ចំណេះ​ដឹង​ភាសា​អង់គ្លេស​ជា​យាន​សំខាន់​​នៅ​ក្នុង​សង្គម​ខ្មែរ

រូបឯកសារ៖ សិស្ស​ម្នាក់​កំពុង​អាន​ពាក្យ​និង​បក​ប្រែ​ពាក្យ​ឲ្យ​គ្រូ​និង​សិស្ស​ដទៃ​ទៀត​ស្តាប់​នៅ​ក្នុង​ថ្នាក់​រៀន​ភាសា​អង់គ្លេស​តាម​ផ្ទះ​មួយ​កន្លែង​​នៅ​ខាង​ក្រោយ​វិទ្យាល័យ​បាក់ទូក​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥។ (ស៊ូ ពិសែន/VOA)

នាង​ សុជាតា​ នៅ​ក្នុង​ចំណោម​មនុស្ស​ជំនាន់​ក្រោយ​រាប់ពាន់​នាក់​ដែល​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ជា​ទៀងទាត់​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​នៅ​សាលា​ និង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ​សម្រាប់​ការ​អប់រំ​ និង​ដើម្បី​ទទួល​បាន​ព័ត័មាន ​និង​បង្កើន​លទ្ធភាព​ការងារ​របស់​នាង​ក៏​ដូច​ជា​ដើម្បី​ការ​កម្សាន្ដ​ផង​ដែរ។

នៅ​ពេល​បច្ចុប្បន្ន​នេះ ​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ជា​ការ​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​អាច​ផ្តល់​លទ្ធភាព​ឲ្យ​ពួកគេ​អាច​រក​ការងារ​ដែល​ផ្តល់​ប្រាក់​កម្រៃ​ខ្ពស់។​ ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ​ បញ្ញវន្ត​ខ្មែរ​បង្ហាញ​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​អំពី​ការ​ហូរ​ចូល​វប្បធម៌​បរទេស​តាមរយៈ​ភាសា​នេះ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ នាង​ ប៉ស់​ សុជាតា​ បាន​អាន​សៀវភៅ​ដ៏​ល្បី​របស់​អ្នក​កាសែត​សញ្ជាតិ​អង់គ្លេស​ឈ្មោះ Jojo ​Moyes​ដ៏​ល្បីល្បាញ​ម្នាក់។​ សៀវភៅ​របស់​គាត់​នោះ​មាន​ចំណង​ជើង​ថា ​Me​ Before​ You​ ដែល​ជា​សៀវភៅ​ប្រលោម​លោក​មនោ​សញ្ចេតនា ​ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ផលិត​ជា​ខ្សែ​ភាពយន្ត។​

ដោយ​មាន​ការ​ជក់​ចិត្ត​ជាមួយ​ស្នាដៃ​របស់​សៀវភៅ​របស់លោក​ស្រី​ Jojo​ Moyes​ នោះ​ ​នាង​ សុជាតា​ បាន​ចាប់​យក​សៀវភៅ​បន្ទាប់​មួយ​ទៀត​របស់​អ្នក​និពន្ធ​រូប​នេះ​ ហើយ​សៀវភៅ​ថ្មី​នេះ​មាន​ចំណង​ជើង​ថា​ After You។

នេះ​មិនមែន​ជាលើកទី​មួយ​ទេ ​ដែល​នាង​ សុជាតា​ អាយុ​២៧​ឆ្នាំ ​សិក្សា​ពី​វប្បធម៌​ប្រទេស​ដទៃ​ទៀត​ដោយ​ខ្លួន​ឯង​ តាមរយៈ​ការ​អាន​សៀវភៅ។​ នាង​ សុជាតា​ និង​បង​ប្អូន​ស្រី​ពីរ​នាក់​ទៀត​របស់​នាង​បាន​អាន​សៀវភៅ​ផ្សេងៗ​ជា​ភាសា​អង់គ្លេស​រាប់​រយ​ក្បាល ​ទោះ​ជា​រឿង​ពិត ​ឬ​ជា​រឿង​ប្រឌិត​ក្តី​ តាំង​ពី​នាង​នៅ​រៀន​នៅ​វិទ្យាល័យ​ម៉្លេះ។​ នាង​ សុជាតា​ បាន​ចូលរួម​ជាមួយ​និស្សិត​ខ្មែរ​ផ្សេងៗ​ទៀត​ដែល​ចូលចិត្ត​ការ​អាន​សៀវភៅ។​

