សៀវភៅ​និពន្ធ​ដោយ​ខ្មែរអាមេរិកាំង​ដែល​បាន​ស្លាប់​មុន​មាន​ឈ្មោះ​បោះ​សំឡេង ទទួល​បាន​ការ​កោត​សរសើរ​ច្រើន

រូបថតផ្គុំបង្ហាញឲ្យឃើញគម្របសៀវភៅដែល​មាន​ ចំណងជើងថា៖ «Afterparties» និងលោក  Anthony Veasna So អ្នកនិពន្ធសៀវភៅអាមេរិកាំងដើមកំណើតខ្មែរ។

វ៉ាស៊ីនតោន — សៀវភៅ​ថ្មី​មួយ​ក្បាល​និពន្ធ​ដោយ លោក Anthony Veasna So ត្រូវ​បាន​គេ​កោតសរសើរ​ថា​ជា​ស្នាដៃ​ប្រលោមអក្សរសិល្ប៍​ថ្មីនិង​គួរ​ឲ្យ​រំភើប​បំផុត ដែលបង្ហាញ​អំពីការ​ធំធាត់​នៅ​ក្នុង​សង្គមអាមេរិក​នា​ពេល​បច្ចុប្បន្ន​ ក្នុងនាម​ជា​កូន​របស់ជនភៀស​ខ្លួន​មក​ពី​ប្រទេសកម្ពុជា។

សៀវភៅ​នេះ​ត្រូវ​បាន​កោត​សរសើរ​យ៉ាង​ទូលំទូលាយ ដោយ​អ្នកវាយតម្លៃ​អក្សរសិល្បិ៍ និង​ស្វាគមន៍​ដោយ​សហគមន៍​ខ្មែរ​អាមេរិកាំង សម្រាប់​ការ​ពិពណ៌នា​ដ៏រស់រវើក​ក្នុង​សៀវភៅ​ដែល​ពោរពេញ​ដោយ​សាច់រឿងកំប្លុក​កំប្លែង និង​សេចក្តី​អាណិត​អាសូររបស់​ក្រុមគ្រួសារ​ខ្មែរ​ដែលបាន​តស៊ូ​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម និង​បាន​រង​ការ​បះ​ទង្គិច​ជា​ច្រើន ខណៈ​ពេលដែលត្រូវ​សម្រប​ខ្លួន​នឹង​ការ​ផ្លាស់​ប្ដូរ​វប្បធម៌ ក៏​ដូច​ជា​បញ្ហា​ប្រឈម​ផ្នែក​សង្គមសេដ្ឋកិច្ច​ ដោយសារការតាំង​ទីលំនៅ​ថ្មី​ក្នុង​នាម​ជា​ជនភៀស​ខ្លួន។

ទស្សនាវដ្ដី The New Yorker បាន​សរសេរ​អំពី​សៀវភៅ​ «Afterparties» របស់​លោក Anthony Veasna So ថា៖ «ជា​រឿងរ៉ាវ​លំបាក​វេទនា​ទូទៅ​របស់​ជនអន្តោប្រវេសន៍ ដែល​អាច​ធ្វើ​អ្នក​មានអារម្មណ៍​ស្រពិចស្រពិល និង​ពុះកញ្ច្រោល»។ សាច់​រឿង​ទាំងឡាយ​នៅក្នុងសៀវភៅ Afterparties របស់​លោក Anthony ក៏​មាន​បញ្ចូលការ​បន្ធូរ​ភាព​តានតឹង​ដោយ​ប្រើ​ការ​កំប្លុកកប្លែង​ជា​មួយ​ភាសា​បែប​រំជួល​ចិត្តរីករាយ»។

និពន្ធ​ចេញ​ពី​ទស្សនៈរបស់យុវជនខ្មែរអាមេរិកាំង សៀវភៅ​រឿង​ខ្លី​របស់លោក Anthony ដែល​មាន​
ចំណងជើងថា៖ «Afterparties» ផ្ដល់​មក​នូវ​រស់ជាតិថ្មី​អំពី​បទពិសោធន៍​រស់នៅ​បច្ចុប្បន្ន​របស់ពលរដ្ឋ​ខ្មែរ​ជំនាន់ទី​ ២​ ដែលកើត​និងរស់​នៅ​បរទេស​។

