ប្រទេស​បុតស្វាណា​បើក​ឲ្យ​មាន​រដូវ​បាញ់​សត្វ​ដំរី​ជិត​២៨៧​ក្បាល

រូបឯកសារ៖ សត្វដំរីដើរនៅក្នុងតំបន់ដីស្ងួតហួតហែងមួយកន្លែង ស្ថិតក្នុងភូមិ Nxaraga ជាយក្រុង Maun ប្រទេសបុតស្វាណា កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៩។

ប្រទេស​បុតស្វាណា នឹងផ្តល់​អាជ្ញាបណ្ណបាញ់​សត្វដំរី​ជិត ​៣០០ ​ក្បាល ​ក្នុង​ខែ​មេសា​ សម្រាប់​រដូវកាលបរបាញ់​សត្វ​ពេញ​លេញ​ឡើង​វិញជា​លើក​ដំបូង​ ចាប់​តាំងបម្រាម​បរបាញ់​សត្វ​ដំរី​ត្រូវ​បាន​ដក​ចេញ​ក្នុង​ឆ្នាំ ២០១៩ ​នោះ។

ការ​ដាក់​បម្រាម​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​សារ​វីរុសកូរ៉ូណា​បានប៉ះ​ពាល់​ដល់​រដូវ​កាល​នៃ​ការ​បរបាញ់​សត្វដំរី កាល​ពី​ឆ្នាំ​ ២០២០​ នៅ​បុតស្វាណា​ ជា​ប្រទេសដែល​មានហ្វូងសត្វ​ដំរីច្រើន​បំផុតនៅ​ក្នុង​ពិភព​លោក​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​អភិរក្ស​សត្វ​ដំរី​បាន​ចោទ​ជា​សំណួរពី​ការ​លើក​ឡើង​របស់អាជ្ញា​ធរ ​ដែល​ថា ការ​បរបាញ់​សត្វ​នឹង​កាត់​បន្ថយ​នូវជម្លោះរវាង​មនុស្ស​នឹង​សត្វ​នោះ។

នាយកដ្ឋាន​សត្វព្រៃ​និង​ឧទ្យាន​ជាតិ​នៃ​ប្រទេស​បុតស្វាណា នឹង​ចេញ​លក់អាជ្ញាបណ្ណ​ចំនួន ១០០ សម្រាប់​ការ​បរបាញ់​សត្វ​ដំរីក្នុង​ឆ្នាំ​នេះ ​នៅ​ក្នុង​ប្រទេសបុតស្វាណា។

អាជ្ញា​បណ្ណ​បន្ថែម​ចំនួន ១៨៧ ​ផ្សេង​ទៀតដែល​មិនបានប្រើ​កាល​ពី​ឆ្នាំមុន ​នឹងត្រូវ​រួមបញ្ជូលសម្រាប់​ឆ្នាំ​នេះ ​ខណៈ​ពេល​ដែល​អ្នក​បរបាញ់​សត្វ​អន្តរជាតិ​មិន​បាន​មក​ប្រទេស​នេះ ​កាល​ពី​ឆ្នាំ​ទៅ​ ដោយ​សារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ នោះ។

រដូវ​កាល​បរបាញ់​សត្វ​ឆ្នាំ​ ២០២១​ នេះ ​ដែល​រួម​បញ្ជូល​ផង​ដែរប្រភេទ​សត្វ​មួយ​ចំនួន ​នឹង​ត្រូវ​ចាប់​ផ្តើមនៅ​ថ្ងៃ​ទី​ ៦ ខែមេសា​ រហូត​ដល់​ខែ​កញ្ញា។

អាជ្ញា​ធរសត្វ​ព្រៃ​បាន​អញ្ជើញ​អ្នកបរបាញ់​សត្វ​ដែល​មាន​ចំណាប់​អារម្មណ៍​ ឲ្យ​បញ្ជាក់​ពី​ប្រភេទ​សត្វ​ព្រៃ​ ដែលពួក​គេ​ចង់​ធ្វើ​ការ​បរបាញ់​និង​តំបន់​ដែលត្រូវ​បរបាញ់​នោះ​ជា​ដើម។

