សមាជិកសភាសហរដ្ឋអាមេរិកស្វាគមន៍មរណភាពប៊ីនឡាដិន ប៉ុន្តែក្រើនរំឭកថាការតស៊ូប្រឆាំងភេរវកម្មនៅវែងឆ្ងាយទៀត។
លោក ហារី រ៉េដ (Harry Reid)មេដឹកនាំសមាជិកព្រឹទ្ធសភាសំឡេងភាគតិច និយាយថា លោកបានទទួលទូរស័ព្ទពីលោកប្រធានាធិបតីបារ៉ាក់អូបាម៉ា មិនយូរប៉ុន្មានមុនពេលលោកប្រធានាធិបតីប្រកាសថា អូសាម៉ាប៊ីនឡាឌីនត្រូវបានកងកម្លាំងពិសេសរបស់អាមេរិកសម្លាប់។ នៅឯវិមានសភា សភាជិកព្រឹទ្ធសភាមកពីរដ្ឋណេវ៉ាដារូបនេះបានបញ្ចេញប្រតិកម្មរបស់លោកតាមរបៀបស្ងប់ស្ងាត់ និងស្រងូតស្រងាត់។ លោកថ្លែងថា៖
«ថ្ងៃនេះប្រជាពលរដ្ឋអាមេរិកាំងទូទាំងប្រទេសស្វាគមន៍ចំពោះព័ត៌មានថា បុរសកំណាចដែលតំណាងឲ្យបិសាច ត្រូវបានកាត់ទោសដោយកងកម្លាំងអាមេរិក។ មរណភាពរបស់ជននេះគឺជាជោគជ័យសំខាន់បំផុតក្នុងការប្រយុទ្ធរបស់យើងប្រឆាំងភេរវកម្មអាល់កៃដា និងជាការបញ្ជូនសារយ៉ាងច្បាស់មួយព្រមានភេរវករទូទាំងពិភពលោក»។
លោករ៉េដបានសម្តែងការសរសើរដល់កងកម្លាំងអាមេរិកនិងមន្ត្រីស៊ើបការណ៍សម្ងាត់ចំពោះបេសកកម្មដ៏ជោគជ័យរបស់គេ។ លោកបាននិយាយថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតីអូបាម៉ា ក្នុងការផ្តោតការយកចិត្តទុកដាក់លើប្រទេសអាហ្វហ្កានិស្ថាន និងប៉ាគិស្ថានបង្ហាញពីសារៈសំខាន់ក្នុងការកំណត់ទីតាំងលាក់ខ្លួន និងក្នុងការសម្លាប់មេដឹកនាំភេរវករនេះ។
ដូចមេដឹកនាំព្រឹទ្ធសភាសំឡេងភាគច្រើនដែរ លោកខាល ឡេវិន (Carl Levin)នៃរដ្ឋ មីឈីហ្កិន (Michigan) ដែលជាប្រធានគណៈកម្មាធិការសេវាកងទ័ពនិយាយថា រឿងប្រឌិតចាស់គំរិលដែលថា ប៊ីនឡាឌីនជាអ្នកចម្បាំងមិនអាចរងគ្រោះ ហើយដែលបង្កការលំបាកធំធេងសម្រាប់បុព្វហេតុរបស់ជននេះ ត្រូវបានសាបរលាបដោយមរណភាពរបស់គាត់នៅកន្លែងលាក់ខ្លួនដ៏រឹងមាំ និងស្តុកស្តម្ភ។ លោកខាលថ្លែងថា៖
«នៅពេលគេគិតថា តួឯករបស់គេកំពុងជ្រកក្នុងរូងភ្នំតាមព្រំដែនរវាងប្រទេសអាហ្វហ្កានិស្ថាន និងប៉ាគិស្ថាននេះ តាមពិតជននេះកំពុងលាក់ខ្លួននៅកន្លែងសុខស្រួលជាច្រើនឆ្នាំ ក្នុងវិមានដ៏ធំ នៅពេលដែលតួឯកក្លែងក្លាយរូបនេះបានបញ្ជូនមនុស្សតូចតាចទៅសម្លាប់ប្រជាជនយ៉ាងព្រៃផ្សៃ»។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យនេះបានស្វាគមន៍ចំពោះប្រតិកម្មជាវិជ្ជមានរបស់រដ្ឋាភិបាលប៉ាគិស្ថានទាក់ទងនឹងមរណភាពរបស់ប៊ីន ឡាដិន។ ដោយលោកកត់សម្គាល់ថា ប៊ីន ឡាដិនរស់នៅជិតកន្លែងបណ្តុះបណ្តាលកងទ័ព លោកឡេវិន បាននិយាយដោយប្រើពាក្យសម្តីធ្ងន់ៗទៅលើកងកម្លាំង និងផ្នែកស៊ើបការណ៍សម្ងាត់របស់ប៉ាគិស្ថាន។ លោក ឡេវិន មានប្រសាសន៍ថា៖
«គេត្រូវមានហេតុផលច្រើនយកមកពន្យល់»។
លោកស្រី ស៊ូសាន ខូល្លីនស៍ (Susan Collins) សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនៃរដ្ឋម៉េន (Maine) និយាយថា ពេលប្រជាពលរដ្ឋអាមេរិកប្រារព្ធជ័យជម្នះនេះ យើងមិនត្រូវប្រហែសក្នុងការយាមល្បាតទេ។ លោកបន្តទៀតថា៖
«យើងមិនត្រូវសម្រាកទេ ពីព្រោះការគំរាមកំហែងនៅតែមានជាបន្តមកលើយើង ថ្វីបើផ្នែកស៊ើបការណ៍សម្ងាត់របស់យើងទទួលបានជោគជ័យធំធេងយ៉ាងនេះក៏ដោយ»។
លោកស្រី ខូល្លីនស៍ និយាយថា លោកស្រីបារម្ភថា ជនជ្រុលនិយមអាចនឹងធ្វើការវាយប្រហារសងសឹកមកលើសហរដ្ឋអាមេរិកនៅក្នុងប្រទេស ឬនៅបរទេស៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