ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងរំពឹងនឹងចរចាជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុង«ប៉ុន្មានសប្តាហ៍ខាងមុខ»ទៀតនេះ។ នេះបើតាមលោក Jake Sullivanជំនួយការសេតវិមានដែលបានប្រាប់មេដឹកនាំចិនលោកកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលពួកលោកបានជួបពិភាក្សាដ៏កម្រមួយនៅក្នុងទីក្រុងប៉េកាំង។
លោក Sullivan ជាទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកទី១ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់តាំងពីឆ្នាំ២០១៦មក បានជួបលោក Xi នៅពេលលោកបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃដើម្បីចរចានៅក្នុងទីក្រុងប៉េកាំងដែលបានឃើញលោកអង្គុយជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។
ដំណើរទស្សនកិច្ចរបស់លោកបានកើតមានឡើងនៅពេលដែលចិនមានជម្លោះសន្តិសុខជាមួយប្រទេសជប៉ុននិងហ្វីលីពីនដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
នៅឯជំនួបជាមួយលោក Xi នៅមហាសាលរបស់ប្រជាជនក្នុងរដ្ឋធានីប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ លោក Sullivan បាននិយាយថាលោកប្រធានាធិបតី Biden «រំពឹងនឹងទាក់ទងជាមួយលោកម្តងទៀតនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ»។
លោកបាននិយាយទៀតថា៖«លោកប្រធានាធិបតី Biden បានតាំងចិត្តរៀបចំចាត់ចែងប្រកបដោយការទទួលខុសត្រូវដល់ទំនាក់ទំនងដ៏សំខាន់នេះដើម្បីធ្វើឱ្យប្រាកដថាការប្រកួតប្រជែងមិនងាកចូលក្នុងជម្លោះឬការប្រឈមមុខដាក់គ្នា ហើយនឹងធ្វើការជាមួយគ្នាដើម្បីផលប្រយោជន៍របស់យើង»។
បណ្តាញព័ត៌មានចិនបានរាយការណ៍ថាលោក Xi បានប្រាប់លោក Sullivan ថាថ្វីបើមាន«ការផ្លាស់ប្តូរយ៉ាងខ្លាំង»ក៏ដោយ ចិននិងសហរដ្ឋអាមេរិកនៅតែពេញចិត្តនឹងចំណងទាក់ទងដ៏ល្អនេះ។
លោក Xi និយាយទៀតថា៖«ការតាំងចិត្តរបស់ចិនដល់គោលដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តភាព មាំមួននិងស្ថិតស្ថេរមួយនៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកមិនបានផ្លាស់ប្តូរទេ»។
បើតាមទូរទស្សន៍ CCTV បានរាយការណ៍ថាលោក Xi បានបន្ថែមទៀតថា៖«យើងសង្ឃឹមថាសហរដ្ឋអាមេរិក នឹងធ្វើការជាមួយចិនដើម្បីសម្រុះសម្រួលគ្នា»៕