ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងអានវិយោគថាអំពីជីវប្រវត្តិរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Madeleine Albright នៅក្នុងពិធីបុណ្យបញ្ចុះសពរបស់លោកស្រីនៅថ្ងៃពុធនេះនៅព្រះវិហារ Washington National Cathedral ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ពិធីបុណ្យបញ្ចុះសពនេះត្រូវបានធ្វើឡើងសម្រាប់អ្នកដែលមានការអញ្ជើញតែប៉ុណ្ណោះ ហើយក៏មានការផ្សាយបន្តផ្ទាល់ផងដែរ នៅម៉ោង១១ព្រឹកម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក Biden បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីលោកស្រី Albright បានទទួលមរណភាពកាលពីខែមុនថា៖ «នៅពេលដែលខ្ញុំគិតទៅដល់លោកស្រី Madeleine ខ្ញុំតែងតែចងចាំភក្តីភាពដ៏ក្លៀវក្លារបស់លោកស្រីដែលថា សហរដ្ឋអាមេរិកជាប្រជាជាតិមួយដែលមានសារៈសំខាន់បំផុត»។
អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton និងអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Hillary Clinton និងកូនស្រីទាំងបីនាក់របស់លោកស្រី Albright ក៏នឹងថ្លែងសុន្ទករថាផងដែរនៅក្នុងពិធីបុណ្យបញ្ចុះសពនោះ។
លោកស្រី Albright បានទទួលមរណភាពក្នុងអាយុ៨៤ឆ្នាំ។ លោកស្រីត្រូវបានតែងតាំងដោយប្រធានាធិបតីអាមេរិកលោក Bill Clinton ក្នុងឆ្នាំ១៩៩៧ ជារដ្ឋមន្ត្រីការបរទេសទី៦៤របស់អាមេរិកនិងបានក្លាយជាស្ត្រីអាមេរិកលើកដំបូងដែលបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសនោះ។ មុនឡើងជារដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រីធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ។
លោកស្រីជាជនចំណាកស្រុកមកពីក្រុងប្រាកប្រទេសឆេកូស្លូវ៉ាគី។ លោកស្រីបានជួយកាច់ចង្កូតគោលនយោបាយការបរទេសរបស់ប្រទេសលោកខាងលិចនៅក្រោយសម័យសង្គ្រាមត្រជាក់ក៏ដូចជាការជួយលើកស្ទួយសិទ្ធិមនុស្សនិងលិទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោកផងដែរ។
ក្នុងអំឡុងនៃកិច្ចសម្ភាសន៍ជាមួយកម្មវិធី «PBS NewsHour» កាលពីខែមុន អតីតប្រធានាធិបតីលោក Clinton បាននិយាយថា លោកស្រី Albright «តំណាងឱ្យអនាគតដ៏ត្រចះត្រចង់របស់ប្រទេសអាមេរិក»។
លោក Clinton បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការស្លាប់របស់លោកស្រីជា «ការបាត់បង់ដ៏ធំសម្បើមរបស់ពិភពលោកនៅពេលដែលយើងត្រូវការមេរៀនអំពីជីវិតដ៏ខ្លាំងរបស់លោកស្រី»៕
លោក Biden នឹងអានវិយោគថាជីវប្រវត្តិរបស់លោកស្រី Madeleine Albright នៅក្នុងបុណ្យបញ្ចុះសពលោកស្រី
វ៉ាស៊ីនតោន —