ប្រជាពលរដ្ឋតំបន់បឹងកក់ដែលមានជម្លោះដីធ្លីបានស្នើសុំអន្តរាគមន៍ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដើម្បីជំរុញដល់រដ្ឋាភិបាលក្រុងភ្នំពេញឲ្យយល់ព្រមតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានសុំអភិវឌ្ឃនៅនឹងកន្លែងផ្ទះល្វែង៤ម៉ែត្រគុណនឹង១៦ម៉ែត្រ។ ការស្នើសុំនេះបានធ្វើឡើងក្នុងពេលដែលប្រជាពលរដ្ឋប្រមាណជាង១០០នាក់បានប្រមូលផ្ដុំគ្នានៅថ្ងៃច័ន្ទដើម្បីដាក់ញ្ញាត្តិទៅស្ថានទូតសហរដ្ឋអាមេរិក។
ក្រុមប្រជាពលរដ្ឋនៅតំបន់បឹងកក់ប្រមាណជាង១០០នាក់នៅថ្ងៃច័ន្ទនេះបានប្រមូលផ្ដុំគ្នានៅ
ពីមុខស្ថានទូតសហរដ្ឋអាមេរិកដើម្បីដាក់ញ្ញាត្តិមួយច្បាប់ឲ្យស្ថានទូតជូយធ្វើអន្តរាគមន៍រឿងជម្លោះដីធ្លីនៅតំបន់បឹងកក់កណ្តាលក្រុងភ្នំពេញ។
នៅក្នុងញ្ញាត្តិមួយច្បាប់របស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ដែលមានស្នាមផ្តិតមេដៃតំណាងប្រជាពលរដ្ឋចំនួន១៥នាក់មកពីភូមិចំនួនប្រាំពីរ បានទទូចស្នើដល់លោកស្រី ឃែរ៉ូល រ៉ដលី (Carol Rodley) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកជួយធ្វើអន្តរាគមន៍ជាបន្ទាន់។
អ្នកស្រី ទេព វ៉ាន្នី តំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់បាននិយាយថា មូលហេតុដែលប្រជាពលរដ្ឋយកញ្ញាត្តិមកដាក់នៅក្នុងស្ថានទូតសហរដ្ឋអាមេរិកនេះគឺដោយសាររហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយ។
អ្នកស្រីបានមានប្រសាន៍ទៀតថា៖ «ពីព្រោះខ្ញុំមានជំនឿថា ប្រទេសសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចមួយ ហើយកាន់លិទ្ឋិប្រជាធិបតេយ្យពិតបា្រកដ។ ហើយគាត់ជាម្ចាស់ជំនួយដែគូអភិវឌ្ឃដល់ប្រទេសកម្ពុជាដែរ។ អញ្ចឹងខ្ញុំអាចជឿជាក់ថា គាត់នឹងអាចជួយប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដដូចជាប្រជាពលរដ្ឋនៅតំបន់បឹងកក់អញ្ចឹង»។
លោក ម៉ាក វីនិហ្ក (Mark Wenig) ប្រធានផ្នែកកិច្ចការសារធារណះ និងជាអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈសារអេឡិចត្រូនិកថា ស្ថានទូតអាមេរិកបានឈប់សំរាកនៅថ្ងៃច័ន្ទនេះហើយលោកនឹងព្យាយាមឆ្លើយតបនៅថ្ងៃស្អែក។ ក៏ប៉ុន្តែ ក្រុមប្រជាពលរដ្ឋនៅដំបន់បឹងកក់បាននិយាយថា មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកមួយរូបបានមកទទួលយកញ្ញាត្តិរួចហើយៗសន្យាថា នឹងជូនដំណឹងនេះទៅលោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក។
អ្នកស្រី សួស ណារី អាយុ៤៤ឆ្នាំមកពីភូមិទី២០នៅតំបន់បឹងកក់ដែលកំពុងឈរនៅពីមុខស្ថានទូតសហរដ្ឋអាមេរិកបាននិយាយថា អ្នកស្រីចង់រកដំណោះស្រាយឲ្យបានឆាប់ដើម្បីបញ្ចប់ទុក្ខវេទនារបស់ប្រជាពលរដ្ឋ។ អ្នកស្រីថ្លែងថា៖ «ច៎ា ពិបាកដូចថា រកស៊ីអីក៏រកមិនបាន បូមដីបានបណ្តាលឲ្យលូស្ទះ។ ដល់ពេលអញ្ចឹងទៅពិបាកចិត្ត។ កូនរៀនប្រឡងឆ្នាំហ្នឹងហើយអត់បានរកស៊ីអ្វីគិតតែពីរឿងតវ៉ា រឿងផ្ទះ»។
ក្រុមប្រជាពលរដ្ឋនៅតំបន់បឹងកក់បាននិយាយថា គណៈកម្មការចម្រុះដែលបានបង្កើតឡើងសម្រាប់វាស់វែងដីជូនប្រជាពលរដ្ឋធ្វើបានផ្ទះប្រមាណ៧០ខ្នងហើយ។
អ្នកស្រី ទេព វ៉ាន្នី បាននិយាយថា «គ្រាន់តែថា មិនមានតុល្យភាពត្រឹមត្រូវពីព្រោះម៉ាស៊ីនដែលវាស់រវល់តែបាត់។ អញ្ចឹងខ្ញុំចង់ឲ្យគាត់ចាក់ម៉ែត្រវិញបើរវល់តែបាត់។ ពីព្រោះទំនើបពេករវល់តែបាត់ម៉ែត្រ»។
ក្រុមប្រជាពលរដ្ឋនៅតំបន់បឹងកក់ធ្លាប់បានដាក់ញ្ញត្តិទៅកាន់ស្ថានទូតជាច្រើនដូចជាស្ថានទូតចិន សហគមន៍អឺរ៉ុប ស្ថានទូតបារាំង ស្ថាប័នព្រឹទ្ឋសភា និងរដ្ឋសភា រហូតដល់ខុទ្ឋការល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីស្នើសុំធ្វើអន្តរាគមន៍អភិវឌ្ឃន៍នៅនឹងកន្លែងក៏ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយនៅឡើយ៕