រហូត​មក​ដល់​ពេល​នេះ ស្នាដៃ​អក្សរសិល្ប៍និងភាពយន្ត​ជា​ភាសា​អង់គ្លេស​អំពី​សាច់​រឿង​របស់​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន ជាសៀវភៅ​ជីវប្រវត្តិ​និង​សៀវភៅរឿងពិត ហើយ​និងភាពយន្ត​ល្បីៗ​មួយ​ចំនួន​ដែល​ផ្តោត​លើ​រឿងរ៉ាវ​ទុក្ខវេទនា​របស់​ប្រជាជន​ខ្មែរ​ជំនាន់​មុន ​ដែល​រស់​រាន​មាន​ជីវិត​ពី​របប​វាល​ពិឃាត និង​ដំណើរ​ផ្សងព្រេង​ភៀសខ្លួន​របស់​ពួក​គេ​មក​កាន់​ប្រទេស​លោក​ខាងលិច។

សៀវភៅ «Afterparties» ដែល​មាន​អ្នកគាំទ្រ​ជា​ច្រើន ត្រូវ​បាន​ចេញ​ផ្សាយ​ជា​ផ្លូវការ​ក្នុង​ពេលថ្មីៗ​នេះ ដោយ​រោង​បោះពុម្ភ​សៀវភៅ​អក្សរសិល្ប៍​ដ៏​ល្បី​មួយ​របស់​សហរដ្ឋអាមេរិក ដែល​មាន​ឈ្មោះ​ថា Ecco។ រោងពុម្ភនេះ​បោះពុម្ភសៀវភៅ «Afterparties» ចំនួន ១សែន​ក្បាល ​បន្ទាប់​ពី​រាយការណ៍​ថា​បាន​ចុះ​កុងត្រា​ជា​ទឹកប្រាក់​ចំនួន ៣សែនដុល្លារ​ជាមួយ​លោក Anthony សម្រាប់​សៀវភៅ​ពីរ​ក្បាល។ សៀវភៅ​មួយ​ក្បាល​ទៀត ផ្តោត​លើ​ផ្នែក​មួយ​ចំនួន​នៃ​ប្រលោម​លោក​សរសេរ​មិន​ទាន់​ចប់ ដែល​ត្រូវ​គេ​រំពឹង​ថា​ នឹង​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ ២០២៣។


ជា​អកុសល លោក Anthony មិន​បាន​រស់រាន​មាន​ជីវិត ដើម្បី​ឃើញ​ការ​ចេញផ្សាយ​សៀវភៅ​ដំបូង​របស់​ខ្លួន​ឡើយ។ លោក​បាន​ទទួល​មរណភាព​ក្នុង​អាយុ ២៨ឆ្នាំ កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២០ នៅ​ក្នុង​ផ្ទះ​របស់​លោក ក្នុងទីក្រុង San Francisco រដ្ឋ California ដោយ​សារ​ការ​ប្រើប្រាស់​ថ្នាំញៀន​ហួស​កម្រិត ដោយ​ចៃដន្យ។

ទស្សវដ្ដី The New Yorker ដែល​បាន​បោះពុម្ភផ្សាយ​រឿងខ្លី​មួយ​ចំនួន​របស់​លោក Anthony មុនពេល​សៀវភៅ «Afterparties» ចេញ​ផ្សាយ បាន​ពិពណ៌នា​ពីការស្លាប់​របស់​លោក Anthony ថាជា៖ «ការកាត់​ផ្ដាច់​អាជីព​ផ្នែក​អក្សរសាស្ត្រ​ដែល​មាន​សមិទ្ធផល ​និង​សក្កានុពល​ដ៏​ធំធេងអស្ចារ្យ​»។

នៅ​ក្នុង​អត្ថបទវាយតម្លៃ​សៀវភៅមួយ​របស់សារព័ត៌មាន Washington Post បាន​សរសេរ​ថា៖ «សៀវភៅ Afterparties ទទូច​ឲ្យ​មាន​ការ​យល់​ដឹង​អំ​ពី​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង តាម​រយៈរឿង​ខ្លីៗ ដែល​ពោរពេញ​ដោយ​ការ​អាណិត​អាសូរ និង​កំប្លែង ដែល​ធ្វើ​ឲ្យ​យើង​សើច នៅ​ពេល​ដែល​យើង​កំពុង​ទប់​ទឹក​ភ្នែក»។

«វា​ជា​សមត្ថភាព ដែល​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់ ប្រែក្លាយ​ជា​ក្ដី​សង្ឃឹម និង​សំណើច ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ស្នាដៃ​របស់​លោក Anthony មាន​ភាព​ទាក់​ទាញ»។


«ប្រលោមលោករបស់អ្នកស្រវឹងថ្នាំជក់ស្រលាញ់ភេទដូចគ្នាក្រោយសម័យខ្មែរក្រហម»


