អត្រា​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ធ្លាក់​ចុះ

អ្នកស្រី​ ស៊ឹម​ អាក់ វ័យ​២៩ និង​កូន​ប្រុសពីរនាក់​ ដែលមានអាយុ ៥ខែ និង​៥ឆ្នាំ នៅភូមិ​ស្នៀង​ ឃុំ​​ស្វាយ​តាយាន​ ខេត្ត​ស្វាយរៀង នៅថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០១៩។ (ខាន់​ សុគុំមនោ​/VOA)

កាល​ពី​​ឆ្នាំ​២០១០​ កម្ពុជា​ធ្លាប់​ជា​ប្រទេស​ដែលមានអត្រានៃ​ការបំបៅ​កូន​ដោយ​ទឹកដោះម្តាយ​ខ្ពស់។ ៧៤%​ នៃ​ទារក​ក្រោម​អាយុ​៦ខែ​បាន​បៅ​ទឹកដោះម្តាយ។ ប៉ុន្តែ​៤​ឆ្នាំ​ក្រោយ​មក​ នៅឆ្នាំ​២០១៤ អត្រានេះ​ធ្លាក់ចុះ​ មកត្រឹម​ ​៦៥%។

​ខេត្ត​ស្វាយរៀង -- កាលពី​អ្នកស្រី ស៊ឹម​ អាក់​ ​មានកូន​លើក​ដំបូង​ ​អ្នកស្រី​ពុំ​បាន​គិត​ថា​ កន្លែង​ធ្វើការគួរ​មានបន្ទប់​មើលថែ​ទារក​មួយ ​ដែល​អ្នកស្រី​អាច​យក​កូន​ទៅ​តាម​ខ្លួន​ ដើម្បីមើល​ថែ និង​អាច​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ខ្លួន​ផ្ទាល់​នោះ​ទេ។​

ប៉ុន្តែ​ឥឡូវ​នេះ ​អ្នកស្រី​គិត​ថា​ ប្រសិន​ជា​មាន​ទារកដ្ឋាន​នៅ​តាម​កន្លែងធ្វើការ​ «វា​ជា​រឿង​ល្អ»​ សម្រាប់​អ្នកស្រី និង​ស្ត្រី​ជា​ម្តាយ​ជា​ច្រើន​នាក់​ទៀត​ដែល​កំពុង​ធ្វើការ​នៅ​តាម​រោងចក្រ​ និង​ក្រុមហ៊ុន​នានា។​

សម្រាប់​អ្នកស្រី​ វាជា​រឿង​ល្អ​ត្រង់​ថា​ កាល​ពី​ពេល​មាន​កូន​លើក​ដំបូង​នៅ​ប្រាំ​ឆ្នាំ​មុន​ អ្នកស្រី​បាន​ឈប់​ធ្វើការ​ពេញ​មួយឆ្នាំ។​

ពេល​នេះ អ្នកស្រី​ ស៊ឹម​ អាក់​ មាន​វ័យ​២៩ឆ្នាំ​ ជា​ម្តាយ​ដែល​ទើប​សម្រាល​កូន​បាន​ប្រាំ​ខែ។ អ្នកស្រី​ត្រូវ​ជួយ​រក​ចំណូល​គ្រួសារ។ អ្នកស្រី​ធ្វើការ​នៅ​ក្នុងរោង​ចក្រ​ You Li International Factory នៅ​ទីក្រុង​បាវិត​ ខេត្ត​ស្វាយរៀង។

អ្នកស្រីបាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​ «បើ​មាន​មែន​ ស្នើ​សុំ​មែន​ហ្នឹង។ ឲ្យ​មាន​កន្លែង​ដែល មាន​កូន​ថែទាំ​នៅ​ក្បែរ​ខ្លួន​យើង​ធ្វើការ​ទៅ​រឹត​ល្អ​ហើយ»។

ក្រោយ​ពេលអ្នកស្រី ស៊ឹម អាក់​ សម្រាល​កូនប្រុស​ទី​ពីរ​ទើប​តែ​បាន​ជិត​បី​ខែ​ អ្នកស្រីតែង​តែ​ទទួល​ទូរស័ព្ទ​ជា​ញឹក​ញយ​ពី​អ្នក​លើ​បង្គាប់។​ អ្នកស្រី​ថា​ ទូរស័ព្ទ​ទាំង​នេះ​ជា​សញ្ញា​ដែល​គេ​តម្រូវ​ឲ្យ​អ្នកស្រី​ប្រញ៉ាប់​ចូល​ធ្វើ​ការ​វិញ​ បើ​មិន​ដូច្នោះ​ទេ​អ្នកស្រី​អាចប្រឈម​មុខ​នឹង​ការ​បាត់បង់​ការងារ។​