ប៉ស់​ សុជាតា អាយុ២៧​ឆ្នាំ និស្សិតបញ្ចប់អនុបណ្ឌិតរចនាពហុផ្សព្វផ្សាយពីមហាវិទ្យាល័យ Monash ប្រទេសអូស្ត្រាលី កាលពី​ថ្ងៃទី២១​ ខែឧសភា ២០១៦។ ​(ផន បុប្ផា/VOA)

នាង​ សុជាតា​ នៅ​ក្នុង​ចំណោម​មនុស្ស​ជំនាន់​ក្រោយ​រាប់ពាន់​នាក់​ដែល​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ជា​ទៀងទាត់​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​នៅ​សាលា​ និង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ​សម្រាប់​ការ​អប់រំ​ និង​ដើម្បី​ទទួល​បាន​ព័ត័មាន ​និង​បង្កើន​លទ្ធភាព​ការងារ​របស់​នាង​ក៏​ដូច​ជា​ដើម្បី​ការ​កម្សាន្ដ​ផង​ដែរ។​

បញ្ញវន្ត​កម្ពុជា​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ឲ្យ​បាន​ច្រើន​ដើម្បី​ជា​មធ្យោបាយ​ត​ភ្ជាប់​ជាមួយ​លោក​ខាង​ក្រៅ។​ ពួក​គេ​ក៏​បាន​លើក​ឡើង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​ការ​រីករាល​ដាល​ភាសា​អង់គ្លេស​ទៅ​លើ​វប្បធម៌​កម្ពុជា​ផង​ដែរ។​

នាង​ សុជាតា ​បាន​និយាយ​ថា​ សមត្ថភាព​ក្នុង​ការ​ប្រើ​ភាសា​អង់គ្លេស​របស់​នាង​មិនមែន​កើត​ឡើង​ពី​ខិតខំ​ប្រឹងប្រែង​រយៈពេល​ខ្លី​ទេ។​

នាង​ សុជាតា ​មាន​សំណាង​ដែល​ឪពុកម្តាយ​របស់​នាង​បាន​បញ្ជូន​នាង​ឲ្យចូល​រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ដែល​ល្អ​បំផុត​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​ ជា​កន្លែង​ដែល​នាង​បាន​អនុវត្ត​ការ​អាន​សរសេរ​ និយាយ​ និង​ស្តាប់​ភាសាអង់គ្លេស​ មុន​ពេល​នាង​ចូល​រៀន​នៅ​មជ្ឈ​មណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​អប់រំ​ Australian Center for Education។​

អ្វី​ដែល​នាង​ សុជាតា ចង់​បាន ​នាង​តែងតែ​រក​ឃើញ​នៅ​ក្នុង​បណ្ណាល័យ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​អប់រំ​នេះ។ នាង​បាន​យក​សៀវភៅ​ពី​បណ្ណាល័យ​នោះ​មួយ​ក្បាល ​ហើយ​មួយ​ក្បាល​ទៀត​ដើម្បី​អាន។​

នាង​ សុជាតា ពាក់​អាវ​អំបោះ​ពណ៌​ខៀវ​ដៃ​ខ្លី​ ហើយ​នឹង​តុបតែង​មុខ​លក្ខណៈ​ធម្មជាតិ​ ដែល​មើល​ទៅ​ខុស​ពី​ស្ត្រី​កម្ពុជា​ផ្សេងទៀត​អាយុ​ស្រករ​នាង។​

