អាណត្តិ​ប្រធានាធិបតី​របស់​លោក បៃដិន អាច​ជា​ចំណុច​របត់​ក្នុង​ទំនាក់ទំនង​តួកគី-អាមេរិក

  • Dorian Jones

រូបឯកសារ៖ ទង់ជាតិ​របស់​​សហរដ្ឋអាមេរិក និងទង់ជាតិ​របស់​ប្រទេសតួគី។

ក្រុម​អ្នក​វិភាគ​តួកគី​និយាយ​ថា​ ​ការ​ព្យាករណ៍អំពីជ័យជម្នះលោក​ ចូ បៃដិន (Joe Biden) នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ អាចក្លាយ​ជា​ចំណុច​របត់​មួយនៅ​ក្នុង​ទំនាក់ទំនង​របស់​ប្រទេស​តួកគី​ជា​មួយ​ស.រ.អា។​ នោះ​ គឺ​ជា​ពេល​វេលា​ដែល​គេ​អាច​ឃើញរដ្ឋាភិបាល​ក្រុង​អង់ការ៉ា (Ankara) វិលត្រឡប់ទៅ​រក​ពួក​សម្ព័ន្ធមិត្តបស្ចិមប្រទេស​ជា​ប្រពៃណីរបស់​ខ្លួន​ ឬ​មួយ​ក៏​ពង្រឹង​ចំណង​ទាក់​ទងថែម​ទៀត​ជាមួយប្រទេស​រុស្ស៊ី​ ​និងប្រទេសចិន។

នៅ​ពេល​ដែលក្រុម​មេដឹកនាំ​អឺរ៉ុប​ច្រើននាក់ ​បាន​ប្រញាប់​ប្រញាល់អបអរ​លោក​ បៃដិន ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan យឺត​យ៉ាវ​ធ្វើ​ដូច្នេះ ហើយ​ទើប​ចេញ​ផ្សាយសេចក្តី​ថ្លែងការណ៍​មួយកាល​ពី​ថ្ងៃ​ពុធ ទី១១ ខែ​វិច្ឆិកា ទទួលស្គាល់​ជ័យជម្នះ​លោក បៃដិន។ នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​នោះ​ លោក ​ Erdogan បានគូស​បញ្ជាក់ទិដ្ឋភាព​«យុទ្ធសាស្ត្រ»នៃ​ចំណង​ទាក់ទងទ្វេភាគី។​ លោកបាន​និយាយ​ថា ចំណង​ទាក់ទង​នេះ គួរ​ត្រូវ​ពង្រឹង​ថែម​ទៀតដោយ​ផ្អែកលើ​ផល​ប្រយោជន៍​រួម។

មេដឹកនាំ​តួកគី​រូប​នេះ​ ក៏​បានផ្ញើ​សារ​មួយទៅ​អរគុណប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) ផង​ដែរ។

ពួក​អ្នក​រិះគន់និយាយ​ថា នៅ​ពេល​លោក​ ត្រាំ កាន់​តំណែង​ លោក​ Erdogan បានរង​ផល​លំបាក​តិចតួច​ប៉ុណ្ណោះ នៅ​ពេលលោកប្រឆាំង​នឹងប្រទេស​សមាជិកដូចគ្នា​នៅ​ក្នុង​អង្គការអូតង់ ហើយស្និទ្ធស្នាល​ជាមួយរដ្ឋាភិបាលក្រុង​ម៉ូស្គូ​ ដោយ​ប្រធានាធិបតីស.រ.អា.​រូបនេះ បានប្រឆាំង​នឹង​ការអំពាវនាវ​ក្នុង​សភា​ស.រ.អា.​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​តួកគី។

ក្រុម​អ្នក​វិភាគ​ខ្លះទស្សន៍ទាយ​ថា រដ្ឋបាល​លោក​ បៃដិន នឹង​នាំឱ្យ​មាន​អ្វីៗ​ខុស​ប្លែកណាស់​សម្រាប់​លោក Erdogan។

លោក​ Soli Ozel ជាគ្រូបង្រៀនផ្នែក​ទំនាក់ទំនងអន្តរជាតិ​នៅ​ឯ​សាកលវិទ្យាល័យ​ Kadir Has នៃក្រុង Istanbul។ លោកបាន​និយាយ​ថា៖ «សារពី​លោក បៃដិន ទៅ​ប្រទេស​តួកគី​ គឺ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ដូច​ជា​សម្ព័ន្ធមិត្តមួយ​អញ្ចឹង»។ លោក​បានថ្លែង​ប្រាប់​វីអូអេ​ថា ​លោក​មាន​ជំនឿ​ថា​ ជ័យជម្នះរបស់​លោក បៃដិន ជាពេល​មានការផ្លាស់ប្តូរ​ខ្លាំង​នៅ​ក្នុង​ការ​ទាក់ទង​ទ្វេភាគី។

