ធនាគារ​ពិភពលោក៖ ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១០

ធនាគារ​ពិភពលោក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​កំណើន​ផ្នែក​កសិកម្ម​បាន​កើន​ឡើង​​៥,៣​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១០ ​ដោយ​ការ​ប្រមូល​ផល​បាន​ល្អ។ កំណើន​ផ្នែក​កសិកម្ម​នេះ​បាន​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ប្រមាណ​៦,៧%​កាល​ពី​ឆ្នាំ​២០១០។

ធនាគារ​ពិភពលោក​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ថា សេដ្ឋ​កិច្ច​កម្ពុជា​បាន​កើន​ឡើង​យ៉ាង​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០១០​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៩​ ក៏​ប៉ុន្តែ​បាន​ទស្សន៍ទាយ​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១១​មាន​កំណើន​តិច​ជាង​ឆ្នាំ​២០១១។ អ្នក​សេដ្ឋកិច្ច​កម្ពុជា​មិន​បាន​យល់ស្រប​នឹង​ការ​ព្យាករណ៍​នេះ​ទេ។ ​អង្គការ​សង្គម​ស៊ីវិល​បាន​ស្វាគមន៍​កំណើន​សេដ្ឋកិច្ច​នេះ​ ប៉ុន្តែ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​កំណើន​នេះ​មិន​បាន​ទៅ​ដល់​ជន​ក្រីក្រ​នៅ​តាម​ជនបទ។

ធនាគារ​ពិភព​លោក​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​បាន​កើនឡើង​យ៉ាងខ្ពស់​ប្រមាណ​៣​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៩​ ដល់​៦,៧​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១០​ ដោយសារ​កំណើន​ផ្នែក​កសិកម្ម ​កំណើន​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ​ភ្ញៀវ​ទេសចរ​កើនឡើង ​និង​ការ​បង្កើន​ភាព​ចម្រុះ​នៃ​ផលិតកម្ម។

ធនាគារ​ពិភពលោក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​កំណើន​ផ្នែក​កសិកម្ម​បាន​កើន​ឡើង​ ៥,៣​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១០​ ដោយ​ការ​ប្រមូល​ផល​បាន​ល្អ។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​និយាយ​ថា​ ការ​នាំចេញ​ផ្នែក​សម្លៀក​បំពាក់​បាន​កើន​ឡើង​២៤​ភាគ​រយ​ នៅ​ក្នុង​ឆ្នាំ​២០១០ ​បន្ទាប់ពី​ធ្លាក់​ចុះ​២០​ភាគរយ​ក្នុង​អំឡុង​វិបត្តិ​ឆ្នាំ​២០០៩​ និង​ការ​នាំ​ចេញ​ស្បែក​ជើង​ក៏​ បាន​កើនឡើង​៦០​ភាគរយ​ផង​ដែរ​ក្នុង​អំឡុង​ពេល​ដូច​គ្នា​នេះ។ ​ឧស្សាហ​កម្ម​ទាំង​ពីរ​នេះ​បាន​បង្កើត​ ការងារ​ថ្មី​ចំនួន​៥៥.៣០០​នៅ​ក្នុង​ឆ្នាំ​២០១០ ​ដែល​ការងារ​ភាគ​ច្រើន​បាន​បាត់បង់​នៅ​ក្នុង​អំឡុង​វិបត្តិ​សេដ្ឋ​កិច្ច​ឆ្នាំ​២០០៩។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​បន្ថែម​ថា ​វិស័យ​ទេសចរណ៍​ក៏​បាន​ងើប​ឡើង​វិញ​ខ្លាំង​ផង​ដែរ​ ជាមួយ​នឹង​កំណើន​ភ្ញៀវទេសចរ​១៦​ភាគ​រយ​ (ស្មើនឹង២.៥លាននាក់ ) និង​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​កើន​ឡើង​១៤ភាគរយ​ (ស្មើ​នឹង​១,៨​ពាន់​លាន​ដុល្លារ)។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​បន្ត​ថា​ កំណើន​ដែល​បាន​ងើប​ឡើង​ច្រើន​ជាង​ការ​រំពឹង​ទុក​នេះ​គឺ​បណ្តាល​មក​ពី​កំណើន​ដ៏​រឹងមាំ​នៅ​អាស៊ី ​ដែល​ជា​ប្រភព​នាំ​មក​នូវ​ភ្ញៀវ​ទេសចរ​៧២​ភាគ​រយ​ ​ការ​ធា្លក់ចុះ​នៃ​ប្រាក់​ដុល្លារ​ដែល​បណ្តា​ឲ្យ​មាន​ផល​ចំណេញ​នៃ​ប្រភព​ប្រកួត​ប្រជែង ​និង​ការ​លម្អ​រចនាសម្ព័ន្ធ​ ដូចជា​ទស្សនវិស័យ​នៃ​ច្បាប់ប្រភព​ដើម​ ដែល​កាន់តែ​មាន​ការ​អនុគ្រោះ​សម្រាប់​ការ​នាំចេញ​សម្លៀក​បំពាក់​ទៅ​កាន់​សហភាព​អឺរ៉ុប​ និង​ការ​កែ​លម្អ​ជា​បណ្តើរៗ​លើ​ទំនាក់ទំនង​នៃ​ឧស្សាហកម្ម។