នាង​ សុជាតា ​ញញឹម​ដោយ​មាន​ទំនុក​ចិត្ត។​ នាង​បាន​ប្រាប់​ VOA ​អំពី​របៀប​ដែល​នាង​បាន​ទទួល​អាហារូបករណ៍​សន្តិភាព​អន្តរជាតិ​មួយ​ ដើម្បី​ចូលរួម​ក្នុង​សាកល​វិទ្យាល័យ​មួយ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ​២០០៩​ ខណៈ​ពេល​ដែល​នាង​នៅ​ជា​និស្សិត​ឆ្នាំ​ទី​បី​របស់​វិទ្យាស្ថាន​ភាសា​បរទេស​ និង​ដេប៉ាតេម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​សារគមនាគមន៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​

នាង​បាន​និយាយ​ថា ​បើ​នាង​មិនចេះ​ភាសា​អង់គ្លេស​ទេ​ ​នាង​ទំនង​ជា​ខកខាន­ឱកាស​សំខាន់ៗ​ជា​ច្រើន។​

នាង​និយាយ​ថា​ ជា​ចាំបាច់​សិស្ស​ និស្សិត​កម្ពុជា​ត្រូវ​តែ​ចេះ​ភាសា​អង់គ្លេស​ឲ្យ​បាន​ល្អ​ដើម្បី​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស។

នាង ​សុជាតា ​បាន​ទទួល​សញ្ញា​ប័ត្រ​អនុបណ្ឌិត​ក្នុង​ការ​រចនា​ពហុមេឌៀ​ពី​សាកល​វិទ្យាល័យ​ Monashនៅទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី។​

នៅ​ពេល​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ នាង ​សុជាតា ​បាន​ធ្វើ​ជា​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ​ Limkokwing ​ហើយ​ក្រោយ​មក​បាន​ធ្វើ​ជា​អ្នក​ផលិត​កម្មវិធី​ឲ្យក្រុមហ៊ុន​ឯកជន​មួយ។​

នាង​បាន​និយាយ​ថា៖ «ពេល​ដែល​ចេះ​ភាសា​អង់គ្លេស​ទៅ​ គឺ​ខ្ញុំ​អាច​រៀន​យល់​ដឹង​ពី​វប្បធម៌​ផ្សេងៗ​ហើយ​អាច​ធ្វើ​ស្វ័យ​សិក្សា​ដោយ​ខ្លួន​ឯង​ងាយ​ស្រួល​ជាង​មុន ​ព្រោះ​នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​ចេះ​ភាសា​អង់គ្លេស​ គឺ​ខ្ញុំ​ចាប់​ផ្តើម​ចេះ​ប្រើ​អ៊ិនធឺណិត​ និង​ចេះប្រើ​អ៊ីម៉េល​នៅ​ពេល​តែ​មួយ​ដែរ។​ អញ្ចឹង​នៅ​ពេល​ហ្នឹង ​នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​ការ​រៀន​ និង​ចង់​ស្វែង​យល់​អ្វី​បន្ថែម​ទៀត​ ខ្ញុំ​អាច​រក​តាម​អ៊ីនធឺណិត​បាន​ដោយ​ងាយ​ស្រួល ​ហើយ​មួយ​ទៀត​គឺ​នៅ​ពេល​ដែល​យើង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ផ្សេង​ក៏​វា​ងាយស្រួល​ដែរ»។​

រូបឯកសារ៖ ទិដ្ឋភាពការ​រៀនភាសា​អង់គ្លេស​តាម​ផ្ទះមួយ​នៅតាមបណ្តោយផ្លូវ​លេខ​១៦៤ ខាង​ត្បូង​ឆៀង​ខាងកើត​វិទ្យាល័យ​បាក់ទូក​ក្នុងក្រុង​ភ្នំពេញ នៅម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥។ (ស៊ូ ពិសែន/VOA)

