បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ប្រកាស​ជ័យ​ជម្នះ​រៀងៗ​ខ្លួន

រូប​បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ត្រូវ​បិទ​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​នៅ​​លើ​កោះ​បាលី​​កាល​ពី​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១៤។

នៅ​ស្ថានីយ​បោះឆ្នោត​នានា​ទូទាំង​ទីក្រុង​ Jakarta ​នៅ​ថ្ងៃពុធ​នេះ​ អ្នកបោះឆ្នោត​ជនជាតិ​ឥណ្ឌូនេស៊ី​បោះឆ្នោត​ផ្តល់ការ​គាំទ្រ​ផ្សេងៗ​គ្នា​ ដោយ​មាន​សំឡេង​ស្មើគ្នា​ក្នុង​ការ​ជ្រើសរើសប្រធានាធិបតី​លើក​ក្រោយ។​

អ្នក​គាំទ្រ​លោក​ Joko Widodo ​អភិបាល​ក្រុង ​Jakarta ​និយាយ​ថា​ គេ​ចង់​ឃើញ​មាន​ការ​ផ្លាស់ប្តូរ​ដក​អ្នក​ចាស់​ចេញ​ ហើយ​គេបាន​កោត​សរសើរ​ថា ​លោក ​Widodo បាន​ធ្វើ​ឲ្យមាន​ការ​ផ្លាស់ប្តូរ​ក្នុង​ទីក្រុង​Jakarta។​

លោក ​Widodo​ មាន​ប្រជាប្រិយ​ភាព​ជាពិសេស​ក្នុង​ចំណោម​ជនជាតិ​ឥណ្ឌូនេស៊ី​ក្មេងៗ​ ដែល​មាន​ចំនួន​៦៧​លាន​នាក់​ និង​បាន​ចូលរួម​បោះឆ្នោត​ជា​លើក​ទីមួយ។​

មនុស្ស​ជំនាន់​ចាស់​ហាក់​ដូច​ជា​ផ្តល់​ការ​គាំទ្រ​ដល់គូ​ប្រជែង​របស់​លោក ​គឺ​លោក ​Prabowo ​Subianto ​អតីត​ឧត្តមសេនីយ៍​កងទ័ព ​ដោយ​លើក​ឡើង​ថា​ ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវ​មេដឹក​នាំ​ខ្លាំង​និងរឹងមាំ​ដើម្បី​រួបរួម​ប្រទេស​នេះ។​

ក្រោយ​ពី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ដ៏​ស្វិតស្វាញ​ នៅ​ថ្ងៃនេះ​លទ្ធផល​ដំបូង​ក្រោយ​ការ​បោះឆ្នោត​នៅ​មណ្ឌល​ខ្លះ​បង្ហាញ​ថា ​បេក្ខជន​មួយ​នាំមុខ ​ហើយ​មណ្ឌល​ផ្សេងទៀត​បង្ហាញ​ថា ​បេក្ខជន​ម្នាក់​ទៀត​នាំមុខ។ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពីបិទ​ការិយាល័យ​បោះ​ឆ្នោត​ លោក​Widodo ​ប្រកាស​ថា ​លោក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​នេះ។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ លោក​ Widodo ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ដោយ​ផ្នែក​តាមលទ្ធផល​នៃ​ការ​រាប់សន្លឹក​ឆ្នោត​ភ្លាមៗ​ លោក​ហើយនឹង​ដៃគូ​របស់លោក​គឺ​លោក ​Jusuf Kalla ​ទទួល​បាន​សំឡេង​គាំទ្រ​នាំមុខ។​

ការ​រាប់​សន្លឹកឆ្នោត​ភ្លាមៗ ​ដែល​ផ្អែក​លើ​គំរូ​សន្លឹក​ឆ្នោត​ ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ​ CSIS​ ដែល​មិន​មែន​ជា​លទ្ធផល​ផ្លូវការ​នោះ​ បាន​ឲ្យ​ដឹង​ថា ​លោក​ Widodo ​នាំមុខ​ដោយ​មាន​សំឡេង​គាំទ្រ​៥២,៧៤%​នៃ​សំឡេង​ឆ្នោត​ ហើយ​លោក​ Prabowo ​បាន​សំឡេង​គាំទ្រ​៤៧,២៦%។​

តែមួយ​ម៉ោងក្រោយ​មក ​លោក ​Prabowo​ ក៏បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​តាម​ទូរទស្សន៍​ថា ​លោក​ក៏ទទួល​បាន​សំឡេង​គាំទ្រ​នាំមុខ​ដែរ។​