ធនាគារ​ពិភព​លោក​បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​បង្កើន​ភាព​ចម្រុះ​ខ្លះ​នៃ ផលិត​កម្ម​របស់​ខ្លួន ​និង​មូលដ្ឋាន​នៃ​ការ​នាំចេញ​ ជាមួយ​និង​បរិមាណ​អង្ក​នាំចេញ​ស្ទើរ​ត្រីគុណ​នៅ​ក្នុង​ ឆ្នាំ​២០១០។ ​ជាពិសេស​ការ​បង្កើន​ភាព​ចម្រុះ​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​ងើប​ឡើងវិញ​លើ​វិនិយោគ​ទុន​បរទេស​ដែល​មាន​កំណើន​១៦​ភាគរយ​នៃ​ទុន​វិនិយោគ​ដែល​បាន​ចុះ​បញ្ជី។

ធនាគារ​ពិភព​លោក​បាន​កត់​សម្គាល់​ឃើញ​ថា ​ប្រភព​កំណើន​ជា​ប្រពៃណី​ដទៃ​ទៀត​ ដូច​ជា​ផ្នែក​ សំណង់​ និង​អចនទ្រព្យ​បាន​ងើប​ឡើង​វិញ​បន្តិចម្តងៗ​ ដែល​មាន​កំណើន​១០​ភាគរយ​ក្នុង​សំណើ​សុំ​សាង​សង់​ទាំងអស់​ដែល​បាន​អនុម័ត​នៅ​ក្នុង​ឆ្នាំ​២០១០។

ធនាគារ​ពិភពលោក​បាន​ទស្សន៍ទាយ​ថា ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​នឹង​នៅតែ​ល្អ​ប្រសើរ​នៅ​ក្នុង​ឆ្នាំ​២០១១​ ក្នុង​កម្រិត​៦,៥​ភាគរយ ​ហើយ​ការ​នាំចេញ​របស់​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា ​នឹង​នៅ​តែ​ល្អ​ប្រសើរ​ដោយ​ផ្នែក​ ដែល​ជា​លទ្ធផល​នៃ​ច្បាប់​ប្រភព​ដើម​ដែល​មាន​លក្ខណៈ​អនុគ្រោះ​របស់​សហភាព​អឺរ៉ុប​ស្តី​អំពី​ពន្ធ​អនុគ្រោះ​សម្រាប់​ការ​នាំចេញ​របស់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​បំផុត​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី១​ ខែ​មករា​ ឆ្នាំ​២០១១។

សេចក្តី​ថ្លែង​ការណ៍​បាន​បញ្ជាក់​ថា ​កំណើន​នៃ​ការ​នាំចេញ​ជា​រួម​អាច​ត្រូវ​បាន​កំហិត​ដោយ​ទ្រង់ទ្រាយ​ នៃ​ការ​ងើប​ឡើង​វិញ​ជា​សកល​ ហើយ​ការ​ប្រើប្រាស់​នឹង​កើនឡើង ​នៅពេល​ដែល​ការ​ងើប​ឡើង​វិញ​ចាប់​ផ្តើម ​ខណៈ​ដែល​ការ​វិនិយោគ​នឹង​ទទួល​អត្ថ​ប្រយោជន៍​ពីការ​ងើបឡើង​វិញ​ជា​បន្ត​លើ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​និង​ឥណទាន​សម្រាប់​វិស័យ​ឯកជន។

