លោក Biden ជំរុញ​ឱ្យជនជាតិ​អាមេរិក​ «បន្ថយកម្តៅ» បន្ទាប់​ពីលោកTrump ឈ្នះឆ្នោត

លោកប្រធានាធិបតី Joe Biden ថ្លែងនៅក្នុងសួន Rose Garden នៃសេតវិមានក្នុងទីក្រុង Washington ថ្ងៃព្រហស្បតិ៍ ទី 7 ខែវិច្ឆិកា ឆ្នាំ 2024។

លោក​ប្រធានាធិបតី Joe Biden បាន​ជំរុញ​ជនជាតិ​អាមេរិក​កាលពី​ថ្ងៃព្រហស្បតិ៍​ឱ្យបន្ថយ​កម្តៅ​នយោបាយ​ បន្ទាប់​ពីលោក Donald Trump ឈ្នះ​ការបោះឆ្នោត​ច្រើនលើសលុប​លើអ្នកស្រី Kamala Harris ដោយ​បាន​និយាយ​នៅក្នុង​សុន្ទរកថាផ្សះផ្សា​ទៅកាន់​ប្រជាជាតិ​ថា ​លោកនឹង​ធានា​ឱ្យមាន​ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី។

នៅក្នុង​សុន្ទរកថា​ដ៏ឧឡារិក​មួយ​ពីសេតវិមាន​ លោក Biden​ ក៏បាន​និយាយ​ផងដែ​រថា​ លទ្ធផល​គួរតែ «បញ្ចប់» ការសង្ស័យ​អំពី​សុចរិតភាព​នៃប្រព័ន្ធ​បោះឆ្នោត​អាមេរិក​ ដែល​ជំរុញ​ដោយការ​បដិសេធ​របស់​លោក Trump ក្នុងការ​ទទួលស្គាល់​ការបរាជ័យ​ផ្ទាល់ខ្លួន​របស់​លោក​ក្នុងឆ្នាំ២០២០។

លោក Biden បាន​និយាយ​ថា៖ «អ្វីមួយ​ដែល​ខ្ញុំសង្ឃឹម​ថា​ពួកយើង​អាច​ធ្វើបាន​ មិនថា​អ្នកបោះឆ្នោត​ឱ្យ​អ្នកណា​នោះទេ​ គឺការ​មិនមើលគ្នា​ទៅវិញ​ទៅមក​ជាសត្រូវទេ ប៉ុន្តែ​ជា​បងប្អូន​ជនជាតិ​អាមេរិក។​ហើយ​ចូរនាំគ្នា​បន្ថយ​កម្តៅ»។

បុគ្គលិក​បានក្រោក​ឈរឡើង​ អបអរសាទរ​ និងទះដៃ​នៅពេល​ដែលលោក​ Biden ​មកដល់​សួន Rose Garden ដ៏​ល្បីល្បាញ។ អ្នកនយោបាយ​អាយុ ៨១ឆ្នាំ​រូបនេះ បាន​ចាក​ចេញ​ពីការ​ប្រជែង​នឹង​លោក Trump កាលពី​ខែកក្កដា ​ហើយបាន​ប្រគល់​ការ​តែងតាំង​ពីគណបក្ស​ប្រជាធិបតេយ្យ​ទៅឱ្យ​អ្នកស្រី Kamala Harris ដែល​ជា​អនុប្រធានាធិបតី​របស់​លោក។

លោក Biden បាន​និយាយ​ថា​ លោកបាន​ទូរសព្ទ​ទៅលោក Trump មកពី​គណបក្ស​សាធារណរដ្ឋ​ដើម្បី​អបអរសាទរ​អតីត​ប្រធានាធិបតី​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ដោយសភា​ពីរដង​ ហើយ​ធានា​ថា​លោក​នឹងមាន​ការផ្តេរ​អំណាច​ដោយ «សន្តិវិធី និង​មាន​សណ្តាប់​ធ្នាប់»។

