ការ​ជ្រើស​យក​លោកស្រី Harris ជា​បេក្ខជន​អនុ​ប្រធានាធិបតី គឺ​ជា​ជម្រើស​​ប្រវត្តិសាស្ត្រ​និង​​មាន​សុវត្ថិភាព

  • Brian Padden

អ្នកស្រី Kamala Harris បេក្ខជន​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​​នឹង​បេក្ខជន​ប្រធានាធិបតី​​លោក Joe Biden ក្នុង​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃ​ទី ១៣ ខែសីហា ឆ្នាំ​២០២០។

គេ​ឃើញយូរ​មក​ហើយ​ថា​ លោកស្រី​ Kamala Harris ​គឺ​ជា​អ្នក​នាំមុខ​គេនៅ​ក្នុងការ​ស្វែង​រក​បេក្ខជន​អនុប្រធានាធិបតីរបស់​លោក Joe Biden។ លោក Biden ​ត្រូវ​បានសន្មត​ថា​នឹង​ទទួល​ការ​តែងតាំង​ជា​បេក្ខជនប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

សមាជិកា​រូប​នេះ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ប្រចាំ​រដ្ឋ California បំពេញ​តាម​លក្ខណៈ វិនិច្ឆ័យ​របស់​លោក Biden ថា​ជា​ស្ត្រី​ម្នាក់​មាន​គុណសម្បត្តិ​ខ្ពស់​។ លោក Biden ក៏បាន​ប្រឈម​នឹងសម្ពាធ​ពីខាងក្នុងគណបក្ស​លោកឱ្យ​ជ្រើសរើស​យកជន​ជាតិ​អាមេរិកាំ​ង​ដើម​កំណើត​អាហ្វ្រិក​ម្នាក់នៅ​ពេលភាគច្រើននៃ​ប្រទេសកំពុង​ផ្តោត​ការយក​ចិត្ត​ទុកដាក់​លើ​យុត្តិធម៌​ខាង​ពូជសាសន៍​ផង​ដែរ។​ លោក Jared Leopold ជាអ្នក​យុទ្ធសាស្ត្រខាង​គណបក្ស​ប្រជាធិបតេយ្យនៅ​ឯ​អង្គការ​ Evergreen Mission។ លោក​បាន​និយាយ​ថា៖

«ខ្ញុំ​យល់​ថា ​នេះ​ជា​ជម្រើសល្អ​ប្រសើរ​របស់​លោក Biden។ នេះ​ពេល​នេះវា​អាស្រ័យ​លើ​លោកក្នុង​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ដ៏​ឈ្លាស​វៃ ​និង​ប្រកប​ដោយ​សុវត្ថិភាពផង​ដែរ។ លោកស្រី Kamala Harris ជាឥស្សរជន​ ដែល​គេ​ស្គាល់រួច​ស្រេច​ហើយ។ ​គេ​ទុកចិត្ត​លោកស្រី។ លោក​ស្រី​បាន​ត្រូវ​ពិនិត្យ​មើល​សមត្ថភាព​រួច​ស្រេច​ហើយ​នៅ​លើ​ឆាក​ជាតិ ​ហើយលោកស្រី​ជាជម្រើស​ដ៏​ឆ្លាត​វៃ​សម្រាប់​លោក Biden»។​

អ្នកស្រី Kamala Harris ថ្លែង​សុន្ទរកថា បន្ទាប់​ពី​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​បក្ស​ប្រជាធិបតេយ្យ បាន​ប្រកាស​ថា​អ្នកស្រី​គឺ​ជា​បេក្ខជន​អនុប្រធានាធិបតី​ ដែល​នឹង​ឈរឈ្មោះ​ជាមួយ​នឹង​លោក ក្រុង Wilmington រដ្ឋ​ Delaware ថ្ងៃ​ទី ១២ ខែសីហា ឆ្នាំ២០២០។

ការជ្រើសរើស​លោកស្រី​ Harris ដែល​ជា​កូនស្រីរបស់​ជនអន្តោប្រវេសន៍​ Jamaica និងឥណ្ឌា​នឹងលើក​កម្លាំងមណ្ឌល​បោះឆ្នោត​សំខាន់ៗ​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ អ្នក​ស្រី Daniella Gibbs Leger ជា​អ្នក​យុទ្ធសាស្ត្ររបស់មជ្ឈមណ្ឌល​សម្រាប់​ការជឿនលឿន​អាមេរិកាំង។​

