ក្រុមអ្នកសង្កេតការណ៍កម្ពុជានិយាយថាចលនាជាតិនិយមដែលភាគីខ្មែរទាំងអស់បានបង្ហាញឲ្យឃើញតាមរយៈសាមគ្គីភាពក្នុង«សំឡេងរួមតែមួយ»បានកើនឡើងដល់កម្រិតខ្ពស់ច្រើនជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា ខណៈពេលដែលកម្ពុជាមានជម្លោះព្រំដែនចុងក្រោយជាមួយប្រទេសថៃកាលពីដើមខែកុម្ភៈឆ្នាំ២០១១។
ស្របគ្នាជាមួយនឹងនយោបាយអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រុមអ្នកនយោបាយកម្ពុជា គណបក្សជំទាស់ គណបក្សគ្រប់គ្រងប្រទេស ពលរដ្ឋកម្ពុជាទូទៅ មន្ត្រីសង្គមស៊ីវិល រាជវង្សានុវង្ស មន្ត្រីរាជការជាដើម បានសម្តែងការមិនពេញចិត្តនិងថ្កោលទោសរួមគ្នា ទៅនឹងអ្វីមួយដែលគេចោទប្រកាន់ថាប្រទេសថៃបានឈ្លានពានទឹកដីកម្ពុជា។ ការថ្កោលទោសព្រមៗគ្នារបស់ជនជាតិកម្ពុជាប្រឆាំងនឹងថៃដូចនេះ ត្រូវគេចាត់ទុកថាបានបង្ហាញឲ្យឃើញជាលើកដំបូងក្នុងរយៈពេលជាង៣ទសវត្សរ៍ចុងក្រោយថាទំនាស់ផ្ទៃក្នុងទាំងឡាយត្រូវគេទុកចោលមួយឡែកមកគិតគូរពីបញ្ហារួម គឺ បូរណភាពទឹកដី។
ដោយមិនទាន់គិតពីទម្ងន់ផ្លូវច្បាប់ដែលកម្ពុជាមានប្រៀបលើប្រទេសថៃ លោក ស្រី ជា វណ្ណាតអតីតនាយិកាមជ្ឈមណ្ឌលអភិវឌ្ឈន៍សង្គមនិងជាអ្នកវិភាគឯករាជ្យបានទទួលស្គាល់ថាកម្លាំងរួបរួមគ្នា មានសន្ទុះខ្លាំងនៅពេលមានបញ្ហាពាក់ព័ន្ធនឹងការថែរក្សាបូរណភាពទឹកដី អធិបតេយ្យភាពដែនដី។
«ដោយសារជាភាសារបស់រដ្ឋាភិបាលផងហើយក៏ស្របគ្នាជាមួយនឹងភាសារបស់ប្រជាពលរដ្ឋទូទៅផង សាធារណជនដែរ ដល់អញ្ចឹងហើយសំឡេងរបស់ រដ្ឋាភិបាល ហើយនឹងសំឡេងសាធារណជនហ្នឹងស្របគ្នាអញ្ចឹងហើយឲ្យមើលទៅ ឃើញសំឡេងអ្នកជាតិនិយមហ្នឹងខ្លាំងក្លាដោយសារចេញពីបេះដូងប្រជាពលរដ្ឋផងហើយក៏ជាគោលការណ៍របស់រដ្ឋាភិបាលស្របជាមួយគ្នា»។
លោកស្រីបានបញ្ជាក់បន្ថែមថា ស្ថានភាពព្រំដែនពេលនេះ កម្ពុជាគ្មានការបែកបាក់ផ្ទៃក្នុងទេដែលលោកស្រីហៅថានេះជា«កម្លាំង»ដែលកម្ពុជា អាចតវ៉ាជាមួយប្រទេសថៃដោយងាយស្រួល។
