លោក Biden ជ្រើសតាំង​អ្នកការទូត​ជើងចាស់​របស់​ស.រ.អ អ្នកស្រី Linda Thomas-Greenfield ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​អ.ស.ប

រូបឯកសារ៖ អ្នកស្រី Linda Thomas-Greenfield (ស្តាំ) អតីត​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​ទ្វីប​អាហ្វ្រិក ផ្តល់​សក្ខីកម្ម​ក្នុង​ពេល​សវនាការ​នៃ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​របស់​ព្រឹទ្ធសភា​នៅ​វិមានសភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤។

ក្រុមអន្តរកាលរបស់លោក ​Joe Biden ដែលគេ​សន្មតថា ជា​ប្រធានាធិបតីជាប់​ឆ្នោតថ្មី​របស់​សហរដ្ឋ​អាមេរិក​ បានប្រកាស​កាល​ពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា​ថា លោកបាន​ជ្រើស​តាំងអ្នក​ការទូត​ជើង​ចាស់​របស់ស.រ.អ ​គឺអ្នកស្រី​ Linda Thomas-Greenfield ​ឱ្យចូល​រួម​ក្នុង​គណៈរដ្ឋមន្ត្រី​របស់លោក​ ក្នុង​ឋានៈ​ជា​ឯកអគ្គរដ្ឋទូត​ស.រ.អ ប្រចាំ អង្គការ​សហប្រជាជាតិ ​(អ.ស.ប.)។ តំណែង​នេះ​ តម្រូវ​ឱ្យ​មាន​ការ​យល់​ព្រម​ពី​ព្រឹទ្ធសភា។

អ្នកស្រី​ Linda Thomas-Greenfield បានធ្វើការនៅ​ក្នុង​រដ្ឋបាលប្រជាធិបតេយ្យ ​និង​រដ្ឋបាល​សាធារណរដ្ឋក្នុង​រយៈពេល​៣៥ឆ្នាំ​នៃ​អាជីព​របស់អ្នកស្រីនៅ​ក្រសួង​ការ​បរទេស​ស.រ.អ។ ក្នុង​ឋានៈ​ជា​អ្នក​ជំនាញខាង​កិច្ចការទ្វីបអាហ្រិ្វក​ អ្នកស្រី​បាន​បម្រើការ​ជាឯក​អគ្គរដ្ឋទូត​ស.រ.អ ប្រចាំ​ប្រទេសលីបេរីយ៉ា​ (Liberia)​ ហើយ​អ្នកស្រី​បានកាន់​មុខ​តំណែង​ក្នុង​ប្រទេស​កេនយ៉ា​ (Kenya)​ ប្រទេស​ហ្គំប៊ី (Gambia) ​និង​ប្រទេស​ នីហ្សេរីយ៉ា (Nigeria)។ នៅ​ពេល​លោក បារ៉ាក់ អូបាម៉ា​ កាន់​តំណែង​ជាប្រធានាធិបតី អ្នកស្រី​បានបម្រើការ​ជាឧបការី​រដ្ឋមន្ត្រី​ការបរទេស​ទទួលបន្ទុក​ការិយាល័យ​កិច្ចការ​អាហ្រិ្វក ពី​ឆ្នាំ២០១៣ ​ដល់​ឆ្នាំ២០១៧ ​ដោយអភិវឌ្ឍ​ និង​ចាត់ចែង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង ​Washington ​ចំពោះតំបន់​ខាងត្បូងសមុទ្រ​ខ្សាច់​សាហារ៉ា​ក្នុង​ទ្វីប​អាហ្រិ្វក​។ អ្នកស្រី ក៏​បានធ្វើការក្នុងនៅ​ទី​ក្រុង Geneve ដែរ ​នៅ​ឯ​ស្ថាន​បេសកកម្មស.រ.អ ​ប្រចាំ​អ.ស.ប។