អ្នកស្រី​ ស៊ឹម ឡាត់ វ័យ​ ៤០ឆ្នាំ និង​ក្មួយ​ប្រុស​ អាយុ​៥ខែ​ ដែល​អ្នកស្រីត្រូវ​ជួយមើល​ថែ​ជំនួសម្តាយ របស់​គេ​ ដែល​ត្រូវ​ទៅធ្វើការ។ នៅភូមិ​ស្នៀង​ ឃុំស្វាយតាយាន​ ខេត្ត​ស្វាយរៀង នៅថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០១៩។ (ខាន់​ សុគុំមនោ​/VOA)

ការងារ​ពេញ​ម៉ោង​អ្នកស្រី​មាន​ន័យថា ​កូន​ប្រុស​អ្នកស្រី ឈ្មោះ​ ហាំ យ៉ា​ឧត្តម​ ដែល​ជា​ទារកអាយុ​ជាង​៥ខែ​ ត្រូវ​ប្តូរ​របប​អាហារ​ពី​ទឹកដោះម្តាយ ទៅ​បៅ​ម្សៅ​ទឹកដោះគោ​ ​ចាប់​តាំង​ពី​ពេលឧត្តម​ មាន​អាយុបី​ខែ​នៅ​ឡើយ។​ ពេល​យប់​ ​ឧត្តម​បៅ​ទឹក​ដោះ​ម្តាយ​វិញ។ ថ្ងៃណាដែល​ម្តាយ​របស់គេ​ត្រូវ​ធ្វើការ​លើស​ម៉ោង​នោះ ​ទឹកដោះ​ម្តាយ​នឹង​មិនសូវ​ចេញ​ឬ​អាច​មិនចេញ​តែ​ម្តង។ ​ ឥឡូវ​នេះ​ សមាជិក​គ្រួសារគ្រប់គ្នា​នៅក្នុង​ផ្ទះរបស់​ ស៊ឹម អាក់​ ត្រូវ​ដឹង​ពី​របៀប​លាយ​ម្សៅ​ទឹក​ដោះគោ​សម្រាប់​ទារក​ជាមួយ​នឹង​ទឹក​ដាំ​ពុះ​ ឬ​ទឹក​បរិសុទ្ធ​ ហើយត្រូវបន្ស៊ាំ​ទម្លាប់​របស់​ឧត្តម ពី​ការ​បៅដោះម្តាយ​មក​ជា​ការ​បៅ​ដោយ​ក្បាល​ដប​ទឹកដោះ​គោ។ ឧត្តម​ ជា​ទារក​ដែល​ មាន​ទឹក​មុខ​រីករាយ​ លើក​លែង​តែ​ពេល​ដែល​គាត់​ភ្ញាក់​ឡើង ហើយមិន​ឃើញ​មនុស្ស​ពេញវ័យ​នៅ​ក្បែរ​ ដើម្បី​ពរ​គាត់​ដើរ​លេង​ជុំវិញ​ផ្ទះ​ឬ​តាម​ភូមិ។​

បើ​ទោះ​បី​ជា​អ្នកស្រី ស៊ឹម​ អាក់​ និង​ម្តាយ​ដទៃ​ទៀត​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ចង់​បំបៅ​កូន​ដោយ​ទឹក​ដោះ​ឲ្យ​បាន​ពេញ​លេញ​និង​តែ​មួយ​មុខ​គត់​ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង ដូច​អ្វី​ដែល​ក្រុមគ្រូ​ពេទ្យ​បាន​ឲ្យ​ដំបូន្មាន ពួក​គេ​មិន​ដឹងថា​ តើ​ពួកគេ​ត្រូវ​លើក​យក​បញ្ហា​នេះ​ទៅជជែក​យ៉ាង​ណា​ជា​មួយ​ប្រធាន​ក្រុម​ហ៊ុន​របស់​ពួកគេ​នោះ​ទេ។​

ការ​ផ្លាស់ប្តូរ​ដែល​គួរ​ឲ្យ​បារម្ភ

ករណី​ឧត្តម​នៅ​ពេលម្តាយ​របស់​គេ​ត្រឡប់​ទៅ​ធ្វើការ​វិញ ជា​ឧទាហរណ៍​មួយ​ពន្យល់ពី​មូលហេតុ​ដែល​អត្រា​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​ កំពុង​ធ្លាក់​ចុះ​នៅ​កម្ពុជា​ដែល​ជា​ការ​ផ្លាស់ប្តូរ​មួយ​ធ្វើ​ឱ្យ​អ្នក​ជំនាញលើ​ការ​រីក​ធំធាត់​របស់​កុមារ​មាន​ការ​ព្រួយ​បារម្ភ។​