ពេល​លោក Biden ក្លាយ​ជាប្រធានាធិបតីក្នុងឆ្នាំ២០២០ ​លោក Trump បដិសេធ​មិន​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ទេ។ តែ​លោកBiden ​បាន​បញ្ជាក់ថា៖ «នៅថ្ងៃ​ទី ២០ ខែ​មករា ​យើងនឹង​មានការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នៅ​ទីនេះ ​ក្នុង​ប្រទេស​អាមេរិក»។

ប្រធានាធិបតី​ដែលចាក​ចេញពី​តំណែង​រូបនេះ​ក៏បាន​ជំរុញ​អ្នកគាំទ្រ​កុំឱ្យបាត់បង់​ក្តីសង្ឃឹម​ បន្ទាប់​ពីការ​ជាប់​ឆ្នោត​ឡើងវិញ​របស់​លោក Trump ដែល​ទំនង​ជានឹង​រុះរើ​គោល​នយោបាយ​ជាច្រើន​របស់ Biden ភ្លាមៗ​នៅពេល​លោកត្រឡប់​ទៅសេតវិមាន។

លោក​បាន​ថ្លែង​ថា​៖ «​ត្រូវ​ចាំ​ថា ការ​បរាជ័យ​មិន​មែន​មាន​ន័យ​ថា​យើង​ចាញ់​នោះ​ទេ។

ការ​អត្ថាធិប្បាយ​របស់​លោក​ Biden ​គឺផ្ទុយ​ស្រឡះ​ពីលោក​មហាសេដ្ឋី Trump ដែលការ​បដិសេធ​ការ​បោះឆ្នោត​កាលពី ៤ ឆ្នាំមុន​ បាន​ឈានដល់​ការ​វាយលុក​ដ៏ឃោរឃៅ​ថ្ងៃទី៦ ខែមករា​ ឆ្នាំ ២០២១ ដោយ​អ្នកគាំទ្រ​របស់​លោក Trump លើ​វិមានរដ្ឋសភា​របស់​សហរដ្ឋ​អាមេរិក។

លោក Biden បាន​អញ្ជើញ​លោក Trump ឱ្យជួប​នៅ​សេតវិមាន​ សម្រាប់​អ្វីដែល​នឹងក្លាយ​ជាការ​ជួបគ្នា​លើក​ដំបូង​របស់​ពួកគេ ​ចាប់តាំងពី​ការជជែក​ដេញដោល​ដ៏មហន្តរាយ​របស់​លោក Biden ប្រឆាំង​នឹង​លោក Trump កាលពី​ខែមិថុនា ​ដែលបាន​បង្ខំ​ឱ្យលោក​ចុះ​ចេញ​ពីការ​ប្រកួត​ប្រជែង។

មេដឹកនាំ​ពិភពលោក​បាន​សន្យា​យ៉ាងឆាប់​រហ័ស​ថា ​នឹង​ធ្វើការ​ជាមួយ​លោក Trump ទោះបី​ជាមាន​ការ​ព្រួយបារម្ភ​នៅក្នុង​ពិភពលោក​ជាច្រើន​អំពី​គោល​ការណ៍​ជាតិនិយម អាមេរិក​ជាចម្បង ឬ America First របស់​លោក និង​ការ​សន្យាដាក់​ពន្ធ​ដ៏ច្រើន​លើការ​នាំចូល​ពីបរទេស។

ប្រធានាធិបតី​ចិន លោក Xi Jinping បាន​និយាយ​ថា ​ទីក្រុង​ប៉េកាំង​ និង​ទីក្រុង​វ៉ាស៊ីនតោន ត្រូវតែ​ស្វែងរក​វិធី​មួយ​ដើម្បី ​«ចុះសម្រុងគ្នា» នៅក្នុង​សារមួយ​ផ្ញើជូន​លោក​ Trump ដោយ​អំពាវនាវ​ឱ្យ​ទំនាក់​ទំនង​ទ្វេភាគី​មាន«ស្ថិរភាព»៕