ក្រៅ​ពី​ផ្តល់ឱកាស​ដើម្បី​ស្វែង​យល់​ឲ្យបាន​ច្រើន​អំពី​ពិភពលោក​ ​ជំនាញ​ភាសា​អង់គ្លេស​របស់​នាង​ សុជាតា​ បាន​ផ្តល់​លទ្ធភាព​ឱ្យ​នាង​ស្វែង​យល់​វប្បធម៌​ប្រទេស​ផ្សេងៗ​ជា​ច្រើន។​

«អ្វី​ដែល​សំខាន់​ហ្នឹង ​នៅ​ពេល​ដែល​យើង​ចេះ​ភាសា​ដែល​ជា​ភាសា​អន្តរជាតិ​មួយ​ហ្នឹង ​យើង​មិន​ត្រឹម​តែ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គេ​បាន​ទេ​ ប៉ុន្តែ​ធ្វើ​ឲ្យ​យើង​ហ្នឹង​យល់​ដឹង​ពី​វប្បធម៌​ប្រទេស​ផ្សេង។​ អញ្ចឹង​ទោះ​បី​ជា​នៅ​ប្រទេស​ម៉ាឡេស៊ី​ សិង្ហបុរី​អញ្ចឹង​ គេ​មាន​ភាសា​ដើម​គេ​ហើយ​ជនជាតិ​គេ​និយាយ​ភាសា​អង់គ្លេស។​ នៅ​ពេល​ដែល​យើង​យល់​ដឹង ​ចេះ​ភាសា​អង់គ្លេស​ យើង​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនជាតិ​គេ​ហ្នឹង​បាន​ទៅ​ យើង​ក៏​យល់​ដឹង​ពី​វប្បធម៌​គេ​ដែរ។​ កាល​ណា​យើង​ដឹង​វប្បធម៌​ច្រើន​ ធ្វើ​ឲ្យមនុស្ស​យើង​ហ្នឹង​បើក​ចិត្ត​ទូលាយ ​ទទួល​យក​អ្វី​ប្លែកៗ​ថ្មីៗ»។​

នាង ​សុជាតា បាន​និយាយ​ថា​ ​ចេះ​អង់គ្លេស​អនុញ្ញាត​ឱ្យ​នាង​អាច​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក។​

នាង​និយាយ​ថា៖ «នៅ​ព្រលាន​យន្តហោះ​មួយៗ​ហ្នឹង ​គេ​តែងតែ​ដាក់​អក្សរ​អង់គ្លេស​ហើយ​នឹង​អក្សរ​ជាតិ​គេ។​ អញ្ចឹង​ទោះ​បី​ជា​យើង​អត់​ចេះ​អក្សរ​ជាតិ​ណា​ក៏​ដោយ ​យើង​ទៅ​ព្រលាន​យន្ត​ហោះ​ណា​ក៏​បាន​ដែរ។​ យើង​អាច​ដឹង​ផ្លូវ​បាន​ដោយសារ​ភាសា​អង់គ្លេស»។​

បច្ចុប្បន្ន​នេះ​ នាង ​សុជាតា ​ជា​ស្ត្រី​វ័យ​ក្មេង​ដែល​មាន​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ។​ នាង​គឺ​ជា​មន្រ្តី​ទំនាក់​ទំនង​នៅ​អង្គការ​មួយ​មាន​ឈ្មោះ​ថា​ Room ​To​ Read​ដែល​ជា​អង្គការ​ធ្វើ​ការ​ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​ ដែល​ជា​ញឹកញយ​នាង ​សុជាតា​ ត្រូវ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ជា​ច្រើន​នៅ​ជុំវិញ​ប្រទេស​កម្ពុជា។​

បទ​ពិសោធន៍​រស់នៅ​ម្នាក់​ឯង​ក្នុង​ប្រទេស​អូស្រ្តាលី​របស់​នាង​បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​របស់​នាង​មាន​ការ​ជឿ​ទុកចិត្ត​ថា​ នាង ​សុជាតា​ អាច​មើល​ការ​ខុស​ត្រូវ​លើ​ខ្លួន​ឯង​បាន។​