កាល​ពីឆ្នាំ​២០១០​ កម្ពុជា​ធ្លាប់​ជា​ប្រទេស​ដែលមានអត្រានៃ​ការបំបៅ​កូន​ដោយ​ទឹកដោះម្តាយ​ខ្ពស់។ ៧៤%​ នៃ​ទារក​ក្រោម​អាយុ​៦ខែ​បាន​បៅ​ទឹកដោះម្តាយ។ ប៉ុន្តែ​៤​ឆ្នាំ​ក្រោយ​មក​ នៅឆ្នាំ​២០១៤ អត្រានេះ​ធ្លាក់ចុះ​ មកត្រឹម​ ​៦៥%។ ការធ្លាក់​ចុះ​នៃ​ការ​បំបៅ​ទារក​ក្រោម​អាយុ​៦ខែ​ដោយទឹកដោះ​ម្តាយ​ នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណថា​នៅតែ​បន្ត​មក​ទល់សព្វថ្ងៃ ​នេះ​បើ​ទោះ​ទិន្នន័យ​ចុង​ក្រោយមិនទាន់​បង្ហាញ​ជាសាធារណៈ​ក៏ដោយ។ នេះ​បើយោងតាម​ លោក​ស្រី Cristian Munduate ប្រធាន​អង្គការ UNICEF ប្រចាំ​នៅ​កម្ពុជា​ដែល​តាមដាន​ការ​ធំធាត់​របស់​កុមារ។​ លោកស្រី​ថា​ «វា​គឺ​ជា​ការ​ធ្លាក់​ចុះ​យ៉ាងខ្លាំង»។

អ្នកស្រី ​Cristian Munduate នាយិកាអង្គការយូនីសេហ្វ​ប្រចាំ​ប្រទេសកម្ពុជា​ នៅ​ការិយាល័យ​ របស់​អ្នកស្រី​ នៅ​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ២០១៩។ (ខាន់​ សុគុំមនោ​/VOA)

លោកស្រី Cristian Munduate​ មាន​ប្រសាសន៍ថា៖ «គ្រួសារ​ទាំងអស់ គួរតែ​ដឹង​អំពី​សារៈ​សំខាន់​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក្នុង​អំឡុង​ពេល​ ៦​ខែ​ដំបូង​នៃ​ជីវិត​របស់​ពួកគេ»។​

អ្នកស្រី​បន្ថែមទៀតថា​៖ ​ «នៅ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា ដែល​និយម​ចូលចិត្ត​ឱសថ​បែប​ធម្មជាតិ និង​មិន​ងាយ​ចង់ប្រើប្រាស់​ផលិតផល​គីមី និង​ផលិតផល​បែបកែច្នៃ​នោះ​ទេ ​ការ​បំបៅកូន​ដោយ​ទឹក​ដោះ​ម្តាយ​នេះគឺ​ជា​ដំណើរការ​ដែល​ផ្តល់​ឱ្យ​ទារក​នូវផលិតផល​មិន​មែន​គីមី។ ដូច្នេះ​ ការ​ ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​គឺល្អ​ ព្រោះ​វាជា​វ៉ាក់សាំង​ធម្មជាតិ​ដំបូង​ដែល​កូនទទួល​បាន»។

របាយ​ការណ៍​របស់អង្គការ​ UNICEF​ បង្ហាញថា ការ​អនុវត្ត​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ឲ្យបាន​ត្រឹម​ត្រូវ អាច​ការពារកុមារប្រមាណ ៨២៣.០០០ នាក់​ឲ្យ​ជៀស​ផុត​ពី​ការស្លាប់ជា​រៀងរាល់​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក។

​បន្ថែម​លើ​នោះ​ទៀត​ ការបំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍសមត្ថភាព​នៃ​ការគិត​របស់​កុមារ​ ភាព​ជោគ​ជ័យ​ក្នុងការ​សិក្សា​ និង​សក្តានុពល​នៃ​សមត្ថភាព​ការងារ​ បង្កើន​ប្រាក់​ចំណូលនា​ពេល​អនាគត​របស់​ពួក​គេ។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ​នៅ​សហរដ្ឋ​អាមេរិក The Lancet ​ ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​ដែល​ទទួលបាន​ការគោរព​ជា​សាកល​។

សម្រាប់កម្ពុជា​ កាលណាអត្រានៃ​ការបំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ធ្លាក់ចុះ​ នោះ​កម្ពុជា​នឹងត្រូវ​ចាយ​អស់​ប្រាក់​បន្ថែម​ ១លាន​ដុល្លារ​ប្រចាំ​ឆ្នាំ​ ទៅលើការ​ព្យាបាល​កុមារដែលមានជំងឺ​រាគ​រូស​ និង​ជំងឺរលាក​ទងសួត និង​ម្តាយ​ដែលប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ ប្រភេទ​ទី២។ នេះ​ជា​ការ​ប៉ាន់ប្រមាណរបស់របាយការណ៍ Alive & Thrive ដែល​ស្រាវជ្រាវ​អំពី​ការ​ខាតបង់​នានា ក្រោម​ការឧបត្ថម្ភ​របស់​មូលនិធិ​ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ ដែលក្នុងនោះ​មាន​ Bill & Melinda Gates ​និង UNICEF។ ​កម្ពុជា​នឹង​ប្រឈម​នឹង​បញ្ហា​ទាំងនេះ​ បើ​កុមារ​ពុំ​បាន​បៅ​ទឹក​ដោះ​ម្តាយ​ត្រឹម​ត្រូវ។ ទស្សនាវដ្តី​វេជ្ជសាស្ត្រ The Lancet បញ្ជាក់ទៀតថា ការទទួលបាន​ទឹកម្តាយ​ត្រឹម​ត្រូវ វា​នឹង​អាចលុប​បំបាត់​បញ្ហា​ជំងឺ​ទាំងបី​ខាងលើ​ចំពោះ​កុមារ និង​ម្តាយ។​

