លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នឹងធ្វើសន្និសីទកាសែតមួយ ដែលសេតវិមានហៅថាសន្និសីទកាសែត«ធំ» មួយនៅល្ងាចថ្ងៃព្រហស្បតិ៍។ នេះជាការជួបផ្ទាល់ជាមួយក្រុមអ្នកកាសែត ដែលច្បាស់ជានឹងសួរសំណួរពិបាកៗ ខណៈដែលលោក Biden ប្រឈមនឹងការអំពាវនាវពីសំណាក់សមាជិកគណបក្សប្រជាធិបតេយ្យខ្លះឱ្យបោះបង់ចោលកិច្ចប្រឹងប្រែងដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់មួយអណត្តិទៀត នៅពេលដែលមានការមន្ទិលសង្ស័យថា លោកគ្មានសមត្ថភាពខួរក្បាលនិងខ្លួនប្រាណដើម្បីយកឈ្នះលោកអតីតប្រធានាធិបតី Donald Trump។
នេះជាពេលវេលាយ៉ាងសំខាន់ជាទីបំផុតមួយ សម្រាប់លោក Biden ដែលមានអាយុ៨១ឆ្នាំ នៅពេលដែលលោកស្វែងចង់បានតំណែងជាប្រធានាធិបតី មួយអណត្តិទៀត ក្នុងការឆ្លើយឆ្លងជាមួយពួកអ្នកកាសែត នៅក្នុងសន្និសីទកាសែតមួយដែលមិនបានរៀបចំទុកជាមុន នៅពេលដែលកិច្ចប្រជុំកំពូលរបស់អង្គការអូតង់ ចប់សព្វគ្រប់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍។
ខួរក្បាលវាងវៃ ហើយនឹងរាងកាយរឹងមាំ របស់លោក Biden ត្រូវបានគេចោទសួរ ជាច្រើនលើកច្រើនសារ ដោយសម័ន្ធមិត្តយូរអង្វែងរបស់លោកក្នុងគណបក្សប្រជាធិបតេយ្យ និងត្រូវបានចំអកដោយក្រុមអ្នកគាំទ្រលោក Trump បន្ទាប់ពីលោកនិយាយមិនបានក្បោះក្បាយ នៅក្នុងការជជែកដេញដោលរបស់លោក ជាមួយលោក Trump កាលពី២សប្តាហ៍មុន៕