អាជីវករ​នៅ​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុ​គ្រោង​ឡើង​តវ៉ា​ប្រឆាំង​ការ​បណ្តេញ​ចេញ

រូបឯកសារ៖ ទិដ្ឋភាព​ឆ្នេរ​សមុទ្រ​នៅ​ក្រុង​ព្រះសីហនុ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០០៦។ (AP/ហេង ស៊ីនិត)

យោង​ទៅ​តាម​ផែនការ​នៃ​ការ​រៀបចំ​ឆ្នេរ​នៅ​ក្នុង​តំបន់​ឆ្នេរ​ទាំង​បី​ តូប​ថ្មី​ដែល​នឹង​រៀបចំ​ឡើង​ដោយ​សាលា​ខេត្ត​ នឹង​ត្រូវ​ដាក់​ឲ្យ​ឆ្ងាយ​ពី​គ្នា​ ចម្ងាយ​២៥​ម៉ែត្រ​ ទៅ​៣០​ម៉ែត្រ​ និង​ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​ជន់ជោរ​របស់​ទឹក​សមុទ្រ​ប្រមាណ​ពី​៣០​ ទៅ​៥០​ម៉ែត្រ​ ផ្អែក​ទៅតាម​ស្ថានភាព​ភូមិសាស្ត្រ​របស់​ឆ្នេរ​នីមួយៗ៕

អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​នៅ​តែ​ប្រកាន់​ជំហរ​ស្នើ​ឲ្យ​អាជីវករ​ចាកចេញ​ពី​តំបន់​ឆ្នេរ​បី​កន្លែង​ ដើម្បី​បើក​ផ្លូវ​ឲ្យ​មានការ​រៀប​ចំ​ឡើង​វិញ​នៅ​ក្នុង​តំបន់​ឆ្នេរ​ទាំងនោះ។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​តំណាង​អាជីវករ និង​មន្ត្រី​នៃ​សាលា​ខេត្ត​ព្រះសីហនុ។​

ការ​បន្ត​រក្សា​ជំហរ​នេះ​កើត​មាន ​បន្ទាប់​ពី​តំណាង​ក្រុម​អាជីវករ​បាន​ចូល​ជួប​ជាមួយ​លោក​ យន្ត​ មីន អភិបាល​ខេត្ត​ព្រះសីហនុ​ កាល​ពីថ្ងៃច័ន្ទ​ ដើម្បី​ពិភាក្សា​ពី​ផែនការ​នៃ​ការ​រៀបចំ​ឆ្នេរ នៅ​ក្នុង​តំបន់​ឆ្នេរ​អូរត្រេះ​ ឆ្នេរ​អូរ​ឈើ​ទាល​ (ទល់មុខ​ដី​ក្រុមហ៊ុន​ សុខា​ អូតែល​ អតីត​ដី​អារីស្តុន)​ និង​ឆ្នេរ​មុខ​ព្រះ​រាជ​ដំណាក់​ចាស់​កំពង់​សោម។​

យ៉ាងណាក៏ដោយ​ តំណាង​អាជីវករ​ចូលរួម​ក្នុង​ជំនួប​នោះ​ ថ្លែងថា​ អាជ្ញាធរ​នឹង​យក​សំណើ​របស់​ពួក​គេ​ ដែល​ស្នើ​សុំ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ ទៅ​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា។​

អ្នកស្រី​ ភឿក សុខេន​ វ័យ​៥២ឆ្នាំ​ តំណាង​អាជីវករ​លក់​ដូរ​ក្នុង​តំបន់​ឆ្នេរ​អូរឈើទាល ​ទល់​មុខ​ដី​ក្រុម​ហ៊ុន​ សុខា​អូតែល​ ថ្លែង​ប្រាប់​ VOA ​ថា ​អាជ្ញាធរ​នៅ​តែ​ប្រកាន់​ជំហរ​ឲ្យ​អាជីវករ​រុះរើ​សំណង់​អាជីវកម្ម​របស់​ពួក​គេ​ចេញ​ពី​លើ​ដី​ចំណី​ឆ្នេរ​ក្នុង​តំបន់​ឆ្នេរ​ចំនួន​បី​កន្លែង​នេះ។​ អ្នក​ស្រី​ថា​ អាជ្ញាធរ​បាន​សន្យា​ថា​ នឹង​យក​សំណើ​អភិវឌ្ឍន៍​នៅនឹង​កន្លែង​របស់​ក្រុម​អាជីវករ​ទៅពិភាក្សា​ជាមួយ​ស្ថាប័ន​ថ្នាក់​ជាតិ​ ដែល​ជាប់ពាក់​ព័ន្ធ​នឹង​ការ​រៀបចំ​តំបន់​ឆ្នេរ​ទាំងបី​កន្លែង​នេះ​ឡើង​វិញ។

«ជួប​ខេត្ត​ ខេត្ត​គាត់​និយាយ​ តែ​ភាសា​កុំ​ឲ្យ​យើង​បារម្ភ។ យើង​នេះទៅ​ ចាំគាត់​ ពាំនាំ​សំណូម​ពរ​របស់​យើង​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល»។

អ្នក​ស្រី​ឲ្យ​ដឹង​បន្ថែម​ថា​ ក្រុម​អាជីវករ នឹង​បន្ត​ការ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ក្នុង​សប្តាហ៍​នេះ​ ដោយ​មិនមាន​ការប្រែ​ប្រួល​នោះ​ទេ។

