រដ្ឋធានីវ៉ាស៊ីនតោន៖ បញ្ហាប្រាសាទព្រះវិហារ និងជម្លោះព្រំដែន បានក្លាយទៅជាប្រធានបទនៃការដណ្តើមប្រជាប្រិយ៍ភាពគ្នារវាងអ្នកនយោបាយថៃ តាំងពីប្រទេសថៃបានខកខានក្នុងការរារាំងកម្ពុជាដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីខែកក្កដាឆ្នាំ២០០៨។បាតុកម្មប្រឆាំងរបស់ក្រុមអ្នកស្នេហាជាតិថៃមួយក្រុម ដែលមានពាក់អាវលឿងបានកើតឡើងជាបន្តបន្ទាប់នៅក្នុងទីក្រុងបាងកកក្តី នៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្តី ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលថៃ របស់លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វីចាជីវ៉ាមុនការបោះឆ្នោតដែលពួកគេចាត់ទុកថាទន់ជ្រាយរឿងព្រំដែនក្រៅពីទាមទារឲ្យមានការលុបកិច្ចព្រមព្រៀងអនុស្សរណៈស្តីពីការយោគយល់MOU ទ្វេរភាគី។
លោក បណ្ឌិតឈាង វណ្ណារិទ្ធិនាយកប្រតិបត្តិនៃវិទ្យាស្ថានកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាពបានអះអាងថាបញ្ហាកម្ពុជាគឺជាបញ្ហាស្នូលមួយក្នុងនយោបាយ ក្នុងស្រុករបស់ថៃតាំងពីមានអំពើរដ្ឋប្រហារផ្តួលរំលំលោកនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត់ប៉ុន្មានឆ្នាំមុននេះមកគឺបានន័យថាគេយកជាតិនិយមជ្រុល របស់ថៃដើម្បីទាញយកសន្លឹកឆ្នោតក៏ដូចជាសំឡេងគាំទ្រនៅក្នុងប្រទេសថៃដែរ។
«ដូច្នេះបញ្ហាកម្ពុជាហ្នឹងនៅតែជាបញ្ហាមួយជាឧបករណ៍មួយក្នុងនយោបាយក្នុង ស្រុករបស់ថៃនៅឡើយទេ ហើយបញ្ហាមួយទៀត ប្រហែលជាមានគណបក្សនយោបាយមួយចំនួន ឬក៏អ្នកនយោបាយមួយចំនួននៅក្នុងប្រទេសថៃយកបញ្ហាកម្ពុជា គឺថាបញ្ជៀសបញ្ហាក្នុងស្រុកមកបញ្ហាកម្ពុជាដើម្បីកុំឲ្យប្រជាជនថៃចាប់អារម្មណ៍ច្រើនចំពោះការណ៍ដែលរដ្ឋាភិបាលបង្ក្រាបទៅលើក្រុមបាតុកម្មអាវក្រហមជាដើមនោះ ដូច្នេះយកបញ្ហាកម្ពុជាទៅជាបញ្ហាមួយទៅជាគ្របដណ្តប់ទៅលើនយោបាយនៅក្នុងស្រុកថៃដែលមានជម្លោះគណបក្សជាមួយខោ អាវផ្សេងៗក្នុងប្រទេសថៃនោះ»។
លោក វណ្ណារិទ្ធបានធ្វើការបង្ហាញពីការវិភាគពីរបែបរបស់លោក ចំពោះក្រុម អាវលឿងដែលធ្លាប់គាំទ្ររដ្ឋាភិបាលលោកអាប់ភីស៊ីតយ៉ាងដូច្នេះថា៖
