រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃសុក្រនេះ បានជួបជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដែលកំពុងរងការចោទប្រកាន់ពីបទក្បត់ជាតិ ក្នុងអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា ដោយបានបង្ហាញក្តីបារម្ភអំពីលទ្ធិប្រជាធិបតេយ្យ ដែលកាន់តែដុនដាបរបស់កម្ពុជា មុនការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ជាមេដឹកនាំប្រទេសម្នាក់ក្នុងចំណោមមេដឹកនាំដ៏យូរជាងគេបង្អស់មួយចំនួនក្នុងពិភពលោក។ លោកបានដឹកនាំប្រទេសកម្ពុជាជាង ៣៧ ឆ្នាំមកហើយ។ នៅឆ្នាំ ២០១៨ គណបក្សប្រជាជនកម្ពុជារបស់លោក បានឈ្នះក្នុងការបោះឆ្នោតដោយគ្រប់គ្រងអសនៈទាំងអស់ក្នុងរដ្ឋសភាជាតិ។
ហើយកាលពីខែមិថុនា សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសសកម្មជននិងអ្នកគាំទ្រគណបក្សប្រឆាំងប្រមាណ ៦០ នាក់ រួមទាំងអ្នកនាង ធារី សេង ដែលជាជនជាតិអាមេរិកាំងដើមកំណើតខ្មែរផង នៅក្នុងសវនាការកាត់ទោសពីបទក្បត់ជាតិ ដែលក្រុមអ្នកការពារសិទ្ធិមនុស្សបានថ្កោលទោសថាជាសេចក្តីសម្រេចដែលមានលក្ខណៈនយោបាយ។
លោក Blinken បានថ្លែងថា លោកបានសម្តែងនូវក្តីបារម្ភដោយផ្ទាល់អំពីលទ្ធិប្រជាធិបតេយ្យដ៏ដុនដាបរបស់កម្ពុជា នៅក្នុងជំនួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលលោកចូលរួមក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងភ្នំពេញ។
លោករដ្ឋមន្ត្រីការបរទេសបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃសុក្រថា ការអនុញ្ញាតឲ្យមានការចូលរួមធ្វើនយោបាយយ៉ាងទូលាយ នឹងពង្រឹងប្រទេសកម្ពុជា។
លោក Antony Blinken បានថ្លែងថា៖ «រឿងមួយក្នុងចំណោមរឿងជាច្រើន ដែលរារាំងដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីររបស់យើង គឺក្តីបារម្ភរបស់យើងអំពីស្ថានភាពគោរពសិទ្ធិមនុស្ស និងស្ថាប័នប្រជាធិបតេយ្យដែលកាន់តែដុនដាបនៅក្នុងប្រទេសកម្ពុជា»។
លោក Blinken បានថ្លែងថានៅព្រឹកថ្ងៃសុក្រ លោកបានជួបជាមួយលោក កឹម សុខា ដែលកំពុងជាប់រឿងក្តីក្តាំពីបទក្បត់ជាតិ ដែលបានកើតឡើងតាំងពីខែមករា ឆ្នាំ ២០២០ មក ហើយរឿងក្តីនេះអាចនឹងមិនអនុញ្ញាតឲ្យលោក កឹម សុខា ចូលរួមក្នុងដំណើរការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយនេះទេ។
នៅក្នុងអំឡុងជំនួបពិភាក្សាជាមួយលោក ហ៊ុន សែន លោក Blinken ថែមទាំងបានលើកឡើងផងដែរអំពីករណីកាត់ទោសអ្នកនាង ធារី សេង ឲ្យជាប់ពន្ធនាគារ៦ ឆ្នាំ ពីបទក្បត់ជាតិ កាលពីខែមិថុនា៕