ស្នាដៃ​និពន្ធ​របស់​លោក បង្ហាញ​ពី​ទស្សនៈរបស់​យុវជន​ខ្មែរ​អាមេរិកាំង​ជំនាន់​ទី​ ២ ស្ដី​ពី​ផល​ប៉ះពាល់ នៃ​ការ​បះ​ទង្គិច​ផ្លូវចិត្ត​និង​បញ្ហា​ស្នូលផ្សេងៗ​ទៀត​ នៅ​ក្នុង​សហគមន៍​ខ្មែរ​អាមេរិកំាង​ ដូច​ជា​បញ្ហា​គ្រួសារ មិត្តភាព និង​សាសនា (ឧទាហរណ៍​ជំនឿ​បែប​ព្រះពុទ្ធសាសនា​អំពី​ការ​ចាប់ជាតិ)។ លោក​ក៏​បាន​សរសេរ​ផ្ដោត​លើ​បញ្ហាទូទៅ​មួយ​ចំនួន​ដូចជា៖ ភាពស្មុគស្មាញ​ក្នុង​ពេលបច្ចុប្បន្ន​នៃបញ្ហាពូជសាសន៍ យុវជន​ និង​ផ្លូវភេទ។

ពេលអានសៀវភៅ Afterparties វាពិតមាន​ន័យ​ជ្រាលជ្រៅ​ ហើយ​វា​ពិត​ជា​រស់​ជាតិ​ថ្មី​មួយ ដែល​យើង​អាច​ឃើញ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋខ្មែរ​រស់​នៅ​បរទេស ដែល​មិន​បាន​បង្ហាញ​នៅ​ក្នុង​ស្នាដៃអក្សរសិល្ប៍​មុនៗ​ ដែល​ផ្តោត​តែ​លើ​ការ​រស់រាន​មាន​ជីវិត​ពី​សង្គ្រាម»។


លោក Anthony ដែល​ជា​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា ត្រូវ​បាន​រាយការណ៍​ថា ម្ដង​ណា​នោះ លោក​បាន​ពណ៌នា​ស្នាដៃ​របស់​ខ្លួន​ថា​ជា៖​ «ប្រលោម​លោក​របស់អ្នកស្រវឹង​ថ្នាំ​ជក់​ស្រលាញ់​ភេទដូចគ្នា​ក្រោយ​សម័យ​ខ្មែរ​ក្រហម»។

ដូច​ដែល​ជនជាតិ​ខ្មែរ​គ្រប់​រូប ដែល​កើត​ជាមួយឪពុកម្តាយ​ខ្មែររស់រាន​មាន​ជីវិត​ពីសម័យខ្មែរក្រហម យល់​ស្រប​តាម រឿងរ៉ាងរន្ធត់ សាហាវយង់ឃ្នង កើត​ឡើង​ក្នុង​សម័យ​ប្រល័យ​ពូជសាសន៍​ ក្នុងទសវត្ស ១៩៧០ ជារឿងរ៉ាវ​ដែល​ពួកគេ​ធំ​ដឹង​ក្ដី​ជាមួយ នៅក្នុងគ្រួសារខ្មែរ។

ពេល​ខ្លះ ឪពុកម្ដាយ​ភ្ជាប់​រឿងរ៉ាវ​សម័យ​ប៉ុល ពត ជា​មួយ​មេរៀន​ជីវិត​ឲ្យ​កូន​ពេល​នៅ​ក្មេង ​ឬ​ជំទង់ស្ដាប់ ឬ​ពួក​គេ​និយាយ​ពី​បទពិសោធន៍​របស់​ពួក​គេ​ឲ្យ​ធូរ​ទ្រូង ហើយ​ពេល​ខ្លះ​ពួកគេ​គ្រាន់​តែ​ត្រូវ​ការ​នរណា​ម្នាក់​មក​ស្ដាប់​បទ​ពិសោធន៍​អតីតកាល​ ឬអារម្មណ៍​របស់​ពួកគេ។