អ្នក​ស្រី​បាននិយាយ​ថា៖ «ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​លោក Biden បាន​ជ្រើសរើស​លោកស្រី Harris ហើយ​ក្នុង​នាម​ជាស្ត្រី​ស្បែក​ខ្មៅ នេះ​ជា​រឿង​អស្ចារ្យ​ណាស់ ដែល​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់​ដែល​ដូច​ខ្ញុំ ទទួល​ការ​តែង​តាំង​ជា​បេក្ខជនអនុប្រធានាធិបតី​ នៅ​ក្នុង​ជីវិត​ខ្ញុំ។ ដូច្នេះ​ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ណាស់»។

លោកស្រី Harris ​អួតអំពី​បទ​ពិសោធន៍ជា​អតីតរដ្ឋអាជ្ញា​កំពូលនៃ​រដ្ឋ California ហើយ​នៅ​ក្នុង​ព្រឹទ្ធសភា​ស.រ.អ.​លោកស្រីល្បីឈ្មោះ​ដោយសារ​លោកស្រី​បាន​ដាក់​សំណួរតឹងតែងដល់បណ្តា​បេក្ខជន​ដែល​លោក Trump បាន​តែងតាំង​ឱ្យ​កាន់​តំណែង​សំខាន់ៗក្នុង​ប្រទេសដោយមាន​រួម​បញ្ចូលទាំង​លោក​ Brett Kavanaugh សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូលនៅ​ក្នុង​សវនាការកាល​ពី​ឆ្នាំ២០១៨សម្រាប់​តែង​តាំង​លោក​ឱ្យ​កាន់មុខងារ​នេះ។​

លោកស្រី​ Harris ដែល​ពូកែ​និយាយ និង​ដែល​ធ្លាប់​ជា​គូ​ប្រជែងរបស់​លោក Biden ​សម្រាប់​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតីកាល​ពី​មុន​នោះ ត្រូវ​រំពឹង​ថាជា​គូបដិបក្ខ​ខ្លាំង​ក្លា​ម្នាក់​របស់​លោក​អនុប្រធានាធិបតី Mike Pence ខាង​គណបក្ស​សាធារណរដ្ឋ​នៅលើ​ឆាកជជែក​ដេញដោល​គ្នា។

លោក​ប្រធានាធិបតី Trump បាននិយាយ​ថា ​លោកស្រី Harris​ «កាចនិង​គ្មានការគោរព​ទេ»​ នៅ​ពេលសួរ​ដេញ​ដោលលោក ​ Brett Kavanaugh។

លោក Trump ក៏​បានថ្លែង​ដែរ​ថា​ លោកស្រី​ Harris «កំណាច»​ ដោយ​និយាយ​យោង​ដល់​ការ​ឮ​ល្ហិចល្ហៀង​ក្នុង​ក្រុម​ការងារ​លោក Biden អំពី​ការ​រិះគន់​ចំពោះការវាយ​ប្រហារ​តាម​ពាក្យ​សម្តី​របស់លោកស្រីទៅលើ​ប្រវត្តិ​លោក Biden ​នៅ​ក្នុង​ការ​ជជែក​ដេញដោល​មួយ​កន្លង​មក​ដែល​លោកស្រី​បាន​ចោទ​ប្រកាន់​លោក​ថា​ជំទាស់​នឹងការ​ដាក់​សិស្សក្នុង​ឡាន​ក្រុង​ទៅ​សាលារៀន​ដើម្បី​បង្កើន​ការរួមបញ្ចូល​គ្នា​ខាងពូជសាសន៍ក្នុង​ទសវត្សរ៍ឆ្នាំ១៩៧០​ ដែល​ជា​ការ​ចោទប្រកាន់​មួយលោក Biden បាន​និយាយថា​ជា«សន្មត​ខុស​មួយ»។

ព័ត៌មាន​ទាក់ទង៖ ជីវប្រវត្តិ៖ លោកស្រី​ Kamala Harris ដែល​​ធ្លាប់​ជា​​បេក្ខជន​ប្រធានាធិបតី​​វិល​ត្រឡប់​​ចូលក្នុង​ការ​​ប្រកួត​នេះ​ឡើងវិញ

