កុមារីអាយុ ៤ ឆ្នាំម្នាក់បានស្លាប់កាលពីសប្ដាហ៍មុនដោយសារជំងឺផ្ដាសាយបក្សី នៅក្នុងខេត្តបន្ទាយមានជ័យ ភាគពាយ័ព្យប្រទេសកម្ពុជា។ ជនរងគ្រោះថ្មីនេះ បានបង្ហាញថា ជំងឺប្រល័យជីវិតនេះ មានសន្ទុះកើនឡើងនៅឆ្នាំ២០១១ នេះ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាលកម្ពុជានិងអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កុមារីបានស្លាប់បន្ទាប់ពីឈឺអស់រយៈពេលដប់ថ្ងៃ។ ហើយឱពុកម្ដាយរបស់នាងបានយកនាងទៅព្យាបាលជាមួយគ្រូពេទ្យនៅក្នុងភូមិរបស់នាងគឺភូមិចករស្មី ឃុំរហាត់ទឹក ឃុំរហាត់ទឹក ក្នុងស្រុកមង្គលបុរី មុននឹងបញ្ជូននាងទៅកាន់មន្ទីរពេទ្យកុមារ ជ័យវរ្ម័នទី VII ក្នុងខេត្តសៀមរាប ដែលនៅទីនោះនាងបានស្លាប់បាត់បង់ជីវិត។
លោកវេជ្ជបណ្ឌិតសុខ ទូច ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា កុមារីរងគ្រោះបានប៉ះពាល់សត្វមាន់ងាប់នៅក្នុងផ្ទះរបស់នាង។
«កាលពីសប្ដាហ៍មុន គាត់បានប៉ះពាល់ជាមួយសត្វមាន់ក្នុងផ្ទះរបស់គាត់»។
ការស្លាប់របស់កុមារីខាងលើបានធ្វើឲ្យជនរងគ្រោះដោយជំងឺផ្ដាសាយបក្សីកើនដល់ចំនួន១៥នាក់ ចាប់តាំងពីការផ្ទុះជំងឺនេះក្នុងប្រទេសកម្ពុជានៅឆ្នាំ២០០៥។ ជនរងគ្រោះចំនួនប្រាំពីនាក់បានស្លាប់ចាប់តាំងពីដើមឆ្នាំ២០១១ នេះនៅក្នុងនោះប្រាំមួយនាក់គឺជាកុមារ។
លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានរួមនៅថ្ងៃនេះថា ជំងឺផ្ដាសាយបក្សីនៅតែជាជំងឺគំរាមកំហែងដល់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ហើយជនរងគ្រោះភាគច្រើនគឺជាកុមារ។
លោកម៉ម ប៊ុនហេងបានអំពាវនាវឲ្យឱពុកម្ដាយទាំងឡាយធ្វើការប្រុងប្រយ័ត្នហើយត្រូវរក្សាកូនៗរបស់ពួកគេឲ្យឃ្លាតឆ្ងាយពីកសិដ្ឋានដែលមានសត្វបសុបក្សីឈឺឬក៏ងាប់។
រហូតមកទល់ពេលនេះតួលេខជាផ្លូវការបង្ហាញថា មានអ្នកជំងឺដោយសារមេរោគH5N1ដែលជាមេរោគនៃជំងឺផ្ដាសាយបក្សីចំនួន ៥៦៣នាក់នៅក្នុងពិភពលោក។ ក្នុងចំណោមនោះ៣៣០ បានស្លាប់។
នៅក្នុងប្រទេសកម្ពុជាការយល់ដឹងអំពីបញ្ហាសុខភាពនៅមានកម្រិតទាបនៅឡើយជាពិសេសនៅក្នុងស្រទាប់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទដែលខ្វះប្រព័ន្ធផ្សព្វផ្សាយជ្រៀតទៅដល់។
លោកវេជ្ជបណ្ឌិតសុខ ទូច មានប្រសាសន៍ថា អ្នកភូមិចំនួន១៣ នាក់ត្រូវបានបូមឈាមយកមកពិនិត្យ។ ក៏ប៉ុន្ដែពួកគេមានលទ្ធផលអវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយក្រុមមន្ដ្រីសុខាភិបាលបានដាក់ភូមិចករស្មីរបស់កុមាររងគ្រោះឲ្យស្ថិតនៅក្រោមការឃ្លាំមើលនៅឡើយ៕