«ពួកហ្នឹង ពិតជាប្រឆាំងលោកអាប់ភីស៊ីតមែន ក្នុងករណីលោកអាប់ភីស៊ីត ងាកមករកផ្លូវកណ្តាលក្នុងការដោះស្រាយបញ្ហាជំលោះព្រំដែនកម្ពុជាថៃ ហើយការយល់មួយទៀត គឺប្រហែលជាល្បិចរបស់អ្នកនយោបាយថៃ ដើម្បីបង្កើតទៅជាចង្វាក់រាំមួយ ដើម្បីឲ្យអាប់ភីស៊ីតហ្នឹង ឬក៏គណបក្សរបស់លោក ឬក៏អ្នកគាំទ្ររបស់លោកហ្នឹងទាញយកផលប្រយោជន៍ពីបញ្ហាព្រំដែនកម្ពុជាថៃនេះ នៅក្នុងការបោះឆ្នោតដែលនឹងកើតឡើងក្នុងប្រទេសថៃនៅឆ្នាំនេះ»។
លោក បណ្ទិត រស់ ចន្ត្រាបុត្រអ្នកប្រវត្តិសាស្ត្រខ្មែរមួយរូបបានអះអាងដែរថា ក្រុមអ្នកនយោបាយថៃអាចលេងនយោបាយដើម្បីប្រមូលអំណាចនិងប្រជាប្រិយ៍ភាពតាមរយៈការបង្កើតក្រុមអ្នកប្រឆាំងឲ្យបានច្រើន៖
«ប៉ុន្តែនៅក្នុងបញ្ហានយោបាយសៀមគេអាចចែកគ្នាដើរតួមួយជាអ្នកសម្របសម្រួលជាមួយកម្ពុជាមួយទៀតជាអ្នកប្រឆាំងនឹងកម្ពុជាហើយគេចែកគ្នាដើរ អញ្ចឹងទៅ។ ដើម្បីយ៉ាងម៉េច ដើម្បីថាបន្តិចទៀតដល់ពេលបោះឆ្នោតជាសាកលដើម្បីរើសសភាអញ្ចឹងគឺថាពួកអ្នកដែលគាំទ្រអាប់ភីស៊ីតជាពិសេសពួកអាវក្រហមពួកអាវលឿងដែលធ្លាប់តែប្រឆាំងអាប់ភីស៊ីត ឃើញថាអាប់ភីស៊ីត អាចសម្របសម្រួលជាមួយកម្ពុជាអាចហៅថាមានលក្ខណៈចាស់ទុំ អាចបោះឆ្នោតឲ្យអាប់ភីស៊ីត»។
ដោយសារការបោះឆ្នោតក្នុងប្រទេសថៃនៅចុងឆ្នាំនេះ ហើយបាតុកម្មប្រឆាំងនឹង រដ្ឋាភិបាលរឿងព្រំដែនកម្ពុជា ថៃ កំពុងពុះកញ្ជ្រោលឡើងវិញផងនាំឲ្យក្រុមអ្នកវិភាគកម្ពុជាសុទ្ធតែមើលឃើញថាបញ្ហាព្រំដែននឹងមិនអាចដោះស្រាយបានមុនរដ្ឋាភិបាលថ្មីមួយត្រូវកើតឡើងចេញពីការបោះឆ្នោតទេ។
លោក បណ្ឌិត រស់ ចន្ត្រាបុត្របានអះអាងថា៖
«យើងឃើញថា រដ្ឋាភិបាល ថៃក្តី អ្នកនយោបាយថៃក្តីគ្រប់កន្លែងទាំងអស់គឺថានាំគ្នាពន្យា ពន្យា ការជជែក ពន្យាការដោះស្រាយ បញ្ហាទាំងអស់ដែលទាក់ទងនឹងបញ្ហាព្រំដែន ហើយការពន្យាទាំងអស់នេះ ការគេចវេសទាំងអស់នេះដើម្បីមិនរកដំណោះស្រាយនេះគឺក្នុងគោលដៅមួយ គោលការណ៍មួយដើម្បីធ្វើដូចម្តេចចាំឲ្យមានការបោះឆ្នោត ជាសាកលមួយនៅខាងប្រទេសថៃហ្នឹងគឺថា បានរៀបចំសិន»។
លោក បណ្ទិត ឈាង វណ្ណារិទ្ធិវិញបានអះអាងថា៖
«បាទ! ខ្ញុំយល់ថាបញ្ហាចម្រូងចម្រាសនយោបាយក្នុងស្រុកនៅប្រទេសថៃនេះវាមិនអាចផ្តល់ឱកាសដល់ភាគីកម្ពុជា-ថៃស្វែងរកដំណោះស្រាយណាមួយទាក់ទងនឹងបញ្ហាព្រំដែនបាននោះទេ ដូច្នេះល្គឹកណាតែរដ្ឋាភិបាលថ្មីរបស់ថៃក្រោយពីការបោះឆ្នោតក្នុងឆ្នាំនេះអាចមានគោលនយោបាយអ្វីមួយច្បាស់លាស់ដូច្នេះ បញ្ហាកម្ពុជា-ថៃអាចដោះស្រាយបានតែក្នុងឋានៈនេះខ្ញុំមិនអាចយល់ឃើញថា មានដំណោះស្រាយណាមួយចំពោះបញ្ហាព្រំដែនហ្នឹងទេ»។