លោក Ozel បាននិយាយ​ថា៖ «រដ្ឋបាល​លោក Biden ផ្តល់​ឱ្យ​យើង​នូវ​ឱកាស​ប្តូរ​វិធីសាស្ត្រ មិន​មែនត្រូវ​បោះបង់​ចោល​អត្ថប្រយោជន៍​យើង​ទេ​ តែប្តូរ​បែប​បទ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​ប្រទេស​តួកគី​ ​ទទូចមិន​ស្តាប់គ្រប់​គ្នា​ ខ្ញុំ​មិន​យល់ថា យើង​មិនអាច​ដោះស្រាយ​អ្វី​រួច​ទេ​ ហើយ​បញ្ហា​សំខាន់ ​គឺប្រព័ន្ធកាំ​ជ្រួច S-400»។

S-400 ជាប្រព័ន្ធកាំជ្រួច​មីស៊ិលទំនើប​ដែល​តួកគី​បាន​ទិញ​ពី​ប្រទេសរុស្ស៊ីទោះ​ណា​ជាមាន​ការ​ព្រមានពី​ក្រុង​វ៉ាស៊ីនតោនថា​ ​ការទិញ​នេះរំលោភ​លើ​ច្បាប់ ស.រ.អា ​ហើយ​ថា​ ​រ៉ាដារបស់​មីស៊ីល​ទាំង​នេះ​ ​អាច​ធ្វើ​ឱ្យ​ខូចដល់​ប្រព័ន្ធ​ការពាររបស់​អង្គការអូតង់​ផងដែរ។

រដ្ឋាភិបាលក្រុង​អង់ការ៉ា បាន​ជម្នះ​បាញ់​ពិសោធន៍​មីស៊ីល​នេះកាល​ពី​ខែតុលា ទោះ​ណា​ជា​មានការ​ព្រមាន​ពីពួក​សមាជិក​ព្រឹទ្ធសភា​ស.រ.អា​ថា ការ​ធ្វើ​ដូច្នេះ​អាច​នាំ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្មក៏ដោយ។

ថ្លែង​នៅ​ក្នុង​ការ​ប្រជុំ​មួយ​នៃ​ពួកឯកអគ្គរដ្ឋទូត​តួកគី ក្នុង​ខែ​វិច្ឆិកា លោក Mevlut Cavusoglu រដ្ឋមន្ត្រី​ការបរទេស តួកគី បាន​អំពាវនាវដល់​រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​ឱ្យពិនិត្យមើល​ជា​ថ្មី​អំពីការ​ជំទាស់​របស់​ខ្លួន​ដល់​ប្រព័ន្ធ​មីស៊ីល​ S-400 ដោយលោក​បាន​ប្រកាស​ថាបញ្ហា​នេះ​«ចប់​ហើយ»។

ការ​ប្រឈម​របស់​លោក​បៃដិន

នៅ​ក្នុង​ចំណោមសេចក្តី​សម្រច​សំខាន់ៗខាង​គោល​នយោបាយ​ការបរទេស​ដែល​លោក បៃដិន អាចប្រឈមគឺថា ​តើ​គួរ​ការ​ដាក់​ទណ្ឌកម្ម​ តួកគី អំពីរឿង​ S-400 ឬ​ទេ? ចំណងទាក់ទងជិតស្និទ្ធរបស់​លោក Erdogan ជាមួយប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin នាំឱ្យ​មានកំណើន​កង្វល់ក្នុង​រង្វង់​អង្គការ​អូតង់។

តាម​រយៈ​អ្វី​ហៅ​ថា ​«ច្បាប់​តទល់​នឹងសត្រូវ​ស.រ.អា ​ដោយ​ការ​ដាក់​ទណ្ឌកម្ម»​ហៅ​កាត់​ថា​ CAATSA លោក​ បៃដិន មាន​ជម្រើស​ច្រើនដើម្បីដាក់​ទណ្ឌកម្មចាប់តាំង​ពី​ទណ្ឌកម្ម​ជា​និមិត្តរូបរហូត​ដល់វិធានការ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ។

ស.រ.អា អាចធ្វើសកម្មភាព​ប្រឆាំងនឹងធនាគារ​ Halkbank របស់​រដ្ឋ​នៃ​ប្រទេស តួកគី ដែល​បាន​រំលោភ​លើការ​ដាក់ទណ្ឌកម្ម​របស់ស.រ.អា ​លើ​ប្រទេស​អ៊ីរ៉ង់។​ ទោះណាជា​តុលាការ​មួយ​នៅ​ក្រុង​ញូវយ៉ក​ បាន​ដាក់​ពន្ធនាគារ​មន្ត្រីជាន់​ខ្ពស់​ម្នាក់​នៃ​ធនាគារ​ Halkbank កាល​ពី​ឆ្នាំ២០១៨ ដោយសារ​បាន​រំលោភលើ​ការ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​នេះ​ ក៏​ក្រសួងហិរញ្ញវត្ថុ ​មិន​បានពិន័យ​ប្រទេស​តួកគី​ទេ​ រហូត​មក​ដល់​ពេល​នេះ។