របាយការណ៍​នេះ​បន្ថែម​ទៀត​ថា​ កម្ពុជានឹងខាតបង់​ទឹកប្រាក់ចំនួន ៨៣​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដោយសារ​ការ​បាត់​បង់​សមត្ថភាព​ខាង​បញ្ញា នា​ពេល​អនាគត​ ដែល​ពាក់ព័ន្ធ​នឹង​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​មិន​បាន​គ្រប់គ្រាន់។

ច្បាប់​គោលនយោបាយ​ និងការ​ពិត​ជាក់ស្តែង

មាន​កត្តា​ខ្លះ​ រួម​ចំណែក​ឱ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​ការបំបៅ​កូន​ដោយទឹកដោះ​ម្តាយ​នៅ​កម្ពុជា។ ការ​ខ្វះ​ការគាំទ្រពី​មនុស្ស​ជុំវិញខ្លួន​ និង​គោល​នយោបាយ​ធានា​ការ​បំបៅ​កូន​ដោយទឹកដោះ​ និង​ការ​លំបាកក្នុង​ការ​បំបៅកូន​ដោយ​ផ្ទាល់ស្រប​ពេល​ដែល​ត្រូវ​បំពេញ​ការងារ​រក​ចំណូល​ផង ព្រម​ទាំងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំងក្លា​ទាក់ទាញ​ឲ្យ​ប្រើប្រាស់​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​សម្រាប់​ចិញ្ចឹម​ទារក និង​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​ផ្សេងៗ​នេះ។​ បើ​យោង​តាម​អង្គការ​ UNICEF។​

​ស្ត្រី​កម្ពុជា​ចំនួន​ប្រមាណ ២,៤ ​លាននាក់​ ​ដែល​មាន​អាយុ​ចន្លោះ​ពី១៥ ទៅ​៣៤ឆ្នាំ ចូលរួម​ជាកម្លាំង​ពលកម្ម​នៅ​ក្នុងទីផ្សារ​ការងារ ហើយ​មួយ​ភាគ​បី​នៃ​ពួកគេ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ។ លោក​ស្រី​ Cristian Munduate លើក​ឡើង​ដែរ​ថា វា​ទាមទារ​ឲ្យ​មានច្បាប់​និង​យន្តការ​នានា​ដែល​អាចធានា​ដល់​ស្ត្រី​នូវ​ឱកាសបំបៅកូន​ដោយ​ទឹកដោះ។​

ប៉ុន្តែច្បាប់​ និង​ស្ថានភាព​សេដ្ឋកិច្ច​ជាក់ស្តែង​ ដែល​តម្រូវ​ឲ្យ​ស្ត្រី​ជា​ច្រើន​ចេញ​ទៅ​ធ្វើ​ការ​រក​ចំណូល នៅ​មិន​ទាន់​ដើរ​ស្រប​គ្នា​នៅ​ឡើយ។​

អ្នកស្រី​ ស៊ឹម អាក់ និង​ស្វាមី​ ភឹង​ ទិត្យា​ ដែល​ជា​អាជីវករ​ដុតនំប៉័ង​ នៅ​ភូមិព្រៃស្នៀង​ ឃុំស្វាយ​តាយាន​ មាន​កូន​ប្រុស​ពីរនាក់។ ​ ប្តី​ប្រពន្ធ​អ្នក​ទាំងពីរ​ ពឹង​ទៅ​លើ​បង​ស្រី​អ្នកស្រី​ ស៊ឹម អាក់ គឺអ្នកស្រី​ ស៊ឹម​ ឡាត់ អាយុ​ ៤០​ឆ្នាំ ដើម្បី​មើលថែ​កូន​របស់​ពួកគេ​ដែល​មាន​អាយុ​៥ឆ្នាំ​និង​៥ខែ។​

