់យកមករួមភេទដែលច្បាប់របស់ប្រទេសកម្ពុជាបានហាមឃាត់ដាច់ខាត។
ប៉ូលីសបានចាប់ខ្លួនលោកម៉ាធ្យូ ហាឡែន(Matthew Harland) អាយុ៣៨ឆ្នាំនៅក្នុងទីក្រុងភ្នំពេញកាលពីខែឧសភាបន្ទាប់ពីទិញក្មេងស្រីពីរនាក់អាយុ១១ឆ្នាំនិងអាយុ១២ឆ្នាំសម្រាប់រួមភេទនៅក្នុងឆ្នាំ២០០៦។
លោកចៅក្រមកោ វណ្ណឌី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញបានអានសាលក្រមថាតុលាការបានសម្រេចដាក់ពន្ធនាគារជនជាប់ចោទម៉ាធ្យូ ហាឡែនឱ្យជាប់ពន្ធនាគារចំនួនប្រាំពីរឆ្នាំអំពីបទទិញក្មេងស្រីមិនទាន់គ្រប់អាយុយកមករួមភេទនិងបានបញ្ជាឱ្យជនជាប់ចោទបង់ប្រាក់សំណងដល់ជនរងគ្រោះម្នាក់ៗចំនួនមួយលានរៀលស្មើនឹង២៥០ដុល្លារអាមេរិក។
លោកគង់ រ៉ានី មេធាវីជនជាប់ចោទបានបញ្ជាក់យ៉ាងដូច្នេះថា៖
«យើងថាវាអយុត្តិធម៌ ឬ យុត្តិធម៌យើងមិនហ៊ានថាពីព្រោះតុលាការសម្រេចសេចក្តីដោយមានការយល់ឃើញនិងសំអាងលើភស្តុតាងរបស់គាត់។ ប៉ុន្តែអ្វីដែលកូនក្តីរបស់ខ្ញុំមិនអស់ចិត្តហ្នឹងដោយសារភស្តុតាងចោទប្រកាន់មកលើគាត់តិចពេក»។
លោកនួន ផានីត មេធាវីជនរងគ្រោះបានថ្លែងថាសេចក្តីសម្រេចនេះបានផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោកហើយប៉ុន្តែលោកមិនពេញចិត្តចំពោះតុលាការដែលមិនបានសម្រេចបណ្តេញជនជាប់ចោទចេញពីកម្ពុជា។
«ខ្ញុំអាចទទួលយកសេចក្តីសម្រេចនេះបាន។ ខ្ញុំពេញចិត្តចំនួននៃការកាត់ទោសរយៈពេលប្រាំពីរឆ្នាំនេះ។ ប៉ុន្តែពាក់ព័ន្ធទៅនឹងទោសបន្ថែមដែលគាត់ (ចៅក្រម) មិនបានប្រើឆន្ទានុសិទ្ធិរបស់គាត់តាមបញ្ញត្តិច្បាប់ចែងស្តីពីការដាក់ទោសបន្ថែមបណ្តេញគាត់ (ជនជាប់ចោទ) ចេញពីកម្ពុជា។ ខ្ញុំមិនយល់ស្របលើចំណុចហ្នឹង។ការមិនបានបណ្តេញគាត់ចេញពីកម្ពុជាហ្នឹងខ្ញុំយល់ថាវាធ្វើឱ្យកំណើនរបស់ជនល្មើសកាន់តែមានវត្តមានច្រើននៅកម្ពុជាដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ជនរងគ្រោះហើយយើងមានការបារម្ភមួយទៀតខ្លាចជនល្មើសហ្នឹងមានការគុំគួននិងអាចប្រព្រឹត្តបទល្មើសបន្ថែមទៀត»។
របាយការណ៍របស់អង្គការសកម្មភាពដើម្បីកុមារបានបញ្ជាក់ថាមានជនបរទេសចំនួន១០៦នាក់ត្រូវបានជាប់ពន្ធនាគារអំពីបទរួមភេទជាមួយកូនក្មេងជាង៣៤០នាក់រវាងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០។ នៅក្នុងឆ្នាំ២០១០ មានជនបរទេសចំនួន១៨នាក់និងនៅដើមឆ្នាំ២០១១នេះមានជនបរទេសចំនួនប្រាំមួយនាក់ត្រូវបានជាប់ទោសពីការរួមភេទជាមួយកូនក្មេង។
លោកសំនៀង សីលា នាយកប្រតិបត្តិនៃអង្គការសកម្មភាពដើម្បីកុមារបានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ូលីសបានខិតខំធ្វើការស៊ើបអង្កេតនិងចាប់ជនល្មើសផ្លូវភេទបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស។
«អង្គការក៏នៅតែមានការព្រួយបារម្ភចំពោះបញ្ហាទេសចរណ៍ផ្លូវភេទនេះដែរ។ យើងត្រូវតែបង្កើនការស៊ើបអង្កេតនិងការអនុវត្តច្បាប់ឱ្យបានតឹងរឹងដើម្បីនាំជនប្រព្រឹត្តល្មើសទាំងអស់នោះទៅផ្តន្ទាទោស»។
ប្រទេសកម្ពុជាបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរួមភេទជាមួយកូនក្មេងនៅក្នុងឆ្នាំ២០០៣ដើម្បីព្យាយាមលុបលាងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាថាជាជម្រករបស់ពួកមនុស្សស្រេកឃ្លានខាងផ្លូវភេទ។ ចាប់តាំងពីពេលនោះមក ជនបរទេសច្រើនរាប់សិបនាក់ត្រូវបានចាប់ដាក់ពន្ធនាគារចំពោះការប្រព្រឹត្តិ ឧក្រិដ្ឋកម្មផ្លូវភេទជាមួយក្មេងមិនទាន់គ្រប់អាយុឬក៏បានបណ្តេញចេញឱ្យទៅប្រឈមនឹងការកាត់ទោសនៅក្នុងប្រទេសកំណើតរបស់ពួកគេ៕