ការ​សង្កេត​យ៉ាង​ល្អិតល្អន់​របស់​លោក Anthony អំពី​យន្តការ​សម្រប​ខ្លួន​របស់​ឪពុក​ម្ដាយលោក ការ​ប៉ះទង្គិច និង​ផល​ប៉ះពាល់​មក​លើ​កូនៗ បង្ហាញ​ពី​ការ​ជះ​ឥទ្ធិពល​មិន​ចេះ​រីងស្ងួត​ច្រើន​ជំនាន់​ ដោយ​សារ​តែ​សង្គ្រាម និង​អំពើ​ហិង្សា។ យ៉ាង​ណា​មិញ លោក​មិន​ដែល​មើល​រំលង​ពី​ភាព​កំប្លុង​កំប្លែង និង​ភាព​មិន​សម​ហេតុ​ផល​នៃ​ស្ថានភាព​មួយ​ចំនួន ​ដែល​បង្កើត​ឡើង​សម្រាប់​មនុស្ស​ជំនាន់​ទី​ ២ ដែល​រស់​នៅ​ដឹងក្ដី​នៅ​សហរដ្ឋ​អាមេរិក​សម័យ​ទំនើប ដែល​មាន​ចម្ងាយ​ជាង ១ ម៉ឺន​គីឡូ​ម៉ែត្រ​ពី​ប្រទេសកម្ពុជា។

នៅ​ក្នុង​រឿង​មួយ ឪពុក​បាន​ស្ដី​បន្ទោស​ឲ្យ​ក្មេងជំទង់​ម្នាក់​ដែល​ផឹក​ទឹក​កក ដោយ​បាន​ស្រែក​ថា៖ «សម័យ​ខ្មែរ​ក្រហម​ គ្មាន​ទឹក​កក​ផឹក​ទេ!»

សៀវភៅ «Afterparties» មាន​រឿង​ខ្លី ៩រឿង។ ក្នុងចំណោមនោះមាន​រឿង «The Monks» អំពី​កូន​ប្រុស​ម្នាក់ ដែល​ត្រូវ​ចំណាយ​ពេល​នៅ​វត្ត បន្ទាប់​ពី​ឪពុក​ស្លាប់ និង «Somaly Serey, Serey Somaly» ជា​រឿង​អំពី​ការ​ចាប់ជាតិ ក្នុង​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺបាត់ការចងចាំនិងវង្វេងស្មារតី។ ហើយ​មួយ​ទៀត​គឺ​រឿង « Generational Differences» ជា​រឿង​អំពីព្រឹត្តិការណ៍បាញ់​ប្រហារ​នៅ​ក្នុង​សាលា​បឋម​សិក្សា Cleveland Elementary​ School ក្នុងទីក្រុង Stockton ដែល​ភាគ​ច្រើន​ជា​កុមារ​ដើម​កំណើត​អាស៊ី​អាគ្នេយ៍​ត្រូវ​គេ​បាញ់ ហើយ​ ៥​នាក់​បាន​ស្លាប់។ ម្ដាយ​របស់លោក Anthony ធ្វើការ​នៅ​សាលា​នោះ និង​បាន​ប្រទះ​ឃើញ​ហេតុការណ៍ហិង្សានោះ​ផង​ដែរ។

កន្លង​មក ស្នាដៃ​របស់​លោក Anthony ត្រូវ​បាន​បោះពុម្ភ​ផ្សាយ​តាម​ស្ថាប័ន​ជា​ច្រើន រួម​មាន​រឿង «Superking Son Scores Again» អំពី​កីឡាករ​វាយសី​ដ៏​ពូកែ​ម្នាក់ ក្លាយខ្លួន​ជា​ម្ចាស់​ហាង​លក់​ចាប់ហួយ ដែល​ព្យាយាមរស់​នៅ​ជីវិតលេង​កីឡាអស្ចារ្យ​របស់​ខ្លួន​កាល​ពី​មុន​ឡើងវិញ។ រឿងនេះ បានចេញ​ផ្សាយ​ក្នុង​ឆ្នាំ ២០១៨ នៅ​ក្នុង​ទស្សនាវដ្ដី n+1។ រឿង​មួយ​ទៀត «Three Women of Chuck’s Donuts» ផ្ដោត​លើ​បង​ប្អូនស្រី​ពីរ​នាក់ ​ធ្វើការ​នៅ​ក្នុង​ហាង​នំ​ដូណាត់​របស់​គ្រួសារ​ពួកគេ ដែល​ចាប់​អារម្មណ៍ខ្លាំង​លើ​អតិថិជន​អាថ៌កំបាំង​ម្នាក់ ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ ២០២០ នៅ​ក្នុង​ទស្សនាវដ្តី The New Yorker។

ទស្សនាវដ្តី n+1 កាលពីពេលថ្មីៗនេះ បានបង្កើតពានរង្វាន់អក្សរសិល្បិ៍មួយដែលមានឈ្មោះថា «ពានរង្វាន់អក្សរសិល្ប៍របស់លោក Anthony Veasna So» ដើមផ្ដល់កិត្តិយសជូនលោក ហើយអ្នកឈ្នះរង្វាន់នេះដំបូងគេគឺលោក Trevor Shikaze អ្នកនិពន្ធឲ្យទស្សនាវដ្តី n+1 មកពីប្រទេសកាណាដា។