រោង​ចក្រដែល​អ្នកស្រី​ ស៊ឹម អាក់​ កំពុង​ធ្វើការ​អនុញ្ញាត​ឲ្យ​ស្រ្តី​កូនខ្ចី​ដែល​ចូលធ្វើការ​ក្រោយ​សម្រាល​កូន​ អាច​សម្រាក​មួយម៉ោង​ក្នុង​ មួយ​ថ្ងៃ ឬ​កន្លះ​ម៉ោង​ពេល​ព្រឹក​ និង​កន្លះ​ម៉ោង​ពេល​រសៀល​ ដើម្បី​ចេញ​មក​សម្រាក​ និង​បំបៅកូន​បាន​ ក្នុង​រយៈពេល​មួយ​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា​ អ្នកស្រី​ថា​គោលនយោបាយ​នេះ មិន​អាច​អនុវត្ត​បាន​ទេ​ចំពោះ​ការ​បំបៅ​ដោះ​កូន​ដោយសារ​ គ្រាន់​តែ​ការ​ធ្វើដំណើរ​ អ្នកស្រី​ត្រូវ​ចំណាយ​ពេល​លើស​កន្លះម៉ោង​ទៅហើយ ដោយ​ត្រូវជិះម៉ូតូ​លើ​ចំងាយ២០​គីឡូម៉ែត្រ ​ពី​រោងចក្រ​ទៅ​ផ្ទះ។ ​

ស្ត្រី​ដែល​ធ្វើការនៅ​រោង​ចក្រ​ ដូចអ្នកស្រី​ ស៊ឹម អាក់ ដែល​មិន​មាន​លទ្ធភាព​ពន្យា​រ​ការសម្រាក​លើស​របប​មាតុភាព​ គឺ​មិន​អាច​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ពេញ​ដល់​៦ខែ​ឡើយ។​

អ្នកស្រី​ ស៊ឹម អាក់ និយាយ​ថា៖ «សម័យ​ឥឡូវ​គេ​ធ្វើ​រោងចក្រ​ទាំងអស់។ ម្តាយ​គឺ​ទៅ​ចោល​កូន​ទាំងអស់​ភាគ​ច្រើន»។

នៅ​ផ្ទះ​មួយ​ ចម្ងាយ​ប្រហែល​មួយ​គីឡូ​ម៉ែត្រ​ ពី​គ្នា​នៅ​លើ​បណ្តោយ​ផ្លូវក្នុង​ភូមិ​ព្រៃ​ស្នៀង​នេះ ​អ្នកស្រី​ អ៊ុក សុខា​ វ័យ​៥៨​ ឆ្នាំ​ កំពុង​ច្រៀង​បំពេ​ចៅ​ប្រុស​អាយុ២ខែ​កន្លះ ដែល​គេង​នៅ​ក្នុង​អង្រឹង​ឬស្សី។​ ពេល​ចៅ​ប្រុស​យំ​ អ្នកស្រី​ ទាញ​ដប​ទឹក​ដោះគោ​ ដែល​ មាន​ទឹកគោ​ម្សៅ​លាយ​ស្រាប់​ជាមួយ​ទឹកសុទ្ធ យក​មក​បញ្ចុក​ចៅ​ឲ្យ​គេង។​ ​

អ្នកស្រី​ អ៊ុក សុខា​ វ័យ​ ៥៨ឆ្នាំ​ កំពុង​យោល​អង្រឹង​បំពេរ​ចៅ​ប្រុស​អាយុពីរ​ខែ​កន្លះ​ឲ្យគេង។ អ្នកស្រី​បាន​ឲ្យដឹងថា​ អ្នកស្រីចិញ្ចឹម​ចៅ​របស់អ្នកស្រី​ដោយបំបៅទឹកដោះគោ​ម្សៅ​ ដែល​ជាធម្មតា​ម្តាយ​របស់គេ​ចំណាយ​ប្រាក់អស់​ជាង​ ៨០ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​មួយខែ​។ ថត​នៅភូមិ​ស្នៀង​ ឃុំស្វាយ​តាយាន​ ខេត្ត​ស្វាយរៀង នៅថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០១៩។ (ខាន់​ សុគុំមនោ​/VOA)

រយៈ​ពេល​៨ឆ្នាំ​កន្លង​ទៅ​ អ្នកស្រី​បានមើល​ថែ​ចៅ​ចំនួន​ ១១នាក់ ជា​បន្ត​បន្ទាប់។ ចៅ​ទាំងអស់​ជា​កូនៗ​របស់​កូន​ស្រី​ ៥នាក់​ និង​កូនប្រុស​ម្នាក់​របស់​អ្នកស្រី។ ពួកគេ​បាន​ទិញ​ឧបករណ៍​កូន​ង៉ា​ជា​ឈុតៗ​និងផលិតផលម្សៅ​ទឹកដោះ​គោ​សម្រាប់​ទារក​ជា​កំប៉ុងៗ​មាន​ដបទឹក​ដោះ​គោ​ច្រើន​ដប​ និង​ទឹកសុទ្ធ​ទាំង​កេសៗ​ផងដែរ។

អ្នកស្រី សុខា​ បានឲ្យដឹងថា​៖ «ឲ្យ​គ្នា​បានចេញ​រក​ទៅវាធូរ។​ បើ​ថា​ យើង​មិនមើល​ឲ្យវា​ វា​ធ្វើ​អី​បាន រក​អី​បាន? ហើយ​បើ​ឲ្យអឹម​ (បៅ)​ ទឹកដោះ​ម្តាយ​ ម៉ែ​វាទៅ​ធ្វើការ​ម៉េច​រួច​អូន? ទាល់​តែ​អឹម​ទឹកដោះគោ​បាន​ បានទៅរួច បាន​បាន​លុយ​ចំណូល​ខ្លះ»។