អ្នកស្រី​ Linda Thomas-Greenfield ជាអ្នក​ចាត់​ចែងកិច្ចការជាន់​ខ្ពស់​ម្នាក់នៅក្រសួង​ការ​បរទេស​ស.រ.អ ដែលនៅ​ទី​នោះអ្នកស្រី​ បា​នបម្រើការជាអគ្គនាយិកានៃ​សេវា​ការបរទេស​និង​ជា​នាយិកានៃការិយាល័យ​បុគ្គលិក​ពីឆ្នាំ២០១២​ ដល់ឆ្នាំ២០១៣ដោយចាត់ចែង​កិច្ចការទាក់​ទិននឹង​បុគ្គលិក៧​ម៉ឺន​នាក់​របស់​ក្រសួង​នេះ។

អ្នកស្រី បាន​សរសេរ​លើ​បណ្តាញ​សង្គម Tweeter កាល​ពី​ថ្ងៃអង្គារ​ថា ​អ្នកស្រី«មានសំណាង​សម្រាប់​ឱកាស​នេះ»។

អ្នកការ​ទូត​យូរយាររូប​នេះ បាន​សរសេរ​លើ​បណ្តាញ​សង្គម Tweeter ទៀត​ថា​ «ខ្ញុំ​មាន​បុព្វសិទ្ធិក្នុង​ការ​កសាងទំនាក់ទំនង​ជា​មួយពួកមេដឹកនាំ​នៅទូទាំង​ពិភពលោក​ក្នុង​ពេល​៣៥​ឆ្នាំ​ កន្លង​ទៅ​នេះ។ ក្នុង​ឋានៈជា​ឯកអគ្គរដ្ឋទូតស.រ.អ ប្រចាំ​អ.ស.ប ខ្ញុំនឹង​ធ្វើការដើម្បី​ធ្វើឱ្យមានឡើង​វិញ​នូវ​គោលជំហររបស់​ប្រទេស​អាមេរិកក្នុងពិភពលោក​និង​រៀបចំ​ឱ្យ​មានទំនាក់ទំនងជា​ថ្មី​ជា​មួយ​ពួក​សម្ព័ន្ធមិត្ត​របស់​យើង»។

កាល​ពីពេល​មុន​នោះ​ អ្នកស្រី​ Linda Thomas-Greenfield បាន​សរសេរ​លើ​បណ្តាញ​សង្គម Tweeter ថា «ម្តាយ​អ្នកស្រី បង្រៀន​អ្នកស្រី​ឱ្យ​ធ្វើការ​ដឹកនាំ​ដោយ​ចិត្តសប្បុរស​និង​ចិត្ត​មេត្តាករុណា ហើយ​អ្នកស្រី នឹង​យក​ស្មារតី​នេះ​ទៅ​កាន់​បេសកកម្ម​អ្នកស្រី​នៅ​អ.ស.ប. ប្រសិនបើ​មាន​ការយល់ព្រម​ពី​ព្រឹទ្ធសភា»។

ពួក​អតីតសហសេវិក ក៏​បានឆ្លើយ​តបនឹងការ​ជ្រើសរើស​អ្នកស្រី​ជា​មួយ​ការជ្រើសតាំង​លោក Anthony Blinken ជំនួយ​ការខាង​គោលនយោបាយ​ការបរទេស​យូរយារ​មក​ហើយ​របស់​លោក Biden ជា​ជម្រើស​របស់​លោកសម្រាប់​ឱ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស។

លោកអតីត​ឯកអគ្គរដ្ឋទូត​ស.រ.អ​ Jeffrey Feltman បាននិយាយ​ប្រាប់​វីអូអេ​ថា​ ការជ្រើសរើស​អ្នកស្រី Thomas-Greenfield ដែលមានគេ​«គោរព​ច្រើន»ជាជម្រើស«ល្អ​ត្រ​ចះ​ត្រចង់»ហើយក៏​អាច​ជាការ​លើក​ទឹកចិត្តធំមួយ​ដល់ពួក​មន្ត្រីទូត​ប្រចាំ​អាជីព។ លោក Jeffrey Feltman ដែល​ជា​ប្រធាន​ខាងនយោបាយ​នៅ​អ.ស.ប ពី​ឆ្នាំ​២០១២​ដល់​២០១៨​ ​បានថ្លែង​ថា​ លោក​បាន​ឃើញអ្នកស្រី​ Thomas-Greenfield ​ធ្វើ​សកម្មភាព​ច្រើន​ដង​មក​ហើយ។

