គេហ​ទំព័រ​និង​ប្លក (​blog) ​ក្នុង​សេវា​អ៊ីនធឺណិត​ខ្លះ​ត្រូវបិទ

គេហទំព័រ​​វ៉េបសាយ ​​ខេអាយ ម៊ីឌៀ (KI Media)។

ភ្នំពេញ៖ អ្នក​ប្រើ​ប្រាស់​បណ្តាញ​អ៊ីនធើណិតនៅ​កម្ពុជាស្វែង​រក​ចម្លើយ​ពី​ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធើណិត​ និង​រដ្ឋាភិបាល​អំពី​មូលហេតុ​ដែល​គេ​មិន​អាច​បើកមើល​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​ ឬ ​blog​ ​ដោយ​រួម​ទាំង​គេហ​ទំព័រ​ប្រឆាំង​ដ៏​លេច​ធ្លោ​មួយ​ផង។

ចាប់​តាំងពី​រសៀល​ថ្ងៃ​អង្គារ​ ​គេហ​ទំព័រ​ KI Media ដែល​ជា​គេហទំព័រ​ប្រឆាំង​រដ្ឋាភិបាល​ដ៏​មុត​ស្រួច​មួយ​ និង​គេហទំព័រដែល​មាន​អាស័យ​ដ្ឋាន​ខាង​ចុង​ .blogspot.com​ របស់​ក្រុមហ៊ុន​អ៊ិនធើណិត​ Google​ ជា​ច្រើន​ទៀត​ ​មិន​អាច​បើក​មើល​បានតាម​រយៈ​ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធើណិត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។ ​បញ្ហា​នេះ​បានធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា​ រដ្ឋា​ភិបាល​កម្ពុជា​បាន​បញ្ជា​ឲ្យ​បិទ​ និងចាប់​ផ្តើមគ្រប់​គ្រងបណ្តាញ​អ៊ីន​ធើណិត​ហើយ​នៅ​ក្នុង​សប្តាហ៍​នេះ។

ជាក់ស្តែង​ អ្នក​ប្រើ​ប្រាស់​អ៊ីន​ធើណិត​ជាមួយ​ក្រុមហ៊ុន​ AngkorNet, ​Ezecom​ និង​ក្រុមហ៊ុន​Metfone ​មិន​អាច​ចូល​មើល​គេហទំព័រ​ KI Media បាន​ទេ។ ​ចំណែក​អ្នក​ប្រើ​ប្រាស់​អ៊ីនធើណិត​តាម​ក្រុមហ៊ុន​Ezecom ​និង​ក្រុមហ៊ុន​ Metfone​ ក៏​មិន​អាច​បើក​មើល​គេហទំព័រ​ដែលមានអាស័យ​ដ្ឋាន​ខាង​ចុង​.blogspot.com ​បានដែរ។

កញ្ញា​ចក់ សុភាព​ ​អ្នក​សរសេរ​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​ម្នាក់​ដែល​បាន​ប្រើ​ប្រាស់​អាស័យ​ដ្ឋានខាង​ចុង​.blgospot.com ​នេះ​ ​បាន​ថ្លែង​ប្រាប់វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​កញ្ញា​មិន​អាច​ចូល​មើល​គេហ​ទំព័រ​របស់​ខ្លួន​បានទេ ​តាម​រយៈ​ក្រុមហ៊ុន​អ៊ីនធើណិត Metfone​ ដែល​កញ្ញា​ប្រើ​ប្រាស់។

«ពេល​ដែល​នាង​ខ្ញុំ​ចូល​ទៅគេហ​ទំព័រ​របស់​នាង​ខ្ញុំ​ ​ដែល​មានកន្ទុយ ​.blogspot.com​ ហ្នឹង​ គឺ​អត់​អាច​ចូល​បាន​ទេ​ចា៎​ ​គឺ​លោត screen​ ដែល​បង្ហាញ​ថា​ ​យើង​អត់​អាច​ access​ ​ចា៎។​ ដល់​អញ្ចឹង ខ្ញុំ​មិន​អាច​សរសេរ​ព័ត៌មាន​បំពង​សំឡេង​អ្នក​ដែល​មាន​គេហ​ទំព័រ​បាន​ទៀត​ទេ​ ​លើក​លែង​តែ​ អ្នក​ដែល​មាន​គេហ​ទំព័រ​ផ្សេង​ទៀត​ដែល​មាន​កន្ទុយ​ក្រៅ​ពី blogspot.com»។

ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​គេហ​ទំព័រ​ ​KI Media​ បានដាក់​រូប​ថត​មេដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​រួម​មាន​លោក​ហ៊ុន សែន​ ​លោកជា​ ស៊ីម​ និង​លោក​ហេង​ សំរិន​ និង​លោកវ៉ា គឹម​ហុង​ ​នៅ​លើ​ទំព័រ​របស់​ខ្លួន​ដោយ​សរសេរ​អក្សរ​ថា​ «មេក្បត់​ជាតិ​លក់​ដី​ឲ្យ​យួន?»​ នៅ​ពីលើ​រូបថត​ទាំង​នោះ។

គេហ​ទំព័រ​នេះ​ក៏​បាន​ដាក់បញ្ចូល​ញត្តិ​មួយ​ដែល​អំពាវ​នាវ​ឲ្យ​ប្រជាជន​ខ្មែរ​ចុះហត្ថលេខា​ដើម្បី​ប្រឆាំង​នឹង​គម្រោងការ​ផលិត​ផែន​ទីថ្មី​រវាងរដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​ផង​ដែរ។

