ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ចក្រភពអង់គ្លេស British Airways ដែលជាអ្នកប្រើប្រាស់យន្តហោះប្រភេទ Boeing 747 ច្រើនជាងគេក្នុងប្រតិបត្តិការរបស់ខ្លួន និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងឈប់ប្រើប្រាស់យន្តហោះខ្នាតយក្សនេះរបស់ខ្លួនទៀតហើយ។
វិធានការចុងក្រោយនេះជាលទ្ធផលនៃការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនអ្នកធ្វើដំណើរដោយសាររដ្ឋាភិបាលនានាបានរឹតត្បិតការធ្វើដំណើរដើម្បីទប់ស្កាត់ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
ដំបូងឡើយអាកាសចរណ៍អង់គ្លេសនេះគ្រោងនឹងបញ្ឈប់យន្តហោះប្រភេទ Boeing 747 នេះនៅឆ្នាំ២០២៤ ដោយជំនួសវានឹងយន្តហោះផ្សេងដែលប្រើសាំងតិចជាង ប៉ុន្តែវិបត្តិជំងឺកូវីដ១៩ បានពន្លឿនការបញ្ឈប់នេះ។
វិបត្តិជំងឺរាតត្បាតនេះក៏បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ទូទាំងពិភពលោកដោយសារការបន្តការរឹតត្បិតធ្វើដំណើរ៕