លោក បណ្ឌិត ឡៅ ម៉ុងហៃ អតីតអ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាស៊ីនិងជាអ្នកវិភាគឯករាជ្យម្នាក់ក្នុងនយោបាយកម្ពុជាបានថ្លែងថា លោកបាន សង្កេតឃើញថាជនជាតិកម្ពុជាមានការជាប់ជំពាក់ខ្លាំងជាមួយនឹងបញ្ហាទឹកដីជាយូរមកហើយដោយសារតែកម្ពុជាបានបាត់បង់ទឹកដីច្រើនទាំងខាងកើតនិងខាងលិច។ កត្តានេះហើយបានជាធ្វើឲ្យមានការសស្រាក់សស្រាំគាំទ្ររដ្ឋាភិបាលហើយគ្មានសំឡេងប្រឆាំង។ ក៏ប៉ុន្តែលោកឡៅ ម៉ុងហៃបានចាត់ទុកថាការបំផុស ជាតិនិយមជ្រុលហួសពេកអាចជារឿងល្អផងនិងមិនល្អផង ដែលលោកព្រមានថាវាអាចនាំឲ្យមានផលប៉ះពាល់ដូចសម័យខ្មែរក្រហម។
«កាលជំនាន់ខ្មែរក្រហមនោះ ជាតិនិយមខ្លាំងពេកទៅជាជ្រុលទៅណាស់ មិនជា ការណ៍ល្អទេ។ ខ្ញុំថាអាចយករឿងហ្នឹងពង្រឹងឯកភាពជាតិក៏ថាបាន តែវាអាចជ្រុល។ ហើយគេអាចរកមធ្យោបាយអីផ្សេងដើម្បីដោះស្រាយដោយសន្តិវិធី ហើយជៀសវាងការបំផុសបំផុលអ្នកជាតិនិយមខ្លាំងពេកណាស់»។
លោកឡៅ ម៉ុងហៃ ពុំបានបញ្ជាក់ថាការណ៍មិនល្អនោះជារឿងអ្វីខ្លះទេ។ ក៏ប៉ុន្តែគេបានដឹងថាក្រុមខ្មែរក្រហមដែលមិនសូវមានអ្នកមានអ្នកចេះដឹងនៅថ្នាក់ក្រោមច្រើន បានចាប់ផ្តើមកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងអស់ជិត២លាននាក់ក្នុងទសវត្សរ៍១៩៧០ ក្រោយពីចលនាជាតិនិយមមួយនេះបានទទួលជោគជ័យក្នុងសង្គ្រាមហើយ តែពុំមានរចនាសម្ព័ននយោបាយរដ្ឋបាលមួយដ៏រឹងមាំ។
ក្រុមមេដឹកនាំគណបក្សនយោបាយវិញបានបញ្ជាក់ថាបញ្ហាទឹកដីជារឿងសំខាន់ជាងរឿងវិវាទនយោបាយផ្ទៃក្នុងនិងរឿងហេតុផ្សេងៗ។ ការរួមគ្នាគ្រប់និន្នាការ នយោបាយដើម្បីពង្រឹងឯកភាពជាតិឲ្យបានរឹងមាំ តតាំងនឹងការឈ្លានពាន របស់បរទេសនិងការការពារទឹកដីឲ្យមានប្រសិទ្ធភាពខ្ពស់ជារឿងចាំបាច់។
លោក សម រង្ស៊ី មេដឹកនាំគណបក្សជំទាស់ដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ដែល ត្រូវតុលាការកាត់ទោសថ្មីៗឲ្យជាប់គុក១២ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែន កម្ពុជា-វៀតណាមកាលពីចុងឆ្នាំ២០០៩នោះ កំពុងនិរទេសខ្លួននៅក្រៅប្រទេស។ ទោះជាធ្លាប់បានវាយប្រហារពាក្យសម្តីធ្ងន់ៗជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំពីរឿងព្រំដែនជាមួយប្រទេសវៀតណាមកាលពីពេលថ្មីៗនេះក្តី ក៏គណបក្សរបស់លោកសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃ ហើយមានជំហរស្របនឹងរដ្ឋាភិបាលកម្ពុជាដែរអំពីរឿងព្រំដែនកម្ពុជា-ថៃ ក្រោយពីមានការវាយប្រយុទ្ធគ្នារវាងកងទ័ពទាំងពីប្រទេសគឺ កម្ពុជានិងថៃកាលពីថ្ងៃ៤ដល់ថ្ងៃ៧កុម្ភៈ ដែលធ្វើឲ្យខូចខាតប្រាសាទព្រះវិហារ និងស្លាប់របួសជនស៊ីវិលនិងទាហានមួយចំនួន។