បទរាយការណ៍​របស់​វីអូអ៖ ច្រក​របៀង​សេដ្ឋកិច្ច​ផ្តល់​ផល​ប្រយោជន៍​និង​ក្តី​កង្វល់

លោក​ជា ហួត ​អ្នក​សេដ្ឋកិច្ច​ប្រចាំ​ធនាគារ​ពិភព​លោក​នៅ​កម្ពុជា ​បាន​ថ្លែង​ថា ​កំណើន​សេដ្ឋ​កិច្ច​នៅ ក្នុង​ឆ្នាំ​២០១១​នេះ​នឹង​មិន​ទទួល​រងគ្រោះ​ពី​មហន្តរាយ​ធម្មជាតិ​នៅ​ប្រទេស​ជប៉ុន ​និង​ការ​បះបោរ​នៅ មជ្ឈឹម​បូព៌ា​ប្រទេស​នោះ​ទេ។

លោក​កង ច័ន្ទតារារ័ត្ន ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សានិង​ការ​អភិវឌ្ឍ ​បាន​ថ្លែង​យ៉ាង​ ដូច្នេះ​ថា​ «ឆ្នាំ​២០១១​មាន​កំណើន​សេដ្ឋកិច្ច​តិច​ជាង​ឆ្នាំ​២០១០។​ ខ្ញុំ​ហាក់​ដូចជា​មិនយល់​អញ្ចឹង​ទេ។​ ខ្ញុំ ឃើញ​ថា ​ឆ្នាំ​២០១១​មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​២០១០​ទៅ​ទៀត​ ហើយ​នឹង​អាច​រក្សា​កំណើន​បាន​ក្នុង​ រង្វង់​ពី​៦​ទៅ​៧​ភាគរយ ​ដោយ​ផ្អែក​ទៅ​លើ​កត្តា​ក្នុង​ស្រុក​ជាច្រើន​ ជាពិសេស​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​វិស័យ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​របស់​យើង​ជាមួយ​សហ​រដ្ឋ​អាមេរិក​ និង​អឺរ៉ុប​ បូក​ផ្សំ​ជាមួយ​វិស័យ​ទេសចរណ៍​ជាដើម។

លោក​ឈិត សំអាត​ នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែង​ថា​ យើង​ សម្បាយ​រីករាយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០១០។​ ប៉ុន្តែ​អង្គការ​សង្គមស៊ីវិល​នៅតែ​មាន​ ការ​ព្រួយ​បារម្ភ​ខ្លាចក្រែង​កំណើន​សេដ្ឋកិច្ច​នេះ​មិនបាន​ចែក​រំលែក​ទូលំទូលាយ​ដល់​អ្នក​ក្រីក្រ​នៅតាម​ តំបន់​ជនបទ។

«អង្គការ​សង្គម​ស៊ីវិល​ចង់ឱ្យ​កំណើន​សេដ្ឋកិច្ច​នេះ​បាន​ទៅដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទ»។

លោក​ Vikram Nehru ​អ្នក​សេដ្ឋ​កិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត​ បាន ថ្លែង​តាមរយៈ​ការ​ធ្វើ​សន្និសីទ​កាសែត​តាម​វីដេអូ​ពី​ប្រទេស​សឹង្ហបូរី​ថា ​បើ​ប្រទេស​កម្ពុជា​មាន​កម្មវិធី​ និង​គោល​នយោបាយ​សម្រាប់​បន្ត​គាំទ្រ​កំណើន​ និង​គាំទ្រ​វិស័យ​ឯកជន​លើ​សកម្មភាព​វិនិយោគ​នានា​ «ខ្ញុំ​នឹង​ធានា​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​បង្កើត​ភាព​ចម្រុះ​នៃ​ផលិត​កម្ម។​ វា​មាន​កំណើន​យ៉ាង​ឆាប់​រហ័ស​ ប៉ុន្តែ​វា​ជា​ការ​កើត​ឡើង​ប្រកប​ដោយ​ចីរភាព»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនបាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ថា​ «ប្រទេស​កម្ពុជា​មាន​សុទិដ្ឋិ​និយម​ចំពោះ​អនាគត​នៃ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ដែល​ត្រូវ​បាន​ព្យាករណ៍ថា​ កើន​ឡើង​ពី​ចន្លោះ​៦​ទៅ​៧​ភាគរយ​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ។ ​យើង​រំពឹង​ថា​ កម្ពុជា​នឹង​ទាញ​ចំណេញ​ពី​លំហូរ​វិនិយោគ​និង​សាច់​ប្រាក់​ក្នុង​ពិភពលោក»៕