ស្ថានភាព​ព្រំដែន​កម្ពុជា​ថៃ​មាន​ភាព​ប្រក្រតី

ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​របស់អង្គការ​យូណេស្កូ (UNESCO) នៅ​ក្នុង​ខែ​កក្កដា​ ឆ្នាំ២០០៨។

ភ្នំពេញ៖ ស្ថានភាព​ព្រំដែន​កម្ពុជា​-ថៃ​ បាន​វិល​ទៅរក​ភាពប្រក្រតី​វិញ​ហើយ ​បន្ទាប់ពី​មាន​ភាពតានតឹង​ផ្នែក យោធា​រវាង​ប្រទេស​ទាំងពីរ​អស់រយៈពេល​ជាង ​២ឆ្នាំ​កន្លងមក​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ថ្លែង​នៅថ្ងៃ​ច័ន្ទនេះ ​នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា ស្ថានភាព​ព្រំដែន​នៅ​តំបន់​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​ និង​ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​មាន​ភាពធម្មតា​ឡើង​វិញ​ ដូច​មុន​ថ្ងៃទី​១៥​ ខែ​កក្កដា​ឆ្នាំ​២០០៨ហើយ។ លោក ហ៊ុន សែន​ឲ្យ​ដឹង​ថា៖

«សភាពការណ៍​ធូរស្រាល​ហើយ។ ​ខ្ញុំ​មិនចង់​ធ្វើ​សេចក្តីថ្លែងការណ៍ជា​សាធារណៈ​អ្វីទេ។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា បញ្ហា​ត្រូវ​បាន​ដោះស្រាយ​ហើយ។ សភាពការណ៍​បាន​វិល​ទៅ​រក​មុន​ថ្ងៃទី១៥​ ខែកក្កដា ​ឆ្នាំ២០០៨។ ខ្ញុំ​និយាយ​ត្រឹម​ប៉ុណ្ណឹង​ល្មម​យល់​ហើយ»។

កម្លាំងទ័ព​កម្ពុជា​ និង​ថៃបាន​ប្រមូល​ផ្តុំគ្នា​នៅ​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ និង​បាន​វាយ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក​ដែល​បាន​សម្លាប់​កងទ័ព​យ៉ាង​តិច​ប្រាំបី​នាក់ ​បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​របស់អង្គការ​យូណេស្កូ (UNESCO) នៅ​ក្នុង ខែ​កក្កដា​ ឆ្នាំ២០០៨។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បញ្ជាក់​ថា ប្រក្រតីកម្ម​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ មាន​លក្ខណៈ​ពេញលេញ​ហើយ​ បន្ទាប់ពី​ជំនួប​បួន​លើក​រវាង​នាយករដ្ឋមន្ត្រី​នៃប្រទេស​ទាំងពីរ​ចាប់​តាំង​ពី​ខែវិច្ឆិកា។ លោក ហ៊ុន សែន​ថ្លែង​ថា៖

«សម្រួល​គ្នា​នៅតាម​ព្រំដែន។ ការទាក់ទង​រវាង​ការ​ផ្លាស់​ប្តូរ​ទំនិញ​គឺស្រួល។ នាយករដ្ឋមន្ត្រី​បាន​ជួប​គ្នា​បួន​ដង​ដោះស្រាយ​សម្រួល​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​ទាំងមូល។ ប៉ុន្តែ​វា​មិនមែន​ចប់​ទាំងអស់​នោះ​ទេ។ ថ្ងៃ​ក្រោយ ​វា​នៅ​មាន​បញ្ហា​ការ​វាស់វែង​ព្រំដែន​ នៅ​មាន​បញ្ហា​ការ​ដោះមីន​ ហើយ​នៅ​បើក​ច្រក ព្រំដែន​បន្ថែម​ទៀត ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី»។

មន្ត្រី​យោធា​កម្ពុជា ​ដែល​បាន​បោះ​ទីតាំង​នៅ​ព្រះវិហារ​បាន​និយាយថា កងទ័ព​ថៃ​១០នាក់ បាន​ដក​ចេញ​ពី​វត្ត​កែវសិក្ខាគីរីស្វារៈ​កាលពី​សប្តាហ៍​មុន។

កាសែត​ The Bangkok Post​ បាន​ផ្សាយ​ថា ក្រុម​ចលនា​នយោបាយ​ជាតិ​និយម​ថៃ​អាវ​លឿង បាន​ប្រកាស​ធ្វើ​មហាបាតុកម្ម​នៅ​ថ្ងៃទី១១ ​ខែធ្នូ ​ដើម្បី​ព្យាយាម​ឲ្យ​រដ្ឋសភា​ថៃ​បញ្ឈប់​ការ​គាំទ្រ​របាយការណ៍ ដែល​កើត​ចេញ​ពី​កិច្ច​ប្រជុំ​នៃ​គណៈកម្មការ​ព្រំដែន​រួម​កម្ពុជា-ថៃ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែងថា ប្រទេស​នឹង​ប្រារព្វ​ខួប​អនុស្សាវរីយ៏​៦០ឆ្នាំ​នៃ​ទំនាក់​ទំនង​ការទូត​កម្ពុជា​ថៃ​ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​រដ្ឋ​មន្ត្រី​ការបរទេស​ថៃ​កាស៊ីត ភិរម្យ (Kasit Pirumya)៕