លោក សម រង្ស៊ីបានថ្លែងពីប្រទេសបារាំងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាថា៖
«បាទ! ជាទូទៅពេលដែលប្រទេសយើងប្រឈមមុខនឹងគ្រោះថ្នាក់មកពីក្រៅគឺ យើងតែងតែហើយត្រូវតែរួបរួមគ្នាដើម្បីប្រឆាំងបរទេសឈ្លានពាន ចំពោះបញ្ហា ផ្ទៃក្នុងនៃខ្មែរនិងខ្មែរយើងទុកមួយអន្លើសិនក្នុងគ្រាអាសន្នដែលយើងត្រូវតែតទល់ជាមួយនឹងបរទេសឈ្លានពាន»។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សដែលជាគណបក្សជំទាស់ផងដែរ បានថ្លែងថានៅក្នុងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សគណបក្សទាំងអស់មាន ទស្សនៈផ្ទុយគ្នាតែពេលរឿងជាតិធំៗដូចជាមានការឈ្លានពានពីបរទេសគឺត្រូវ គិតពីការរួមសាមគ្គីគ្នា។
«ខ្ញុំយល់ថាគ្រប់គណបក្សទាំងអស់ គ្រប់និន្នាការ ទាំងអស់ត្រូវតែបង្ហាញពីឯកភាពជាតិដើម្បីកុំឲ្យបរទេសមើលងាយយើង កាលណាយើងបែកបាក់គ្នាគឺបរទេសងាយស្រួលក្នុងការមកត្រួតត្រាយើងដូច្នេះជំហរខ្ញុំផ្ទាល់ក៏ដូចជាគណបក្សសិទ្ធិមនុស្ស យើងនៅតែមានការរិះគន់នូវចំណុចខ្សោយ ចំណុចខ្វះខាតរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេសអញ្ចឹង ប៉ុន្តែចំពោះមុខការប្រឈមមុខជាមួយប្រទេសថៃ ប្រទេសមួយដែលឈ្លានពានខ្មែរតាំងពីដើមមកយើងត្រូវតែឯកភាពជាតិ»។
លោក ជៀម យាប មន្ត្រីជាន់ខ្ពស់នៃគណបក្សគ្រប់គ្រងប្រទេស និងជាសមាជិក សភាបានបង្ហាញពីការរីករាយដោយសារការរួបរួមគ្នាសាមគ្គីគ្នារវាងខ្មែរនិងខែ្មរទាំងក្នុងនិងក្រៅប្រទេសនៅពេលមាន បញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ។ លោកបានថ្លែងថាប្រវត្តិសាស្ត្របាន បង្ហាញច្បាស់ណាស់ពីផលប៉ះពាល់ដល់ការ រួបរួមនិងការបែកបាក់ ដោយលើកយកសុភាសិតខ្មែរមួយឃ្លាយ៉ាងខ្លីមកបញ្ជាក់ ថា«ខ្មែររួបរួម ខ្មែររស់ បើខ្មែរបែកបាក់ខ្មែរស្លាប់»។ លោកជៀម យាបថ្លែងដូច្នេះ ដោយយោល ថាភាពគង់វង្សទឹកដីនិងការអភិវឌ្ឍ រីកចម្រើនកើតឡើងពីការ ឯកភាពជាតិ តាំងពីសម័យមុនមកទល់បច្ចុប្បន្ននេះ។