លោក Mark Krotov សហនិពន្ធនាយក និង​ជា​អ្នក​បោះពុម្ភផ្សាយ​ទស្សនាវដ្តី​នេះ​ បាន​ប្រាប់ VOA ថា ស្នាដៃ​របស់​លោក Anthony ទំនង​ជា​មាន​ឥទ្ធិពល​ទៅ​លើ​អ្នកនិពន្ធ​វ័យ​ក្មេងៗ​ជា​ច្រើន​ទៀត។

«មាន​គតិបណ្ឌិត​ជា​ច្រើន​ក្នុង​ការ​សរសេរ​នោះ មាន​ការផ្សងព្សេង​និងការ​ប្រថុយ​គ្រោះថ្នាក់​ជា​ច្រើន មាន​ភាពស្រស់ស្អាត​សម្បូរបែប មាន​ភាពឆ្លៀស​វ័យ​យ៉ាង​ខ្លាំង និង​មាន​ការ​ទាក់ទាញប្រតិកម្ម​ពី​អ្នកអាន​ជា​ច្រើន​ផង​ដែរ។ ហើយ​ចំណុច​ទាំង​អស់​នេះ​បូក​បញ្ចូល​គ្នា បង្ហាញ​ឲ្យ​ខ្ញុំ​យល់​ឃើញ​ថា សៀវភៅ​នេះ​នឹង​ត្រូវ​បាន​គេ​ចង​ចាំ​ជាក់​ជា​ពុំខាន»។


ការបង្ហាញតាមអក្សរសិល្ប៍អំពីបទពិសោធន៍ជីវិតពលរដ្ឋខ្មែរអាមេរិកាំង

ឪពុក​ម្ដាយ​របស់​លោក Anthony បាន​ភៀស​ខ្លួន​ពី​ខេត្ត​បាត់ដំបង ភាគពាយ័ព្យ​ប្រទេស​កម្ពុជា និង​បាន​មក​រស់​នៅ​ក្នុង​នាម​ជា​ជនភៀស​ខ្លួន​ក្នុង​ទីក្រុង Stockton នៅ​ភាគ​កណ្ដាល​រដ្ឋ​កាលីហ័្វរញ៉ា កន្លែង​ឪពុក​របស់​លោក​បើក​ហាង​ជួស​ជុល​រថយន្ត និង​ម្ដាយ​របស់​លោក​បាន​បម្រើ​ការ​ជា​បុគ្គលិក​រដ្ឋ។ លោក Anthony កើត​នៅ​ក្នុង​ទីក្រុង Stockton ក្នុងឆ្នាំ ១៩៩២។

ក្រុមបញ្ញវ័ន​ខ្មែរ​អាមេរិកាំង​បាន​និយាយ​ថា រឿង​ប្រលោម​លោក​របស់​លោក Anthony បាន​រៀបរាប់យ៉ាង​ស្ទាត់​ជំនាញ​អំពី​បទពិសោធន៍​រស់នៅ ជីវិតគ្រួសារ និង​សហគមន៍​របស់​ពួកគេ។

កញ្ញា Monica Sok កវី​ម្នាក់​ដែល​ជា​មិត្ត​របស់​លោក Anthony បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សាមួយ ដែល​រៀបចំ​ដោយ​ហាង​សៀវភៅ Book Passage នៅតំបន់ Bay Area ថា៖ «លោក​សរសេរ​អំពី​សំឡេង​របស់​ចាស់​ទុំ​ខ្មែរ យ៉ាង​ពិតៗ​ជាក់​ស្តែង...ខ្ញុំតែងតែគិតថា៖ «ត្រូវហើយ ខ្ញុំ​ពិត​ជា​ស្គាល់​មីង​ម្នាក់​ដែលតែង​តែ​ណែនាំ​ខ្ញុំ​ពី​របៀប​ដែលខ្ញុំ​គួរ​រស់​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ»។

កញ្ញា Monica បន្ថែមថា៖ «ពេលអានសៀវភៅ Afterparties វាពិតមាន​ន័យ​ជ្រាលជ្រៅ​ ហើយ​វា​ពិត​ជា​រស់​ជាតិ​ថ្មី​មួយ ដែល​យើង​អាច​ឃើញ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋខ្មែរ​រស់​នៅ​បរទេស ដែល​មិន​បាន​បង្ហាញ​នៅ​ក្នុង​ស្នាដៃអក្សរសិល្ប៍​មុនៗ​ ដែល​ផ្តោត​តែ​លើ​ការ​រស់រាន​មាន​ជីវិត​ពី​សង្គ្រាម»។

