សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​កម្ពុជា​ចូល​រួម​មហា​សន្និបាត​អន្តរ​សភា​អាស៊ានAIPA

អង្គការនីតិប្បញ្ញត្តិ​កម្ពុជា បាន​ចាត់​តាំង​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធ​សភា​ចំនួន​២៤រូបនៅ​ថ្ងៃ​ពុធ​នេះ ឱ្យ​ទៅ​ចូល​រួម​មហា​សន្និបាត​អន្តរសភា​អាស៊ានAIPA នៅទីក្រុង​ហាណូយ ក្នុង​ខែ​កញ្ញា ដែល​ប្រទេសកម្ពុជា​គ្រោង​នឹង​លើក​ឡើង​នូវ​សំណើ​ផ្តួច​ផ្តើម​គំនិត​ថ្មីៗ​ទាក់​ទង​នឹង​ជម្លោះ​ព្រំដែន ការ​ប្រើ​ប្រាស់​ទឹក​ទន្លេ​មេគង្គ និង​ការ​ជំរុញ​ទេសចរណ៏​ធម្មជាតិ។

អ្នក​តាក់​តែង​ច្បាប់​ចំនួន​២៤​រូប​ដែល​នឹង​ត្រូវ​ចូល​រួម​មហា​សន្និបាត AIPAនោះ រួម​មាន​លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា​ លោក​ជាម យៀប ប្រធាន​ក្រុម​ជាតិ AIPAកម្ពុជា លោក​ប៉ែន បញ្ញា ប្រធាន​គណៈ​កម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋ​សភា និង​ប្រធាន​គណៈ​កម្មការ​ជំនាញ​ និង​សមាជិក​ព្រឹទ្ធ​សភា។

មហា​សន្និបាត​អន្តរសភា​អាស៊ានAIPAប្រចាំ​ឆ្នាំ​លើក​ទី​៣១​នេះ នឹង​ត្រូវ​បានរៀប​ចំ​ឡើង​នៅ​រដ្ឋធានី​ហាណូយ​នៃ​ប្រទេស​វៀតណាម សំដៅ​ជួយ​ជំរុញ​ចំណង​មិត្តភាព កិច្ច​សហ​ប្រតិបត្តិការ ការ​ផ្លាស់​ប្តូរ​យោបល់​ និង​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​សហគមន៏ AIPA ដើម្បីបង្កើន​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ​របស់​អន្តរសភា​អាស៊ាន​នេះ សម្រាប់​សន្តិភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់ និង​ពិភពលោក​ទាំង​មូល។

លោក​ជាម យៀប ប្រធាន​ក្រុម​ជាតិ AIPA កម្ពុជា បាន​ថ្លែង​ថា លោក​ប្រធាន​ព្រឹទ្ធ​សភា ជា ស៊ីម និង​លោក​ប្រធាន​រដ្ឋ​សភា ហេង សំរិន បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​លិខិត​ចាត់​តាំង​សមាជិក​រដ្ឋ​សភា និង ព្រឹទ្ធ​សភា​ចំនួន​២៤​រូប ឱ្យ​ទៅ​ចូល​រួម​មហា​សន្និបាតAIPA នៅ​រដ្ឋ​ធានី​ហាណូយ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ។

«សម្តេច​អគ្គ​មហា​ពោធិសាល ជា ស៊ីម និង​សម្តេច​អគ្គ​មហា​ពញ្ញាចក្រី ហេង សំរិន បាន​ចុះ​ហត្ថលេខា រួម​គ្នា​ទៅ​លើ​លិខិត​តែង​តាំង​តំណាង​រាស្ត្រ​របស់​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា​ចំនួន​២៤​រូប ចូល​ទៅ​ក្នុង​សមាជិក​នៃ​ក្រុម​ជាតិ AIPA កម្ពុជា។ ការងារ​របស់ AIPA គឺ​សមាជិក​២៤​រូប ត្រូវ​យល់​ដឹង និង​ចេះ​ផ្តល់​យោបល់​គ្រប់​យ៉ាង​ទាំង​អស់។»

បណ្តា​រដ្ឋ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់ AIPAមាន ​៩​ប្រទេស ដែល​រួម​មាន ប្រទេស​កម្ពុជា ឡាវ ហ្វីលីពិន ថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបូរី ឥណ្ឌូនេស៊ី និង​ប្រទេស​ប្រ៊ុយណេ។​ប្រទេស​ភូមា​ធ្វើ​ជា​អ្នក​សង្កេត​ការណ៏​ពិសេស ដោយសារ​ប្រទេស​នេះ​គ្មាន​រដ្ឋ​សភា។

លោក ជាម យៀប បាន​បញ្ជាក់​ថា សមាជិក​ទាំង​២៤​រូប ត្រូវ​ផ្តោត​លើ​សសរ​ស្តំ​ទាំង​៣​របស់​អាស៊ាន ឬ AIPA គឺ​ទី​១​ផ្តោត​លើ​បញ្ហា​នយោបាយ ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ដែល​រួម​មាន ការ​ជួញ​ដូរ​មនុស្ស ការ​ជួញ​ដូរ​គ្រឿង​ញៀន និង​ការ​ថែ​រក្សា​សន្តិសុខ។ ទី២ ផ្តោត​លើ​បញ្ហាសេដ្ឋកិច្ច​តំបន់សេដ្ឋកិច្ច​សេរី​អាស៊ាន និង​ការ​លើក​លែង​ពន្ធ និង​ទី​៣ ផ្តោត​លើ​បញ្ហា​សង្គម​កិច្ច។

លោក ជាម យៀប បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា លោក​កំពុង​ត្រៀម​រៀប​ចំ​សំណើ​ផ្តួចផ្តើម​គំនិត​ថ្មី សម្រាប់ មហា​សន្និបាត AIPA ស្តីពី​ដំណោះ​ស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ប្រទេស​ជិត​ខាង បញ្ហា​ប្រើ​ប្រាស់​ទឹក​ទន្លេ​មេគង្គ​ឱ្យ​មាន​ប្រយោជន៏​សម្រាប់​ទាំង​អស់​គ្នា និង​បញ្ហា​ជំរុញ​ចលនា​ទេសចរណ៏ធម្មជាតិ​មក​កាន់​ប្រទេស​កម្ពុជា។

សំណើ​អំពី​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​នេះ សំដៅ​ស្វែង​រក​បណ្តា​ប្រទេស​អាស៊ាន​ឱ្យ​ជួយ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន ដែល​បាន​អូស​បន្លាយ​ពេលរវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។

កង​ទ័ព​កម្ពុជា និង​ថៃ​បាន​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​លើក នៅ​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ ប្រាសាទ​ព្រះវិហារ​ដែល​បាន​សម្លាប់​កង​ទ័ព​យ៉ាង​ហោច​ណាស់​៨​នាក់ បន្ទាប់​ពី​ប្រាសាទព្រះ​វិហារ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​ លោក ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៨។

លោក ​ឡេង ប៉េងឡុង​អគ្គ​លេខាធិការ​រដ្ឋ​សភា បាន​ដឹក​នាំ​គណៈប្រតិភូ​នៃ​មន្ត្រី​បម្រើការ​នៅ​រដ្ឋសភា ចំនួន​២០​រូប ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ដើម្បី​ស្វែង​យល់​ពី​នីតិវិធី​នៃការ​រៀបចំ​មហា​សន្និបាត AIPA សម្រាប់​យក​មក​អនុវត្ត​នៅ​កម្ពុជា​ឆ្នាំ ​២០១១ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀប​ចំមហា​សន្និបាត​នេះ។