ក្នុង​សុន្ទរកថា​របស់​លោក​ លោក​ Prabowo ​បាន​ថ្លែង​អំណរ​គុណ​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ដែល​បាន​ផ្តល់ទំនុក​ចិត្ត​លើ​រូបលោក ​និងគាំទ្រ​លោក ​ហើយ​លោក​បន្តថា​ ផ្អែក​លើលទ្ធផល​នៃការ​រាប់​សន្លឹក​ឆ្នោត​ភ្លាមៗ ​និង​យោងតាម​ការស្ទង់មតិ​ បាន​ឲ្យដឹង​ថា​ លោក​ជា​បេក្ខជន​នាំ​មុខ។​

ការ​រាប់សន្លឹកឆ្នោត​បឋម​ចំនួន​ពីរ​បង្ហាញ​ថា​ លោក​ Prabowo ​នាំមុខ។​ ការ​រាប់​សន្លឹកឆ្នោត​នេះ​ធ្វើឡើង​ដោយ​បណ្តាញ​សំឡេង​ឥណ្ឌូនេស៊ី ​Indonesia Voice Network ​ហើយ​លទ្ធផល​នេះ​មិន​សូវ​ទទួល​បានការ​ជឿទុកចិត្ត​ ដូច​លទ្ធផល​របស់​មជ្ឈ​មណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរ​ជាតិ​ CSIS​ របស់​អាមេរិក​នោះ​ទេ។​

នៅ​តាម​ទូរទស្សន៍​ជាតិ​ ការ​រាប់​សន្លឹកឆ្នោត​ក៏​បាន​បង្ហាញ​លទ្ធផល​បែក​ចេញជា​ពីរ​ ផ្អៀងទៅ​តាម​គណបក្ស​ដែរ​ គឺ​គណបក្ស​ណា​កាន់កាប់​បណ្តាញ​ទូរទស្សន៍​ណា​ ទូរទស្សន៍​នោះ​បង្ហាញ​ថា ​គណបក្ស​នោះ​នាំ​មុខ។

ក្នុង​បណ្តាញ​ទូរទស្សន៍​ Metro TV ​របស់លោក ​Widodo​ លោក ​Surya Paloh ​អ្នកគាំទ្រ​លោក​ Widodo​ បានបង្ហាញ​ថា​ លោក​ Widodo និង​គណបក្ស​របស់​លោក​កំពុង​អបអរ​ជ័យជម្នះ។​ តែ​បើតាម​បណ្តាញ​ទូរទស្សន៍​ផ្សេងៗ​ទៀត​ដែល​ភាគច្រើន​គាំទ្រ​លោក ​Prabowo ​បង្ហាញ​ថា ​លោក​ Prabowo ​នឹង​ក្លាយ​ជា​ប្រធានាធិបតី។​

អ្នកបោះ​ឆ្នោត​គាំទ្រ​បេក្ខជន​ទាំងពីរ​និយាយ​ថា ​គេ​សង្ឃឹម​ថា​ លទ្ធផល​បោះឆ្នោត​នេះ​នឹង​ចេញ​មកដោយ​រលូន ​និង​ត្រូវភាគី​ទាំងពីរ​ទទួល​យកដោយ​សន្តិភាព​ ដោយ​គ្មាន​បាតុកម្ម​ឬការ​បះបោរ។​ មានទាហាន​ប្រមាណ​៣ម៉ឺននាក់​ត្រូវគេ​ដាក់​ពង្រាយ​ទូទាំង​ប្រទេស​ដើម្បី​រក្សា​សណ្តាប់ធ្នាប់។​

គេនៅមិន​ទាន់ច្បាស់​ទេ​ ថា​តើ​ការ​ប្រកាស​លទ្ធផល​ផ្ទុយគ្នា​នេះ​នឹង​សាប​រលាប​ទៅវិញ​ឬ​យ៉ាង​ណា​ទេ។ ​លទ្ធផល​ផ្លូវការ​នឹង​ត្រូវ​ប្រកាស​ដោយ​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​នៅថ្ងៃទី​២១​កក្កដា​គឺ​ជាង​២​សប្តាហ៍​ទៀត។​

អ្នក​វិភាគ​នយោបាយ​និយាយ​ថា ​ប្រទេស​ឥណ្ឌូនេស៊ី​នឹង​នៅតែ​មាន​ស្ថានភាព​នយោបាយ​មិន​នឹង​ន៎ ​រហូត​ដល់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​នេះ៕​

ប្រែសម្រួល​ដោយ​ ​ពិន ស៊ីសុវណ្ណ