«Anthony ពិតជា​បាន​ផ្ដោត​សំខាន់​លើ​ជនជាតិ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក និង​កូនចៅ​ជំនាន់​ទី ២ អ្នក​ដែល​បាន​កើត​នៅ​ក្នុង​ប្រទេស​នេះ និង​កំពុង​ទទួល​មរតក​នៃ​ការប៉ះទង្គិចអារម្មណ៍​ពី​ឪពុកម្ដាយ​ពួកគេ ខណៈ​ដែល​ពួកគេ​កំពុង​ព្យាយាម​ស្វែងរក​គោលដៅ​ជីវិត​ផ្ទាល់​ខ្លួន»។

អ្នកនាង Svay Sokunthary អ្នកនិពន្ធខ្មែរ​អាមេរិកាំង​មកពីទីក្រុង New York ក៏​បាន​កោតសរសើរ​ស្នាដៃ​របស់​លោក Anthony និង​ការសរសេរ​បង្ហាញ​ពី​សហគមន៍​របស់​នាង ដូចជា​ប្រពៃណី និង​ការប្រារព្ធ​ពិធី​រៀប​អាពាហ៍ពិពាហ៍​បែប​ខ្មែរ​ជាដើម។

អ្នកនាង Sokunthary ប្រាប់ VOA ថា៖ «ខ្ញុំ​គិត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ស្នាដៃ​របស់​គាត់​សំខាន់​ខ្លាំង​សម្រាប់​ពលរដ្ឋខ្មែរ​រស់នៅ​បរទេស​នោះ​គឺថា គាត់​និយាយ​ពី​បទពិសោធន៍​ដែល​យើង​ទំាងអស់​គ្នា​ដឹង ពេល​ធំ​ដឹង​ក្ដី​នៅ​សហរដ្ឋអាមេរិក»។

សៀវភៅនេះ​ប្រាប់​រឿង​រ៉ាវ​ពី​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា ប៉ុន្តែ​ចេញ​ពី​ទស្សនៈយុវជន​វ័យ​ក្មេង​ម្នាក់។ មិន​ដែល​មាន​សៀវភៅ ឬភាពយន្ត ឬកម្មវិធីទូរទស្សន៍​ណា បង្ហាញ​អំពី​ការ​យល់​ឃើញ​របស់​លោក​ខាងលិច​លើ​ប្រជាជន​កម្ពុជា​ដែល​ផ្តោត​លើ​តែ​បទពិសោធន៍​ជីវិត​ជា​ខ្មែរ​អាមេរិកាំងបច្ចុប្បន្ន​នោះ​ទេ សៀវភៅ​នេះ​ធ្វើ​ឲ្យ​ពួកគេ​ស្គាល់​និង​ដឹងពី​ជីវិត​របស់​ពួកយើង»។

អ្នកនាង Samantha Lamb ជា​បងស្រី​របស់​លោក Anthony។ នាង​និយាយថា​ លោក Anthony ចូលចិត្ត​រឿងភាគទូរទស្សន៍ និងភាពយន្ត ហើយ​លោក​បាន​រក​ឃើញ​ទេពកោសល្យ​តែង​និពន្ធ នៅ​ពេល​ព្យាយាម​សរសេរ​នាដកថា​សម្រាប់​រឿងភាគទូរទស្សន៍​អំពី​គ្រួសារ​ខ្មែរ​អាមេរិកាំង​មួយ ដែល​យោង​តាម​រឿងរ៉ាវ​ជីវិតពិត​របស់​លោក​ផ្ទាស់។

អ្នកនាង Samantha បានប្រាប់ VOA ថា៖ «នៅ​ពេល​ខ្ញុំ​អាន​រឿង​ទាំងនេះ ខ្ញុំ​គឺ​ថា មែនហើយ​ពិត​ណាស់​ ពិត​ណាស់ នោះ​គឺ​ជា​រឿង​អំពី​ប្អូនស្រី​របស់​ជីដូន​ខ្ញុំ នោះ​ជា​រឿង​របស់​ម្តាយ​មីង​ខ្ញុំ។ តួ​នេះ​តំណាង​ឲ្យ​អ្នកនេះ​នៅ​ក្នុង​គ្រួសារ​របស់​ខ្ញុំ»។