កាលពី​សប្តាហ៍​មុន​ សាលា​ខេត្ត​ព្រះសីហនុបាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្នើ​ឲ្យ​អាជីវករ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​លក់ដូរ​ នៅ​ឆ្នេរ​អូរត្រេះ​ ឆ្នេរ​អូរ​ឈើ​ទាល និង​ឆ្នេរ​មុខ​ព្រះ​រាជ​ដំណាក់​ចាស់​កំពង់​សោម​ រុះរើ​សំណង់​អាជីវកម្ម​របស់​ពួកគេ​ចេញ​ ក្នុង​រយៈពេល​មួយ​ខែ ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ​ ដល់​ថ្ងៃទី​១៣ ​ខែ​មីនា​ ឆ្នាំ​២០១៦។​

ការ​ស្នើ​ឲ្យ​រុះរើ​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ និង​សាលាខេត្ត​ព្រះសីហនុ​ គ្រោង​រៀប​ចំ​កែ​លំអ​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​ខ្សាច់​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ដើម្បី​ធានា​បាន​នូវ​ការ​គ្រប់​គ្រង​ និង​រក្សា​បរិស្ថាន​ប្រកបដោយ​និរន្តរភាព។​ ការ​រៀបចំ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ ដើម្បី​ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​ ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ដើម​ខែ​ធ្នូ​ ឆ្នាំ​២០១៦​ខាងមុខ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​ខេត្ត​ព្រះសីហនុ​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​អភិបាល​ខេត្ត យន្ត​ មីន​ កាល​ពី​ថ្ងៃ​ទី១២​ ខែ​កុម្ភៈ​ បាន​បញ្ជាក់​ពី​ចំណាត់​ការ​របស់​អាជ្ញាធរ ​បើសិន​ជា​ផុត​កំណត់​កាល​បរិច្ឆេទ​នៃ​ការរុះរើ​ ហើយ​អាជីវករ​មិនព្រម​រុះរើ​ទៀត​នោះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ នឹង​ចាត់​វិធានការ​ចុះ​រុះរើ​ ដោយ​មិន​ទទួល​ខុសត្រូវ​រាល់​ការ​ខូចខាត​នោះ​ទេ។

លោក ប្រាក់​ វិសាល​ អនុប្រធាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​ទីកន្លែង​ទេសចរណ៍​ ថ្លែង​ថា ​សាលាខេត្ត​នឹង​លើក​យក​ការ​ស្នើសុំ​របស់​ក្រុម​អាជីករ​ ទៅ​ពិភាក្សា​ជាមួយ​គណៈកម្មា​ធិការ​ជាតិគ្រប់​គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ ដែល​មាន​សមាសភាព​មក​ពី​ក្រសួង​ទេស​ចរណ៍​ ក្រសួង​បរិស្ថាន​ និង​ក្រសួង​ដែន​ដី​ នគរ​រូបនីយកម្ម​ និង​សំណង់​ជាដើម។​ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ជាថ្មី​ម្តងទៀត​ថា​ សាលា​ខេត្ត​នឹង​នៅ​តែចាត់​វិធានការ​រៀប​ចំ​តំបន់​ទាំងបី​នេះឡើង​វិញ​ដដែល។​

«ក្រោយ​ពេល​ឯកឧត្តម​អភិបាល​ខេត្ត​ បាន​ទទួល​សំណូមពរ​ពី​ពួកគាត់​ ឯកឧត្តម​អភិបាល​ខេត្ត​លោក​មិនមាន​សិទ្ធិ​សម្រេច​ទេ​ អាស្រ័យ​ធ្វើ​របាយការណ៍​ស្នើសុំ​មក​គណៈ​កម្មាការ​ជាតិ​គ្រប់​គ្រង​តំបន់​ឆ្នេរ នឹង​លើក​យក​សំណើ​របស់​គាត់​ហ្នឹង​រាយការណ៍​ជូន​ទៅ​គណៈ​កម្មាការ​តំបន់​ឆ្នេរ»។

លោក​ សេង ឡូត​ អ្នក​នាំ​ពាក្យ​ក្រសួង​ដែន​ដី​ នគរ​រូបនីយកម្ម​ និង​សំណង់​ បដិសេធ​មិន​ធ្វើ​អធិប្បាយ​។ VOA ក៏​ពុំទាន់​អាច​ទាក់​ទង​ លោក​ ប៉ែន សុផល​ អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ផងដែរ។

តំណាង​អាជីវករ​បញ្ជាក់​ថា​ ចំនួន​អាជីវករ​ដែល​គ្រោង​នឹង​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ គឺ​មាន​ប្រមាណ​២៥០នាក់។

យោង​ទៅ​តាម​ផែនការ​នៃ​ការ​រៀបចំ​ឆ្នេរ​នៅ​ក្នុង​តំបន់​ឆ្នេរ​ទាំង​បី​ តូប​ថ្មី​ដែល​នឹង​រៀបចំ​ឡើង​ដោយ​សាលា​ខេត្ត​ នឹង​ត្រូវ​ដាក់​ឲ្យ​ឆ្ងាយ​ពី​គ្នា​ ចម្ងាយ​២៥​ម៉ែត្រ​ ទៅ​៣០​ម៉ែត្រ​ និង​ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​ជន់ជោរ​របស់​ទឹក​សមុទ្រ​ប្រមាណ​ពី​៣០​ ទៅ​៥០​ម៉ែត្រ​ ផ្អែក​ទៅតាម​ស្ថានភាព​ភូមិសាស្ត្រ​របស់​ឆ្នេរ​នីមួយៗ៕