នៅ​ដើម​ឆ្នាំ​២០២១​ ខាង​មុខ​ ធនាគារ​ Halkbank នឹង​ប្រឈមការ​ចោទ​ប្រកាន់​ទៀត​នៅក្នុងតុលាការ​ញូវយ៉ក​មួយ​ ​ដោយសារ​ការ​គេច​ពី​ទណ្ឌកម្ម។

ក្រុម​អ្នក​វិភាគ​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ក្រុង​អង់ការ៉ា ពឹង​ពាក់​លើសារៈសំខាន់​ខាង​យុទ្ធសាស្ត្រ​របស់ខ្លួន ដើម្បី​ចៀស​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម។ ប្រទេស​តួក គី​មាន​ព្រំដែន​ជាប់​ជា​មួយប្រទេស​អ៊ីរ៉ង់ អ៊ីរ៉ាក់​ និង​ប្រទេស​ស៊ីរី។ ប្រទេស​នេះ មាន​មូលដ្ឋានរ៉ាដា​ស.រ.អា​មួយហើយ​អនុញ្ញាត​ឱ្យ​កង​យោធា​ស.រ.អ.ធ្វើប្រតិបត្តិការចេញ​ពីមូលដ្ឋាន​កង​ទ័ព​អាកាស​ Incirlik របស់​ខ្លួន​ដែល​ជា​មូលដ្ឋាន​កង​ទ័ព​អាកាស​ធំ​បំផុត​មួយ​នៅ​ក្នុង​តំបន់​នោះ។

ក្រុម​អ្នក​សង្កេតការព្រមាន​ថា ​ប្រទេស​តួកគី​ អាច​មាន​សុទិដ្ឋនិយម​ខ្លាំង​ពេក។​ លោក Ozel បាននិយាយរំឭកថា៖ «មនុស្ស​ច្រើន​នាក់​នៅក្នុង​ស.រ.អ.​មាន​ជំនឿ​ថា​ពួក​គេ​អាចចាត់ចែង​កិច្ចការដោយ​មិនពឹង​លើប្រទេស​តួកគី​បាន»។ លោក​បាន​និយាយ​ថា​ សេចក្តី​ត្រូវការ​មូលដ្ឋាន​កងទ័ព​អាកាស​ Incirlik ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន «បានត្រូវចោទ​សួរ​ខ្លាំងជាង​មុននៅ​ពេល​នេះ»។

ក្រុមអ្នក​វិភាគនិយាយ​ថា គោលជំហរតឹងតែងរបស់រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ចំពោះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រហែលជា​កលល្បិច​នៃ​កិច្ច​ចរចា​មួយ។ ពួក​គេ​ថ្លែង​ថា​លោក Erdogan ដឹង​ថា ​លោក បៃដិន ប្រហែលប្រកាន់​គោលជំហរខ្លាំង​ជាង​មុន​មួយ​ចំពោះ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ ហើយ​ថា ​ប្រទេស​តួកគី ​អាចបំពេញ​មុខនាទី​សំខាន់​មួយ​ក្នុង​យុទ្ធសាស្ត្រ​នោះ។

អ្នកស្រី Asli Aydintasbas ជាអ្នកស្រាវជ្រាវ​ជាន់​ខ្ពស់ម្នាក់នៅ​ឯ​ក្រុម​ប្រឹក្សាអឺរ៉ុបនៃ​ទំនាក់ទំនង​អន្តរជាតិ។ អ្នកស្រីបាន​និយាយ​ថា៖ «វា​ប្រាកដ​ណាស់​ថា ​មាន​កំហឹង​ចំពោះប្រទេស​តួកគី​និងចំពោះប្រធានាធិបតី Erdogan ផ្ទាល់​តែ​ម្តង។ នឹង​មាននិន្នាការ​មួយដើម្បី​ពិនិត្យ​មើល​ថា ​តើស.រ.អ.​អាច​ទាញប្រទេស​តួកគី​ ចេញ​ពី​ការ​ពឹងពាក់​លើ​រុស្ស៊ី​បាន​ឬ​ទេ។ ហើយ​ខ្ញុំ​យល់​ថា ​លោក Erdogan ដឹងអំពី​ការ​លេង​ល្បែង​នេះ។​ លោក​ដឹងអំពី​វិធី​ធ្វើ​ឱ្យស.រ.អ.​ប្រឆាំង​នឹង​រុស្ស៊ី​ និង​ធ្វើ​ឱ្យ​រុស្ស៊ី​ប្រឆាំង​នឹង​អាមេរិក។​ ហើយ​នេះ​ជាការ​រាំរែក​ខាង​ល្បែង​នយោបាយមួយដែល​គួរ​ឲ្យ​ចង់តាមដានមើល»។