លោក Anthony កើត​ក្នុង​គ្រួសារ​ធំ​មួយ​ដែល​មាន​សមាជិក​ច្រើន ហើយ​កូនៗ​ទាំងអស់​សុទ្ធទទួល​បាន​ជោគជ័យ​ខ្ពស់​ក្នុង​ការ​សិក្សា។ លោក Anthony បាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ Stanford និង​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ខាងវិចិត្រសិល្ប:​ផ្នែក​ប្រលោម​លោក​ពី​សាកលវិទ្យាល័យ Syracuse។ មុន​ពេល​ដឹង​ថា​លោក​ចូលចិត្ត និង​មាន​ទេព្យកោសល្យ​ខាង​តែង​និពន្ធ លោក​បាន​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ប៉ុន្តែ​លោក​បាន​បោះបង់​ចោល និង​ប្ដូរ​មុខ​ជំនាញ​វិញ ដែល​ការណ៍​នេះ​ដំបូង​ឡើយ​ធ្វើ​ឲ្យ​គ្រួសារ​លោក​មាន​ការ​ខក​ចិត្ត។

អ្នកនាង Samantha បានកត់សម្គាល់ថា លោក Anthony ធ្លាប់​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ពីរ​ដង នៅ​ពេល​លោក​មាន​អាយុ​ប្រហែល ១០ឆ្នាំ និង ១៥ឆ្នាំ។

រឿងរ៉ាវស្ដីពីអំពើប្រល័យពូជសាសន៍ ប៉ុន្តែចេញពីទស្សន:យុវជនវ័យក្មេងម្នាក់

អ្នកនាង Samantha បាននិយាយថា បទពិសោធន៍​សម័យ​ខ្មែរក្រហម ជា​ប្រធានបទ ដែល​លេច​ឡើង​ជា​ញឹកញាប់​ក្នុងសំណេរ​របស់​លោក ព្រោះ «វា​ជា​ផ្នែក​មួយ​ដ៏​ធំ​ក្នុង​ជីវិត​យើង ហើយ​ធំ​ដឹង​ក្ដី​មក ឪពុកម្ដាយ​របស់​ខ្ញុំ​និយាយ​ពី​វា​គ្រប់ពេល»។

អ្នកនាង Samantha ប្រាប់ VOA ថា៖ «ពួកគេ​មិន​ចង់​ទៅ​ជួប​អ្នកប្រឹក្សា​បញ្ហា​ផ្លូវ​ចិត្ត ហើយ​វា​ប៉ះពាល់​ដល់​ខ្ញុំ ព្រោះ​ពេល​ខ្លះ ពួកគេ​ត្រូវ​និយាយ​ជាមួយ​នរណា​ម្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​ឆ្លងកាត់។ ប៉ុន្តែ​ ពួកគេ​បញ្ចេញ​រឿងទាំងនោះ​មក​លើ​ខ្ញុំ​ជា​កូន។ ទូទៅ​សម្រាប់​ឪពុកម្ដាយ​អ្វី​ដែល​បាន​កើត​ឡើង​លើ​ពួកគេ​កាល​ពី​ពួកគេ​នៅក្មេង ពួកគេ​ធ្វើត ពួកគេ​ធ្វើ​រឿង​ទាំង​នោះ​លើ​កូនៗ​របស់​ពួកគេ​វិញ។

លោក Anthony បានសរសេរ នៅក្នុងរឿងមួយដែលចុះផ្សាយនៅក្នុងទស្សនាវត្តី The New Yorker ដែលមានចំណងជើងថា «Duplex» ថា៖ «ខ្ញុំ​ធំ​ដឹង​ក្ដី ឮ​រឿងរ៉ាវ​ជា​ច្រើន​អំពី​របប​ប្រល័យ​ពូជសាសន៍​ព្យាយាម​កសាង​អត្តសញ្ញាណ​អាមេរិកាំង​ថ្មី​របស់​ពួកយើង ហើយ​និង​ចូលរួម​សោកសង្រែងជាមួយ​គ្រប់​គ្នា​នៅក្នុងគ្រួសារ ចំពោះ​ការ​បាត់បង់​ក្នុង​ប្រវត្តិ​របស់​យើង ដែល​មិន​អាច​នឹង​បំពេញ​វិញ​បាន​ជា​រៀង​រហូត»។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកនាង Samantha បាន​និយាយ​ថា ប្អូន​ប្រុស​របស់​នាង រក​ឃើញ​វិធី​ថ្មី ដើម្បី​កាត់បន្ថយ​និង​រៀបរាប់​ពីប្រវត្តិ​ឈឺ​ចាប់​របស់​គ្រួសារ​នេះ និង​ប្រែ​ក្លាយ​វា​ទៅ​ជា​បទពិសោធន៍​ថ្មី​មួយ ជា​ជាង​ពឹងផ្អែក​លើ​ស្នាដែ​អក្សរសិល្ប៍ដែលបាន​បង្កើត​ឡើង​ ដោយ​បែប​ជា​ជីវប្រវត្តិ​តស៊ូ​ឬនិទានកថា​អំពី​ប្រវត្តិសាស្ត្រពិត​នៅ​ក្នុង​ភាពយន្ត​មុនៗ។