ក្រៅពីអះអាងថាមានតែអ្នកមានឈាមខ្មែរដូចគ្នាដែលអាចជឿទុកចិត្តបាននោះ លោកយាបបានទទូចដល់ពលរដ្ឋខ្មែរថា «កុំទុកចិត្តបរទេស កុំទុកចិត្តមេឃ កុំ ទុកចិត្តផ្កាយ»។ លោកថ្លែងដូច្នេះដោយយកឧទាហរណ៍មកបញ្ជាក់ថាទោះបីជា មានការជេរប្រមាថ រិះគន់គ្នានៅទីក្រុងភ្នំពេញយ៉ាងណាក៏ដោយតែខ្មែរនៅតែ រួបរួមគ្នាបានដោយសារបញ្ហាបូរណភាពទឹកដី។
លោកបណ្ឌិត រស់ ចន្ត្រាបុត្រអ្នកប្រវត្តិសាស្ត្រខ្មែរមួយរូបបានចាត់ទុកថាជាការណ៍ល្អដែលកូនខ្មែរគ្រប់រូបមានការបែងចែកច្បាស់លាស់ចំពោះនយោបាយផ្ទៃក្នុងនិងអធិបតេយ្យភាពជាតិ បញ្ហាអាយុជីវិតជាតិ។
«ដូច្នេះនៅក្នុងពេលនេះហើយយើងឃើញថាជាលើកទីពីរហើយនៅក្នុងអ្វីហៅថាអណត្តិរបស់សម្តេចតេជោ ហ៊ុន សែននៅក្នុងពេលនេះគឺលើកទីពីរហើយដែល អ្វីដែលជាសាមគ្គីភាពកំពុងតែបានរីកចម្រើនហើយកំពុងតែបោះគ្រឹះឬមួយថា មានឫសគល់មួយយ៉ាងច្បាស់លាស់នៅក្នុងការទប់ទល់នឹងការឈ្លានពានរបស់ថៃហើយអ្វីដែលជាសាមគ្គីភាពនៅពេលនេះគឺជាសាមគ្គីភាពមួយយ៉ាងខ្លាំងក្លា សាមគ្គីភាពមួយយ៉ាងច្បាស់លាស់ហើយដែលមានទម្ងន់ធ្ងន់ៗ ជាងពេលមុនៗទៅទៀត»។
ក្រុមអ្នកវិភាគនិងអ្នកប្រវត្តិសាស្រ្តបានលើកឡើងស្រដៀងគ្នាថាចលនាជាតិនិយម សាមគ្គីភាពនិងឯកភាពជាតិឬមានសំឡេងតែមួយកើតមានយ៉ាងខ្លាំងក្លា ផងដែរក្នុងប្រវត្តិសាស្ត្រដែលពលរដ្ឋខ្មែរនាំគ្នាក្រោកឈរឡើងដើម្បីបណ្តេញ បរទេសចេញពីប្រទេសកម្ពុជាដូចជា ក្នុងសតវត្សរ៍ទី១៩ និងទី ២០ ការទាមទារយកប្រាសាទព្រះវិហារនៅទីក្រុងឡាអេពីប្រទេសថៃឆ្នាំ១៩៦២ដែលដឹកនាំដោយសម្តេចឪ ព្រះនរោត្តម សីហនុ និងការទាមទារបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ដែលដឹកនាំដោយសម្តេចឪជាដើមផងនោះ។ ក៏ប៉ុន្តែអ្នកវិភាគខ្លះបានរិះគន់របបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ដែលបាន អំណាចចេញពីចលនាជាតិនិយមមួយក្នុងទសវត្សរ៍១៩៧០ ដោយរដ្ឋប្រហារ ទម្លាក់សម្តេចឪហើយបែរជាពុំបានគិតគូរអភិវឌ្ឍប្រទេសតែបង្កឲ្យមានអំពើពុករលួយពាសពេញប្រទេសគិតតែការបែងចែកអំណាចគ្នាមិនបានបម្រើពីឧត្តមប្រយោជន៍ជាតិនោះហើយដែលបង្កទៅរកការបែកបាក់ផ្ទៃក្នុងជាតិនាំប្រទេសធ្លាក់ក្នុងគ្រោះមហន្តរាយដ៏ធំធេង។