អ្នកស្រី​បន្ត​ទៀត​ថា​ ចៅ​ប្រុស​អាយុ​ ២ខែ​កន្លះ​របស់​ អ្នកស្រី​បៅ​ទឹកដោះគោ​អស់​ ៥ដបតូចៗ​ ក្នុង​មួយ​ថ្ងៃ។

ជាទូទៅ​ គ្រួសារ​ដែល​ចិញ្ចឹមទារក​អាយុក្រោម​ ៦ខែ​ ចំណាយ​ទឹក​ដោះ​គោ​ម្សៅ​កំប៉ុង​តូច​ អស់​ប្រមាណ៧កំប៉ុង​ក្នុង​មួយ​ខែ។ ទឹក​ដោះគោ​មួយកំប៉ុង​មាន​តម្លៃ​ប្រហែល​១២ ដុល្លារ​សហរដ្ឋ​អាមេរិក​មាន​ន័យ​ថា​ ឪពុកម្តាយ​ត្រូវ​ចំណាយ​ជាង​ ៨៤ដុល្លា​ក្នុង​មួយ​ខែ ប្រសិន​បើ​របប​អាហារ​គេ​គឺ​ម្សៅ​ទឹកដោះ​គោ​សុទ្ធ​ នេះ​មិន​រាប់​បញ្ចូលតម្លៃ​ទឹក​សុទ្ធ។​

អ្នកស្រី​ សុខា​ កាលពី​អ្នកស្រី​ជាម្តាយវ័យក្មេង អ្នកស្រី​បំបៅ​កូនទាំង​អស់​ដោយ​ទឹកដោះ​ខ្លួនផ្ទាល់​នៅ​ឯ​តាម​វាលស្រែ។

ការ​លក់​ផលិត​ផលជំនួស​ទឹក​ដោះ​ម្តាយ​កើនឡើង

​ ​ផលិត​ផល​បង្កើតដើម្បី​ជំនួស​ទឹក​ដោះម្តាយ​ មាន​លក្ខណៈ​ជាសកល​ និងកំពុង​កើនឡើង។ ការ​រីក​លូត​លាស់​នៃផលិតផលប្រើជំនួសទឹកដោះម្តាយ​នៅក្នុង​ប្រទេសកំពុង​អភិវឌ្ឍ​ បានធ្វើ​ឲ្យ​កិច្ចខិតខំប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការបំបៅ​កូន​ដោយទឹកដោះម្តាយ ដើរថយក្រោយ​វិញ​ នេះ​បើតាម​យោងតាម​អង្គការ​ UNICEF។

ម្សៅ​ទឹក​ដោះ​គោ​ជំនួស​ទឹក​ដោះ​ម្តាយ​ជា​ច្រើនម៉ាក​ តាំងលក់នៅ​ក្នុង​ហាង​លក់ទំនិញ​នៅ​ទីរួម​ខេត្ត​ស្វាយ​រៀង​។ ម៉ោង​ជាង ៩យប់ នៅ​មាន​អ្នករក​ទិញ​ម្សៅទឹកដោះគោ​ជំនួស​ទឹក​ដោះម្តាយ​ សម្រាប់ទារក។​ ថត​នៅ​ខេត្ត​ស្វាយ​រៀង​ នៅថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

អង្គការ​សុខភាព​ពិភពលោក​ ឲ្យ​ដឹង​ថា​នៅក្នុង ឆ្នាំ​២០១៤ ទឹក​ប្រាក់​ដែល​បាន​ពី​ការលក់​ផលិត​ផល​ជំនួសទឹកដោះម្តាយ​ បាន​កើន​ឡើង​ដល់​ប្រហែល ៤៤,៨ ពាន់​លាន​ដុល្លារ។ នៅ​ចុងឆ្នាំ​២០១៩ ការលក់​ផលិតផល​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​ដល់ ៧០,៦​ពាន់លានដុល្លារ​ នៅ​ទូទាំង​ពិភពលោក។

នៅ​កម្ពុជា របាយ​ការណ៍​មួយ​ដែល​ចេញ​ដោយ​អង្គការHellen Keller Institute (HKI) និង World Vision International (WVI) ដែល​បោះ​ពុម្ពផ្សាយ​ក្នុង​ខែ​កក្កដា ​ឆ្នាំ ២០១៩ រក​ឃើញ​ថា​ ៩២%​នៃ​ស្លាក​សញ្ញា​លើ​ផលិត​ផល​ជំនួស​ទឹក​ដោះ​ម្តាយ​ដែល​រួម​ទាំងម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​ មាន​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​ដែល​បង្ហាញ​ពីគុណ​ប្រយោជន៍​នៃការប្រើប្រាស់​ផលិត​ផលជំនួស​ទឹកដោះ​ម្តាយ ដែលលើកទឹក​ចិត្តនិង​ រារាំង​ដល់ការ​បំបៅកូន​ដោយ​ទឹកដោះ។ នេះ​ជា​ការ​រំលោភ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​លើក​កម្ពស់​ការ​បំបៅ​ដោះ​កូន​ដោយទឹកដោះ​ម្តាយ​តែ​មួយ​មុខ​ដល់​ទារកក្រោមអាយុ៦​ខែ។​