បើ​ទោះ​បី​ជា​នាង​ សុជាតា​ ដឹង​ថា ​ភាសា​អង់គ្លេស​គឺ​ជា​ឧបករណ៍​សំខាន់​ដើម្បី​នាង​អាច​រៀន​ដោយ​ខ្លួន​ឯង​បាន តែ​នាង​នៅ​តែ​មើល​ឃើញ​ផល​អវិជ្ជមាន​របស់​ភាសា​នេះ​ចំពោះ​ប្រទេស​កម្ពុជា។

«ចំណុច​អវិជ្ជមាន​មាន​ខ្លះ​ដែរ។​ ប៉ុន្តែ​អាហ្នឹង​វា​អាស្រ័យ​ទៅ​លើ​បុគ្គល។​ អ្នក​ខ្លះ​នៅ​ពេល​ដែល​គាត់​និយាយ​ភាសា​អង់គ្លេស ​គាត់​ធ្វើ​ដូច​រាង​រើសអើង​អ្នក​ដែល​អត់ចេះ។​ ប៉ុន្តែ​ហ្នឹង​វា​អាស្រ័យ​លើ​បុគ្គល​ដែរ ​ដោយសារ​តែ​គាត់​គិត​ថា​ គាត់​ពូកែ​ជាង​គេ។ ​ចំណុច​អវិជ្ជមួយ​ទៀត​គឺ​ នៅ​ពេល​ដែល​យើង​ចេះ​និយាយ​ពីរ​ ឬ​មួយ​ក៏​បី​ភាសា​ យើង​តែងតែ​ច្រឡូក​ច្រឡំ​ភាសា​ទាំង​អស់​ហ្នឹង​នៅ​ពេល​ខ្លះ។​ ឧទាហរណ៍​ដូច​ ខ្ញុំ​ផ្ទាល់​ នៅ​ពេល​ខ្ញុំ​និយាយ​ខ្មែរ​ ជួនកាល​រក​ពាក្យ​ខ្មែរ​អត់​ទាន់​ ខ្ញុំ​បន្លំ​ដាក់​ពាក្យ​អង់គ្លេស​ចូល​មួយ​ពាក្យៗ​ដែរ»។​

លោក ​សុខ សូត្រ ជា​ព្រឹទ្ធ​បុរស ​និង​ជា​សាស្ត្រាចារ្យ​នៃ​មហា​វិទ្យាល័យ​អប់រំ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​សរសេរ​និក្ខេបបទ​អំពី​ការ​និយាយ​ភាសា​ពីរ​ និង​ឥទ្ធិពល​នៃ​ការ​ប្រើប្រាស់​ភាសា​បរទេស​មក​លើ​អត្ត​សញ្ញាណ​បុគ្គល ​និង​ជាតិ​នៅ​ពេល​ដែល​លោក​ទៅ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ ​Victoria ​នៅ​ប្រទេស​អូស្ត្រាលី។

លោក​បាន​និយាយ​ថា៖​ «ភាសា​អង់គ្លេស​បណ្តុះ​បណ្តាល​ Critical Thinking​ ការ​ត្រិះរិះ​ពិចារណា។​តាម​យោបល់​របស់​ខ្ញុំ​ គឺ​ខ្ញុំ​សង្កេត​ឃើញ​ថា ​អ្នក​ដែល​រៀន​ភាសា​អង់គ្លេស​ គឺ​ពូកែ​គិត​ចេះ​ Debate​ ចេះ​ជជែក​វែកញែក ​ចេះ​រក​ខុស​រក​ត្រូវ»។​

រូបឯកសារ៖ លោក សុខ សូត្រ ព្រឹទ្ធបុរស​ស្តី​ទី​និង​ជា​សាស្ត្រាចារ្យមហាវិទ្យាល័យ​អប់រំនៃ​សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ ក្នុង​បទសម្ភាសន៍​មួយជាមួយ​ VOA កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ (ផន បុប្ផា/VOA)