លោក​បាន​និយាយថា «​ខ្ញុំ​បានឃើញ​ Linda និយាយ​ជា​មួយ​ពួក​មនុស្សនៅក្នុង​សន្និសីទ​កំពូលសហភាព​អាហ្រ្វិក។​ អ្នកស្រីមាន​សមត្ថភាព​និង​ប្រសិទ្ធភាព​ដ៏អស្ចារ្យក្នុង​ការ​ជំរុញ​របៀប​វារៈអ្នកស្រីជា​មួយពួក​មេដឹកនាំអាហ្រ្វិក៥៤នាក់។ អ្នកស្រី ​បានបង្កើនរបៀប​ដោះស្រាយខាង​ការ​ទូតរបស់​អ្នកស្រី​ជា​មួយការ​យល់​ចិត្ត និង​ភាពកក់ក្តៅ។ ខ្ញុំយល់​ថា ​អ្នកស្រីប្រាកដ​ជាប៉ិន​ប្រសប់ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវភាព​ជា​មេដឹកនាំរបស់​ស.រ.អ ​នៅ​អ.ស.ប ​និងលើក​កម្លាំង​អ.ស.ប ​និង​សម្ព័ន្ធភាពពហុសាសន៍របស់យើង​សម្រាប់ពុះពារ​ឧបសគ្គនៅ​ពេល​សព្វ​ថ្ងៃ​នេះ»។

លោក Biden ​ដែល​ជា​ប្រធានាធិបតី​ដែលគេសន្មតថា​ជាប់​ឆ្នោត​ ​បានលើក​តម្កើងតំណែង​ឯកអគ្គរដ្ឋទូត​ប្រចាំ​អ.ស.ប ជា​តំណែងស្មើ​នឹង​រដ្ឋមន្ត្រី​ក្នុងគណៈរដ្ឋមន្ត្រី។ លោក​ប្រធានាធិបតី ​Trump បានធ្វើ​ការជ្រើសរើស​អ្នក​ស្រី ​Nikki Haley ​ឯកអគ្គរដ្ឋទូត​ទី​មួយ​របស់លោក​ប្រចាំ​អ.ស.ប ឱ្យក្លាយ​ជា​សមាជិកាម្នាក់​នៃ​គណៈរដ្ឋមន្ត្រី​ តែ​លោក​មិន​បាន​បង្កើនឋានៈ​អ្នកស្រី​ Kelly Craft ជាប្រេសិត​បច្ចុប្បន្នរបស់​លោក​ទេ។

ដំណើរ​ជីវិត​ដំបូងៗ

អ្នកស្រី​ Linda Thomas-Greenfield បានកើត​នៅ​ឆ្នាំ១៩៥២​ ក្នុង​រដ្ឋ Louisiana នា​ប៉ែកខាងត្បូង​ស.រ.អ។​ អ្នកស្រី ជា​ជនជាតិ​អាមេរិកាំងដើមកំណើត​អាហ្វ្រិក​ ហើយអ្នកស្រី​មាន​បង​ប្អូន៨​នាក់។ អ្នកស្រី​បាន​និយាយ​ថា ​ឳពុក​អ្នកស្រី បាន​ឈប់​រៀន​នៅ​ថ្នាក់​ទី​បី ​ដើម្បី​ជួយ​ផ្គត់ផ្គង់​គ្រួសារ។

អ្នកស្រី​ បាននិយាយ​អំពី​ឳពុក​អ្នកស្រីនៅ​ក្នុងកម្មវិធី​ TED Talk កាល​ពី​ឆ្នាំ​ទៅ​ថា «ឳពុក​ខ្ញុំ​មិនចេះ​អាន​និង​សរសេរ​ទេ តែ​លោក​ជា​មនុស្ស​ឆ្លាតបំផុត​ដែលខ្ញុំ​បានស្គាល់»។