អ្នកនាង Samantha បានបន្ថែមថា៖ «សៀវភៅនេះ​ប្រាប់​រឿង​រ៉ាវ​ពី​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា ប៉ុន្តែ​ចេញ​ពី​ទស្សនៈយុវជន​វ័យ​ក្មេង​ម្នាក់។ មិន​ដែល​មាន​សៀវភៅ ឬភាពយន្ត ឬកម្មវិធីទូរទស្សន៍​ណា បង្ហាញ​អំពី​ការ​យល់​ឃើញ​របស់​លោក​ខាងលិច​លើ​ប្រជាជន​កម្ពុជា​ដែល​ផ្តោត​លើ​តែ​បទពិសោធន៍​ជីវិត​ជា​ខ្មែរ​អាមេរិកាំងបច្ចុប្បន្ន​នោះ​ទេ សៀវភៅ​នេះ​ធ្វើ​ឲ្យ​ពួកគេ​ស្គាល់​និង​ដឹងពី​ជីវិត​របស់​ពួកយើង»។

លោក Alex Torres ដែលជាដៃគូជិវិតរបស់លោក Anthony រយ:ពែលប្រាំពីរឆ្នាំ និងជាអ្នកនិពន្ធម្នាក់ដែរ បាននិយាយថា អ្វីដែលធ្វើឲ្យស្នាដៃរបស់លោក Anthony ពិសេសនេះគឺ «ការលេងសើច ការធ្វើឲ្យមានភាពសប្បាយរីករាយ កំប្លែង និងការពិព័ណ៌នាដ៏ទាក់ចិត្ត»។

លោក Torres បានប្រាប់ VOA ថា៖ «ខ្ញុំ​គិត​ថា​វា​ជា​លក្ខណៈនៃ​ការ​សរសេរ​របស់​គាត់ ដែល​កន្លែង​ខ្លះ វា​ដូចគ្នា​ច្របាច់​បញ្ចូល​គ្នា​រវាង​សិល្បៈ​ដែល​មាន​ទាំង​សោភ័ណ្ឌភាព និង​អត្ថន័យ​បង្កប់​ (High Art) និងសិល្បៈដែលមានតែសោភ័ណ្ឌភាព (Low Art)»។

បើ​យោង​តាម​អ្នកនាង Samantha គ្រួសារ​អ្នកនាង​នៅ​តែកំពុង​ព្យាយាម​កាន់​ទុក្ខ​និងកាត់​ចិត្ត ចំពោះ​ការ​បាត់បង់​លោក Anthony ទោះ​បី​ជា​ពួកគេ​ពិតជា​មាន​មោទនភាព​យ៉ាង​ជ្រោលជ្រៅ ដែល​បាន​ឃើញ​ស្នាដៃ​របស់​លោក Anthony ទទួល​បាន​ការកោតសរសើរ​យ៉ាងច្រើន​ដូច្នេះ។

ឪពុក​របស់​នាង ទៅ​សម្រាន្ត​នៅ​លើ​គ្រែ​របស់​លោក Anthony ដើម្បី​លួង​លោម​ខ្លួន​ឯង ស្រប​ពេល​ដែល​ម្ដាយ​របស់នាង ទៅ​ទទួល​ការពិគ្រោះផ្លូវចិត្ត។ ចំណែក​ជីដូន​របស់​នាងកំពុង​អះអាង​ថា លោក Anthony អាច​នឹង​មក​ចាប់​ជាតិ​ក្នុង​ពេល​ឆាប់ៗ​នេះ។

អ្នកនាង Samantha បាននិយាយថា៖ «ឥឡូវនេះខ្ញុំកំពុងមានផ្ទៃពោះ ហើយ​ជា​កូន​ប្រុស…ជាពិសេស​ជីដូន​របស់​ខ្ញុំ តែង​តែ​និយាយ​ថា នេះ​ហើយ​ Anthony មកវិញហើយ។ Anthony កំពុង​ចាប់​ជាតិ​ថ្មី​ហើយ»៕