ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា លោកនឹងចុះហត្ថលេខានៅថ្ងៃពុធនេះលើសំណើច្បាប់ថវិកាជំនួយចំនួន ៩៥ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ បន្ទាប់ពីព្រឹទ្ធសភាអាមេរិកបានអនុម័តសំណើច្បាប់នេះកាលពីថ្ងៃអង្គារ។
ការបោះឆ្នោតក្នុងសំឡេង ៧៩ ទល់នឹង ១៨ នេះបានធ្វើឡើងបន្ទាប់ពីបានពន្យារពេលអស់ជាច្រើនខែមក ដែលក្នុងនោះរួមទាំងការអនុម័តរបស់ព្រឹទ្ធសភានូវវិធានការស្រដៀងគ្នានេះផងដែរ និងការបដិសេធរបស់ថ្នាក់ដឹកនាំរដ្ឋសភានៅក្នុងការលើកយកសំណើច្បាប់នេះមកបោះឆ្នោត នៅចំពេលដែលមានការខ្វែងគំនិតគ្នារវាងការបញ្ជូនជំនួយទៅបរទេសនិងការផ្ដល់អាទិភាពដល់សន្តិសុខនៅក្នុងប្រទេស។
រដ្ឋសភាបានបន្តឡើងវិញនូវកិច្ចប្រឹងប្រែងនេះបន្ទាប់ពីមានការចរចាក្នុងចំណោមថ្នាក់ដឹកនាំសភាដើម្បីធ្វើយ៉ាងណាកុំឱ្យមានការប្រឆាំងសំណើច្បាប់នេះ ដោយនៅទីបំផុតត្រូវបានអនុម័តកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក្នុងសំឡេង៣១១ ទល់នឹង១១២។
ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីគឺជាការផ្ដោតដ៏សំខាន់នៃកញ្ចប់ជំនួយនេះ ដោយក្នុងនោះជំនួយចំនួន៦១ពាន់លានដុល្លារគឺសម្រាប់ជួយដល់ការប្រយុទ្ធរបស់អ៊ុយក្រែននេះ។
សំណើច្បាប់នេះក៏រួមមានផងដែរនូវថវិកាចំនួន២៦ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល នៅចំពេលដែលប្រទេសនេះកំពុងប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) នៅក្នុងតំបន់ហ្កាហ្សា (Gaza) និងថវិកាចំនួន ៨ ពាន់លានដុល្លារសម្រាប់ការប្រឆាំងនឹងវិធានការគំរាមកំហែងរបស់ចិនលើតៃវ៉ាន់និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់អាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោក Biden បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយភ្លាមៗបន្ទាប់ពីព្រឹទ្ធសភាបានបោះឆ្នោតថា សហរដ្ឋអាមេរិកអាចចាប់ផ្ដើមបញ្ជូនយុទ្ធោបករណ៍ទៅកាន់ប្រទេសអ៊ុយក្រែននៅសប្ដាហ៍នេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញសម្ព័ន្ធមិត្តនានាឱ្យផ្ដល់ជំនួយបន្ថែមដើម្បីជួយដល់យោធាអ៊ុយក្រែនទប់ទល់នឹងកងកម្លាំងរបស់រុស្ស៊ី ជាពិសេសដើម្បីការពារទីក្រុងនានារបស់អ៊ុយក្រែនពីការវាយប្រហារដោយមីស៊ីលនិងដ្រូនជារៀងរាល់ថ្ងៃ។
លោក Zelenskyy បានថ្លែងអំណរគុណលោក Biden មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាលោក Chuck Schumer និងមេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាលោក Mitch McConnell បន្ទាប់ពីព្រឹទ្ធសភាបានអនុម័តលើកញ្ចប់ជំនួយនេះ ដោយលោកបាននិយាយថា ការបោះឆ្នោតអនុម័តនេះជួយ «ពង្រឹងតួនាទីរបស់សហរដ្ឋអាមេរិកក្នុងនាមជាភ្លើងបំភ្លឺផ្លូវនៃលទ្ធិប្រជាធិបតេយ្យនិងជាមេដឹកនាំពិភពលោកសេរី»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន Reuters។