អ្នកស្រី​ Linda Thomas-Greenfield បាន​មានប្រសាសន៍​ថា​ ម្តាយអ្នកស្រី ក៏​មានការ​សិក្សាអប់រំ​មានកម្រិត​ដែរ​ តែចិត្ត​ល្អ។​ បន្ថែមលើការ​ចិញ្ចឹមពួកកួនរបស់​អ្នកស្រីផ្ទាល់​ អ្នកស្រី បាន​យក​បង​ប្អូន​៨​នាក់ ដែលបាត់បង់​ម្តាយឱ្យ​មក​នៅ​ជា​មួយ​គ្នា​ដើម្បីកុំឱ្យ​បែក​ខ្ញែក​គ្នា។

អ្នក​ស្រី Thomas-Greenfield បាន​ពោល​ថា «ខ្ញុំគ្មានមនុស្សជា​គម្រូពី​ជោគជ័យនិងមានការ​សិក្សា​ខ្ពស់​ក្នុង​ជីវិតខ្ញុំ​ទេ តែអ្វី​ដែល​ខ្ញុំ​មាន ​គឺ​ខ្ញុំមានសេចក្តី​សង្ឃឹម និង​ការប៉ង​ប្រាថ្នា​របស់​ម្តាយ​ខ្ញុំ​ ដែល​បានបង្រៀន​ខ្ញុំកាល​ពីក្មេង​ថា ខ្ញុំ​អាច​ប្រឈម​នឹង​ឧបសគ្គ​ ឬ​ភាពមិនអនុគ្រោះនៅក្នុង​មាគ៌ា​របស់​ខ្ញុំ​ដោយមានចិត្តមេត្តា​ករុណា​និងមានចិត្ត​ល្អ»។

អតីតឧបការី​រដ្ឋមន្ត្រីការបរទេស​ស.រ.អរូបនេះ បាន​ធំ​ដឹងក្តីនៅ​ក្នុង​សម័យ​ទាមទារ​សិទ្ធិ​ពលរដ្ឋ ​ហើយ​អ្នក​ស្រី បាន​ទទួល​សញ្ញាបត្រពីវិទ្យាល័យមួយដែល​មានការ​បែង​ចែក​ជាតិ​សាសន៍។ អ្នក​ស្រី ​បាន​បន្ត​ការ​សិក្សាក្នង​សាកលវិទ្យាល័យ​រដ្ឋ Louisiana ដែល​បាន​ត្រូវ​បង្ខំ​ឱ្យ​ទទួល​ពួក​និស្សិតស្បែកខ្មៅដោយ​បញ្ជា​តុលាការ។

អ្នកស្រី​ Linda Thomas-Greenfield បានមាន​ប្រសាសន៍​ថា ​អ្នកស្ រី​បានប្រឈម​នឹងការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ហើយ​បានកត់​សម្គាល់​ថា លោក David Duke ​អតីត​មេដឹកនាំនៃ​ពួកឧត្តមភាព​ជន​ស្បែក​ស Ku Klux Klan ក៏​ជានិស្សិតម្នាក់​ក្នុង​សាកល​វិទ្យាល័យ​រដ្ឋ Louisiana ដែរ នៅពេល​អ្នក​ស្រីរៀន​នៅទីនោះ​ ហើយ​បានចាប់​ផ្តើម​ផ្សព្វផ្សាយសម្អប់​រួចទៅ​ហើយ។

កាល​ពី​ឆ្នាំ២០១២ ​សាកលវិទ្យាល័យ​រដ្ឋ Louisiana បានសុំ​ឱ្យ​អ្នកស្រី​ថ្លែង​សុន្ទរកថានៅ​ពេល​ប្រគល់​សញ្ញាប័ត្រ​ឱ្យ​ក្រុម​និស្សិត។

អ្នកស្រីបាន​និយាយ​ថា «ខ្ញុំអរគុណសាកលវិទ្យាល័យ​នេះ​ ​ដែល​បានផ្តល់​ឲ្យខ្ញុំ​នូវ​បទពិសោធន៍ ដែល​បានធ្វើឱ្យ​ខ្ញុំក្លាយ​ទៅ​ជា​មនុស្សមាន​ជោគជ័យ។ ភាព​មិន​អនុគ្រោះ​ជា​ប្រភព​មួយនៃភាពរឹង​ប៉ឹង»៕

ប្រែសម្រួល​ដោយលោក​ ឈឹម សុមេធ​