ពួក​អ្នក​ធ្វើការ​ឃោសនា​បោះឆ្នោត​ឱ្យ​លោក Trump បានចេញផ្សាយ​ការ​វាយប្រហារមួយដោយ​បាន​ហៅ​លោកស្រី​ Harris ថា​ជា​អ្នក​ប្រកាន់​នយោបាយ​និយមឆ្វេង​ជ្រុល​ម្នាក់។​លោក Patrick Basham ជា​អ្នក​វិភាគ​នៅ​ឯ​វិទ្យាស្ថាន​លទ្ធិ​ប្រជាធិបតេយ្យ​។ លោក​បាន​និយាយ​ថា៖

«ពួក​អ្នកឃោសនា​បោះឆ្នោត​ឱ្យ​លោក​ Trump គ្មានការខ្មាស់អៀន​ទេ។ ពួក​គេ​មានប្រាក់​ច្រើន។ ពួក​គេ​មាន​សមត្ថភាព​និង​មធ្យោបាយដើម្បី​បន្តុះបង្អាប់​ជម្រើស​បេក្ខជន​អនុ​ប្រធានាធិបតី​រូប​នេះ»។

គេ​មិន​ដឹង​ច្បាស់​លាស់​ទេ​ថា តើ​ការ​ហៅលោកស្រី​ Harris ថាជាអ្នក​ជ្រុលនិយមម្នាក់នឹ​ងមាន​ឥទ្ធិពល​លើ​អ្នក​បោះឆ្នោត​ឬទេ។ មនុស្ស​ខ្លះ​មាន​ជំនឿថា ​ការ​វាយ​ប្រហារ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​វិញ បើ​សិន​ជា​គេ​យល់ឃើញ​ថា​ជា​ការប្រកាន់ភេទ​ជ្រុល​នោះ។​ អ្នក​ស្រី Daniella Gibbs Leger ជា​អ្នក​យុទ្ធសាស្ត្ររបស់មជ្ឈមណ្ឌល​សម្រាប់​ការជឿនលឿន​អាមេរិកាំង។​ អ្នក​ស្រី​បាននិយាយ​ថា៖

«ខ្ញុំ​យល់​ថា​ពួក​សាធារណរដ្ឋ​គួរ​តែ​ប្រុងប្រយ័ត្នខ្លាំ​ងណាស់ ពី​ព្រោះ​ពួក​គេ​នឹង​ធ្វើ​ឱ្យពួក​ស្ត្រីស្បែក​សក្នុង​តំបន់​ជាយក្រុង​មាន​ការ​មិន​ពេញចិត្តពីព្រោះ​ពួក​គេ​ត្រូវ​ការ​ការ​គាំទ្រ​ពី​ក្រុម​ស្ត្រី​ទាំង​នេះដើម្បី​ឱ្យ​ឈ្នះ​ឆ្នោត»។

ការជ្រើស​រើស​លោកស្រី​ Harris ដែល​ជាអ្នក​មិន​និយម​ជ្រុល​ខាង​នយោបាយ​នៅ​ក្នុង​គណបក្ស​មួយ​ដែល​មាន​និន្នាការ​ងាក​ទៅ​ខាងឆ្វេង​អាចពង្រឹង​ការ​គាំទ្រលោក Biden ក្នុង​ចំណោមពួក​អ្នក​បោះឆ្នោត​ឯករាជ្យ​ ដែល​លម្អៀង​ទៅ​ខាង​ធុរកិច្ច។ ក៏ប៉ុន្តែ​លោកស្រី​ប្រហែល​ធ្វើ​ឱ្យ​មាន​ការ​ខក​ចិត្ត​ក្នុង​ចំណោម​ពួកអ្នក​ជឿនលឿនខ្លាំង​បំផុតនៅ​ក្នុង​គណបក្សដែល​ទាមទារឱ្យ​មាន​អន្តរាគមន៍ខ្លាំងពី​រដ្ឋាភិបាលក្នុងវិស័យ​សេដ្ឋកិច្ច។

គេ​យល់​ឃើញ​ថា​លោកស្រី​ Harris ជា​ជម្រើស​មួយ​មាន​សុវត្ថិភាពសម្រាប់​ការ​ឃោសនា​បោះឆ្នោត​មួយដែលនាំ​មុខ​រួចស្រេច​ហើយ​នៅ​ក្នុង​ការស្ទង់មតិ​សាធារណៈដោយប្រឆាំងនឹង​ប្រធានាធិបតី​ម្នាក់ដែល​ភាព​ជា​មេដឹកនាំ​បាន​ត្រូវ​ដាក់ធ្វើ​ជា​តេស្ត ​ដោយ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ​១៩​ និង​វិបត្តិ​សេដ្ឋកិច្ច​មួយ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