លោក​ សុខ សូត្រ ​បាន​បន្ថែម​ទៀត​ថា​ អ្នក​ដែល​ប្រាស្រ័យ​ទាក់ទង​ជា​ភាសា​អង់គ្លេស ​មាន​និន្នាការ​បើក​ចំហ​បន្ថែម​ និង​មាន​ភាព​ឯករាជ្យ​ ហើយ​ជួនកាល​ពួក​គេ​អ្នក​ទាំង​នោះ​អាច​ប្រឆាំង​នឹង​បំណង​របស់​ឪពុក​ម្តាយ​របស់​ពួក​គេ។​

លោក​មាន​ប្រសាសន៍​ថា៖ «យើង​មិន​អាច​បញ្ឈប់​ការ​ផ្លាស់ប្តូរ​បាន​នោះ​ទេ»។​

លោក​បាន​និយាយ​បន្ថែម​ទៀត​ថា​ វា​ជា​ការ​សំខាន់​ណាស់​ដែល​ឪពុក​ម្តាយ​របស់​សិស្ស​និស្សិត​ទាំង​នោះ​ដឹង​ថា ​បុគ្គលិក​លក្ខណៈ​របស់​កូន​របស់​ពួក​គេ​នឹង​ផ្លាស់​ប្តូរ នៅ​ពេល​ដែល​ពួក​គេ​និយាយ​ អាន​ស្តាប់​ និង​សរសេរ​ភាសា​អង់គ្លេស​ស្ទាត់​ជំនាញ​នោះ។​

លោក​ រស់ សាលីន​ អ្នក​នាំពាក្រ​នៃ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ បាន​ទទួល​ស្គាល់​ថា ​ចំណេះ​ដឹង​ខាង​ភាសា​អង់គ្លេស​បណ្តាល​ឲ្យ​មាន​គុណវិបត្តិ​ខ្លះ​ដល់​ប្រជាជន​កម្ពុជា​ ប៉ុន្តែ​លោក​និយាយ​ថា ​ភាសា​អង់គ្លេស​មាន​អត្ថ​ប្រយោជន៍​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ​បច្ចុប្បន្ន​ ជាពិសេស​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ជា​សមាជិក​របស់​សហគមន៍​អាស៊ាន។​

លោក​បាន​បន្ថែម​ថា ​ភាសា​នេះ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​យុវជន​កម្ពុជា​នា​ពេលបច្ចុប្បន្ន​ ដើម្បី​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​ប្រជែង​ទី​ផ្សារ​ការងារ​នៅ​ក្នុង​ស្រុក​ផង​ក៏​ដូច​ជា​នៅ​ក្នុង​តំបន់។​

លោក​បាន​និយាយ​ថា៖ «ភាសា​អង់គ្លេស​ក្លាយ​ជា​ភាសា​អន្ដរជាតិ​ទី១ ​នៅ​ក្នុង​បរិបទ​សហគមន៍​អាស៊ាន​ ព្រោះ​ថា​ ចាប់​តាំង​ពី​ឆ្នាំ​២០១៦​ទៅ​ យើង​ស្ថិត​នៅ​ក្នុង​សហគមន៍​អាស៊ាន។​ ​ធម្មនុញ្ញ​អាស៊ាន​បាន​កំណត់​យក​ភាសា​អង់គ្លេស​ជា​ភាសា​ផ្លូវ​ការ​ ភាសា​គោល​ដែល​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​អាស៊ាន​ទាំង​១០»។​

លោក​ សាលីន ​បាន​ឱ្យ​ដឹង​ថា ​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​មាន​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​ក្នុង​កម្មវិធី​សិក្សា​របស់​សាលា​ ដើម្បី​កែ​លម្អ​ស្តង់ដារ​ភាសា​អង់គ្លេស។​