កញ្ញា​ ចក់ សុភាព​មាន​ប្រសាសន៍​ថា​ ​ទំនង​ជា​រដ្ឋាភិបាល​ចាប់​ផ្តើម​ចាត់​ការ​ទៅ​លើ​គេហ​ទំព័រ​ដែល​បាន​ដាក់​បញ្ចូល​ខ្លឹម​សារ ​និង​រូប​ថត​ប្រឆាំង​ទាំងនេះ​ហើយ។

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ពី​ក្រសួង​ព័ត៌មាន​ ​ទូរគមនាគមន៍​ ​និង​ក្រសួង​មហាផ្ទៃ​ ​សុទ្ធ​តែ​បាន​បដិសេធ​ថា​ ​រដ្ឋា​ភិបាល​មិន​បាន​ចេញ​បទ​បញ្ជា​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធើណិត​នានា​ឲ្យបិទ​គេហ​ទំព័រ​ណាមួយ​កុំ​ឲ្យ​គេ​មើល​ឃើញ​នោះ​ទេ។

លោក​ខៀវ សុភ័គ​ គឺ​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ដែល​រង​ការ​ចោ​ទ​ថា​ ​បាន​បញ្ជា​ឲ្យ​មាន​ការ​បិទ​គេហ​ទំព័រ ​KI Media ​នោះ។

«ជា​លិខិត​ស្នាម​ចេញ​ទៅ​បញ្ជា​ឲ្យ​បិទ​ KI អី​ ​ឬ​ថា​ ​ក្រសួង​មហា​ផ្ទៃ​ចេញ​បញ្ជា​ឲ្យ​ក្រសួង​គមនាគមន៍​បិទ​អី ​គឺ​គ្មាន​លិខិត​ស្នាម​ហ្នឹង​ជា​ផ្លូវ​ការ​ទេ»។

លោកខៀវ សុភ័គ​បាន​បន្ថែម​ថា​ ​ការ​បញ្ជា​ផ្ទាល់មាត់ឲ្យ​បិទ​គេហ​ទំព័រ​ណា​មួយ​ក៏​គ្មា​ន​ដែរ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​កាសែត​The Cambodia Daily​បាន​រាយ​ការណ៍​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​ដក​ស្រង់​សម្តី​របស់​បុគ្គលិក​បច្ចេកទេស​ម្នាក់​របស់​ក្រុមហ៊ុន​Ezecom​ដែល​អះអាង​ថា​ ​ក្រុមហ៊ុន​នេះ​បាន​ទទួល​បទ​បញ្ជា​ឲ្យ​បិទ​គេហទំព័រ​KI Media។

ក្រុមហ៊ុន​ Ezecom ​បាន​ចេញ​សេ​ចក្តី​ថ្លែង​ការណ៍​បដិសេធខ្លាំងៗ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដោយ​និយាយថា​ ​ខ្លួន«​មិន​បាន​បិទ​គេហទំព័រ​ណាមួយ​នោះ​ទេ​ ​ហើយ​ក៏​មិន​បានទទួល​បទ​បញ្ជា​ពី​សមាជិក​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ណា​ម្នាក់​ដែរ»។

មន្ត្រី​ក្រុមហ៊ុន Metfone ​មិន​អាច​ទាក់​ទង​ដើម្បី​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ណាមួយ​បាន​ទេ​នៅថ្ងៃព្រហស្បតិ៍​នេះ។​ ប៉ុន្តែ​មន្ត្រី​ម្នាក់​របស់​ក្រុមហ៊ុន​ AngkorNet ​បាន​អះអាង​ថា​ ​ក្រុមហ៊ុន​កំពុង​ពិនិត្យ​មើល​បញ្ហា​នេះ។

អ្នក​ជំនាញ​ការ​ខាង​ប្រព័ន្ធ​អ៊ីន​ធើណិត​ចំនួន​ពីរ​រូប​ដែល​ស្នើ​សុំ​មិន​បង្ហាញ​អត្ត​សញ្ញាណ ​ដោយ​សារ​តែ​ភា​ព​រសើប​នៃ​បញ្ហា​នេះ​ ​បាន​និយា​យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ​ ​ក្នុង​ការ​រាំង​ខ្ទប់​អ្នក​ប្រើប្រាស់​មិន​ឲ្យ​មើល​ឃើញ​គេហ​ទំព័រ​ជាក់​លាក់​ណាមួយ​ ​ដោយ​គ្មាន​ការ​ចូល​ពាក់​ព័ន្ធ​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធើណិត​នោះ។

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​ច្រើន​មាន​ទំនោរទៅ​រក​ ​ឬ​គាំទ្រ​រដ្ឋាភិបាល​ ហើយ​ក្រុមមន្ត្រី​នៃ​បក្ស​ប្រឆាំង​និង​ក្រុម​អ្នក​រិះគន់​ផ្សេង​ទៀតតែង​តែ​រអ៊ូ​រទាំ​អំពី​ការ​លំបាក​ក្នុងការ​ទទួល​បាន​អាជ្ញាប័ណ្ណ​សម្រាប់​ដំណើរ​ការ​ស្ថានីយ៍​វិទ្យុ ​ឬ​កម្មវិធី​ទូរទស្សន៍​ជាដើម៕