លោកវណ្ណារិទ្ធបានបន្ថែមសេចក្តីថាកម្ពុជាត្រូវរង់ចាំមេដឹកនាំថៃថ្មីដែលមានឆន្ទៈក្នុងការដោះស្រាយបញ្ហាព្រំដែន។
លោក រស់ ចន្ត្រាបុត្របានអះអាងថាប្រទេសថៃទំនងជាមានសម្ពាធពីប្រទេស មហាអំណាចបានជាធ្វើឲ្យមេដឹកនាំថៃបច្ចុប្បន្ននិងក្រុមយោធាហាក់ដូចជាមានជំហរប្រែប្រួលឆ្ពោះទៅកាន់ការសម្របសម្រួលច្រើនក្នុងទំនាក់ទំនងជាមួយ កម្ពុជាហើយទុកចោលក្រុមអាវលឿងឲ្យនៅឯកោ។
«នៅពេលណាដែលលោកអាប់ភីស៊ីតនិងយោធាសៀមសម្របសម្រួលចុះសម្រុងគ្នាក្នុងការសម្របសម្រួលជាមួយកម្ពុជាយើងឃើញថាថៃអស់មានលេស អស់មានអ្វីហៅថានឹងយកកម្ពុជាធ្វើជាចំណាប់ខ្មាំងតទៅទៀតនៅក្នុងនយោបាយផ្ទៃក្នុងរបស់ខ្លួនបើដូច្នេះខ្ញុំឃើញថាអ្វីដែលកើតឡើងក្នុងថ្ងៃនេះហើយទៅអនាគត យើងឃើញថាទំនាក់ទំនងកម្ពុជានៅតែមានសន្ទុះធម្មតាទៅវិញទៅមកជាលក្ខណៈធម្មតា ដូចជាប្រក្រតីដូចមុនថ្ងៃ១៥ កក្កដាឆ្នាំ២០០៨ដែរ»។
រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជារឿយៗពីការមិនលូកដៃចូលក្នុងកិច្ចការនយោបាយផ្ទៃក្នុងរបស់ថៃ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជានិងជារដ្ឋលេខា ធិការបានកត់សម្គាល់ពីការដែលអ្នកនយោបាយថៃបានប្រើប្រាស់សភាព ការណ៍កម្ពុជាដើម្បីទំលាក់នាយករដ្ឋមន្ត្រីពីររបស់ថៃចេញពីមុខតំណែងក្រៅពីបញ្ជាក់ថាពេលនេះលោក អាប់ភីស៊ីតក៏កំពុងប្រឈមមុខនឹងបញ្ហានេះពេលដែលលោកអាប់ភីស៊ីត បដិសេធមិនធ្វើតាមសំណើក្រុមអាវលឿង ហើយជាងាកបែមករកការរឹតចំណងកិច្ចសហប្រតិបត្តិការនិងដោះស្រាយបញ្ចប់បញ្ហាព្រំដែនជាមួយកម្ពុជា។
«អ្វីដែលយើងបានកើនទំនុកចិត្តមួយទៀតគឺរដ្ឋាភិបាលថៃដឹកនាំដោយលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វីចាជីវ៉ាបាននិយាយប្រាប់ពួកអាវលឿងថាលោក មិនបោះបង់ចោលឬក៏លុនតួចំពោះក្រុមអាវលឿងដែលបង្ខំឲ្យលោកបញ្ចប់ឬក៏ហែកចោលនូវអនុស្សរណៈស្តីពីការយោគយល់គ្នា»។