អ្នក​ស្រី Debbie Peake អ្នក​នាំ​ពាក្យ​សមាគមន៍​សត្វព្រៃ​ក្នុង​ប្រទេសបុតស្វាណា បាន​លើក​ឡើង​ថា ​ពួក​គេ​សង្ឃឹម​ថា អ្នក​បរបាញ់​សត្វ​អន្តរជាតិ​នឹង​អាច​ធ្វើ​ដំណើរមក​កាន់ប្រទេសអាហ្រ្វិក​ភាគ​ខាង​ត្បូង​មួយ​នេះ​បាន។

អ្នក​ស្រី Peake បន្ត​ទៀត​ថា៖ «ជំងឺ​កូវីដ​១៩​ បង្កើត​ឲ្យ​មានការ​លំបាកជា​ច្រើន​ប្រភេទ ​តែ​យើង​នៅមាន​ភាព​វិជ្ជមាន ហើយ​យើង​នឹង​ពិនិត្យ​មើលនាយកដ្ឋាន​សត្វព្រៃ​និង​ឧទ្យាន​ជាតិ ​ក៏​ដូច​ជា​ក្រសួង​របស់​យើង​ផង​ដែរ ​នៅ​ក្នុង​កា​រ​គាំទ្រឲ្យ​បាន​ទទួល​ជោគ​ជ័យ​នៅ​ក្នុង​ឆ្នាំ​ ២០២១​ នេះ ​ដែល​យើងទាំង​អស់​គ្នា​ត្រូវ​ការ​ជា​ចាំបាច់​នោះ»។

អ្នកស្រី Peake បញ្ជាក់ថា ការបរបាញ់សត្វមានសារៈសំខាន់ដល់ការរស់រានរបស់សហគមន៍​ ដែល​បាន​ដកហូត​ប្រាក់​ចំណូល​ពីសកម្មភាព​ប្រមាញ់សត្វ​ដោយ​វិជ្ជា​ជីវៈនេះ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤​ មក​ម៉្លេះ។

រូបឯកសារ៖ សត្វដំរីមួយក្បាលបានស្លាប់ នៅក្នុងរូបភាពដែលមិនមានកាលបរិច្ឆេទច្បាស់លាស់មួយ ក្នុងតំបន់ដីសណ្តរ Okavango ប្រទេសបុតស្វាណា កាលពីឆ្នាំ ២០២០។

អ្នក​ស្រី​បន្ថែម​ទៀត​ថា៖ «អ្នក​ប្រតិបត្តិការ​បរបាញ់​សត្វ​ក្នុងប្រទេស​បុតស្វាណា​ មាន​បំណង​ស្តារ​ឡើង​វិញ​នូវកម្មវិធី​បរបាញ់​សត្វ​ដែល​មាន​ការ​ត្រួត​ពិនិត្យ​ក្នុងឆ្នាំ ​២០២១​ នេះ​ ដើម្បី​ធានា​ថា សហគមន៍ជា​ច្រើន​អាចក្លាយ​ជា​អ្នក​ទទួល​បាន​ចំណែក​ក្នុង​សេដ្ឋកិច្ច​បរបាញ់​សត្វ​ព្រៃ​នេះ​ ដោយ​មិន​គ្រាន់​តែ​ចូល​រួមក្នុង​នាមជា​អ្នក​ពាក់​ព័ន្ធតែ​ប៉ុណ្ណោះនោះ​ទេ»។

រដ្ឋាភិបាល​បានដាក់​ដេញ​ថ្លៃ​លក់អាជ្ញាបណ្ណ​បាញ់​សត្វ​ដំរី​ កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២១​ កន្លង​ទៅ​ ដែល​តម្លៃ​សត្វ​ដំរីនីមួយៗ​អាច​មាន​តម្លៃ​រហូត​ដល់ ៤៣.០០០ ​ដុល្លារ​ ក្នុង​មួយ​ក្បាល។