ដើម្បី​ធ្វើ​របាយការណ៍​នេះ គេ​បានស៊ើប​អង្កេត​នៅ​ក្នុង​ហាង​ចំនួន ៦៦​ នៅ​ទូទាំង​ខេត្ត​ចំនួន៥​ក្នុង​ប្រទេស​កម្ពុជា។ អ្នកស្រី Mary Champeny អ្នកជំនាញ​ស្រាវជ្រាវ​ផ្នែក​អាហារូបត្ថម្ភ​ នៃ​អង្គការ Hellen Keller International​ បាន​ប្រាប់​វីអូអេ​តាម​សារ​អេឡិច​ត្រូនិច​ថា៖

«ផលិតផល​ទាំង​នេះ​ ជា​រឿយៗ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​លក់​តាម​ទីផ្សារជាមួយ​នឹង​ការ​អះអាង​ខុសឆ្គង​អំពីការ​ដែល​វា​ធ្វើ​ឱ្យប្រសើរ​ឡើងនូវ​គុណ​ភាពបញ្ញា (IQ) ​និង​ប្រព័ន្ធ​ភាពស៊ាំ​របស់​កុមា​រ​ ឬ​ត្រូវ​មាន​ការ​អះអាង​ថា ​វា​ជា​ផលិតផល​ចាំបាច់​សម្រាប់​ការ​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ»។

សន្និបាត​សុខភាព​ពិភពលោក​បាន​អនុម័ត​ក្រម​អន្តរជាតិ​នៃ​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​ជំនួស​ទឹកដោះម្តាយ​ក្នុង​ឆ្នាំ ១៩៨១ «ដើម្បី​ការពារ​ ​និង​ លើក​កម្ពស់​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​ស្តីពី​ការ​ចិញ្ចឹម​ទារកឱ្យ​សមស្រប និង​បទបញ្ញត្តិ​ស្តី​ពី​ទីផ្សារ​នៃ​ការលក់​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ ដប​ និង​ក្បាល​ដោះ​ជ័រ»។

ក៏ប៉ុន្តែ​ ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត ដែល​អ្នកស្រី​ Mary Champeny ជា​អ្នក​ស្រាវជ្រាវ​រក​ឃើញ​បង្ហាញថា ទារកនៅ​កម្ពុជា​ ៣៦,១% ​ (ឬ២​នាក់​ក្នុង​ចំណោម​៥នាក់) ចាប់​តាំង​ពី​ពេល​កើត​រហូត​ដល់​៥​ខែ​ ត្រូវ​បាន​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​សុទ្ធ។​ ​ការ​ប្រើប្រាស់​ផលិត​ផល​ជំនួស​ទឹកដោះ​ម្តាយ​ គឺ​ខ្ពស់ក្នុង​ចំណោម​ទារក​ពីកើត​ដល់​អាយុ​៥ខែ​ ​មាន​៤៣,១%​ និង​ពីអាយុពី ៦ទៅ ២៣​ខែ​ មាន​២៩,៣% ។​

សព្វថ្ងៃ​នេះ​មន្ទីរពេទ្យរដ្ឋ ឬ​សម្ភព​ឯកជន​ ឬ​តាម​កន្លែង​ផ្តល់​សេវាកម្ម​មណ្ឌល​សុខភាព​នានា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​សារៈ​សំខាន់​អំពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ។​

វេជ្ជបណ្ឌិត​ សុត​ សំអូន​ វ័យ​ ៣០​ឆ្នាំ បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល​នៅ​ខេត្ត​ស្វាយរៀង​ដែល​ជា​រៀង​រាល់​ខែមានស្ត្រី​ប្រហែល​ ២០នាក់​ ទៅ​សម្រាលកូន​ បាន​និយាយ​ថា ហេតុផល​ចំបង​ពីរ​ដែលស្ត្រី​ទាំងនោះ​ងាក​ទៅ​ស្វែង​រក​ទឹកដោះ​គោ​ជំនួស​វិញ គឺ​ពេល​ដែល​ទឹកដោះ​របស់​ពួកគេ​មិន​ចេញ​ដោយសារ​បញ្ហា​សុខភាព​ ឬ​ភាព​ «មមាញឹក» ។​

លោក​ សុត សំអូន​ វ័យ​៣០ឆ្នាំ ជា​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកសាមគ្គីរំដួល​ នៅ​ខេត្ត​ស្វាយ​រៀង​ នៅថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ២០១៩។ (ខាន់​ សុគុំមនោ​/VOA)