លោកបណ្ឌិត រស់ ចន្ត្រាបុត្របានបញ្ជាក់អំពីរឿងទាំងឡាយនេះដូច្នេះថា៖ «ដូច្នេះអ្វីដែលហៅថាកម្លាំងអ្នកស្នេហាជាតិកម្លាំងអ្នកជាតិនិយមនៅពេលនោះ ត្រូវតែរុះរោយជាលំដាប់លំដោយដោយសារតែរដ្ឋាភិបាល លន់ នល់អសមត្ថភាពហើយដែលមិនចេះផ្តល់នូវអ្វីដែលជាសេចក្តីសង្ឃឹមដល់ប្រជាពលរដ្ឋផ្ទុយទៅវិញមានតែបង្កឲ្យមានសង្រ្គាមរឹតតែធំឡើងៗ មានការវិនាសរិតតែច្រើនទៅទៀត»។
ទោះជាពុំបានពន្យល់លម្អិតពីការបែកបាក់ក្នុងប្រវត្តិសាស្រ្តកន្លងមកដែលនាំឲ្យខ្មែររួញទឹកដីកាន់តែតូចទៅៗក្តី តែលោក បណ្ឌិត រស់ ចន្ត្រាបុត្របានលើកយក ឧទាហរណ៍ ក្នុងប្រវត្តិសាស្ត្រមួយចំនួនទៀតមកបញ្ជាក់ដូចជាការតស៊ូរបស់ខ្មែរកើតចេញពីឯកភាពជាតិខ្ពស់នៅក្នុងសតវត្សរ៍ទី១២ដឹកនាំដោយព្រះបាទ ជ័យវរ្ម័នទី៧ដើម្បីវាយបណ្តេញកងទ័ពនគរចម៉្បាពេលមានការរំលោភបំពាននិង បំផ្លិចបំផ្លាញកម្ពុជា។
ប្រទេសកម្ពុជាដែលបានអត់ធ្មត់មួយរយៈយូរជាមួយប្រទេសថៃ ពេលនេះបាន សម្រេចនាំយកបញ្ហាជម្លោះព្រំដែនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ដើម្បីដោះស្រាយក្រោយពីមានការវាយប្រយុទ្ធគ្នាកាលពីថ្ងៃទី៤ដល់ថ្ងៃទី៧កុម្ភៈដែលកម្ពុជាបានចោទប្រកាន់ថាថៃបានឈ្លានពានចង់កាន់កាប់ទឹកដីកម្ពុជាក្បែរប្រាសាទព្រះវិហារ។ តែភាគីថៃបានប្រកែកថាខ្លួនការពារបូរណភាពទឹកដីរបស់ខ្លួនដែរ។ ក្រុមអ្នកវិភាគនិងអ្នកប្រវត្តិសាស្រ្តនិងមេដឹកនាំគណបក្សជំទាស់កម្ពុជាគាំទ្ររដ្ឋាភិបាលក្នុងការនាំយករឿងជម្លោះព្រំដែនទៅកាន់អ.ស.ប តែព្រមានថា ពុំគួររាថយមកចរចាទ្វេរភាគីដែលអូសបន្លាយគ្មានលទ្ធផលនោះទេ។ ពួកគេបានអះអាងស្រដៀងគ្នាថា យន្តការផ្សេងទៀតតាមរយៈកិច្ចព្រមព្រៀងទីក្រុងបារីសក៏ជាជម្រើសមួយដែរ។ អ្នកវិភាគខ្លះទៀតនិយាយថាជារឿងប្រពៃដែលកម្ពុជាពុំបានតស៊ូក្នុងសមរភូមិ២ក្នុងពេលតែមួយ។
ប្រទេសកម្ពុជានិងថៃដែលមានជម្លោះព្រំដែនជាប្រវត្តិសាស្ត្រនោះបានចាប់ផ្តើមតានតឹងជាថ្មីទៀតក្រោយពេលកម្ពុជាបានដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO កាលពីខែកក្កដាឆ្នាំ២០០៨ដែលថៃបានជំទាស់ដោយសំអាងថាដីក្បែរបរិវេណប្រាសាទព្រះវិហារជាដីរបស់ខ្លួនដែរតែកម្ពុជាវិញបានបដិសេធដោយយោងតាមផែនទីអន្តរជាតិឆ្នាំ១៩០៤និង១៩០៧ ដែលប្រទេសសៀម ដែលពេលនេះបានប្តូរឈ្មោះមកជាប្រទេសថៃបានទទួលស្គាល់ដែរ៕