លោក​បាន​ថ្លែង​ថា៖​«ភាសា​អង់គ្លេស​គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ពួក​គេ។​ ទន្ទឹម​នឹង​នេះ​ក្រសួង​យល់​ថា​ វា​ជា​ការ​ចាំបាច់។​ ក្រសួង​បាន​បញ្ចូល​អង់គ្លេស​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​ដោយ​បញ្ចូល​ពី​ថ្នាក់​ទី​បួន​ឡើង​ទៅ​ ដើម្បី​ឲ្យ​សិស្សានុសិស្ស​អាច​រៀន​ភាសា​អង់គ្លេស​ពី​មូលដ្ឋាន​ទាប​តែ​ម្តង​ ពី​កម្រិត​បឋម​ ដើម្បី​មុន​នឹង​ចប់​មធ្យម​សិក្សា​ គាត់​មាន​មូលដ្ឋាន​ភាសា​អង់គ្លេស​ល្អ»។​

លោក​បាន​ប៉ាន់​ប្រមាណ​ថា​ ប្រជាជន​កម្ពុជា​ប្រហែល​ជាង​បី​លាន​នាក់​អាច​និយាយ​ភាសា​អង់គ្លេស​បាន ​ហើយ​ភាសា​អង់គ្លេស​អាច​ជួយ​ឲ្យស្ត្រី​កម្ពុជា​មាន​ឯករាជ្យភាព​នៅ​ក្នុង​គ្រួសារ ​ធ្វើ​ឲ្យគ្រួសារ​មាន​ភាព​ធូរធា​ដែល​ជា​កត្តា​កាត់​បន្ថយ​ភាព​ក្រីក្រ។​

«ការ​ដែល​ចេះ​ភាសា​អង់គ្លេស​គឺ​ជា​ការ​សំខាន់​គឺ​ជា​ការ​ចាំ​បាច់​ដែរ។​ បញ្ហា​សំខាន់​គឺ​ថា​ តើ​ពេល​ដែល​គាត់​មាន​ភាព​រឹងមាំ​ ជា​ពិសេស​ស្ត្រី កាលណា​គាត់​ចេះ​ភាសា​អង់គ្លេស ​គាត់​អាច​ដឹង​ពី​ពិភពលោក។​ គាត់​អាច​បង្កើន​សមត្ថភាព​ផ្ទាល់​ខ្លួន។ ​អញ្ចឹង​អាច​បង្កើន​ស្វ័យភាព​របស់​ខ្លួន​នៅ​ក្នុង​គ្រួសារ។ ​ប៉ុន្តែ​នេះ​គឺ​ជា​ចំណុច​មួយ​វិជ្ជមាន​នៅ​ក្នុង​គោល​ការណ៍​យេនឌ័រ ​នៅ​ពេល​ដែល​ស្ត្រី​មាន​ភាព​រឹង​មាំ។​ ស្ត្រី​មាន​ស្វ័យភាព​នៅ​ក្នុង​កិច្ចការ​សេដ្ឋកិច្ច ​ដូច្នេះ​ស្ត្រី​អាច​គ្រប់គ្រង​គ្រួសារ​បាន​ល្អ»។​

ភាសា​អង់គ្លេស​បាន​ចូល​មក​ក្នុង​ទីផ្សារ​ការងារ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៣​ នៅ​ពេល​ដែល​អង្គការ​សហ​ប្រជាជាតិ​មក​ជួយ​ជ្រោមជ្រែង​កិច្ចការ​បោះ​ឆ្នោត​កម្ពុជា​លើក​ដំបូង​ ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។​

បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ ​ដែល​ចេះ​ភាសា​អង់គ្លេស​បាន​ច្បាស់​ល្អ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​អាច​រក​ការងារ​ដែល​ផ្តល់​កម្រៃ​បាន​ច្រើន​ ងាយ​ស្រួល​ជាង​អ្នក​ដែល​មិន​ចេះ​ភាសា​អង់គ្លេស៕