លោក Biden បង្ហាញ​ផែនការ​របស់​លោក​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩

  • Steve Herman

លោក Joe Biden បេក្ខជនប្រធានាធិបតីអាមេរិកខាង​គណបក្ស​ប្រជាធិបតេយ្យ​ ថ្លែងនៅក្នុងសន្និសីទសារព័តមានមួយ នៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​អ្នក​វិទ្យាសាស្ត្រ​ដែល​មិន​ស្ថិត​ក្រោម​សេតវិមាន ឲ្យ​ធ្វើ​ជា​អ្នក​កំណត់​អំពី​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ ណា​មួយ។

លោក Biden បាន​និយាយ​នៅ​ក្នុង​ទីក្រុង Wilmington រដ្ឋ Delaware ថា៖ « ខ្ញុំ​ទុកចិត្ត​វ៉ាក់សាំង។ ខ្ញុំ​ទុកចិត្ត​អ្នក​វិទ្យាសាស្ត្រ។ ប៉ុន្តែ ខ្ញុំ​មិន​ទុកចិត្ត​លោក​ប្រធានាធិបតី Donald Trump ទេ។ ហើយ​នៅ​ពេល​នេះ ប្រជាពលរដ្ឋ​អាមេរិកាំង​ក៏​មិន​អាច​ទុកចិត្ត​លោក Trump ដែរ»។

ថ្លែង​ទៅកាន់​អ្នក​កាសែត​នៅ​រោង​មហោស្រព​មួយ លោក Biden បាន​បង្ហាញ​ផែនការ​របស់​លោក​នៅ ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង ដែល​បង្ហាញ​អំពី​ពេល​វេលា​ដែល​ពលរដ្ឋ​អាមេរិកាំង​អាច​រំពឹង​ថា​នឹង​ទទួល​បាន​វ៉ាក់សាំង នៅពេល​ដែល​មាន​វ៉ាក់សាំង​នោះ។

ជាង​នេះ​ទៀត ផែនការ​របស់​លោក​ផ្តល់​គោលការណ៍​ណែនាំ​អំពី​ថា​ តើ​នរណា​គួរ​មាន​អាទិភាព​ទទួល​បាន​វ៉ាក់សាំង​មុន និង​បាន​រៀបរាប់​អំពី​យន្តការ​សម្រាប់​ការ​ដឹក​ជញ្ជូន​និង​ស្តុកទុក​វ៉ាក់សាំង ក៏​ដូចជា​បង្ហាញ​សេចក្តី​លម្អិត​អំពី​ដំណើរការ​ទទួល​ខុសត្រូវ​នៅ​គ្រប់​កម្រិត​ទាំងអស់​របស់​រដ្ឋាភិបាល។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីអំពីស្ថានភាពវិបត្តិជំងឺកូវីដ ១៩ នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

ក្រោយ​មក លោក​ប្រធានាធិបតី Trump បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​សេតវិមាន​ក្នុង​ថ្ងៃ​ដដែល​នោះ​ថា លោក Biden មិន​គួរ​ផ្សព្វផ្សាយ​ផែនការ​ចែកចាយ​វ៉ាក់សាំង​ដែល​បាន​បង្កើត​ឡើង​នៅ​ក្រោម​អាណត្តិ​របស់​លោក​នោះ​ទេ។

លោក​ប្រធានាធិបតី Trump បាន​និយាយ​ថា៖ «យើង​បាន​បង្កើត​វ៉ាក់សាំង​នោះ។ វ៉ាក់សាំង​នោះ​នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​នេះ»។

លោក Trump បាន​ប៉ាន់ស្មាន​ថា វ៉ាក់សាំង​កូវីដ១៩ ដំបូង អាច​មាន​នៅ​ខែ​ក្រោយ និង​បាន​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ត្រៀម​ចែកចាយ​វ៉ាក់សាំង​នេះ​ឲ្យ​បាន​យ៉ាង​តិច​ក៏ ១០០ លាន​ដូស​ដែរ​នៅ​ត្រឹម​ចុង​ឆ្នាំ ២០២០ នេះ។

ប៉ុន្តែ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ លោក Robert Redfield ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ CDC បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ថា វ៉ាក់សាំង​ជំងឺ​កូវីដ១៩ អាច​មាន​ជា​ទូទៅ​សម្រាប់​សាធារណជន​អាមេរិកាំង​នៅ​ត្រីមាស​ទី ២ ឬ​ទី ៣ នៃ​ឆ្នាំ​ក្រោយ ដោយ​អ្នក​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​ដូចជា មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ដែល​មាន​ជំងឺ​ផ្សេងៗ​ជាប់​ខ្លួន​ស្រាប់ រួម​ទាំង​បុគ្គលិក​សុខាភិបាល គឺ​ជា​អ្នក​ដែល​មាន​អាទិភាព​ទទួល​បាន​វ៉ាក់សាំង​នេះ​មុន​គេ។

លោក Trump បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្នុង​សន្និសីទ​កាសែត​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក​មិន​ពេញចិត្ត​ចំពោះ​ការ​លើកឡើង​របស់​លោក Redfield អំពី​ពេលវេលា​ដូច​នេះ​ទេ។

លោក Trump បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា លោក Redfield ច្រឡំ​នៅ​ពេល​ដែល​លោក​បាន​និយាយ​ដូច្នោះ។ នោះ​ជា​ព័ត៌មាន​មិន​ត្រឹមត្រូវ​នោះ​ទេ។ វ៉ាក់សាំង​ជំងឺ​កូវីដ១៩ នឹង​មិន​មាន​យឺត​ពេល​ដូច​លោក​វេជ្ជបណ្ឌិត Redfield លើកឡើង​នោះ​ឡើយ»៕