ទោះ​យ៉ាង​ណា​ក៏ដោយ លោក​ថា ​ក្រុមហ៊ុន​ផលិតម្សៅ​ទឹកដោះ​គោ​ជំនួស​ទឹកម្តាយ​នានា​បាន​ធ្វើបទ​បង្ហាញម្តង​ឬ​ពី​រដង​ក្នុង​មួយ​ឆ្នាំ​ដល់​ឆ្មប​ដែល​ធ្វើការ​នៅ​មន្ទីរពេទ្យ។ ​

«បាទ ពីព្រោះ​ថា​អាហ្នឹង​អត់អាច​ធ្វើនៅ​មន្ទីរពេទ្យបាន​ទេ​ ព្រោះ​ខុស​ច្បាប់។​ បទ​បង្ហាញ​គាត់ ​មួយ​ម៉ោង​តិច​តូច​ហ្នឹង បន្ទាប់មក​អាហារ​សម្រន់ ហើយចែក​កាដូ​ឲ្យ​អ្នកចូលរួម»។​

បើទោះជាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មផលិត​ផល​ម្សៅ​ជំនួស​ទឹកដោះ​ម្តាយ​នៅ​ក្នុង​មន្ទីរ​ពេទ្យរដ្ឋ​ និង​ឯកជនប្រាសចាក​ពី​អនុក្រឹត្យរបស់​រដ្ឋាភិបាលក៏ដោយ គេ​នៅ​ឃើញក្រុម​ហ៊ុន​មួយចំនួន​ធ្វើការ​បង្ហោះតាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក នូវ​រូបភាពដែល​បង្ហាញ​ការ​ជូន​អំណោយ​ជា​ផលិត​ផល​ម្សៅ​ជំនួស​ទឹកដោះ​ម្តាយ​នៅតាម​គ្លីនិក​ឯកជន​ទំនើបៗ។ ​

លោក​ ទឹម​ សុវណ្ណារ៉ា​ ម្ចាស់​ក្រុម​ហ៊ុន​ម្សៅ​ទឹកដោះ​គោ​ Nutrilatt Cambodia បានប្រាប់ VOA ថា៖ «បាទ​វាគ្រាន់តែ​ជា​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​ត្រៀម​សម្រាល​ យើង​មិន​មែន​បង្ខំឲ្យ​គាត់​ប្រើប្រាស់​ទេ​ ព្រោះ​យើង​ដឹង​ច្បាស់​ហើយ​រឿង​បញ្ហាក្រសួង​សុខាភិបាល​ មិន​តម្រូវ​ឲ្យ​អ្នកម្តាយ​ទាំងអស់​ហ្នឹង​ប្រើ​ម្សៅ​ទឹក​ដោះ​គោ»។​

អ្នកស្រី​ ស៊ឹម​ អាក់ វ័យ​២៩ និង​កូន​ប្រុសពីរនាក់​ ដែលមានអាយុ ៥ខែ និង​៥ឆ្នាំ នៅភូមិ​ស្នៀង​ ឃុំ​ស្វាយ​តាយាន​ ខេត្ត​ស្វាយរៀង នៅថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ២០១៩។ (ខាន់​ សុគុំមនោ​/VOA)

មុន​ពេល​និង​ក្រោយ​ពេលស​ម្រាល​កូន​ អ្នកស្រី ស៊ឹម​ អាក់​ បាន​ឃើញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ម្សៅទឹកដោះ​គោ​ ដែលបង្ហាញ​ពីរូប​ភាពទារក​រីករាយ ​ស្រស់ថ្លា សំបុរ​សរ ​និងថ្លោស។​

អ្នកស្រី​បាន​និយាយ​យ៉ាងដូច្នេះថា៖ «ទឹក​ដោះ​គោ​ម្សៅ​ភាគ​ច្រើន​វា​សំបូរ​វីតាមីន​ដែរ​បង។ វីតាមីន វា​មាន​គ្រប់គ្រាន់​សម្រាប់​កូន។ ពេល​ខ្លះ​ទឹក​ដោះ​ម្តាយ​ក៏​វា​មិន​ល្អ​អស់​ដែរ​បង។ ឮ​គេ​និយាយ​អញ្ចឹង​បង»។

អ្នកស្រីនិង​ស្ត្រី​ដទៃ​ទៀត​នៅ​ក្នុង​ភូមិដែល​វីអូអេ​បាន​សម្ភាស​ជឿ​ថា​ ម្សៅទឹក​ដោះ​គោ​ដែល​ផ្សំ​ឡើង​តាម​រូបមន្ត​ផ្តល់​នូវអាហារូបត្ថម្ភបំប៉ន​បន្ថែម​ និង​មាន​ជីវជាតិ​ល្អ​ជាង​ទឹក​ដោះ​ម្តាយ៕​