សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើតេស្តឃើញវិជ្ជមានវីរុសបង្កជំងឺកូវីដ១៩ ដែលព័ត៌មាននេះ បាននាំឱ្យមានការបារម្ភអំពីសុខភាពរបស់មេដឹកនាំអាមេរិកអាយុ៧៩ឆ្នាំរូបនេះ និងបង្ហាញថាជំងឺកូវីដ១៩នៅតែបន្តជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក។
កាសែត New York Times បានដកស្រង់សម្តីអ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre ពីសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី Biden «បានធ្វើតេស្តវិជ្ជមានកូវីដ១៩។ លោកបានចាក់វ៉ាក់សាំងគ្រប់ដូស និងបានចាក់ដូសជំរុញពីរដង និងកំពុងមានអាការៈជំងឺយ៉ាងស្រាល»។
សេតវិមានបានបន្ថែមថា លោក Biden កំពុងទទួលថ្នាំ Paxlovid ហើយនឹងត្រូវធ្វើចត្តាឡីស័កឬស្ថិតនៅដាច់ដោយឡែកពីគេនៅសេតវិមាន ប៉ុន្តែលោកនឹងបន្តការងារប្រចាំថ្ងៃរបស់លោកទាំងអស់តាមអនឡាញ។
ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា លោក Biden បានចាក់វ៉ាក់សាំង Pfizer និងថា ថ្នាំ Paxlovid ដែលផលិតដោយ Pfizer នៅពេលគេប្រើថ្នាំនេះនៅក្នុងអំឡុង៥ថ្ងៃដំបូងដែលចេញរោគសញ្ញាកូវីដ ថ្នាំនេះនឹងអាចមានប្រសិទ្ធភាពរហូតដល់៩០%ក្នុងកាត់បន្ថយហានិភ័យនៃការត្រូវចូលសម្រាកនៅមន្ទីរពេទ្យឬការស្លាប់ក្នុងចំណោមអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ។
AP បានដកស្រង់សម្តីមន្ត្រីសេតវិមានថា លោក Biden នឹងត្រូវស្ថិតនៅដាច់ពីគេរហូតដល់លោកធ្វើតេស្តលែងឃើញវិជ្ជមានកូវីដ។ ដើមឡើយលោក Biden គ្រោងនឹងធ្វើដំណើរទៅរដ្ឋ Pennsylvania នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីថ្លែងអំពីផែនការរបស់លោកក្នុងទប់ស្កាត់ឧក្រិដ្ឋកម្ម និងមានគម្រោងចូលរួមពិធីរៃអង្គាសប្រាក់ឱ្យគណបក្សប្រជាធិបតេយ្យ មុននឹងលោកចំណាយពេលចុងសប្តាហ៍នៅរដ្ឋ Delaware។ នៅពេលនេះគម្រោងទាំងនេះត្រូវលុបចោល។
ដោយឡែកលោកស្រី Jill Biden ភរិយាលោកប្រធានាធិបតី Biden បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Detroit រដ្ឋ Michigan ថា លោកស្រីបានធ្វើតេស្តឃើញអវិជ្ជមានកូវីដនៅព្រឹកថ្ងៃព្រហស្បតិ៍។
លោក Biden មិនមែនជាមេដឹកនាំអាមេរិកដំបូងដែលបានបានឆ្លងកូវីដទេ។ អតីតប្រធានាធិបតី Donald Trump បានឆ្លងវីរុសនេះកាលពីខែតុលា ឆ្នាំ២០២០ នៅពេលពិភពលោកមិនទាន់មានវ៉ាក់សាំងបង្ការជំងឺនេះនៅឡើយ។ ហើយក្នុងអាណត្តិលោក Biden ក៏មានមន្ត្រីជាន់ខ្ពស់អាមរិកជាច្រើនបានឆ្លងជំងឺនេះដែរ រួមមានអនុប្រធានាធិបតីរបស់លោកគឺលោកស្រី Kamala Harris កាលពីខែមេសា ព្រមទាំងក្រុមមន្ត្រីនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក មន្ត្រីសេតវិមាន ហើយថែមទាំងប្រធានរដ្ឋសភា លោកស្រី Nancy Pelosi ផងដែរ។ នេះបើតាមទីភា្នក់ងារ AP និង Reuters។
ក្រោយការរាតត្បាតជាងពីរឆ្នាំមក ដែលបានសម្លាប់មនុស្សជាង១លាននាក់នៅសហរដ្ឋអាមេរិកមក វីរុសដែលបង្កជំងឺកូវីដ១៩ នៅតែបន្តសម្លាប់មនុស្សជាមធ្យមប្រមាណ៣៥៣នាក់ក្នុង១ថ្ងៃនៅសហរដ្ឋអាមេរិក។ នេះបើតាមតួលេខរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC របស់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារសុខភាពសាធារណៈនេះបញ្ជាក់ទៀតថា អ្នកដែលមិនបានចាក់វ៉ាក់សាំងមានហានិភ័យពីការស្លាប់ពីកូវីដ១៩ ដល់ទៅ៩ដងច្រើនជាងអ្នកដែលបានចាក់វ៉ាក់សាំងរួច៕