អនុស្សរណៈស្តីពីការយោគយល់ដែលមេដឹកនាំកម្ពុជាថៃបានចុះហត្ថលេខាកាលពីឆ្នាំ២០០០ គឺសំដៅទៅលើឯកសារទាក់ទងនឹងកិច្ចសហប្រតិបត្តិការនានា និងបញ្ហាព្រំដែនផងដែររវាងកម្ពុជានិងថៃ។ មេដឹកនាំថៃរាប់ទាំងលោកអតីត នាយករដ្ឋមន្ត្រីស៊ុនថារ៉ាវ៉េត បានទទួលស្គាល់និងគាំទ្រកម្ពុជាក្នុងការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ទពិភពលោកនិងគោរពតាមច្បាប់អន្តរជាតិហើយនឹងសាលក្រមរបស់តុលាការក្រុងឡាអេ ឆ្នាំ១៩៦២ ដែលបានកាត់ប្រាសាទព្រះវិហាររបស់ខ្មែរដែលថៃធ្លាប់គ្រប់គ្រងមួយរយៈពេលនោះមកឲ្យ ខ្មែរវិញ។ ប្រទេសកម្ពុជានិងប្រទេសថៃមានបញ្ហាវិវាទព្រំដែនជាមួយគ្នារាប់សិបទសវត្សរ៍ដែលមិនអាចដោះស្រាយបាន។ ពេលខ្លះឈានដល់ការផ្តាច់ទំនាក់ទំនងការទូតនិងការផ្ទុះអាវុធរវាងកងទ័ពប្រចាំការជួរមុខរបស់ប្រទេសទាំងពីរជាដើមផង។
លោក ស៊ានប៉េងសែប្រធានគណៈកម្មាធិការព្រំដែនស្រុកបារាំងបានអះអាងថា បញ្ហាព្រំដែនកម្ពុជានិងថៃមិនអាចដោះស្រាយបានក្នុងពេលឆាប់បានទេហើយថៃនឹងរករឿងឥតឈប់ឈរពេលណាកម្ពុជាមិនធ្វើអ្វីឲ្យមានតុល្យភាពទាំងខាងលិចគឺប្រទេសថៃនិងខាងកើតគឺប្រទេសវៀតណាមដោយសារអាជ្ញាធរ កម្ពុជាបានប្រព្រឹត្តកំហុសច្រើនរឿងបញ្ហាព្រំដែន។
«ពីព្រោះសៀមឆ្លៀតឱកាសពេលណាយួនចង់បានអីសៀមក៏ចង់បានដែរដូច្នោះ ខ្មែរយើងមិនធ្វើឲ្យមានពាក្យបារាំងគេហៅថា Logicគឺធ្វើខាងកើតនិងខាងលិច ឲ្យដូចគ្នាដូច្នេះហើយសៀមហ្នឹងវាចេះតែបុកម្នេញមកខ្មែរយើងហ្នឹងមិនចេះឈប់មិនចេះឈរ។ ពីរឿងខាងយួនយើងរកគេហៅថារកបង្គោលចាស់រកមិនឃើញ ចំណែកខាងសៀមយើងរកបង្គោលចាស់មិនឃើញដែរប៉ុន្តែយើងចេះតែមានៈត្រូវតែរកអាហ្នឹងជាការល្អប៉ុន្តែហេតុអីបានជាយើងមិនយកសេចក្តីសម្រេចហ្នឹង យើងមិនធ្វើខាងយួនផងធ្វើតែខាងសៀមអញ្ចឹង?»។
ប្រទេសវៀត ណាម និងថៃធ្លាប់បដិសេធចំពោះការទន្ទ្រានយកទឹកដីកម្ពុជា ដោយអះអាងថាគណៈកម្មការព្រំដែនចម្រុះនៃប្រទេសនីមួយៗកំពុងធ្វើកិច្ចការនៅលើទីតាំងដែលមានការខ្វែងគ្នា។ ប្រទេសកម្ពុជាវិញបានអះអាងថាកម្ពុជា មិនបាត់បង់ទឹកដីទេតែកន្លែងខ្លះដែលពុំទាន់បានដឹងថាបាត់ឬយ៉ាងណាដោយ សារកន្លែងខ្លះតាមបណ្តោយព្រំដែនមិនទាន់បានកំណត់នៅឡើយជាមួយ ប្រទេសជិតខាង។ កម្ពុជានិងថៃក្នុងគណៈកម្មការចម្រុះកំពុងរៀបចំថានឹងបន្តកិច្ចការត្រួតពិនិត្យបញ្ហាព្រំដែននិងកិច្ចការបច្ចេកទេសខ្លះៗឡើងវិញទោះបីជាសភាថៃមិនទាន់ផ្តល់សច្ចាប័នឯកសារព្រំដែនទាំងបីដែលគណៈកម្មាធិការចម្រុះនៃប្រទេសកម្ពុជាថៃបានព្រមព្រៀងគ្នាថានឹងបញ្ចប់បញ្ហាវិវាទព្រំដែន៕