មេធាវីការពារក្តីឲ្យ Dzhokhar Tsarnaev ដែលជាជនជាប់សង្ស័យ នៅក្នុងរឿងក្តីបំផ្ទុះគ្រាប់បែកអំឡុងពេលរត់ម៉ារ៉ាតុនក្នុងទីក្រុងBoston បាននិយាយប្រាប់គណៈវិនិច្ឆ័យក្នុងពេលជំនុំជម្រះក្តីកាលពីថ្ងៃពុធនេះថា កូនក្តីរបស់អ្នកស្រី បានចូលរួមចំណែកនៅក្នុងការវាយប្រហារដ៏ប្រល័យកាលពីឆ្នាំ២០១៣នោះ ក៏ប៉ុន្តែលោកបានអះអាងថា គឺបងប្រុសរបស់ Tsarnaev នោះទេ ដែលជាមេគំនិតរៀបផែនការវាយប្រហារនោះ។
អ្នកស្រីមេធាវី Judy Clarke បាននិយាយសំដៅដល់កូនក្តីរបស់អ្នកស្រីថា «គឺគាត់នេះហើយ» ដែលនឹងត្រូវប្រឈមមុខការកាត់ទោសប្រហារជីវិត បើសិនជាគាត់ត្រូវកាត់ឲ្យជាប់ទោសក្នុងរឿងក្តីនៃការបំផ្ទុះគ្រាប់បែកពីរគ្រាប់នៅទីផ្តាច់ព្រ័តនៃការរត់ម៉ារ៉ាតុនប្រចាំឆ្នាំក្នុងឆ្នាំ ២០១៣ ដែលបានសម្លាប់មនុស្ស៣នាក់ និងមនុស្ស២៦៤នាក់ផ្សេងទៀតបានរងរបួសនោះ។
អ្នកស្រី Clarke ដែលជាអ្នកជំនាញច្បាប់ដ៏ខ្លាំងមួយរូបខាងផ្នែកការពារកូនក្តីដែលប្រឈមនឹងការកាត់ទោសប្រហារជីវិតនោះ បានប្រាប់ថា គណៈវិនិច្ឆ័យនៅថ្ងៃទីមួយនៃការជំនុំជម្រះក្តីថា មេធាវីការពារក្តីនឹងមិនបដិសេធទោសរបស់ Dzhokhar Tsarnaev នោះទេ។
ក៏ប៉ុន្តែ អ្នកស្រី Clarke អះអាងថា កូនក្តីរបស់អ្នកស្រីបានរងឥទ្ធិពលយ៉ាងខ្លាំងពីបងប្រុសរបស់ខ្លួនឈ្មោះ Tamerlan ដើម្បីអាចធ្វើការវាយប្រហារនោះ ដែលរដ្ឋអាជ្ញាបានចោទប្រកាន់ថា មានបំណងសងសឹកនឹងអាមេរិកដែលធ្វើសង្គ្រាមនៅក្នុងប្រទេសដែលកាន់សាសនាអ៊ីស្លាម។ Dzhokhar Tsarnaev បានសម្លាប់ បងប្រុសរបស់ខ្លួនដោយគ្មានចេតនា ដោយបើករថយន្តកិនពីលើ ក្នុងគ្រាដែល ពួកគេព្យាយាមរត់គេចពីប៉ូលិស ជាច្រើនថ្ងៃ បន្ទាប់ពីក្រុមអាជ្ញាធរបានកំណត់អត្តសញ្ញាណជនសង្ស័យក្នុងការបំផ្ទុះគ្រាប់បែកនោះ។
អ្នកស្រី Clarke បាននិយាយថា « គឺ Tamerlan Tsarnaev ដែលជាអ្នកធ្វើខ្លួនឯងឲ្យក្លាយជាជនជ្រុលនិយម»។ «គឺ Dzhokhar Tsarnaev ដែលជាអ្នកដើរតាមគាត់»។ ភស្តុតាងនឹងបង្ហាញថា Tamerlan បានរៀបគម្រោង និងអនុវត្តការវាយប្រហារ ហើយឲ្យប្អូនប្រុសចូលរួមក្នុងសកម្មភាពដ៏អាក្រក់ជាខ្សែនេះ។
តាមរយៈការទម្លាក់កំហុសទៅលើបងប្រុស អ្នកស្រី Clarke សង្ឃឹមថា នឹងបញ្ចុះបញ្ចូលគណៈវិនិច្ឆ័យ មិនឲ្យដាក់ទោសប្រហារជីវិតទៅលើ Dzhokhar Tsarnaev ដែលមានវ័យ២១ឆ្នាំនេះ៕