ក៏​ប៉ុន្តែ​មានអ្នក​ខ្លះព្រមានអំពី​ផលវិបាកប្រសិន​បើ​ការ​រាំរែក​នេះ​បញ្ចប់ដោយ​ការ​ដាក់​ទណ្ឌកម្ម​ស.រ.អ.​លើ​ប្រទេស​តួកគី​នោះ។

លោក​ឧត្តមនាវី​ចូល​និវត្តន៍ Cem Gurdeniz បាន​និយាយ​ថា៖ «សកម្មភាព​អរិភាពប្រឆាំង​នឹង​ប្រទេស​តួកគី​នឹង​ធ្វើ​ឱ្យ​ប្រទេស​នេះនឹង​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ជាមួយបណ្តា​ប្រទេស​មាន​អំណាច​ខ្លាំង​ក្នុងតំបន់​អឺរ៉ូអាស៊ីនិង​អាស៊ី​ដូច​ជា​ប្រទេសរុស្ស៊ី​និង​ប្រទេស​ចិន​ជា​ដើម។ ការណ៍​នេះនឹងមិន​អាច​ចៀសវាង​បាន​ទេ​ពីព្រោះ​សកម្មភាព​អរិភាព​ទាំង​នេះជា​ការ​គំរាមកំហែង​ដល់​ការ​រស់រាន​មាន​ជីវិត​នៃ​ប្រទេស​តួកគី​តែ​ម្តង។

កេរដំណែលនៃ​រដ្ឋប្រហារមិន​ជោគជ័យ​ដោយពួក​នាយ​ទាហានមាន​ការ​អាក់អន់ចិត្ត​នឹង​រដ្ឋាភិបាល​តួកគីក៏​អាច​ជាកត្តាសាំញ៉ាំ​មួយ​ដែរសម្រាប់​លោក បៃដិន។​ មាន​ការ​សង្ស័យនៅ​ក្នុង​ក្រុង​អង់ការ៉ា​ថា រដ្ឋបាល​លោក​អតីតប្រធានាធីបតីអូបាម៉ាដែល​លោក​ បៃដិន ធ្លាប់​បានបម្រើការ​ក្នុង​នោះ​ដែរ មាន​ជាប់ទាក់ទិន​នឹង​ការ​ប៉ុនប៉ងកាន់​កាប់អំណាច​ដោយ​ក្រុម​យោធា​នេះ ​ដែល​ជា​ការចោទ​ប្រកាន់​មួយរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បដិសេធ​ស្រេចហើយ។

ក៏​ប៉ុន្តែ អ្នកស្រី Asli Aydintasbas ដែល​ជាអ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​ម្នាក់នៅ​ឯ​ក្រុមប្រឹក្សាអឺរ៉ុបនៃទំនាក់ទំនងអន្តរជាតិនិយាយ​ថាបទ​ពិសោធន៍​របស់​លោក​ បៃដិន ក្នុង​ការ​ធ្វើការ​ជាមួយ​តួកគី អាច​បម្រើទំនាក់ទំនងរវាង​ប្រទេសទាំង​ពីរ​បាន​ល្អ​ប្រសើរ។

អ្នកស្រី Aydintasbas បានថ្លែង​ថា៖ ​«ផ្នែក​ចុង​ក្រោយនៃ​ទំនាក់ទំនងរបស់​រដ្ឋបាល​លោកអូបាម៉ា​ជាមួយប្រទេស​តួកគី​មិន​សូវ​ល្អ​ទេ។ ក៏​ប៉ុន្តែ​លោក​ បៃដិន បានក្លាយ​ជាអ្នកបន្ធូរបន្ថយ​ស្ថានការណ៍​ជាមួយ​លោក Erdogan។ លោក​ បៃដិន ត្រូវ​បាន​បញ្ជូនទៅប្រទេស​តួកគីនៅ​ក្រោយព្រឹត្តិការណ៍ប៉ុនប៉ងធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​នេះកាល​ពី​ឆ្នាំ២០១៦​ ដើម្បី​ជួសជុល​ការ​ទាក់ទង​គ្នា​រវាងប្រទេស​ទាំង​ពីរ។​ ដូច្នេះ​ទំនាក់ទំនង​ផ្ទាល់ខ្លួនរវាង​លោក​ទាំង​ពីរ​នេះ​មិន​អាក្រក់​ណាស់​ណា​ទេ»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