ក្រុម​ប្រតិបត្តិករ​បាញ់​សត្វបាន​ទិញ​អាជ្ញាបណ្ណ​ទាំង​នេះ ហើយ​លក់​បន្តដើម្បី​យក​ចំណេញ​ទៅ​ឲ្យ​អ្នក​ដែល​ចូលចិត្ត​បរបាញ់​សត្វនៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ ដែល​ភាគ​ច្រើន​នៃ​ពួក​គេ​ទាំង​នោះ​មក​ពី​សហរដ្ឋ​អាមេរិក។​

រដ្ឋាភិបាល​របស់ប្រធានាធិបតី​លោក Mokgweetsi Masisi បាន​លុប​ចោលបម្រាម​អ្នក​ប្រមាញ់សត្វក្នុង​ឆ្នាំ​ ២០១៩ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ជម្លោះ​ ដែល​កើន​ឡើង​រវាង​មនុស្ស​និង​សត្វ​ ដូច​ជា​សត្វ​ដំរី​ចូល​មក​លុក​លុយ​ជាន់​ផល​ដំណាំ​អ្នក​ស្រុកជា​ដើម ​ហើយ​ក្នុង​ករណី​មួយ​ចំនួន​បាន​សម្លាប់អ្នក​ភូមិក៏​មាន​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​ជំនាញសត្វ​ព្រៃនិង​អ្នក​អភិរក្ស​សត្វ​លោក Keith Lindsay បាន​លើក​ឡើង​ថា ​កា​របើក​ឡើង​វិញ​នូវ​កម្មវិធី​បរបាញ់​សត្វ​ដំរី​នោះ​ នឹង​មិនជួយកាត់​បន្ថយ​ជម្លោះ​រវាង​មនុស្ស​និង​សត្វ​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «មិន​មាន​ភាព​ចាំ​បាច់​ណា​មួយ​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​សត្វ​ដំរី​ តាម​រយៈ​ការ​សម្លាប់​ពួក​វា​នោះ​ទេ។ រដ្ឋាភិបាល​បាន​ព្យាយាម​រួច​ហើយ ​ក្នុងការ​បង្កើត​ផ្លូវ​របៀង​ធម្មជាតិសម្រាប់​សត្វ​ទាំង​នោះ ដែល​ក្នុង​នោះ​រួម​មានផ្លូវ​ឆ្លងកាត់​ប្រទេស​ក្បែរ​ខាង​ ដូច​ជា​ប្រទេស​អង់ហ្គោឡា​ ហ្សំប៊ី​និង​ប្រទេស​ណាំមីប៊ី​ជា​ដើម។

ការ​បាញ់​សម្លាប់​សត្វ​ដំរី​ពុំ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កាត់​បន្ថយហេតុការណ៍​នានា ​ដែល​សត្វ​ដំរីបាន​ចូល​ទៅ​បំផ្លាញ​ដំណាំ​អ្នក​ភូមិនោះ​ឡើយ​ ដោយព្រឹត្តិការណ៍​មួយ​ចំនួន​បាន​កើត​មាន​ឡើង​ក្រៅ​តំបន់​ដែល​បើក​ឲ្យ​មាន​ការបាញ់​សត្វ​ដំរី​ទាំងនោះ។

ប្រទេសបុតស្វាណា ជា​ទី​កន្លែង​ចុង​ក្រោយ​បំផុត​មួយនៅ​លើ​ផែន​ដី​ដែល​ចំនួន​សត្វ​ដំរី​កំពុង​មាន​ការ​កើន​ឡើង។ សត្វ​ដំរី​នៅ​ក្នុងប្រទេស​នេះ​ មាន​ចំនួន​សរុប​ជាង ​១ សែន ​៣ ម៉ឺន​ក្បាល ​ដែល​ជា​ចំនួនច្រើន​ជាងការ​ប៉ាន់ស្មាន​ដែល​ថា​ មានតែ​ ៥ ម៉ឺន ​៥ ​ពាន់​ក្បាល​តែប៉ុណ្ណោះ៕​

ប្រែ​សម្រួល​ដោយលោកជ្រា វណ្ណារិទ្ធ